« មេរៀនទី ១៤០—គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣១ ៖ សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៤០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៩–១៣២
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១
សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីគឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះវរបិតាសួគ៌ ។ តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់បានបង្ហាញថា នៅពេលដែលស្វាមី និងភរិយាត្រូវបានផ្សារភ្ជាប់ដោយអំណាចនៃបព្វជិតភាព ហើយស្មោះត្រង់ចំពោះសេចក្ដីសញ្ញារបស់ពួកគេ នោះអាពាហ៍ពិពាហ៍របស់ពួកគេនឹងនៅគង់វង្សហួសពីសេចក្ដីស្លាប់ទៅទៀត ។ មេរៀននេះអាចជួយអ្នកឲ្យយល់អំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការយល់ដឹងអំពីអាពាហ៍ពិពាហ៍
សូមពិចារណាសរសេរសំណួរខាងក្រោមនៅលើក្តារខៀន ហើយអញ្ជើញសិស្សឲ្យពិភាក្សាគំនិតរបស់ពួកគេអំពីអ្វីដែលសេចក្តីថ្លែងការណ៍នេះបង្រៀន ។ ឧទាហរណ៍ អ្នកអាចចាត់សិស្សជាក្រុមតូចៗ ហើយពិភាក្សាអំពីសំណួរមានដូចខាងក្រោមនេះ ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រកាស ៖
កិច្ចការដ៏ធំមួយនៅជំនាន់របស់យើង…គឺដើម្បីជួយមនុស្សទូទៅឲ្យយល់អំពីអត្ថន័យ និងគោលបំណងពិតនៃអាពាហ៍ពិពាហ៍ ។ ( ដេវីឌ អេ បែដណា « The Divine Pattern of Eternal Marriage » Ensign ខែ កញ្ញា ឆ្នាំ ២០២០ ទំព័រ ៤១ )
-
តើអ្នកនឹងកំណត់ « អត្ថន័យ និងគោលបំណងពិតនៃអាពាហ៍ពិពាហ៍ » ដោយរបៀបណា ?
-
តើមានឧទាហរណ៍អ្វីខ្លះនៃការយល់ខុសដែលមនុស្សមានអំពីអាពាហ៍ពិពាហ៍នៅសព្វថ្ងៃនេះ ?
សិស្សអាចចែកចាយការយល់ច្រឡំដូចជា មនុស្សមួយចំនួនដែលមានអារម្មណ៍ថាពួកគេនៅលីវប្រសើរជាង ឬថាអាពាហ៍ពិពាហ៍មិនចាំបាច់មានរវាងបុរស និងស្ត្រីឡើយ ។
សូមអញ្ជើញសិស្សឲ្យបង្កើតចំណងជើងមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាដែលមានចំណងជើងថា ហេតុអ្វីបានជាអាពាហ៍ពិពាហ៍មានសារៈសំខាន់ចំពោះព្រះ ? សូមអញ្ជើញពួកគេឲ្យសរសេរអំពីរបៀបដែលពួកគេនឹងឆ្លើយចំពោះសំណួរនោះ ។ ពួកគេក៏អាចត្រូវបានអញ្ជើញឲ្យពិចារណាអំពីអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ ឬសំណួរដែលពួកគេមានអំពីអាពាហ៍ពិពាហ៍ផងដែរ ។
សូមលើកទឹកចិត្តពួកគេឲ្យបន្ថែមចម្លើយទៅកាន់សៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេពេញមួយមេរៀននេះ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលដែលពួកគេព្យាយាមយល់ដោយរាបសាអំពីមូលហេតុដែលអាពាហ៍ពិពាហ៍មានសារៈសំខាន់ចំពោះព្រះ នោះព្រះវិញ្ញាណបរិសុទ្ធអាចពង្រឹងទីបន្ទាល់របស់ពួកគេអំពីអាពាហ៍ពិពាហ៍ និងជួយដោះស្រាយសំណួរ ឬកង្វល់ទាំងឡាយរបស់ពួកគេបាន ។
អាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច
សូមពិចារណាចែកចាយ ឬសង្ខេបកថាខណ្ឌខាងក្រោមដើម្បីជួយសិស្សឲ្យយល់អំពីបរិបទសម្រាប់ការបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១ ៖
នៅខែ ឧសភា ឆ្នាំ ១៨៤៣ ខណៈដែលនៅក្នុងទីក្រុងរ៉ាមូស រដ្ឋអិលលីណោយ យ៉ូសែប ស្ម៊ីធ បានប្រាប់ បេនយ៉ាមីន និង មេលីសា ចនសុន ថាលោកមានបំណងរៀបការឲ្យពួកគេដោយស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ។ ដោយសារពួកគាត់បានរៀបការរួចទៅហើយ នោះបេនយ៉ាមីនបាននិយាយកំប្លែងថា លោកនឹងរៀបការជាមួយមេលីសាម្តងទៀតតែនៅពេលដែលនាងទាក់ទងគាត់បែបរ៉ូមែនទិកប៉ុណ្ណោះ ។ ប៉ុន្តែ យ៉ូសែបមិននិយាយលេងទេ ។ ព្យាការីបានបង្រៀនពួកគេនូវគោលលទ្ធិនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច បន្ទាប់មកបានផ្សារភ្ជាប់គូស្វាមីភរិយានេះសម្រាប់ភាពអស់កល្បជានិច្ច ។ វិលលៀម ក្លៃតុន កំពុងបម្រើជាអ្នកកត់ត្រារបស់យ៉ូសែបនៅពេលនោះ ហើយបានកត់ត្រានូវការបង្រៀនរបស់លោកដែលឥឡូវនេះមាននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១ ( សូមមើល « Our Hearts Rejoiced to Hear Him Speak » នៅក្នុង Revelations in Context [ ឆ្នាំ ២០១៦ ] ទំព័រ ២៧៩–២៨០ ) ។
មុនពេលអ្នកអញ្ជើញសិស្សឲ្យអានខគម្ពីរដូចខាងក្រោមនេះ វាអាចមានអត្ថប្រយោជន៍សម្រាប់ពួកគេដើម្បីដឹងថា កម្រិតដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាល ជាញឹកញាប់ត្រូវបានហៅថា ជីវិតដ៏នៅអស់កល្បជានិច្ច ឬភាពតម្កើងឡើង ។ អស់អ្នកដែលត្រូវបានតម្កើងឡើងនឹងរស់នៅដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយបានប្រែក្លាយដូចជាទ្រង់ទាំងទ្វេ ។ « សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ » សំដៅទៅលើគូស្វាមីភរិយាដែលចុះសេចក្ដីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធដែលធ្វើឲ្យពួកគេត្រូវបានផ្សារភ្ជាប់ចំពោះវេលាកាល និងចំពោះអស់ទាំងភាពអស់កល្បជានិច្ច ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣១:១–៤ ដោយស្វែងរកអ្វីដែលព្យាការីបានបង្រៀនអំពីអាពាហ៍ពិពាហ៍ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣១:១–៤ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្នកអំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
សូមសរសេរសេចក្ដីពិតដែលស្រដៀងទៅនឹងសេចក្តីពិតខាងក្រោមនេះដាក់នៅលើក្ដារខៀនដោយប្រើពាក្យសម្ដីរបស់សិស្សប្រសិនបើអាចធ្វើទៅបាន ៖ ដើម្បីប្រែក្លាយបានដូចជាព្រះ ហើយរស់នៅជាមួយនឹងទ្រង់ម្ដងទៀតនៅក្នុងនគរសេឡេស្ទាល យើងត្រូវតែចូលទៅក្នុងសេចក្ដីសញ្ញាថ្មី និងអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ ។ សូមអញ្ជើញសិស្សឲ្យបន្ថែមសេចក្ដីពិតនេះទៅក្នុងបញ្ជីចម្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកគិតថាអាពាហ៍ពិពាហ៍អាចរៀបចំយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះដោយរបៀបណា ?
សារៈសំខាន់នៃអាពាហ៍ពិពាហ៍ក្នុងផែនការរបស់ព្រះ
សូមអញ្ជើញសិស្សឲ្យបន្តរៀនសូត្រអំពីសារៈសំខាន់នៃអាពាហ៍ពិពាហ៍នៅក្នុងផែនការរបស់ព្រះ ។ ពួកគេអាចធ្វើការតាមរយៈសកម្មភាពដូចខាងក្រោមរៀងៗខ្លួន ឬតាមក្រុមតូចៗ ។ ប្រសិនបើចាំបាច់ សូមពិចារណាធ្វើការបោះពុម្ពសន្ទរកថា ឬអត្ថបទមកពីថ្នាក់ដឹកនាំសាសនាចក្រដែលសិស្សអាចសិក្សាបាន ។ សូមអញ្ជើញសិស្សឲ្យកត់ត្រាអ្វីដែលពួកគេរៀននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
ដោយជាផ្នែកមួយនៃសកម្មភាពនេះ អ្នកក៏អាចបង្ហាញវីដេអូ « Eternal Marriage, an Apostolic Perspective » ( ៥:២៦ ) ដែលមាននៅលើប្លុក Inspiration នៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមជ្រើសរើសយោបល់មួយ ឬច្រើនខាងក្រោមនេះដើម្បីស្វែងរកចម្លើយបន្ថែមចំពោះសំណួរ « ហេតុអ្វីអាពាហ៍ពិពាហ៍មានសារៈសំខាន់ចំពោះព្រះ ? » សូមបន្ថែមសេចក្តីពិតដែលអ្នករៀនទៅក្នុងបញ្ជីចម្លើយក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ចូរពិចារណាមើលបទគម្ពីរ ។ សិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៤៩:១៥–១៧; ១៣២:១៩ ។ ស្វែងរកវគ្គបន្ថែមដើម្បីសិក្សាដោយស្វែងរកមើលពាក្យ « អាពាហ៍ពិពាហ៍» នៅក្នុង Topical Guide ឬសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
-
សិក្សាពីការបង្រៀនរបស់ថ្នាក់ដឹកនាំទាំងឡាយនៃសាសនាចក្រ ។ សូមស្វែងរក « អាពាហ៍ពិពាហ៍ » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬក្នុងផ្នែកប្រធានបទនៃប័ណ្ណសារសុន្ទរកថាសន្និសីទទូទៅ ។
-
សូមផ្ញើសារមួយទៅសមាជិកគ្រួសារ ឬមជ្ឈិមវ័យដែលគួរឲ្យទុកចិត្តដោយសួរថា តើពួកគេនឹងឆ្លើយសំណួរ« ហេតុអ្វីបានជាអាពាហ៍ពិពាហ៍មានសារៈសំខាន់ចំពោះព្រះ ? » ដោយរបៀបណា ?
នៅពេលសិស្សបានបញ្ចប់ការសិក្សារួចហើយ សូមអញ្ជើញពួកគេម្នាក់ៗឲ្យសរសេរនៅលើក្ដារខៀននូវសេចក្ដីពិតមួយដែលពួកគេបានរៀនអំពីមូលហេតុដែលអាពាហ៍ពិពាហ៍មានសារៈសំខាន់ចំពោះព្រះ ។ ពួកគេក៏អាចដាក់បញ្ចូលប្រភពដែលពួកគេបានប្រើដើម្បីស្វែងរកសេចក្ដីពិតនោះផងដែរ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យមើលនូវអ្វីដែលមិត្តរួមថ្នាក់របស់ពួកគេបានសរសេរ និងកំណត់អត្តសញ្ញាណសេចក្ដីពិតដែលពួកគេអាចបន្ថែមទៅក្នុងកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមពិចារណាអំពីអ្វីដែលសិស្សបានរៀនដោយសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកបានរៀនអ្វីខ្លះដែលអ្នកមិនបានដឹងពីមុនមក ?
-
តើការបង្រៀនទាំងនេះអាចជួយអ្នកនៅពេលអ្នកសង្កេតឃើញគំនិតនៅក្នុងលោកិយដែលផ្ទុយទៅនឹងក្រិត្យវិន័យរបស់ព្រះអំពីអាពាហ៍ពិពាហ៍ដោយរបៀបណា ?
-
តើការមើលទៅអាពាហ៍ពិពាហ៍តាមទស្សនៈរបស់ព្រះអាចមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេច ?
សូមពន្យល់អំពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍
ប្រសិនបើអ្នកមានអារម្មណ៍ថាសិស្សនឹងទទួលបានប្រយោជន៍មកពីការសង្ខេបនូវអ្វីដែលពួកគេបានរៀន សូមពិចារណាចាត់ពួកគេឲ្យធ្វើការជាគូៗ ។ សូមអញ្ជើញពួកគេឲ្យឆ្លើយតបទៅនឹងសាច់រឿង និងសំណួរខាងក្រោមនេះជាមួយដៃគូរបស់ពួកគេ ៖
សូមស្រមៃថា អ្នកកំពុងពិភាក្សាអំពីគោលដៅនាពេលអនាគតរបស់អ្នកជាមួយមិត្ដភក្ដិ ។ នៅពេលដែលអ្នកលើកឡើងថា អ្នកសង្ឃឹមថានឹងបានរៀបការ នោះមិត្តរបស់អ្នកសួរថា « ហេតុអ្វីបានជាអាពាហ៍ពិពាហ៍សំខាន់ម្ល៉េះ ? »
-
តើអ្នកនឹងឆ្លើយតបចំពោះមិត្តភក្តិរបស់អ្នកដោយប្រើការបង្រៀនដែលអ្នកបានសិក្សានៅថ្ងៃនេះដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យរៀបចំខ្លួនដើម្បីទទួលពរជ័យនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ។ សូមថ្លែងទីបន្ទាល់ថា នៅពេលដែលពួកគេអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះពួកគេនឹងដកពិសោធន៍ពរជ័យដែលទ្រង់ប្រាថ្នាប្រទានឲ្យដល់ពួកគេ ។
ការទន្ទេញ
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឺះគឺ « សេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញមាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។