« មេរៀនទី ៩៣—វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦–៨៣ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩៣ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨១–៨៣
វាយតម្លៃការរៀនសូត្ររបស់អ្នក ទី៦
សូមចំណាយពេលដើម្បីទទួលស្គាល់ការរីកចម្រើន និងការអភិវឌ្ឍន៍ខាងវិញ្ញាណអាចពង្រឹងទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយជំរុញចិត្តយើងឲ្យបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ។ មេរៀននេះអាចជួយសិស្សឲ្យវាយតម្លៃការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេមកពីការសិក្សារបស់ពួកគេនៃគោលលទ្ធិ និងសេចក្តីសញ្ញាកន្លងមក ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀននេះមានគោលបំណងជួយសិស្សឲ្យវាយតម្លៃសមត្ថភាពរបស់ពួកគេក្នុងការពន្យល់ពីការបង្រៀននៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា វាយតម្លៃគោលដៅដែលពួកគេបានដាក់ និងវាស់ពីរបៀបដែលអាកប្បកិរិយា បំណងប្រាថ្នា និងសមត្ថភាពរបស់ពួកគេក្នុងការរស់នៅតាមដំណឹងល្អកំពុងផ្លាស់ប្តូរ ។ ការសិក្សារបស់សិស្សអ្នកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦–៨៣ ប្រហែលជាបានផ្តោតលើសេចក្តីពិតខុសពីអ្វីដែលបានគូសបញ្ជាក់នៅក្នុងមេរៀននេះ ។ បើដូច្នេះ សូមពិចារណាកែសម្រួលសកម្មភាព ដើម្បីរួមបញ្ចូលសេចក្តីពិតសិស្សរបស់អ្នកស្គាល់ច្បាស់ជាង ។
ការកោតសរសើរចំពោះការលូតលាស់ និងការរីកចម្រើន
បើអាច សូមចាប់ផ្តើមថ្នាក់ដោយបង្ហាញរូបភាពមនុស្សឡើងភ្នំ ជិះកង់ និងរត់ ។ សូមឲ្យសិស្សលើកដៃឡើង បើពួកគេបានធ្វើអ្វីមួយដូចខាងក្រោម ៖ បន្ទាប់មក សូមឲ្យសិស្សបន្តលើកដៃ ប្រសិនបើពួកគេធ្លាប់បានចូលរួមក្នុងកីឡារត់ប្រណាំងឡើងភ្នំ ឬជិះកង់ ក្នងករណីពិសេស ឬ ដែលមានឧបសគ្គច្រើន ។ សូមអញ្ជើញសិស្សពីរបីនាក់លើកដៃឡើង ដើម្បីពិពណ៌នាបទពិសោធន៍របស់ពួកគេ ។ សូមពិចារណាពិភាក្សាសំណួរមួយចំនួនដូចតទៅនេះ ៖
-
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីរីករាយនឹងការធ្វើដំណើរនេះ ?
-
តើយើងអាចប្រៀបធៀបដំណើរបែបនោះទៅនឹងដំណើរនៃការប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
តើមានរបៀបណាខ្លះដែលយើងអាចរីករាយ និងពេញចិត្តចំពោះដំណើរការនៃការរីកចម្រើនខាងវិញ្ញាណបន្ថែមទៀត ?
សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីអ្វីដែលពួកគេបានរៀននៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា របៀបដែលពួកគេធ្វើតាមវា និងដំណើរខាងវិញ្ញាណរបស់ពួកគេ ។ ពួកគេអាចនឹងជញ្ជឹងគិតពីរបៀបដែលព្រះអង្គសង្គ្រោះបានជួយជាមួយនឹងការរីកចម្រើនថ្មីៗណាមួយ ។
-
តើអ្នកមានអារម្មណ៍ថាអ្នកកំពុងរីកចម្រើន និងកាន់តែខិតទៅជិតព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើព្រះអម្ចាស់ជួយអ្នកដោយរបៀបណា ?
សកម្មភាពខាងក្រោមត្រូវបានរៀបចំឡើងដើម្បីជួយសិស្សឲ្យស្គាល់ អរគុណ និងវាយតម្លៃពីភាពរីកចម្រើន និងការលូតលាស់ជាក់លាក់បន្ថែមទៀត ។
ការពន្យល់ពីនគរនៃសិរីល្អចំនួនបី
សូមពិចារណាប្រើសាច់រឿងដូចតទៅនេះ ដើម្បីជួយសិស្សពិនិត្យមើល និងវាយតម្លៃការយល់ដឹងរបស់ពួកគេអំពីកម្រិតនៃសិរីល្អទាំងបីនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។ ប្រសិនបើចាំបាច់ សិស្សអាចកែសម្រួលព័ត៌មានលម្អិតនៅក្នុងសាច់រឿង ដើម្បីធានាថា វាមានអារម្មណ៍ពិតប្រាកដចំពោះពួកគេ ។
សូមស្រមៃថា អ្នកមានមិត្តជិតស្និទ្ធម្នាក់ឈ្មោះ អូលីវៀ ដែលមិនមែនជាសមាជិកនៃសាសនាចក្រ ប៉ុន្តែជឿយ៉ាងមុតមាំលើព្រះយេស៊ូវគ្រីស្ទ ។ ថ្ងៃមួយ នាងមកជិតអ្នក ហើយសួរថា ៖ « តើសមាជិកសាសនាចក្ររបស់អ្នកជឿអ្វីខ្លះអំពីជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ? ខ្ញុំបានទទួលការបង្រៀនថា មនុស្សគ្រប់គ្នានឹងទៅស្ថានសួគ៌ ឬឋាននរក ប៉ុន្តែខ្ញុំបានឮថាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជឿលើស្ថានសួគ៌ជាច្រើន ។ តើនោះមានន័យយ៉ាងណា ? »
សូមចំណាយពេលពីរបីនាទីក្នុងការសរសេរការឆ្លើយតបទៅកាន់ អូលីវៀ ដោយពន្យល់ពីការយល់ដឹង និងចំណេះដឹងរបស់អ្នកអំពីកម្រិតនៃសិរីល្អទាំងបី ។ ប្រសិនបើអ្នកចង់បាន អ្នកអាចបញ្ចូលគំនូរដើម្បីជួយ អូលីវៀ បង្ហាញអ្វីដែលអ្នកកំពុងពន្យល់ ។
បន្ទាប់ពីសិស្សបានបញ្ចប់ការពន្យល់របស់ពួកគេហើយ សូមពិចារណាអញ្ជើញមនុស្សពីរបីនាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ឬសម្តែងតាមសាច់រឿងនៅខាងមុខថ្នាក់ ។
ប្រសិនបើសិស្សមិនរៀបរាប់ពីវាទេ សូមសួរពួកគេពីរបៀបដែលកម្រិតនៃសិរីល្អទាំងបីបង្ហាញពីព្រះវរបិតាសួគ៌ និងសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៤០–៤៣ ) ។ សូមបញ្ជាក់ឲ្យច្បាស់ថា ការទទួលបាននគរនៃសិរីល្អជាមរតក រួមទាំងសិរីល្អសេឡេស្ទាល គឺអាចធ្វើទៅបានតែតាមរយៈព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៦៩–៧០ ) ។
សូមសួរសិស្សពីអ្វីដែលពួកគេបានរៀនចេញពីបទពិសោធន៍ទាំងនេះ ។ ប្រសិនបើសិស្សមានសំណួរទាក់ទងនឹងកម្រិតនៃសិរីល្អទាំងបី សូមសួរសិស្សថា តើពួកគេអាចស្វែងរកខគម្ពីរនៅក្នុងនោះឬទេ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ ដើម្បីជួយឆ្លើយសំណួររបស់ពួកគេ ។ អ្នកក៏អាចពិនិត្យឡើងវិញនូវសម្ភារមួយចំនួនពីមេរៀនមុនៗផងដែរ ។
ការគោរពព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើបញ្ជីនៃអ្វីដែលពួកគេបានរៀនថ្មីៗនេះនៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ដែលបានបង្កើនសេចក្តីស្រឡាញ់ ការដឹងគុណ និងការគោរពចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សិស្សក៏អាចរួមបញ្ចូលបទពិសោធន៍នៅឯផ្ទះ ក្នុងទីតាំងរបស់សាសនាចក្រ ឬកន្លែងផ្សេងទៀតដែលពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
វាអាចមានអត្ថប្រយោជន៍ក្នុងការអញ្ជើញសិស្សឲ្យមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៦៣:៥៨–៦៤; ៧៦:១៩–២៤ និងកំណត់ចំណាំណាមួយដែលពួកគេអាចនឹងបានយកពេលកំពុងសិក្សាខគម្ពីរទាំងនេះពីមុន ។
អ្នកអាចបង្ហាញសំណួរខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យឆ្លើយតប ដើម្បីជួយពួកគេវាយតម្លៃការខិតខំ បំណងប្រាថ្នា និងការរីកចម្រើនបច្ចុប្បន្នរបស់ពួកគេ ៖
-
តើអ្នកកំពុងរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលបង្កើនសេចក្តីស្រឡាញ់ ការដឹងគុណ និងការគោរពចំពោះទ្រង់ទាំងទ្វេរ ?
សូមលើកទឹកចិត្តសិស្សមួយចំនួនឲ្យចែកចាយ ។ សូមពិចារណាចែកចាយគំនិតរបស់អ្នកផងដែរ ។
ការសិក្សា និងការជញ្ជឹងគិតពីបទគម្ពីរ
សូមពិចារណាបង្ហាញរូបភាពខាងលើ ហើយសួរសំណួរខាងក្រោម ៖
-
តើ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានធ្វើអ្វីខ្លះ មុនពេលពួកលោកទទួលបានការនិមិត្តអំពីកម្រិតនៃសិរីល្អទាំងបី ?
-
តើអ្នកបានរៀនអ្វីខ្លះចេញពីបទពិសោធន៍នោះ ?
បើសិស្សពុំចាំទេ សូមអញ្ជើញពួកគេឲ្យមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១៥–១៩ ។ សូមប្រាកដថា ពួកគេយល់ថា មុនពេលការនិមិត្តដល់យ៉ូសែប និង ស៊ីឌនី បុរសទាំងពីរនាក់នេះកំពុងសិក្សា និងជញ្ជឹងគិតអំពីបទគម្ពីរ ។ សេចក្តីពិតមួយដែលសិស្សអាចរៀនគឺថា ៖ នៅពេលយើងសិក្សា និងពិចារណាព្រះគម្ពីរដោយការអធិស្ឋាន យើងរៀបចំខ្លួនយើងដើម្បីទទួលបានការយល់ដឹងពីព្រះអម្ចាស់ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
សូមផ្តល់ពេលដល់សិស្សដើម្បីឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការសិក្សាព្រះគម្ពីររបស់ពួកគេ ។ ពួកគេអាចជញ្ជឹងគិតថាតើពួកគេកំពុងសិក្សាដោយការអធិស្ឋាន និងជញ្ជឹងគិតអំពីបទគម្ពីរដោយការអធិស្ឋានល្អប៉ុនណា ។ ប្រសិនបើមានប្រយោជន៍ អ្នកអាចបង្ហាញក្រាហ្វិកខាងក្រោម ហើយអញ្ជើញសិស្សឲ្យចែកចាយពីរបៀបដែលចំណុចនីមួយៗអាចជួយពួកគេក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេ ។ សិស្សអាចចែកចាយអ្វីដែលពួកគេកំពុងធ្វើ ដែលពួកគេមានអារម្មណ៍ថាកំពុងជួយពួកគេ ។
សិស្សក៏អាចទទួលបានអត្ថប្រយោជន៍ពីការពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយដែលអាចកើតមានជាមួយសមាជិកក្នុងថ្នាក់ផ្សេងទៀតដែរ ។ អ្នកអាចបែងចែកសិស្សជាក្រុមតូចៗ ហើយអញ្ជើញពួកគេឲ្យពិភាក្សាអំពីបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងខណៈពេលកំពុងព្យាយាមសិក្សា និងជញ្ជឹងគិតអំពីព្រះគម្ពីរ ។ សូមលើកទឹកចិត្តក្រុមនីមួយៗឲ្យជ្រើសរើសបញ្ហាប្រឈមមួយ ហើយគិតពីជំហានសាមញ្ញៗមួយចំនួនដែលពួកគេអាចធ្វើ ដើម្បីយកឈ្នះលើបញ្ហាប្រឈមនោះ និងបង្កើនឥទ្ធិពលនៃការសិក្សាព្រះគម្ពីររបស់ពួកគេ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យចែកចាយជាមួយថ្នាក់ទាំងមូល ។
ដើម្បីបញ្ចប់ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យថ្លែងទីបន្ទាល់អំពីរបៀបដែលការជញ្ជឹងគិត និងការសិក្សាព្រះគម្ពីរកំពុងផ្ដល់ពរជ័យដល់ជីវិតរបស់ពួកគេ និងជួយពួកគេឲ្យមានអារម្មណ៍ស្និទ្ធស្នាលជាមួយព្រះយេស៊ូវគ្រីស្ទ ។