« មេរៀនទី ៩២—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:៨–២៤ ៖ ‹ យើងជាព្រះអម្ចាស់ជាប់សន្យា កាលណាអ្នករាល់គ្នាប្រព្រឹត្តតាមអ្វី ដែលយើងមានព្រះបន្ទូល ›» សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:៨–២៤ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨១–៨៣
គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:៨–២៤
« យើងជាព្រះអម្ចាស់ជាប់សន្យា កាលណាអ្នករាល់គ្នាប្រព្រឹត្តតាមអ្វី ដែលយើងមានព្រះបន្ទូល » ។
ព្រះអង្គសង្រ្គោះបានអញ្ជើញសមាជិកនៃសហក្រុមឲ្យចងខ្លួនពួកគេដោយសេចក្ដីសញ្ញាដើម្បីគ្រប់គ្រងកិច្ចការនៃសាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានប្រទានបទបញ្ញត្តិដល់ពួកគេ និងបានសន្យាថាប្រទានពរដល់ពួកគេនៅពេលពួកគេគោរពតាម ។ នៅពេលយើងចុះសេចក្តីសញ្ញាដើម្បីគោរពតាមព្រះបញ្ញត្តិរបស់ព្រះយេស៊ូវគ្រីស្ទ ទ្រង់សន្យាប្រទានពរជ័យដល់យើង ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីរបៀបដើម្បីរក្សាសេចក្តីសញ្ញាដែលយើងធ្វើជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចងភ្ជាប់នឹងព្រះអម្ចាស់
មេរៀនដោយប្រើវត្ថុខាងក្រោមនេះអាចជួយសិស្សឲ្យជញ្ជឹងគិតអំពីទំនាក់ទំនងរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបាន ។ សូមបង្ហាញមេដែកចំនួនពីរទៅសិស្ស ។ សិស្សអាចបង្ហាញពីរបៀបដែលមេដែកនៅជិតគ្នា វានឹងស្រូប ឬច្រានគ្នាចេញ ។ សូមឲ្យសិស្សស្រមៃថាមេដែកមួយតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ហើយមួយទៀតតំណាងពួកគេ ។
-
តើយើងអាចរៀនអ្វីខ្លះអំពីទំនាក់ទំនងរបស់យើងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចេញពីមេដែកទាំងនេះ ?
សូមអញ្ជើញសិស្សឲ្យគិតអំពីទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ នៅពេលសិស្សសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៨២ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកវិវរណៈផ្ទាល់ខ្លួនអំពីរបៀបដែលពួកគេអាចពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
« យើងជាព្រះអម្ចាស់ជាប់សន្យា កាលណាអ្នករាល់គ្នាប្រព្រឹត្តតាមអ្វីដែលយើងមានព្រះបន្ទូល » ។
នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨២ ព្រះអម្ចាស់បានរំឭកឡើងវិញនូវសេចក្តីណែនាំដែលបានប្រទានឲ្យនៅក្នុងវិវរណៈពីមុន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨ ) ។ សេចក្តីណែនាំនេះគឺដើម្បីបង្កើតសហក្រុម ដើម្បីគ្រប់គ្រងកិច្ចការខាងសាច់ឈាមនៃសាសនាចក្រ និងស្ថាបនាស៊ីយ៉ូន ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:១០ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:៨–១០ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានមានបន្ទូលអំពីព្រះបញ្ញត្តិរបស់ទ្រង់ ។
-
តើអ្វីជាហេតុផលរបស់ព្រះអង្គសង្គ្រោះសម្រាប់ការប្រទានបទបញ្ញត្តិដល់យើង ?
-
តើព្រះអង្គសង្គ្រោះសន្យាអ្វីខ្លះ ប្រសិនបើយើងរក្សាបទបញ្ញត្តិរបស់ទ្រង់ ?
សូមអញ្ជើញសិស្សឲ្យថ្លែងឡើងវិញនូវសេចក្ដីពិតមួយពីខគម្ពីរទាំងនេះជាពាក្យសម្ដីរបស់ពួកគេផ្ទាល់ ។ ពួកគេក៏អាចសរសេរវានៅក្នុងទិនានុប្បវត្តិរបស់ពួកគេ ឬនៅលើក្ដារខៀនផងដែរ ។ សិស្សអាចស្វែងយល់ពីសេចក្តីពិតស្រដៀងទៅនឹងសេចក្តីពិតនេះ ៖ នៅពេលយើងគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ទ្រង់សន្យាថានឹងប្រទានពរជ័យដល់យើង ។
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះដល់អ្នកអំពីបុគ្គលិកលក្ខណៈនៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
ដើម្បីជួយសិស្សឲ្យស្គាល់នៅពេលដែលពួកគេបានឃើញការបំពេញនៃសេចក្តីពិតនេះ អ្នកប្រហែលជាចង់ធ្វើសកម្មភាពដូចតទៅនេះ ៖
សូមចែកសិស្សជាក្រុមតូចៗ ។ សូមឲ្យក្រុមនីមួយៗស្វែងរកគំរូនៃព្រះអង្គសង្គ្រោះប្រទានពរដល់អ្នកដែលគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ។ សិស្សអាចរៀបរាប់ឧទាហរណ៍ចេញពីព្រះគម្ពីរ ជីវិតរបស់ពួកគេ ឬជីវិតរបស់មនុស្សដែលពួកគេស្គាល់ ។ បន្ទាប់ពីមានពេលវេលាគ្រប់គ្រាន់ហើយ អ្នកអាចអញ្ជើញក្រុមឲ្យចែកវេនគ្នាលើកឧទាហរណ៍ ។ អ្នកអាចពិភាក្សាពីអ្វីដែលយើងអាចរៀនពីគំរូទាំងនេះអំពីឆន្ទៈរបស់ព្រះអង្គសង្គ្រោះក្នុងការរក្សាការសន្យារបស់ទ្រង់ ។
ចងភ្ជាប់ដោយសេចក្ដីសញ្ញា
អ្នកអាចចង់ជួយសិស្សឲ្យមើលឃើញពីរបៀបដែល ខទី ១ អាចបង្រៀនអំពីទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់យើងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈសេចក្ដីសញ្ញា យើងធ្វើការសន្យាជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយទ្រង់ទាំងទ្វេធ្វើការសន្យាជាមួយយើង ។
-
តើអ្នកគិតថា ខទី ១០ បង្រៀនអ្វីខ្លះអំពីសេចក្ដីសញ្ញាដែលយើងធ្វើជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមមកពីប្រធាន រ័សុល អិម ណិលសុន ហើយស្វែងរកអ្វីដែលលោកបង្រៀនអំពីសេចក្តីសញ្ញា ។
ពេលយើងចុះសេចក្តីសញ្ញាជាមួយព្រះ នោះយើងពុំនៅលើដីអព្យាក្រឹតទៀតឡើយ ។ ព្រះនឹងមិនបោះបង់ចោលទំនាក់ទំនងរបស់ទ្រង់ជាមួយអស់អ្នកដែលបានបង្កើតចំណងមិត្តភាពបែបនោះជាមួយទ្រង់ឡើយ ។ តាមពិត អស់អ្នកទាំងឡាយណាដែលបានចុះសេចក្តីសញ្ញាជាមួយព្រះ អាចទទួលបានសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏ពិសេសមួយ ។ …
កាលបងប្អូន និងខ្ញុំបានចុះសេចក្ដីសញ្ញាជាមួយព្រះ នោះទំនាក់ទំនងរបស់យើងជាមួយទ្រង់ ប្រែកាន់តែជិតស្និទ្ធជាងពីមុនសេចក្ដីសញ្ញារបស់យើងទៅទៀត ។ ឥឡូវយើងបានចងភ្ជាប់ជាមួយគ្នា ។ ដោយសារតែសេចក្តីសញ្ញារបស់យើងជាមួយព្រះ នោះទ្រង់ពុំដែលនឿយហត់ក្នុងការជួយយើងឡើយ ហើយយើងនឹងទទួលបានការអត់ធ្មត់ដ៏មេត្តារបស់ទ្រង់ជាមួយយើងជានិច្ច ។ យើងម្នាក់ៗមានកន្លែងពិសេសនៅក្នុងព្រះទ័យរបស់ព្រះ ។ ទ្រង់មានក្តីសង្ឃឹមដ៏ធំសម្រាប់យើង ។ ( រ័សុល អិម ណិលសុន « សេចក្តីសញ្ញាដ៏នៅអស់កល្បអស់កាលជានិច្ច » លីអាហូណា ខែ តុលា ឆ្នាំ ២០២២ ទំព័រ ៥–៦ ) ។
-
តើអ្នកគិតថាអ្វីដែលសំខាន់ក្នុងការចងចាំពីសេចក្តីថ្លែងការណ៍នេះ ?
ការរក្សាសេចក្តីសន្យានាំមកនូវពរជ័យជាច្រើន
ដោយជាផ្នែកនៃសេចក្តីណែនាំរបស់ព្រះអម្ចាស់ដល់ពួកអ្នកដឹកនាំសហក្រុម ទ្រង់បានទូន្មានដល់ យ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី, អែតវឺត ប៉ាទ្រិច និងអ្នកដទៃទៀតឲ្យ « ចងជុំគ្នាដោយចំណង និងសេចក្ដីសញ្ញា » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:១១ ) ដើម្បីគ្រប់គ្រងកិច្ចការខាងសាច់ឈាមរបស់សាសនាចក្រ ។ ក្នុងនាមជាបុត្រាបុត្រីនៃសេចក្តីសញ្ញានៃព្រះ យើងក៏បានចុះសេចក្តីសញ្ញាដើម្បីធ្វើកិច្ចការមួយចំនួន នៅពេលយើងធ្វើតាមព្រះយេស៊ូវគ្រីស្ទផងដែរ ។
សូមពិចារណាបំបែកសិស្សជាពីរក្រុម ហើយអញ្ជើញក្រុមនីមួយៗឲ្យចងក្រងបញ្ជីមួយដូចខាងក្រោម ។ សិស្សអាចសរសេរបញ្ជីរបស់ពួកគេនៅលើក្ដារខៀន ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:១២–១៩ ធ្វើបញ្ជីនៃអ្វីដែលព្រះអម្ចាស់បានសុំសមាជិកនៃសហក្រុមឲ្យចុះសេចក្តីសញ្ញាដើម្បីធ្វើ ។
សូមអាន ម៉ូសាយ ១៨:៨–១០ និង គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧៧ ហើយធ្វើបញ្ជីនៃអ្វីដែលព្រះអម្ចាស់បង្គាប់ឲ្យយើងចុះសេចក្ដីសញ្ញាដើម្បីធ្វើនៅថ្ងៃនេះ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីបញ្ជីទាំងនេះ ?
-
តើការទទួលខុសត្រូវនៃសេចក្តីសញ្ញាទាំងនេះស្រដៀងគ្នាដោយរបៀបណា ?
-
តើអ្នកគិតថាការគោរពតាមសេចក្តីសញ្ញារបស់យើងអាចជួយយើងប្រែក្លាយដូចជាព្រះអង្គសង្រ្គោះដោយរបៀបណា ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:២៤ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានសន្យាដល់អស់អ្នកដែលគោរពតាមសេចក្តីសញ្ញារបស់ពួកគេជាមួយទ្រង់ ។
សូមពិចារណាបង្ហាញមេដែកដែលឆក់គ្នា ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀនពីមេរៀននេះអំពីទំនាក់ទំនងរបស់ពួកគេជាមួយព្រះយេស៊ូវគ្រីស្ទ ។ អ្នកក៏អាចចែកចាយអារម្មណ៍របស់អ្នកអំពីពរជ័យដែលអ្នកបានទទួលពីការធ្វើ និងការគោរពតាមសេចក្ដីសញ្ញាជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទផងដែរ ។
ទន្ទេញចំណេះចំណានខាងគោលលទ្ធិ
នៅអំឡុងមេរៀននេះ អ្នកអាចចង់ជួយសិស្សឲ្យទន្ទេញ គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:១០ និងឃ្លាបទគម្ពីរគន្លឹះ « យើងជាព្រះអម្ចាស់ជាប់សន្យា កាលណាអ្នករាល់គ្នាប្រព្រឹត្តតាមអ្វី ដែលយើងមានព្រះបន្ទូល » ។ បន្ទាប់មកអ្នកអាចរំឭកវាឡើងវិញនៅមេរៀនខាងមុខ ។ គំនិតសម្រាប់សកម្មភាពទន្ទេញមាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។