« មេរៀនទី ៩១—គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:១–៧ ៖ ‹ អ្នកណាដែលត្រូវបានប្រទានឲ្យច្រើន នោះក៏មានតម្រូវការជាច្រើនវិញ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:១–៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩១ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨១–៨៣
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២:១–៧
« អ្នកណាដែលត្រូវបានប្រទានឲ្យច្រើន នោះក៏មានតម្រូវការជាច្រើនវិញ »
នៅខែ មេសា ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស៊្មីធ និងអ្នកដទៃទៀតបានធ្វើដំណើរទៅទីក្រុង អ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី ។ ពួកលោកកំពុងធ្វើតាមការបញ្ជារបស់ព្រះអម្ចាស់ក្នុងការបង្កើតអង្គការមួយដើម្បីកសាងស៊ីយ៉ូន និងមើលថែដល់ជនខ្វះខាត ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨ ) ។ បន្ទាប់ពីបានជួយដោះស្រាយជម្លោះមួយចំនួនរវាងសមាជិក ព្យាការីបានទទួលវិវរណៈនេះដែលពិពណ៌នាអំពីការរំពឹងទុករបស់ព្រះអម្ចាស់ចំពោះប្រជារាស្រ្តរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអម្ចាស់ប្រទានពរដល់ពួកគេ និងរបៀបដែលទ្រង់រំពឹងពីពួកគេឲ្យប្រើប្រាស់ពរជ័យទាំងនោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
អ្វីដែលព្រះអម្ចាស់បានប្រទានដល់អ្នក
ដើម្បីជួយសិស្សរៀបចំមេរៀននេះ សូមពិចារណាច្រៀងទំនុកតម្កើងអំពីពរជ័យដែលព្រះអម្ចាស់បានប្រទានឲ្យ ។ ឧទាហរណ៍មួយគឺ « ព្រោះខ្ញុំត្រូវបានផ្ដល់ពរច្រើន » ( ទំនុកតម្កើង ល.រ. ១៣៤ ) ។ ទំនុកតម្កើងនេះអាចជាផ្នែកមួយនៃការប្រជុំធម្មនិដ្ឋាន ។
សូមអញ្ជើញសិស្សបីនាក់ឲ្យឈរនៅខាងមុខថ្នាក់ ។ ឲ្យព្រះគម្ពីរមរមនមួយក្បាលទៅសិស្សម្នាក់ ស្រោមសំបុត្រដែលមានសរសេរនៅលើនោះនូវចំនួនលុយយ៉ាងច្រើននៅលើខ្នងសំបុត្រ ( ឧទាហរណ៍ $១,០០០,០០០ ) ទៅសិស្សម្នាក់ទៀត និងស្ករគ្រាប់ជាច្រើនគ្រាប់ទៅសិស្សម្នាក់ទៀត ។
-
ផ្អែកលើអ្វីដែលពួកគេបានទទួល តើអ្នកសង្ឃឹមថាសិស្សទាំងនេះនឹងធ្វើអ្វីខ្លះ ?
សូមពិចារណាអញ្ជើញសិស្សដែលនៅមុខថ្នាក់ឲ្យចែកចាយគំនិតមួយ ឬពីរនូវរបៀបដែលពួកគេអាចផ្ដល់ពរដល់អ្នកដទៃជាមួយនឹងអ្វីដែលពួកគេបានទទួល ។
សូមចង្អុលបង្ហាញថា យើងនឹងមិនមានការរំពឹងទុកដូចគ្នាសម្រាប់អ្នកដែលមិនបានទទួលអ្វីដូចគ្នានោះទេ ។
ក្នុងនាមជាបុត្រាបត្រីរបស់ព្រះវរបិតាសួគ៌ និងជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ យើងបានទទួលពរជាច្រើន ។ សូមអញ្ជើញសិស្សឲ្យចំណាយពេលខ្លះៗដើម្បីសរសេរពីពរជ័យដែលពួកគេបានទទួលពីព្រះអម្ចាស់ ។ វាអាចមានប្រយោជន៍ក្នុងការបង្កើតប្រភេទមួយចំនួនសម្រាប់សិស្សឲ្យគិតអំពីចំណុចផ្សេងៗនៅពេលពួកគេធ្វើបញ្ជីរបស់ពួកគេ ( ឧទាហរណ៍ ពរជ័យនៃការនៅក្នុងសាសនាចក្រ បទពិសោធន៍ខាងវិញ្ញាណដែលពួកគេមាន មនុស្សដែលប្រទានពរដល់ជីវិតរបស់ពួកគេ ទ្រព្យសម្បត្តិ និងឱកាសនៅលើផែនដីដែលពួកគេមាន ។ល។ ) ។
សូមដាក់បង្ហាញសំណួរខាងក្រោមដើម្បីឲ្យសិស្សជញ្ជឹងគិត ។
សូមជញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើពរជ័យទាំងនេះបានជះឥទ្ធិពលដល់អ្នកយ៉ាងដូចម្ដេច ?
-
តើវាអាចបង្រៀនយើងអ្វីខ្លះអំពីព្រះអម្ចាស់ ?
-
តើព្រះអម្ចាស់អាចរំពឹងឲ្យអ្នកធ្វើទង្វើខុសពីអ្នកដែលមិនបានទទួលពរជ័យទាំងនេះដោយរបៀបណា ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលការយល់ដឹងចំពោះសំណួរទាំងនេះ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២
សូមពិចារណាការសង្ខេបពីព័ត៌មានខាងក្រោមនេះ ៖
ពួកបរិសុទ្ធនៅពេលនេះបានទទួលពរជ័យដ៏អស្ចារ្យពីព្រះអម្ចាស់ ។ ពរជ័យទាំងនេះរួមមានសាសនាចក្រដែលបានស្ដារឡើងវិញ ព្រះគម្ពីរមរមន និងព្យាការីដែលមានជីវិតម្នាក់ដែលបើកសម្ដែងព្រះបន្ទូលរបស់ព្រះអម្ចាស់ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែពុះពារដើម្បីរស់នៅតាមរបៀបដែលព្រះអម្ចាស់មានព្រះទ័យចង់បាន ។ ខាងក្រោមនេះគឺជាឧទាហរណ៍ខ្លះៗ ៖
-
អស់រយៈពេលបីបួនខែ អារម្មណ៍គ្រោតគ្រាតកើតឡើងរវាង ស៊ីឌនី រិកដុន នៅរដ្ឋអូហៃអូ និង ប៊ីស្សព អែតវឺត ប៉ាទ្រិច នៅរដ្ឋមិសសួរី ។ ថ្មីៗនេះពួកគេបានផ្សះផ្សាគ្នា ។
-
សមាជិកខ្លះនៃសាសនាចក្រនៅរដ្ឋមិសសួរី បានរិះគន់យ៉ូសែប ស្ម៊ីធ ។
-
នៅពេលសមាជិកសាសនាចក្រប្តូរទៅរដ្ឋមិសសួរី ពួកគេជាច្រើនបានបរាជ័យក្នុងការគោរពតាមការប្រឹក្សា និងបញ្ជារបស់ព្រះអម្ចាស់ រួមទាំងការរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយផងដែរ ។
ព្យាការី យ៉ូសែប ស៊្មីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតបានធ្វើដំណើរទៅរដ្ឋមិសសួរី ហើយមានក្រុមប្រឹក្សាសង្ឃជាន់ខ្ពស់នៃសាសនាចក្រ ។ វិវរណៈនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨២ ត្រូវបានទទួលនៅអំឡុងសម័យប្រជុំពេលរសៀល ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:១–៧ ដោយស្វែងរកអ្វីដែលព្រះអម្ចាស់បានរំពឹងទុកពីពួកបរិសុទ្ធ ដោយសារពួកគេបានទទួលពរជ័យជាច្រើន ។
-
តើអ្នករៀនអ្វីខ្លះពីខគម្ពីរទាំងនេះ ?
សិស្សអាចចែកចាយសេចក្តីពិតផ្សេងៗគ្នា ។ សូមសួរពួកគេថាហេតុអ្វីបានជាសេចក្តីពិតដែលពួកគេចែកចាយមានសារៈសំខាន់ដើម្បីយល់ ។
សិស្សអាចចែកចាយ ឬមិនចែកចាយក៏បាននូវគោលការណ៍ដែល ព្រះអម្ចាស់តម្រូវច្រើនពីអស់អ្នកដែលទ្រង់បានប្រទានឲ្យច្រើន ។ ប្រសិនបើសិស្សមិនធ្វើទេ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀនពី ខទី ៣ ។
ប្រសិនបើសិស្សសួរអំពីការវិលមកវិញនៃអំពើបាបពីអតីតកាល ( សូមមើល ខទី ៧ ) សូមជួយពួកគេឲ្យយល់ថា ប្រសិនបើយើងបន្តប្រព្រឹត្តអំពើបាបដដែលៗ យើងត្រូវបន្តការប្រែចិត្តរបស់យើង ។ យើងអាចពឹងផ្អែកលើព្រះអង្គសង្គ្រោះដោយអត់ធ្មត់ ហើយបន្តខិតខំកែលម្អ ដោយដឹងថាទ្រង់នឹងជួយយើង ។ ( សូមមើល នែល អិល អាន់ឌើរសិន « Repent … That I May Heal You » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៤០ )
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះអម្ចាស់មានការរំពឹងទុកទាំងនេះ ?
-
ហេតុអ្វីបានជាវាសំខាន់សម្រាប់យើងដើម្បីយល់ពីវា ?
សម្រាប់ការយល់ដឹងបន្ថែម សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
ព្រះវរបិតាសួគ៌របស់យើងគឺជាព្រះដែលមានការរំពឹងទុកខ្ពស់ ។ …
… ព្រះរាជបំណងរបស់ព្រះគឺដើម្បីឲ្យយើង ដែលជាបុត្រាបុត្រីរបស់ទ្រង់អាចមានលទ្ធភាពដកពិសោធន៍នូវអំណរដ៏គ្មានទីបញ្ចប់ រស់់នៅជាមួយនឹងទ្រង់ដ៏នៅអស់កល្បជានិច្ច ហើយថែមទាំងក្លាយដូចជាទ្រង់ ។ …
ប្រសិនបើយើងប្រាថ្នាដោយស្មោះ ហើយខិតខំធ្វើតាមការរំពឹងទុកដ៏ខ្ពស់របស់ព្រះវរបិតាសួគ៌យើង នោះទ្រង់នឹងធានាថាយើងទទួលបានជំនួយទាំងអស់ដែលយើងត្រូវការ មិនថាជាការសម្រាលទុក្ខ ការពង្រឹង ឬការវាយផ្ចាលឡើយ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » Liahona ខែ ឧសភា ឆ្នាំ ២០១១ ៩៧, ៩៩ )
-
ហេតុអ្វីក៏វាមានប្រយោជន៍ផងដែរក្នុងការចងចាំអំពីការយល់ដឹង និងនិស្ស័យដ៏មេត្តាករុណារបស់ព្រះអម្ចាស់ ? ( សូមមើល ខទី ១–៧ ) ។
ការចងចាំពីអ្វីដែលព្រះអម្ចាស់បានប្រទានឲ្យយើង
ខាងក្រោមនេះគឺជាវិធីមួយដើម្បីជួយសិស្សយល់ពីមូលហេតុដែលព្រះរំពឹងចង់បានបន្ថែមទៀតពីអស់អ្នក « ដែលត្រូវបានប្រទានឲ្យច្រើន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:៣ ) ។ សិស្សអាចធ្វើសកម្មភាពជាក្រុមតូចៗ ឬជាបុគ្គល ។
ពរជ័យនានាមកពីព្រះអម្ចាស់
សូមជ្រើសរើសយ៉ាងហោចណាស់ពរជ័យពីរខាងក្រោម ឬជ្រើសរើសពរជ័យផ្សេងទៀតដែលមិនបានរៀបរាប់ ។
-
ព្រះគម្ពីរ
-
ពួកព្យាការីដែលរស់នៅ
-
ការអភ័យទោសចំពោះអំពើបាប
-
អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
-
ចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់សម្រាប់យើង
-
ព្រះវិហារបរិសុទ្ធ
សម្រាប់រយៈពេលពីរបីនាទី សូមសិក្សាអំពីពរជ័យដែលអ្នកបានជ្រើសរើស ។ សូមប្រើព្រះគម្ពីរ សុន្ទរកថាពីសន្និសីទទូទៅ និងធនធានសាសនាចក្រផ្សេងទៀតដូចជា ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ ) ។ សូមស្វែងរក ៖
-
របៀបដែលព្រះអម្ចាស់កែលម្អជីវិតរបស់យើងតាមរយៈពរជ័យទាំងនេះ ។
-
អ្វីដែលព្រះអម្ចាស់ទន្ទឹងរង់ចាំពីអ្នកដែលពរជ័យទាំងនេះត្រូវបានប្រទានឲ្យ ។
បន្ថែមគំនិត ឬការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នកណាមួយពីបទពិសោធន៍ផ្ទាល់ខ្លួន ។ អ្នកអាចរួមបញ្ចូលរបៀបដែលមនុស្សដែលមានពរជ័យទាំងនេះអាចជួយ ឬធ្វើជាគំរូដល់អ្នកដែលមិនបានទទួលបទពិសោធន៍ និងចំណេះដឹងដូចគ្នា ។
សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀន ។ របៀបមួយក្នុងការធ្វើបែបនេះគឺសុំឲ្យអ្នកស្ម័គ្រចិត្តម្នាក់ចែកចាយ ហើយបន្ទាប់មកហៅឈ្មោះសិស្សម្នាក់ទៀតដែលពួកគេមានអារម្មណ៍ថាជាពរជ័យដ៏អស្ចារ្យដល់ថ្នាក់ ។ បន្ទាប់មកសូមសួរសិស្សដែលបានណែនាំថាតើពួកគេស្ម័គ្រចិត្តចែកចាយអ្វីដែលពួកគេបានរៀនដែរឬទេ ។ សូមធានាឲ្យបានថា ពួកគេដឹងថាពួកគេមិនមានកាតព្វកិច្ចចែកចាយនោះទេ ។ សូមធ្វើសកម្មភាពនេះឡើងវិញពីរបីដង ។
ប្រសិនបើវាមានប្រយោជន៍ក្នុងការបង្ហាញឧទាហរណ៍អំពីនរណាម្នាក់ដែលបានរស់នៅតាមគោលការណ៍នេះ សូមបង្ហាញ « Treasures in Heaven: The John Tanner Story » ចាប់ពីនាទីទី ៨:២១ ដល់នាទីទី ១២:២៤ ។ សូមពន្យល់ថា ចន ថានណឺ គឺជាបុរសម្នាក់ដែលព្រះអម្ចាស់បានប្រទានពរឲ្យមានទ្រព្យសម្បត្តិដ៏ច្រើន មុនពេលគាត់បានប្រែចិត្តជឿលើដំណឹងល្អ ។ សូមអញ្ជើញសិស្សឲ្យរកមើលរបៀបដែល ចន បានប្រើទ្រព្យសម្បត្តិរបស់គាត់ ។
ការរំពឹងទុក និងសេចក្តីស្រឡាញ់របស់ព្រះ ។
នៅពេលសិស្សឆ្លើយសំណួរខាងក្រោមនេះ សូមវាយតម្លៃថាតើពួកគេបានយល់ច្បាស់ពីគោលការណ៍ដែលមានចែងនៅក្នុងមេរៀននេះយ៉ាងណា ។ សូមរកមើលរបៀបដើម្បីបញ្ជាក់ពីសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ និងពីរបៀបដែលយើងអាចផ្ដល់ពរដល់កូនចៅរបស់ទ្រង់កាន់តែច្រើន នៅពេលយើងរស់នៅស្របតាមអ្វីដែលទ្រង់បានប្រទានដល់យើង ។
សូមណែនាំដល់អ្នកសិក្សាឲ្យស្គាល់ពីឥទ្ធិពលរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ៖ សម្រាប់ការបំពាក់បំប៉នបន្ថែមពីរបៀបដើម្បីធ្វើការណ៍នេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើង « ជួយសិស្សឲ្យស្គាល់ក្តីស្រឡាញ់ ព្រះចេស្តា និងក្តីមេត្តារបស់ព្រះអម្ចាស់ក្នុងជីវិតពួកគេ » ដែលមាននៅក្នុង ជំនាញការអភិវឌ្ឍគ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាពីការរៀនអនុវត្តជំនាញ ។ អ្នកអាចសួរសំណួរសិស្សដែលផ្តោតលើការភ្ជាប់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ ។
-
ហេតុអ្វីបានជាអ្នកមានអំណរគុណចំពោះការរំពឹងទុករបស់ព្រះអម្ចាស់ ?
-
តើការរំពឹងទុករបស់ព្រះអម្ចាស់បង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យមើលបញ្ជីរបស់ពួកគេអំពីអ្វីដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ ។ ពួកគេអាចបន្ថែមពរជ័យបន្ថែមណាមួយដែលពួកគេបានគិតឃើញនៅពេញមួយមេរៀននេះ ។ សូមឲ្យពួកគេកត់ត្រានូវអ្វីដែលពួកគេចង់ចងចាំ ឬធ្វើ ដោយសារអ្វីដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ ។