« មេរៀនទី ៨៨—គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៧១–១១២ ៖ ‹ ក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:៧១–១១២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៧១–១១២
« ក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ »
បន្ទាប់ពីបានឃើញការនិមិត្តជាច្រើន រួមទាំងការនិមិត្តអំពីសិរីល្អរបស់ព្រះវរបិតា និងព្រះរាជបុត្រា ការធ្លាក់របស់លូស៊ីហ្វើរ និងនគរសេឡេស្ទាល យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានឃើញអ្នកដែលនឹងទទួលមរតកនៃនគរទេរេសទ្រាល និងទេឡេស្ទាល ។ លក្ខណៈពិសេសមួយនៃអ្នកដែលនៅក្នុងនគរទេរេសទ្រាលគឺថាពួកគេមិនក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវទេ ។ មេរៀននេះអាចជួយសិស្សឲ្យកាន់តែមានភាពក្លាហានក្នុងទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាសរសេរពាក្យ ទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ នៅលើក្ដារខៀន ។ សូមសួរសិស្សថាតើពួកគេគិតថាវាមានអត្ថន័យយ៉ាងណាក្នុងការមានទីបន្ទាល់អំពីព្រះអង្គសង្រ្គោះ ។ បើចាំបាច់ សូមពន្យល់ថា ទីបន្ទាល់គឺជាអ្វីដែលយើងដឹងថាពិតនៅក្នុងចិត្ត និងគំនិតរបស់យើង ដែលបានប្រទានដល់យើងដោយសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨:២ ) ។ បន្ទាប់មក សូមពិភាក្សាសំណួរខាងក្រោមនេះ ៖
សួរសំណួរដែលនាំឲ្យមានវិចារណញាណ ៖ សម្រាប់វគ្គបំពាក់បំប៉នជាច្រើនទៀតអំពីរបៀបធ្វើកិច្ចការនេះ សូមមើលវគ្គបំពាក់បំប៉នដែលមានចំណងជើងថា « បង្កើតបរិយាកាស និងឱកាសសម្រាប់សិស្សដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនពួកគេ » ដែលមាននៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ បង្រៀនដោយព្រះវិញ្ញាណ ។ សូមពិចារណាពីការអនុវត្តជំនាញនេះដោយការបង្កើតស្វ័យវាយតម្លៃរបស់សិស្សអំពីគោលលទ្ធិ សេចក្តីពិត ឬគោលការណ៍នានា ។
-
តើទីបន្ទាល់អំពីព្រះអង្គសង្គ្រោះអាចជះឥទ្ធិពលដល់អ្នកក្នុងជីវិតនេះ និងដល់ភាពអស់កល្បជានិច្ចដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យគិតអំពីទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ រួមទាំងរបៀបដែលទីបន្ទាល់របស់ពួកគេមានឥទ្ធិពលលើទង្វើរបស់ពួកគេផងដែរ ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យគិតអំពីបំណងប្រាថ្នាដែលពួកគេមានសម្រាប់ទីបន្ទាល់របស់ពួកគេផងដែរ ។
សូមលើកទឹកចិត្តសិស្សនៅពេលពួកគេសិក្សា ឲ្យរកមើលការបង្រៀនដែលអាចជួយពួកគេស្គាល់ពីសារៈសំខាន់នៃការមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងការរស់នៅស្របតាមអ្វីដែលពួកគេដឹង ។
ការនិមិត្តពីនគរនៃសិរីល្អ
សូមពិចារណាអញ្ជើញសិស្សឲ្យសង្ខេបនូវអ្វីដែលពួកគេបានសិក្សាកន្លងមកអំពីការនិមិត្តដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ ។ បន្ទាប់មកពន្យល់ដូចខាងក្រោម ។
អ្នកប្រហែលជាចងចាំថា គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ មាននូវការពិពណ៌នាអំពីការនិមិត្តដ៏អស្ចារ្យមួយដែលព្រះអម្ចាស់បានប្រទានដល់យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ។ ជាផ្នែកមួយនៃការនិមិត្តរបស់ពួកលោក យ៉ូសែប និង ស៊ីឌនី បានរៀនពីចរិកលក្ខណៈរបស់មនុស្សដែលនឹងរស់នៅក្នុងនគរនៃសិរីល្អខុសៗគ្នាបន្ទាប់ពីការរស់ឡើងវិញ ។
វាប្រហែលជាមានអត្ថប្រយោជន៍ក្នុងការពន្យល់ថា សិស្សនឹងមិនសិក្សាខគម្ពីរទាំងអស់ដែលពិពណ៌នាអំពីនគរនៃសិរីល្អនៅក្នុងមេរៀននេះទេ ។ សិរីល្អនៃនគរសេឡេស្ទាលគឺត្រូវបានពិពណ៌នានៅក្នុង ខទី ៥០–៧០, ៩២–៩៦ សិរីល្អនៃនគរទេរេសទ្រាលនៅក្នុង ខទី ៧១–៨០ និងនគរទេឡេស្ទាលនៅក្នុង ខទី ៨១–៩០, ៩៨–១១២ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូស ឬដាក់ស្លាកខគម្ពីរទាំងនេះនៅក្នុងព្រះគម្ពីររបស់ពួកគេ ដើម្បីពួកគេអាចសិក្សាវាឲ្យកាន់តែលម្អិតដោយខ្លួនឯង ។
សូមអានបទគម្ពីរខាងក្រោម ដោយរកមើលភាពខុសគ្នានៅក្នុងទីបន្ទាល់នៃអស់អ្នកដែលរស់នៅក្នុងនគរនៃសិរីល្អនីមួយៗ ៖
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៥១–៥២ ( នគរសេឡេស្ទាល )
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៧៥, ៧៩ ( នគរទេរេសទ្រាល )
-
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៨២, ១០១–១០៣ ( នគរទេឡេស្ទាល )
បន្ទាប់ពីសិស្សបញ្ចប់ការសិក្សាហើយ សូមអញ្ជើញពួកគេឲ្យពិភាក្សាសំណួរដូចតទៅនេះជាថ្នាក់ ឬនៅក្នុងក្រុមតូចៗ ៖
-
តើអ្នកសម្គាល់ឃើញភាពខុសគ្នាអ្វីខ្លះរវាងទីបន្ទាល់នៃក្រុមទាំងនេះ ?
-
តើការណ៍នេះអាចបង្រៀនអ្នកអ្វីខ្លះអំពីប្រភេទនៃទីបន្ទាល់ដែលចាំបាច់ដើម្បីទទួលមរតកនៃនគរសេឡេស្ទាល ?
សូមជួយសិស្សស្វែងរកសេចក្តីពិតដូចតទៅនេះ ៖ ប្រសិនបើយើងក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ នោះយើងអាចទទួលបាននគរសេឡេស្ទាលរបស់ព្រះ ។
ក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
-
តើអ្នកគិតថា វាមានអត្ថន័យយ៉ាងណាដើម្បីក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ?
ដោយជាផ្នែកមួយនៃការពិភាក្សារបស់អ្នកអំពីសំណួរមុន សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សា នីហ្វៃទី២ ៣១:២០–២១ ហើយរកមើលការបង្រៀនដែលអាចបន្ថែមការយល់ដឹងរបស់ពួកគេ ។ សេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះក៏អាចជាប្រយោជន៍ផងដែរ ។
អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជួយយើងឲ្យយល់ពីអត្ថន័យនៃការមានចិត្តក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ ៖
គោលលទ្ធិ និងសេចក្តីសញ្ញា កណ្ឌទី ៧៦ ប្រាប់យ៉ាងច្បាស់ថា « ក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ » [ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៧៩ ] គឺជាការសាកល្បងដ៏សាមញ្ញ និងចាំបាច់រវាងអស់អ្នកដែលនឹងគ្រងពរជ័យនគរសេឡេស្ទាល និងអ្នកដែលស្ថិតនៅកម្រិតទាបជាងគឺ នគរទេរេសស្ទ្រាល ។ ដើម្បីក្លាហាន យើងត្រូវផ្ដោតទៅលើព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ដើម្បីឈ្នះក្ដីស្លាប់ និងតាមរយៈការប្រែចិត្តរបស់យើង ដើម្បីសម្អាតយើងចេញពីអំពើបាប ហើយធ្វើតាមគោលលទ្ធិនៃព្រះគ្រីស្ទ [ សូមមើល នីហ្វៃទី២ ៣១:១៧–២១ ] ។ យើងក៏ត្រូវការពន្លឺ និងចំណេះដឹងអំពីព្រះជន្ម និងការបង្រៀនរបស់ព្រះសង្គ្រោះ ដើម្បីដឹកនាំយើងនៅលើមាគ៌ានៃសេចក្ដីសញ្ញា រួមមានពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផងដែរ ។ យើងត្រូវតែខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ទទួលទានព្រះបន្ទូលរបស់ទ្រង់ ហើយកាន់ខ្ជាប់ដល់ចុងបំផុត [ នីហ្វៃទី២ ៣១:២០–២១ ] ។ ( ឃ្វីនថិន អិល ឃុក « Valiant in the Testimony of Jesus » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៤៣ )
-
តើមានអ្វីដែលអាចធ្វើឲ្យអ្នក ឬអ្នកដទៃមានការលំបាកក្នុងការរក្សាភាពក្លាហានក្នុងទីបន្ទាល់របស់អ្នកពីព្រះយេស៊ូវគ្រីស្ទ ?
-
តើមានអ្វីដែលជួយអ្នកឲ្យខិតខំមានភាពក្លាហានក្នុងទីបន្ទាល់របស់អ្នកពីព្រះអង្គសង្គ្រោះ ?
ដោយជាផ្នែកនៃការពិភាក្សាសំណួរពីមុន សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យស្វែងរក និងចែកចាយព្រះគម្ពីរដែលលើកទឹកចិត្តពួកគេឲ្យក្លាហានក្នុងទីបន្ទាល់របស់ពួកគេពីព្រះយេស៊ូវគ្រីស្ទ ។ អ្នកអាចណែនាំថាពួកគេចាប់ផ្តើមជាមួយ ហេលេមិន ៥:១២ ។
ដាក់ផែនការ
សូមចំណាយពេលខ្លីជញ្ជឹងគិតអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីកាន់តែក្លាហានក្នុងទីបន្ទាល់របស់អ្នកពីព្រះយេស៊ូវគ្រីស្ទ ។ សូមបំពេញសេចក្តីថ្លែងការណ៍បីខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ខ្ញុំអាចក្លាហានក្នុងទីបន្ទាល់របស់ខ្ញុំពីព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះ ដោយ …
-
ខ្ញុំអាចក្លាហានក្នុងទីបន្ទាល់របស់ខ្ញុំពីព្រះយេស៊ូវគ្រីស្ទនៅប៉ុន្មានខែខាងមុខដោយ …
-
ខ្ញុំអាចជួយអ្នកដទៃឲ្យរក្សាភាពក្លាហានក្នុងទីបន្ទាល់របស់ពួកគេពីព្រះយេស៊ូវគ្រីស្ទដោយ …
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ដែលចង់ចែកចាយសេចក្តីថ្លែងការណ៍ដែលពួកគេបានបញ្ចប់មួយ ឬច្រើន ។ ជាចុងបញ្ចប់ សូមអញ្ជើញសិស្សម្នាក់ឲ្យចែកចាយសាក្សីរបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ឬចែកចាយសាក្សីផ្ទាល់របស់អ្នកអំពីទ្រង់ ។