« មេរៀនទី ៨៥—គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:១–១៩ ៖ ‹ ភ្នែកនៃយោបល់របស់យើងខ្ញុំក៏បានបើក › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:១–១៩ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨៥ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:១–១៩
« ភ្នែកនៃយោបល់របស់យើងខ្ញុំក៏បានបើក »
នៅខែ មករា ឆ្នាំ ១៨៣២ ព្យាការី យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានជញ្ជឹងគិតអំពីអត្ថន័យនៃ យ៉ូហាន ៥:២៩ ខណៈកំពុងធ្វើការលើការបកប្រែដ៏បំផុសគំនិតនៃព្រះគម្ពីរប៊ីប ។ នៅពេលពួកលោកជញ្ជឹងគិត នោះពួកលោកបានមានការនិមិត្តជាបន្តបន្ទាប់ ដែលព្រះអម្ចាស់បានបើកសម្ដែងពីសេចក្ដីពិតសំខាន់ជាច្រើនអំពីផែនការរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យរៀនដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលដែលពួកគេមានពេលវេលាដើម្បីជញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការស្វែងរកវិវរណៈផ្ទាល់ខ្លួន
សូមពិចារណាបង្ហាញសំណួរខាងក្រោមនេះនៅលើក្ដារខៀន ។ សិស្សអាចកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេបាន ។ សូមពិចារណាសុំសិស្សស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយចម្លើយ ដែលមិនមែនជារឿងផ្ទាល់ខ្លួនពេក ។
-
តើកាលៈទេសៈ ឬស្ថានភាពណាខ្លះដែលអ្នកកំពុងប្រឈមមុខ ឬអាចនឹងប្រឈមមុខ ដែលអ្នកចង់ទទួលបានការណែនាំមកពីព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
-
ហេតុអ្វីអ្នកចង់ទទួលបានជំនួយរបស់ព្រះអម្ចាស់នៅក្នុងរឿងទាំងនេះ ?
ថ្ងៃនេះ អ្នកនឹងរៀនអំពីរបៀបមួយដែលអ្នកអាចអញ្ជើញព្រះអម្ចាស់ ឲ្យមានបន្ទូលមកកាន់អ្នកតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ កាលអ្នកសិក្សា សូមយកចិត្តទុកដាក់ទៅលើការបំផុសគំនិតមកពីព្រះវិញ្ញាណ ដែលអាចជួយដល់អ្នកនៅក្នុងស្ថានភាព ឬសំណួរមួយដែលអ្នកបានរកឃើញនេះ ។
ការនិមិត្ត
សេចក្តីសង្ខេបខាងក្រោមនេះអាចជួយរៀបចំសិស្សឲ្យសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ ។ សូមពិចារណាថា តើវានឹងល្អបំផុតដើម្បីអាន ឬក៏សង្ខេបវាដោយខ្លួនអ្នកផ្ទាល់ ឬអញ្ជើញសិស្សឲ្យធ្វើវា ។ ជាជម្រើស អ្នកអាចអញ្ជើញសិស្សឲ្យអាននៅក្នុង ពួកបរិសុទ្ធ ទំព័រ ១:១៤៧ ដើម្បីរៀនអំពីកាលៈទេសៈនានាដែលនាំឲ្យមានវិវរណៈនេះ ។
នៅថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ១៨៣២ យ៉ូសែប ស្ម៊ីធ, ស៊ីឌនី រិកដុន និងបុរសដទៃទៀតប្រហែលចំនួន ១២ រូបបាននៅក្នុងបន្ទប់ជាន់លើនៃផ្ទះរបស់ ចន និង អែលសា ចនសុន នៅទីក្រុងហៃរុម រដ្ឋអូហៃអូ ។ ខណៈដែល យ៉ូសែប និង ស៊ីឌនី បានធ្វើការលើការបកប្រែដ៏បំផុសគំនិតនៃព្រះគម្ពីរប៊ីប នោះពួកលោកបានសិក្សា យ៉ូហាន ៥:២៩ ជាបទគម្ពីរមួយដែលបានរៀបរាប់អំពីស្ថានសួគ៌ ហើយពួកលោកចង់ដឹងបន្ថែមទៀត ។ នៅពេលពួកលោកបានជញ្ជឹងគិត នោះពួកលោកបានឃើញការនិមិត្តមួយ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ ។ ព្រះអង្គសង្គ្រោះបានបង្ហាញ យ៉ូសែប និង ស៊ីឌនី នូវការនិមិត្តប្លែកៗជាបន្តបន្ទាប់ ដែលបានបង្រៀនពួកលោកអំពីសេចក្ដីពិតសំខាន់ជាច្រើនអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
សូមពន្យល់ថា នៅពេលសិស្សសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ ពេញមួយសប្ដាហ៍នេះ ពួកគេនឹងមានឱកាសរៀនអំពីផ្នែកផ្សេងគ្នាជាច្រើននៃការនិមិត្តនេះ ។ មេរៀនថ្ងៃនេះនឹងផ្តោតទៅលើការបង្រៀនរបស់ព្រះអង្គសង្គ្រោះ និងបទពិសោធន៍នានាដែលបានកត់ត្រានៅដើម កណ្ឌទី ៧៦ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ ចាប់ផ្ដើមដោយការដែលព្រះអម្ចាស់ចែកចាយសេចក្ដីពិតដ៏សំខាន់ជាច្រើនអំពីព្រះអង្គទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១–១០ ហើយស្វែងរកពាក្យ ឬឃ្លាដែលអ្នកមានអារម្មណ៍ថា វាបង្ហាញអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យចង់ឲ្យយើងយល់អំពីទ្រង់ ។ សូមចំណាំថា ការកោតខ្លាចដល់ព្រះ ( ខទី ៥ ) មានន័យថា ការថ្វាយបង្គំ ការស្រឡាញ់ និងការស្ញប់ស្ញែងដល់ទ្រង់ ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីសិក្សាខគម្ពីរទាំងនេះហើយ សូមអញ្ជើញពួកគេឲ្យចែកចាយការយល់ដឹងរបស់ពួកគេ ។ សំណួរដូចខាងក្រោមនេះអាចជួយសិស្សឲ្យពិភាក្សាអំពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះ ដើម្បីបើកសម្ដែងសេចក្ដីពិតដល់ពួកគេតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
-
តើខគម្ពីរទាំងនេះជួយអ្នកឲ្យយល់អ្វីខ្លះបានកាន់តែច្បាស់អំពីព្រះអង្គសង្គ្រោះ ?
-
តើការដឹងរឿងទាំងនេះអំពីព្រះអង្គសង្គ្រោះអាចជះឥទ្ធិពលដល់អ្នកយ៉ាងដូចម្ដេច ?
ការជញ្ជឹងគិតអំពីបទគម្ពីរនាំឲ្យមានវិវរណៈ
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១១–១៩ ហើយស្វែងរកអ្វីដែល យ៉ូសែប និង ស៊ីឌនី បានធ្វើមុននឹងទទួលបានការនិមិត្តរបស់ពួកលោក ។
-
តើអ្នកគិតថាសកម្មភាពអ្វីខ្លះ ដែលបាននាំឲ្យ យ៉ូសែប និង ស៊ីឌនី ដកពិសោធន៍អ្វីដែលពួកលោកបានទទួលនេះ ?
សូមពិចារណាពន្យល់ថា ទោះបីជាយើងមិនអាចទទួលបានប្រភេទការនិមិត្តដែល យ៉ូសែប និង ស៊ីឌនី បានមានក៏ដោយ ក៏បទពិសោធន៍របស់ពួកលោកអាចបង្រៀនយើងនូវគោលការណ៍មួយ អំពីការរៀបចំខ្លួនយើងដើម្បីទទួលបានវិវរណៈមកពីព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធដែរ ។
-
តើសេចក្ដីពិតអ្វី ដែលអ្នកបានរៀនមកពីខគម្ពីរទាំងនេះ អំពីរបៀបមួយដែលយើងអាចរៀបចំខ្លួនយើង ដើម្បីទទួលបានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ?
សិស្សអាចលើកឡើងពីសេចក្ដីពិតមួយដែលស្រដៀងគ្នាទៅនឹងអ្វីដូចតទៅនេះ ៖ នៅពេលយើងសិក្សា និងជញ្ជឹងគិតអំពីបទគម្ពីរប្រកបដោយការអធិស្ឋាន នោះយើងរៀបចំខ្លួនយើងដើម្បីទទួលបានការយល់ដឹងមកពីព្រះអម្ចាស់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពិពណ៌នាអំពីរបៀបដែលយើងអាចសិក្សា និងជញ្ជឹងគិតអំពីបទគម្ពីរតាមរបៀបមួយ ដែលនាំឲ្យមានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
នៅពេលខ្ញុំនិយាយថា « សិក្សា » ខ្ញុំចង់សំដៅលើសពីការអានទៅទៀត ។ … ខ្ញុំឃើញថា ពេលខ្លះអ្នកអានពីរបីខគម្ពីរ ឈប់ដើម្បីជញ្ជឹងគិតអំពីខគម្ពីរនោះ អានខគម្ពីរនេះម្តងទៀតដោយយកចិត្តទុកដាក់ ហើយនៅពេលអ្នកគិតអំពីអត្ថន័យរបស់វា សូមអធិស្ឋានដើម្បីទទួលបានការយល់ដឹង សួរសំណួរនៅក្នុងគំនិតរបស់អ្នក រង់ចាំការបំផុសគំនិតខាងវិញ្ញាណ រួចសរសេរទុកនូវការបំផុសគំនិត និងទស្សនវិស័យដែលនឹងកើតមាន ដើម្បីឲ្យអ្នកអាចចងចាំ ហើយរៀនសូត្របានកាន់តែប្រសើរឡើង ។ ការសិក្សារបៀបនេះ អ្នកប្រហែលមិនអានច្រើនជំពូក ឬច្រើនខគម្ពីរនោះទេនៅក្នុងរយៈពេលកន្លះម៉ោង ប៉ុន្ដែអ្នកនឹងទុកកន្លែងមួយសម្រាប់ព្រះបន្ទូលនៃព្រះនៅក្នុងដួងចិត្តរបស់អ្នក ហើយទ្រង់នឹងមានព្រះបន្ទូលមកកាន់អ្នក ។ ( ឌី ថត គ្រីស្តូហ្វឺសិន « When Thou Art Converted » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១ )
-
តើមានឧបសគ្គណាខ្លះដែលពេលខ្លះអាចរារាំងយើងមិនឲ្យធ្វើការជញ្ជឹងគិត ? តើអ្វីទៅដែលអាចជួយយើងឲ្យយកឈ្នះលើឧបសគ្គទាំងនេះបាន ?
សូមពិចារណាចែកចាយបទពិសោធន៍មួយ ដែលអ្នកបានសិក្សា និងជញ្ជឹងគិតប្រកបដោយការអធិស្ឋានអំពីបទគម្ពីរ ហើយបានទទួលវិវរណៈ ។ សូមអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ណាមួយ ដែលពួកគេបានមានផងដែរ ។
អនុវត្តការសិក្សា និងការជញ្ជឹងគិតប្រកបដោយអធិស្ឋាន
សូមពិចារណាផ្តល់ពេលវេលាឲ្យសិស្សក្នុងថ្នាក់ប្រហែលជា ៧–១០ នាទី ដើម្បីអនុវត្តការសិក្សា និងការជញ្ជឹងគិតប្រកបដោយអធិស្ឋាន ។ សូមចែកចាយសេចក្តីណែនាំខាងក្រោម ៖
ចំណាយពេលខ្លះដើម្បីអនុវត្តការសិក្សា និងការជញ្ជឹងគិតអំពីបទគម្ពីរ ។ គិតអំពីកាលៈទេសៈ ឬស្ថានភាពដែលអ្នកបានរកឃើញពីមុនមក ដែលអ្នកចង់ទទួលបានជំនួយពីព្រះអម្ចាស់ ។ អធិស្ឋានសូមការណែនាំ ជញ្ជឹងគិតអំពីអ្វីដែលអ្នកកំពុងអាន និងយកចិត្តទុកដាក់លើការបំផុសគំនិតមកពីព្រះវិញ្ញាណ ដែលអាចផ្តល់ឲ្យអ្នកនូវការណែនាំ ឬជំនួយដែលអ្នកត្រូវការ ។ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមឲ្យសិស្សមានជម្រើសជ្រើសយកបទគម្ពីរ ដែលពួកគេនឹងសិក្សានៅអំឡុងពេលសកម្មភាពនេះ ។ សម្រាប់សិស្សដែលចង់បានការណែនាំអំពីវគ្គបទគម្ពីរណាមួយដែលត្រូវជ្រើសរើស សូមពិចារណាផ្ដល់ជម្រើសពីរបីដូចខាងក្រោមនេះ ៖
-
អេណុស ១:១–១៧ ( អេណុស អធិស្ឋានទៅកាន់ព្រះ ) ។
-
ម៉ូសាយ ៣:១–២០ ( ស្តេចបេនយ៉ាមីន ព្យាករអំពីព្រះយេស៊ូវគ្រីស្ទ ) ។
-
អាលម៉ា ៣៦:១–៣០ ( អាលម៉ា ពិពណ៌នាអំពីការផ្ដាច់បាបរបស់លោក ) ។
-
ម៉ូសេ ១:១–៣៩ ( ម៉ូសេ ទូលទៅព្រះ ហើយប្រឆាំងនឹងសាតាំង ) ។
បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ សូមបង្ហាញសំណួរខាងក្រោម ហើយអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើការសិក្សា និងការជញ្ជឹងគិតអំពីបទគម្ពីរបានជួយរៀបចំអ្នកឲ្យទទួលបានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណា ?
-
តើបទពិសោធន៍នេះបានបង្រៀនអ្នកអ្វីខ្លះ អំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ឬបន្តធ្វើអ្វីខ្លះ ដើម្បីទទួលបានជំនួយ និងវិវរណៈបន្ថែមទៀតមកពីព្រះអម្ចាស់ ?
សូមថ្លែងទីបន្ទាល់អំពីរបៀបដែលការជញ្ជឹងគិត និងការសិក្សាព្រះគម្ពីរឲ្យកាន់តែមានគោលបំណង និងកាន់តែញឹកញាប់ជាងនេះ អាចនាំសិស្សឲ្យខិតទៅកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តស្វែងរកវិវរណៈប្រកបដោយការអធិស្ឋាន តាមរយៈការសិក្សា និងការជញ្ជឹងគិតអំពីបទគម្ពីរជាទៀងទាត់ ។