« មេរៀនទី ៨៦—គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១៩–២៤ ៖ ‹ នេះគឺជាទីបន្ទាល់ … ដែលយើងខ្ញុំសូមថ្លែងអំពីទ្រង់ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:១៩–២៤ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨៦ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១៩–២៤
« នេះគឺជាទីបន្ទាល់ … ដែលយើងខ្ញុំសូមថ្លែងអំពីទ្រង់ »
នៅក្នុងចំណោមការនិមិត្តទាំងឡាយដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានឃើញព្រះយេស៊ូវគ្រីស្ទផ្ទាល់ ។ ពួកលោកបានរៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះគឺជាអង្គដ៏សំខាន់ចំពោះសេចក្ដីសង្គ្រោះរបស់យើង រួចហើយបានថ្លែងទីបន្ទាល់អំពីទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងចំពោះព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះយេស៊ូវគ្រីស្ទគឺសំខាន់ចំពោះខ្ញុំ
សូមផ្ដល់ឱកាសឲ្យសិស្សពិភាក្សាអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ចំពោះពួកគេ ។ អ្នកអាចពិចារណាប្រើប្រាស់សាច់រឿងខាងក្រោមនេះ ឬអ្នកអាចអញ្ជើញសិស្សឲ្យបង្កើតសាច់រឿងផ្សេងមួយទៀត ។
អាប៊ី និង សារីកា រៀនក្នុងថ្នាក់បីបួនជាមួយគ្នានៅសាលារៀន ។ ថ្ងៃមួយនៅពេលអាហារថ្ងៃត្រង់ សារីកា បានមើលទៅ អាប៊ី ហើយនិយាយថា « ខ្ញុំបានឮគេនិយាយអំពីព្រះយេស៊ូវពេញមួយជីវិតខ្ញុំ ។ ខ្ញុំថែមទាំងឮឯងនិយាយថា ឯងជឿលើទ្រង់ដែរ ។ ខ្ញុំមិនដែលរៀនអំពីព្រះយេស៊ូវសោះ ហើយខ្ញុំមានចម្ងល់ ។ តើឯងអាចប្រាប់ខ្ញុំអ្វីខ្លះអំពីទ្រង់ ឬហេតុអ្វីបានជាទ្រង់មានសារៈសំខាន់ចំពោះឯង » ?
-
ប្រសិនបើអ្នកគឺជា អាប៊ី តើអ្នកនឹងនិយាយអ្វីខ្លះទៅកាន់ សារីកា ?
មុននឹងសុំឲ្យសិស្សពីរបីនាក់ឆ្លើយតប សូមពិចារណាផ្ដល់ពេលវេលាឲ្យពួកគេគិតពិចារណាអំពីអ្វីដែលពួកគេអាចនឹងនិយាយសិន ។ វាអាចមានប្រយោជន៍សម្រាប់សិស្សដើម្បីបង្កើតបញ្ជីមួយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ អំពីអ្វីដែលពួកគេគិតថា មនុស្សទាំងអស់គួរតែដឹងអំពីព្រះយេស៊ូវ ។
សូមគិតអំពីអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ និងភាពងាយស្រួលនៃអារម្មណ៍របស់អ្នកក្នុងការនិយាយជាមួយអ្នកដទៃអំពីទ្រង់ ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរកការបង្រៀននានា ដែលជួយអ្នកឲ្យមានអារម្មណ៍ស្រឡាញ់ព្រះយេស៊ូវគ្រីស្ទកាន់តែខ្លាំងឡើង ។
ការនិមិត្តអំពីព្រះរាជបុត្រានៃព្រះ
វាអាចមានប្រយោជន៍ក្នុងការអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេចងចាំអំពីកាលៈទេសៈនានា ដែលបាននាំឲ្យ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ឃើញការនិមិត្តនេះ ដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦ ។ ប្រសិនបើចាំបាច់ សូមរំឭកពួកគេថា កាល យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានជញ្ជឹងគិតអំពីបទគម្ពីរ នោះព្រះអម្ចាស់ « បានពាល់ភ្នែកនៃយោបល់របស់ [ ពួកលោក ] » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១៩ ) ហើយពួកលោកបានទទួលនូវការនិមិត្តដ៏អស្ចារ្យមួយ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:២២–២៤ គឺជាវគ្កបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៦:១–៦, ១៩–២៤ ដោយស្វែងរកអ្វីដែល យ៉ូសែប និង ស៊ីឌនី បានប្រកាសអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សូមលើកទឹកចិត្តសិស្សឲ្យតាមដាននូវអ្វីដែលពួកគេរកឃើញនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ ឧទាហរណ៍ ពួកគេអាចបង្កើតបញ្ជីមួយអំពីការរកឃើញរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
ជាជម្រើស សូមពិចារណាចែកក្រដាសធំៗបីបួនសន្លឹក ដែលសិស្សអាចកត់ត្រាអ្វីដែលពួកគេបានរៀន ។ នៅពេលសិស្សបញ្ចប់ អ្នកអាចបង្ហាញក្រដាសទាំងនោះនៅលើជញ្ជាំងថ្នាក់រៀនបាន ។ សិស្សអាចផ្លាស់ទីជុំវិញបន្ទប់រៀន ដើម្បីអានអ្វីដែលអ្នកដទៃបានរកឃើញ ហើយបន្ទាប់មកគូរបេះដូងនៅក្បែរអ្វីដែលពួកគេចូលចិត្ត ឬចង់ដឹងបន្ថែមទៀត ។ សូមផ្ដល់ពេលវេលាឲ្យសិស្សពិភាក្សាអំពីអ្វីដែលពួកគេបានរកឃើញ ។
-
តើសេចក្ដីពិតអ្វីខ្លះមកពីខគម្ពីរទាំងនេះដែលអ្នកចាប់អារម្មណ៍ ? ហេតុអ្វី ?
អ្នកប្រហែលជាបានរកឃើញសេចក្ដីពិតជាច្រើននៅក្នុងខគម្ពីរទាំងនេះ ។ ក្នុងចំណោមសេចក្ដីពិតទាំងនោះ អ្នកប្រហែលជាបានកត់សម្គាល់ឃើញសេចក្ដីពិតនេះ ៖
-
ព្រះយេស៊ូវគ្រីស្ទមានសេចក្ដីមេត្តាករុណា និងរីករាយព្រះទ័យក្នុងការប្រទានពរជ័យដល់យើង នៅពេលយើងគោរព និងបម្រើដល់ទ្រង់ ( ខទី ៥ ) ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាអង្គដែលមានព្រះជន្មរស់នៅ និងរុងរឿង ( ខទី ២២ ) ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាបុត្រាបង្កើតតែមួយនៃព្រះវរបិតា ( ខទី ២៣ ) ។
-
ក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទគឺជាអង្គបង្កបង្កើតនូវអ្វីៗគ្រប់យ៉ាង ( ខទី ២៤ ) ។
-
តើសេចក្ដីពិតទាំងនេះជួយអ្នកឲ្យយល់ពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយដល់អ្នក និងអ្នកដទៃបានយ៉ាងដូចម្ដេច ?
សកម្មភាពខាងក្រោមនេះអាចជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅ និងដឹងពីសារៈសំខាន់នៃសេចក្ដីពិតចំនួនពីរ ដែលខគម្ពីរទាំងនេះបង្រៀន ។ អ្នកអាចជ្រើសរើសសកម្មភាពមួយ ឬទាំងពីរយកមកសិក្សាជាមួយគ្នាក្នុងថ្នាក់រៀន ។ ឬអ្នកអាចបង្ហាញសេចក្ដីណែនាំអំពីសកម្មភាពនេះ ហើយចាត់ជាក្រុមតូចៗ ឬជាដៃគូដើម្បីធ្វើសកម្មភាពមួយ ឬទាំងពីរជាមួយគ្នា ។
សកម្មភាព ក ៖ ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មនៅរស់ !
ប្រសិនបើចាំបាច់ សូមផ្តល់ច្បាប់បោះពុម្ពចម្លងនៃទំនុកច្រៀងនៃទំនុកតម្កើង « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ( ទំនុកតម្កើង ល.រ. ៧៦ ) ឲ្យសិស្សប្រើប្រាស់ ។ ប្រសិនបើអ្នកកំពុងធ្វើសកម្មភាពនេះជាមួយគ្នាក្នុងថ្នាក់រៀន នោះអ្នកអាចច្រៀងទំនុកតម្កើងនេះអំឡុងពេលបង្រៀនផ្នែកនេះនៃមេរៀននេះ ។
បន្ថែមពីលើការឲ្យសិស្សសិក្សាទំនុកតម្កើងនៅក្នុងជំហានទី ៣ អ្នកក៏អាចអញ្ជើញពួកគេឲ្យស្វែងរកបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលពិពណ៌នាអំពីអ្វីដែលព្រះអង្គសង្គ្រោះអាចធ្វើបានសម្រាប់យើង ដោយសារទ្រង់មានព្រះជន្មរស់ ។ ឧទាហរណ៍នៃបទគម្ពីរដែលអ្នកអាចផ្ដល់យោបល់ រួមមាន យ៉ូហាន ៦:៤០; ភីលីព ៤:១៣; គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:៤២; ៨៤:៨៨ ។
សូមពិចារណាប្រើប្រាស់វីដេអូមួយក្នុងចំណោមវីដេអូទាំងនេះផងដែរ នៅក្រោមចំណងជើងថា « វីដេអូបន្ថែម ៖ ទ្រង់មានព្រះជន្មរស់ ! » នៅក្នុង « សកម្មភាពរៀនសូត្របន្ថែម » ។
-
សូមពិចារណាគូសសម្គាល់ពាក្យថា « ទ្រង់មានព្រះជន្មរស់ ! » នៅក្នុង ខទី ២២ តាមរបៀបមួយដែលធ្វើឲ្យពាក្យទាំងនោះលេចធ្លោនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមសរសេរឃ្លានេះ ដោយសារព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ … នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
សូមអានទំនុកច្រៀងនៃទំនុកតម្កើង « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ( ទំនុកតម្កើង ល.រ. ៧៦ ) ដោយរកមើលគំរូអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយដល់អ្នកបាន ដោយសារទ្រង់មានព្រះជន្មនៅរស់ ។
-
សូមសរសេរយ៉ាងហោចណាស់វិធីប្រាំយ៉ាង ដែលអ្នកអាចបញ្ចប់ឃ្លានោះបាន ដែលវាសំខាន់បំផុតចំពោះអ្នក ។
សកម្មភាព ខ ៖ ព្រះយេស៊ូវគ្រីស្ទគឺជាអង្គបង្កបង្កើតនៃអ្វីៗគ្រប់យ៉ាង
ដើម្បីជួយសិស្សឲ្យរៀបចំខ្លួនបានកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងជំហានទី ៤ សូមពិចារណាចែកចាយសេចក្តីថ្លែងការណ៍នេះដោយប្រធាន ប៊យដ៏ ខេ ផាកកឺ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។
-
សូមពិចារណាគូសចំណាំឃ្លា « ដោយសារព្រះអង្គ និងតាមរយៈព្រះអង្គ ហើយពីព្រះអង្គ នោះពិភពលោកទាំងឡាយមានឡើង ហើយបានបង្កើតមក » ( ខទី ២៤ ) តាមរបៀបមួយដែលធ្វើឲ្យឃ្លានេះលេចធ្លោនៅក្នុងព្រះគម្ពីររបស់អ្នក ។
-
សូមស្វែងរកបទគម្ពីរ ឬសេចក្តីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលពង្រីកការយល់ដឹងរបស់អ្នកឲ្យបានកាន់តែស៊ីជម្រៅអំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទជាអង្គបង្កបង្កើត ។ ឧទាហរណ៍នៃបទគម្ពីរដែលអ្នកអាចសិក្សាបាន រួមមាន យ៉ូហាន ១:១–៣; នីហ្វៃទី៣ ៩:១៥; គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣:៩–១០; ម៉ូសេ ១:៣៣; ៧:៣០ ។
-
សូមពិភាក្សាអំពីការបង្កបង្កើតមួយចំនួនរបស់ព្រះអង្គសង្គ្រោះ ដែលជួយអ្នកឲ្យមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមពន្យល់ពីមូលហេតុ ។
-
សូមសរសេរយ៉ាងហោចណាស់របៀបបីយ៉ាងដែលអ្នកមានអារម្មណ៍ថា ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកបាន ពីព្រោះទ្រង់គឺជាអង្គបង្កបង្កើតនៃអ្វីៗគ្រប់យ៉ាង ។
នៅពេលសិស្សបានបញ្ចប់សកម្មភាពនេះ ឬសកម្មភាពទាំងឡាយហើយ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀន និងមានអារម្មណ៍ ។ សូមប្រាកដថាបានអញ្ជើញពួកគេឲ្យចែកចាយពីអ្វីដែលពួកគេបានរៀន អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយដល់ពួកគេបាន ដោយសារទ្រង់មានព្រះជន្មនៅរស់ និងដោយសារទ្រង់គឺជាអង្គបង្កបង្កើត ។ សិស្សអាចចែកចាយការយល់ដឹងរបស់ពួកគេមកពីកៅអីអង្គុយរបស់ពួកគេ ឬអ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យឡើងមកខាងមុខថ្នាក់ ដើម្បីចែកចាយទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
ទន្ទេញ
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះគឺ « តាមរយៈ [ ព្រះយេស៊ូវគ្រីស្ទ ] ពិភពលោកទាំងឡាយមានឡើង ហើយបានបង្កើតមក » ។ គំនិតសម្រាប់សកម្មភាពទន្ទេញចាំ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។