« មេរៀនទី ៨៤ ៖ វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៥ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៧៥ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៥ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨៤ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧១–៧៥
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៥
ការពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណអាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះអង្គសង្គ្រោះ ។ មេរៀននេះអាចជួយសិស្សឲ្យចងចាំ និងវាយតម្លៃលើរបៀបដែលបទពិសោធន៍របស់ពួកគេនៅក្នុងការសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា បានជួយពួកគេឲ្យរីកចម្រើនខាងវិញ្ញាណ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចំណាំ ៖ អ្នកប្រហែលជាមិនមានពេលគ្រប់គ្រាន់ក្នុងថ្នាក់ ដើម្បីធ្វើគ្រប់ឱកាសវាយតម្លៃដែលមាននៅក្នុងមេរៀននេះទេ ។ សូមជ្រើសរើសផ្នែកណាដែលអ្នកមានអារម្មណ៍ថា នឹងទទួលបានប្រយោជន៍ខ្លាំងបំផុតដល់សិស្សរបស់អ្នកក្នុងការវាយតម្លៃការរៀនសូត្ររបស់ពួកគេ ។
វាយតម្លៃការរីកចម្រើនរបស់អ្នក
សូមពិចារណាផ្ដល់ឱកាសឲ្យសិស្សចែកចាយចម្លើយចំពោះសំណួរខាងក្រោមនេះជាមួយមិត្តរួមថ្នាក់ជាច្រើននាក់ ។ ការណ៍នេះអាចធ្វើបាន តាមរយៈការផ្តល់ពេលវេលាឲ្យពួកគេមួយនាទី ដើម្បីស្វែងរកមិត្តរួមថ្នាក់ម្នាក់ ហើយសិស្សម្នាក់ៗចែកចាយចម្លើយរបស់ពួកគេ ។ សកម្មភាពនេះអាចធ្វើសាឡើងវិញជាច្រើនដងបាន ។
( អ្នកប្រហែលជាចង់ផ្តល់នូវគំរូមួយ ដោយការចែកចាយសកម្មភាពមួយដែលអ្នកចូលចិត្តធ្វើ ។ សូមពិចារណាបង្ហាញរូបភាពនៃឧបករណ៍មួយ ដែលប្រើដើម្បីវាស់ស្ទង់ការរីកចម្រើនក្នុងសកម្មភាពរបស់អ្នក ។ ឧទាហរណ៍ ប្រសិនបើអ្នកចូលចិត្តរត់ អ្នកអាចបង្ហាញនាឡិកាកំណត់នាទី និងពន្យល់អំពីរបៀបដែលអ្នកអាចប្រើវាដើម្បីវាស់ស្ទង់ការរីកចម្រើនរបស់អ្នកបាន ) ។
-
តើសកម្មភាពអ្វីដែលអ្នកចូលចិត្តចូលរួម ?
-
តើអ្នកដឹងថា អ្នកកំពុងរីកចម្រើនដោយរបៀបណា ? តើមានឧបករណ៍ជាក់លាក់ណាមួយ ដែលអ្នកប្រើដើម្បីវាស់ស្ទង់ការរីកចម្រើនរបស់អ្នកដែរឬទេ ?
ដូចជាការវាស់ស្ទង់ការរីកចម្រើនខាងរាងកាយរបស់យើង ជួយយើងឲ្យមើលឃើញការរីកចម្រើនរបស់យើងដែរ នោះយើងត្រូវចំណាយពេលដើម្បីវាយតម្លៃការរីកចម្រើនខាងវិញ្ញាណរបស់យើង ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គដ៏សំខាន់ក្នុងការជួយយើងឲ្យវាស់ស្ទង់ការរីកចម្រើនខាងវិញ្ញាណរបស់យើង ។ របៀបមួយដែលយើងអាចយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យជួយយើងមើលឃើញការរីកចម្រើនរបស់យើងគឺ តាមរយៈការពិចារណាប្រកបដោយអធិស្ឋានអំពីមេរៀនខាងវិញ្ញាណដែលយើងបានរៀន និងពិចារណាអំពីរបៀបដែលយើងបានរីកចម្រើនខាងវិញ្ញាណ កាលដែលយើងបានអនុវត្តមេរៀនទាំងនោះនៅក្នុងជីវិតរបស់យើង ។
សូមអញ្ជើញសិស្សឲ្យអានកំណត់ចំណាំ និងព្រះគម្ពីររបស់ពួកគេកាលពីរយៈពេលពីរបីសប្តាហ៍កន្លងទៅនៅក្នុងថ្នាក់សិក្ខាសាលា ( គោលលទ្ធិ និងសេចក្តីសញ្ញា ៥១–៧៥ ) ហើយរកមើលមេរៀនដែលពួកគេបានរៀន និងគោលដៅដែលពួកគេបានដាក់ ។ សូមបង្ហាញសំណួរខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យពិចារណាពីការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ ។ សិស្សអាចជ្រើសរើសដើម្បីសរសេរចម្លើយរបស់ខ្លួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ឬសញ្ជឹងគិតពីចម្លើយរបស់ពួកគេ ។
-
តើមានកិច្ចការណាខ្លះដែលអ្នកបានធ្វើ ដើម្បីអនុវត្តតាមសេចក្ដីពិតខាងវិញ្ញាណ ដែលអ្នកបានរៀននៅក្នុងថ្នាក់សិក្ខាសាលា ? តើការអនុវត្តតាមសេចក្ដីពិតទាំងនេះកំពុងជួយអ្នកឲ្យរីកចម្រើនខាងវិញ្ញាណយ៉ាងដូចម្ដេច ?
-
តើអ្នកបានកត់សម្គាល់ឃើញព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះជួយអ្នកយ៉ាងដូចម្ដេចដែរ នៅពេលអ្នកអនុវត្តតាមអ្វីដែលអ្នករៀន ទៅក្នុងកិច្ចខិតខំរបស់អ្នកដើម្បីក្លាយកាន់តែដូចជាទ្រង់ទាំងទ្វេ ?
សូមផ្ដល់ឱកាសឲ្យសិស្សចែកចាយចម្លើយនានា ដែលមិនមែនជារឿងផ្ទាល់ខ្លួនពេក ។ សូមលើកទឹកចិត្តសិស្សឲ្យស្ដាប់តាមព្រះវិញ្ញាណ នៅពេលពួកគេស្វែងរករបៀបបន្ថែមទៀត ដើម្បីអនុវត្តតាមមេរៀនទាំងនេះនៅក្នុងជីវិតរបស់ពួកគេ ។
ពន្យល់ពីគោលបំណងបទបញ្ញត្តិ
សូមពិចារណាបង្ហាញប្រយោគទីមួយនៃសេចក្តីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ដោយជំនួសពាក្យ « ក្រឹត្យវិន័យ » ដោយចន្លោះទទេ ។ សិស្សអាចស្នើជម្រើសចម្លើយនានាដែលអាចបំពេញបានសម្រាប់ពាក្យដែលបាត់នេះ ។ បន្ទាប់ពីសិស្សបានព្យាយាមស្វែងរកពាក្យដែលបាត់ហើយ សូមបង្ហាញសេចក្តីថ្លែងការណ៍ពេញលេញនេះ ។
ដោយសារព្រះវរបិតា និងព្រះរាជបុត្រាស្រឡាញ់យើងដោយសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះ គ្មានដែនកំណត់ ហើយដោយសារទ្រង់ទាំងទ្វេជ្រាបដឹងថា យើងមិនអាចមើលឃើញអ្វីគ្រប់យ៉ាងដែលទ្រង់ទតឃើញ នោះទ្រង់បានប្រទានក្រឹត្យវិន័យដល់យើងដែលនឹងដឹកនាំ និងការពារយើង ។ មានទំនាក់ទំនងដ៏រឹងមាំរវាងសេចក្ដីស្រឡាញ់របស់ព្រះ និងក្រឹត្យវិន័យរបស់ទ្រង់ ។ ( រ័សុល អិម ណិលសុន « The Love and Laws of God » [ ការប្រជុំធម្មនិដ្ឋាននៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ ] ទំព័រ ២ នៅលើគេហទំព័រ speeches.byu.edu )
-
តើទៅអ្វីជាបទបញ្ញត្តិមួយ ដែលបានជួយអ្នកឲ្យមានអារម្មណ៍ថាទទួលបានការការពារ និងសេចក្ដីស្រឡាញ់របស់ព្រះ ?
សូមអញ្ជើញសិស្សឲ្យប្រើព្រះគម្ពីរ និងកំណត់ចំណាំរបស់ពួកគេ ដើម្បីស្វែងរកចម្លើយចំពោះសំណួរខាងក្រោម ។
-
តើមានក្រឹត្យវិន័យរបស់ព្រះណាខ្លះ ដែលយើងបានសិក្សានាពេលថ្មីៗនេះនៅក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ?
អ្នកអាចឲ្យសិស្សម្នាក់សរសេរចម្លើយចំពោះសំណួរនេះដាក់នៅលើក្ដារខៀនបាន ។ ពួកគេអាចលើកឡើងពីចំណុចមួយចំនួនដូចតទៅនេះ ៖ ការប្រែចិត្ត ( ៥៨:៤២–៤៣ ) ការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ( ៥៩:៩–១៣ ) ព្រហ្មចារីភាព ( ៦៣:១៣–១៦ ) និងការអភ័យទោសដល់អ្នកដទៃ ( ៦៤:៩–១១ ) ។
សូមបង្កើតសាច់រឿងមួយដូចខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យអនុវត្តរបៀបដែលពួកគេនឹងពន្យល់ពីគោលបំណងនៃបទបញ្ញត្តិទៅកាន់មិត្តរបស់ពួកគេ ។ សំណួរដែលមានបន្ទាប់ពីសាច់រឿងនេះ អាចជួយណែនាំចម្លើយរបស់ពួកគេបាន។
សូមស្រមៃថា មិត្តភក្តិរបស់អ្នកម្នាក់ប្រាប់អ្នកអំពីការខកចិត្តរបស់គាត់អំពីបទបញ្ញត្តិមួយ ។ គាត់ឆ្ងល់ថា ហេតុអ្វីបានជាព្រះខ្វល់ព្រះទ័យនឹងប្រទានបទបញ្ញត្តិដល់យើងធ្វើអ្វី ។
សូមជ្រើសរើសបទបញ្ញត្តិមួយ ដែលអ្នកបានសិក្សាក្នុងព្រះគម្ពីរគោលលទ្ធិ និងសេចក្តីសញ្ញានៅឆ្នាំនេះ ហើយចែកចាយ ៖
-
របៀបដែលបទបញ្ញត្តិនោះគឺជាការការពារ និងការណែនាំមកពីព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ ។
-
របៀបដែលបទបញ្ញត្តិនោះគឺជាភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ព្រះ ។
ការថ្វាយចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់អ្នកដល់ព្រះអម្ចាស់
ជាផ្នែកមួយនៃការសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:២០–៤៣ អ្នកអាចអញ្ជើញសិស្សឲ្យគូររូបដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ សូមពិចារណាបង្ហាញរូបភាពនេះ ហើយសុំឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេចងចាំអំពីមេរៀននោះ ។ ពួកគេត្រូវបានអញ្ជើញឲ្យផាត់ពណ៌ក្នុងចំនួននៃគំនិត និងចិត្តរបស់ពួកគេ ដែលពួកគេមានអារម្មណ៍ថា ពួកគេកំពុងថ្វាយទៅព្រះអម្ចាស់ ។
សូមអញ្ជើញសិស្សឲ្យស្វែងរកគំនូររបស់ពួកគេ ឬព្យាយាមចងចាំពីរូបរាងរបស់វា ។ សូមជួយសិស្សឲ្យចងចាំថា របៀបដែលពួកគេបានផាត់ពណ៌ដួងចិត្ត និងគំនិតរបស់ពួកគេគឺគ្រាន់តែជារូបភាពមួយភ្លែតប៉ុណ្ណោះ ។ វាមានការប្រែប្រួល មិនមែនជាអចិន្រ្តៃយ៍ទេ ។ ពួកគេអាចស្វែងរកជំនួយពីព្រះអង្គសង្គ្រោះ ដើម្បីមានឆន្ទៈកាន់តែខ្លាំងឡើងក្នុងការថ្វាយចិត្ត និងគំនិតរបស់ពួកគេទៅកាន់ទ្រង់ ។ សូមលើកទឹកចិត្តសិស្សឲ្យពិចារណាពីបទពិសោធន៍របស់ពួកគេ ដោយការឆ្លើយតបទៅនឹងសំណួរមួយចំនួនដូចខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកបានធ្វើ ឬអាចធ្វើអ្វីខ្លះ ដើម្បីបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការថ្វាយចិត្ត និងគំនិតរបស់អ្នកទៅព្រះអង្គសង្គ្រោះ ?
-
តើអ្នកបានកត់សម្គាល់ឃើញការផ្លាស់ប្ដូរអ្វីខ្លះ នៅក្នុងបំណងប្រាថ្នារបស់អ្នកដើម្បីថ្វាយចិត្ត និងគំនិតរបស់អ្នកទៅព្រះអង្គសង្គ្រោះ ?
-
តើគំនិត និងសកម្មភាពរបស់អ្នកមានឥទ្ធិពលយ៉ាងណាទៅលើទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ និងជាមួយព្រះយេស៊ូវគ្រីស្ទ ?
សូមផ្តល់ឱកាសឲ្យសិស្សពីរបីនាក់ចែកចាយនូវអ្វីដែលមានអត្ថន័យចំពោះពួកគេអំពីបទពិសោធន៍នេះ និងរបៀបដែលវាមានឥទ្ធិពលទៅលើពួកគេ ។
បន្ទាប់មក សិស្សអាចគូររូបដួងចិត្ត និងគំនិតទីពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេនៅក្បែរគំនូរដើមរបស់ពួកគេ ។ សូមអញ្ជើញពួកគេឲ្យផាត់ពណ៌នូវបរិមាណនៃចិត្ត និងគំនិតរបស់ពួកគេនាពេលឥឡូវនេះ ដែលពួកគេកំពុងថ្វាយទៅព្រះអង្គសង្គ្រោះ ដែលជាលទ្ធផលនៃការខិតខំរបស់ពួកគេដើម្បីធ្វើឲ្យប្រសើរឡើង ។ សិស្សអាចប្រៀបធៀបរូបភាពទាំងពីរនេះ ហើយកំណត់ថាតើឆន្ទៈរបស់ពួកគេក្នុងការថ្វាយចិត្ត និងគំនិតរបស់ពួកគេទៅព្រះអង្គសង្គ្រោះបានប្រសើរឡើងដែរឬអត់ ។
ការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ
សូមពិចារណាបង្ហាញផ្នែកខាងក្រោមនៃសំណួរសម្ភាសន៍ទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ និងអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀនអំពីការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធនៅឆ្នាំនេះ ។ ( ប្រសិនបើចាំបាច់ អ្នកអាចផ្ដល់ពេលវេលាឲ្យសិស្សរំឭកឡើងវិញដោយសង្ខេបនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩ ឬនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេមកពីមេរៀនអំពីផ្នែកនោះ ) ។
តើអ្នកខិតខំរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធទាំងនៅផ្ទះ និងនៅព្រះវិហារដែរឬទេ…
ជាផ្នែកមួយនៃមេរៀនអំពីគោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩ អ្នកអាចអញ្ជើញសិស្សឲ្យដាក់ផែនការដើម្បីគោរពដល់ព្រះអង្គសង្រ្គោះនៅថ្ងៃឈប់សម្រាក ។ បើអ្នកធ្វើដូច្នេះ សូមអញ្ជើញពួកគេឲ្យគិតពិចារណាអំពីអ្វីដែលពួកគេបានធ្វើជាលទ្ធផល ។ វាអាចមានប្រយោជន៍ ដើម្បីឲ្យអ្នកស្ម័គ្រចិត្តចែកចាយផ្នែកមួយនៃផែនការរបស់ពួកគេជាមួយនឹងសិស្សក្នុងថ្នាក់ ។
សូមពិចារណាបង្ហាញសំណួរខាងក្រោមនេះ ដើម្បីជួយសិស្សឲ្យវាយតម្លៃការខិតខំរបស់ពួកគេក្នុងការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសសំណួរពីរ ឬបីមកពីបញ្ជីនេះ ដើម្បីឆ្លើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
សូមគិតអំពីអ្វីមួយដែលអ្នកបានធ្វើ ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ។ តើបទពិសោធន៍ថ្ងៃឈប់សម្រាករបស់អ្នកបានល្អប្រសើរឡើងយ៉ាងដូចម្ដេច ដោយសារតែការណ៍នេះ ?
-
តើការខិតខំរបស់អ្នកដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ បានធ្វើឲ្យអ្នកខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះដោយរបៀបណា ?
-
តើអ្នកប្រឈមមុខនឹងឧបសគ្គណាខ្លះ នៅក្នុងការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ?
-
តើអ្នកចង់ចាប់ផ្ដើមធ្វើអ្វីខ្លះ ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ?
-
ហេតុអ្វីបានជាវាសំខាន់ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ?
-
តើមានអ្វីខ្លះនៅក្នុងបញ្ជីរបស់អ្នក ដែលអ្នកមិនទាន់បានធ្វើនៅឡើយ ដែលអ្នកអាចចាប់ផ្តើមអនុវត្តនៅថ្ងៃអាទិត្យនេះ ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ?
-
តើអ្នកអាចគោរពដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានកាន់តែល្អប្រសើរឡើងយ៉ាងដូចម្ដេច នៅពេលអ្នកចាប់ផ្ដើម ឬឈប់ធ្វើកិច្ចការមួយចំនួននៅថ្ងៃឈប់សម្រាក ?
ខណៈដែលសំណួរទាំងនេះមានបំណងឲ្យសិស្សវាយតម្លៃការខិតខំរបស់ពួកគេម្នាក់ៗនៅក្នុងការរក្សាថ្ងៃឈប់សម្រាកឲ្យបានបរិសុទ្ធ ប៉ុន្ដែប្រសិនបើសមរម្យ អ្នកអាចអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយចម្លើយ និងបទពិសោធន៍របស់ពួកគេខ្លះៗ ។
សូមលើកទឹកចិត្តដល់សិស្សនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីទទួលបានពរជ័យនៃការគោរពថ្ងៃឈប់សម្រាក ជាពិសេសអស់អ្នកដែលប្រហែលជាមិនបានធ្វើសកម្មភាពណាមួយនៅឡើយ ។ អ្នកអាចអញ្ជើញពួកគេឲ្យដាក់ការរំឭកនៅក្នុងទូរសព្ទរបស់ពួកគេ ដើម្បីធ្វើអ្វីមួយដើម្បីរក្សាថ្ងៃឈប់សម្រាកនៅសប្ដាហ៍ក្រោយឲ្យបានកាន់តែបរិសុទ្ធឡើង ។ សូមថ្លែងទីបន្ទាល់អំពីព្រះទ័យរបស់ព្រះអង្គសង្គ្រោះ ដើម្បីឲ្យពួកគេមករកទ្រង់ ហើយថាការរក្សាថ្ងៃឈប់សម្រាកគឺជារបៀបមួយដែលយើងអាចខិតទៅជិតទ្រង់បាន ។