« មេរៀនទី ៨២—គោលលទ្ធិ និងសេចក្តីសញ្ញា ៧១ ៖ ការឆ្លើយតបទៅកាន់អ្នកដែលរិះគន់សាសនាចក្ររបស់ព្រះអង្គសង្គ្រោះ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៧១ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៧១–៧៥
គោលលទ្ធិ និងសេចក្តីសញ្ញា ៧១
ការឆ្លើយតបទៅកាន់អ្នកដែលរិះគន់សាសនាចក្ររបស់ព្រះអង្គសង្គ្រោះ
នៅរដូវរងារឆ្នាំ ១៨៣១ លិខិតដែលមានព័ត៌មានមិនពិតអំពី យ៉ូសែប ស្ម៊ីធ និងសាសនាចក្រត្រូវបានចែកចាយនៅតំបន់ខឺតឡង់ ។ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៧១ ព្រះអង្គសង្គ្រោះបានបង្គាប់ យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន ឲ្យធ្វើដំណើរទៅទូទាំងតំបន់ ដើម្បីកែតម្រូវព័ត៌មានក្លែងក្លាយនេះ ( សូមមើល ខទី ១–២ ) ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអង្គសង្គ្រោះនឹងឲ្យយើងឆ្លើយតប នៅពេលមានមនុស្សរិះគន់ជំនឿរបស់យើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការឆ្លើយតបទៅនឹងការរិះគន់សាសនាចក្ររបស់ព្រះអង្គសង្គ្រោះ
ដើម្បីជួយសិស្សឲ្យយល់ពីបរិបទប្រវត្តិសាស្ត្រអំពី គោលលទ្ធិ និងសេចក្ដីសញ្ញា ៧១ សូមចែកចាយកថាខណ្ឌដូចខាងក្រោម ឬសង្ខេបវាជាពាក្យសម្ដីរបស់អ្នកផ្ទាល់ ។
ការបៀតបៀនបានកើនឡើងយ៉ាងខ្លាំងសម្រាប់ យ៉ូសែប ស្ម៊ីធ និងពួកបរិសុទ្ធនៅទីក្រុងខឺតឡង់នៅរដូវរងារ ឆ្នាំ ១៨៣១ ។ ពួកបរិសុទ្ធមួយចំនួនបានចាប់ផ្ដើមចាកចេញពីសាសនាចក្រ រួមទាំង អែសរ៉ា ប៊ូត និង ស៊ីម៉ូនស៍ រៃឌើរ ផងដែរ ។ ប៊ូត បានចាប់ផ្តើមបោះពុម្ពលិខិតវាយប្រហារ យ៉ូសែប និងព្យាយាមផ្តួលរំលំកិច្ចការរបស់ព្រះអម្ចាស់ ( សូមមើល History, 1838–1856 [Manuscript History of the Church], volume A-1, 153–54 នៅលើគេហទំព័រ josephsmithpapers.org ) ។ យ៉ូសែប បានទូលសូមដំបូន្មានមកពីព្រះអម្ចាស់ ហើយក៏ទទួលបាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧១ នេះ ។
-
តើអ្នកអាចចង់ឆ្លើយតបទៅនឹងការវាយប្រហារមកលើសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ និង យ៉ូសែប ស្ម៊ីធ ដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍អំពីពេលដែលពួកគេបានឃើញការរិះគន់សាសនាចក្រ ឬដំណឹងល្អ ។ សូមឲ្យសិស្សជញ្ជឹងគិតអំពីរបៀបដែលពួកគេគិតថា ព្រះអង្គសង្គ្រោះចង់ឲ្យពួកគេឆ្លើយតប នៅពេលដែលមនុស្សមិនមានចិត្តល្អដោយសារជំនឿរបស់ពួកគេ ។ សូមអញ្ជើញឲ្យមានការពិភាក្សាខ្លីមួយ នៅពេលសិស្សឆ្លើយសំណួរខាងក្រោមនេះ ។
-
តើយើងអាចដឹងអំពីរបៀបដ៏ល្អបំផុតដោយរបៀបណា ដើម្បីដោះស្រាយស្ថានការណ៍នានា នៅពេលអ្នកដទៃរិះគន់ជំនឿរបស់យើង ឬចែកចាយព័ត៌មានមិនពិតអំពីសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ?
-
តើអ្នកគិតថា នៅពេលណាដែលវាប្រសើរជាងដើម្បីមិនខ្វល់នឹងការរិះគន់នោះ ?
សូមជញ្ជឹងគិតថា តើអ្នកមានទំនុកចិត្តប៉ុណ្ណាដែរ ដែលដឹងពីរបៀបដែលព្រះយេស៊ូវចង់ឲ្យអ្នកឆ្លើយតប ។ នៅពេលអ្នកសិក្សា សូមរកមើលរបៀបផ្សេងៗដែលព្រះអង្គសង្គ្រោះបង្រៀនយើងឲ្យឆ្លើយតប ។
ព្រះអង្គសង្គ្រោះបង្រៀនយើងឲ្យនិយាយ និងចែកចាយដំណឹងល្អរបស់ទ្រង់
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧១:១–៣ ហើយសូមរកមើលរបៀបដែលព្រះអង្គសង្គ្រោះចង់ឲ្យ យ៉ូសែប និង ស៊ីឌនី ឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយ ដែលបានរីករាលដាលអំពីសាសនាចក្រនៅពេលនោះ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ ?
-
យោងតាម ខទី ១ តើព្រះអង្គសង្គ្រោះបានផ្ដល់អ្វីខ្លះ ដើម្បីជួយដល់ យ៉ូសែប និង ស៊ីឌនី ឲ្យដឹងអំពីរបៀបឆ្លើយតប ?
-
តើដំបូន្មានរបស់ព្រះអង្គសង្គ្រោះអាចជួយដល់យើងនៅជំនាន់របស់យើងបានយ៉ាងដូចម្ដេច ?
សូមជួយសិស្សឲ្យស្គាល់សេចក្ដីពិតដែលថា ព្រះអង្គសង្រ្គោះនឹងបង្រៀនយើងតាមរយៈព្រះគម្ពីរ និងព្រះវិញ្ញាណអំពីរបៀបឆ្លើយតបទៅនឹងអស់អ្នកដែលរិះគន់សាសនាចក្ររបស់ទ្រង់ ។
-
ហេតុអ្វីអ្នកគិតថា ការប្រើព្រះគម្ពីរ និងការធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណគឺជាវិធីដ៏ល្អបំផុត ដើម្បីឆ្លើយតបទៅនឹងការរិះគន់ ?
-
តើឥទ្ធិពលរបស់ព្រះវិញ្ញាណអាចជះឥទ្ធិពលទៅលើរបៀបដែលយើងឆ្លើយតបទៅនឹងការរិះគន់តាមរបៀបណាខ្លះ ?
សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យសរសេរ « ការឆ្លើយតបតាមរបៀបរបស់ព្រះអង្គសង្គ្រោះ » ដាក់នៅលើក្ដារខៀនផ្នែកខាងលើ ។ អ្នកក៏អាចឲ្យសិស្សក្នុងថ្នាក់សរសេរចំណងជើងនេះនៅលើទំព័រមួយនៃសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេបានផងដែរ ។ សិស្សអាចចាប់ផ្តើមបញ្ជីមួយដោយការសរសេរថា « ការប្រើព្រះគម្ពីរ » និង « ការធ្វើតាមព្រះវិញ្ញាណ » នៅក្រោមចំណងជើងនេះ ។ ដោយប្រើបញ្ជីដែលពួកគេបានបង្កើត សិស្សនឹងមានឱកាសអនុវត្តការឆ្លើយតបទៅនឹងស្ថានភាពនានាតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
អែលឌើរ នែល អិល អាន់ឌើរសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានប្រើនិមិត្តសញ្ញាបទគម្ពីរនៃព្រួញភ្លើង ដើម្បីពិពណ៌នាអំពីការរិះគន់របស់អ្នកដទៃមកលើជំនឿរបស់យើង ។ នៅពេលអ្នកសិក្សាសេចក្ដីថ្លែងការណ៍នេះ សូមគិតអំពីអ្វីដែលអ្នកអាចបន្ថែមទៅក្នុងបញ្ជី « ការឆ្លើយតបតាមរបៀបរបស់ព្រះអង្គសង្គ្រោះ » ។
ដោយសារខែលនៃសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ នោះយើងកា្លយទៅជាអ្នកដែលផ្សះផ្សាគេ អាចរំលត់ … អស់ទាំងព្រួញឆេះទាំងឡាយរបស់មារសត្រូវ [ សូមមើល អេភេសូរ ៦:១៦; គោលលទ្ធិ និងសេចក្តីសញ្ញា ៣:៨ ] ។ …
តើអ្នកដែលផ្សះផ្សាគេអាចធ្វើឲ្យព្រួញភ្លើងស្ងប់ និងរលត់ទៅដោយរបៀបណា ? ប្រាកដណាស់គឺ មិនមែនរុញរានៅចំពោះមុខអ្នកដែលទិតៀនយើងនោះទេ ។ ប៉ុន្តែ យើងនៅតែជឿជាក់លើជំនឿរបស់យើង ហើយចែកចាយជំនឿរបស់យើងជាមួយនឹងជំហរដ៏រឹងមាំ ប៉ុន្តែត្រូវគ្មានកំហឹង ឬគ្មានការនិន្ទាគ្នាជាប់ជានិច្ច ។ …
អ្នកដែលផ្សះផ្សាគេគឺជាអ្នកដែលមិនប្រឆាំង ពួកគេគឺជាអ្នកបញ្ចុះបញ្ចូលតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។
តើអ្វីទៅដែលផ្តល់ឲ្យយើងនូវកម្លាំងពីខាងក្នុង ដើម្បីធ្វើឲ្យព្រួញភ្លើងនោះត្រជាក់ ស្ងប់ស្ងាត់ និងរលត់ដែលបាញ់ឆ្ពោះទៅរកសេចក្តីពិតដែលយើងស្រឡាញ់ ? កម្លាំងនោះចេញមកពីសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងសេចក្តីជំនឿរបស់យើងទៅលើព្រះបន្ទូលរបស់ទ្រង់ ។ ( នែល អិល អាន់ឌើរសិន « ការធ្វើតាមព្រះយេស៊ូវ ៖ ជាអ្នកដែលផ្សះផ្សាគេ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ១៧–១៨ )
សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីអ្វីដែលពួកគេនឹងបន្ថែមទៅក្នុងបញ្ជីនេះ បន្ទាប់ពីបានអានសេចក្តីថ្លែងការណ៍របស់អែលឌើរ អាន់ឌើរសិន ឡើងវិញហើយ ។ អ្នកអាចសួរសំណួរដូចជា ៖
-
តើអ្នកអាចធ្វើជាអ្នកផ្សះផ្សាគេបានយ៉ាងដូចម្ដេច នៅពេលអ្នកឆ្លើយតបទៅនឹងអ្នកដទៃ ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៧១:៤–៧ ហើយរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀន យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន នៅក្នុងស្ថានភាពជាក់លាក់នេះ ដើម្បីដោះស្រាយព័ត៌មានមិនពិតដែលបានបោះពុម្ពផ្សាយ ។
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
-
តើអ្នកឃើញមានទំនាក់ទំនងអ្វីខ្លះជាមួយនឹងដំបូន្មានរបស់ព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ និងការបង្រៀនរបស់អែលឌើរ អាន់ឌើរសិន ?
សូមសង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ៖ សកម្មភាពខាងក្រោមនេះគឺជាឱកាសមួយដើម្បីសង្កត់ធ្ងន់លើគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។ សម្រាប់ការអនុវត្តបន្ថែមទៀតជាមួយនឹងការណ៍នេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « សង្កត់ធ្ងន់លើគំរូនៃព្រះយេស៊ូវគ្រីស្ទ » នៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាអនុវត្តជំនាញនេះ « ជួយសិស្សភ្ជាប់អ្វីដែលពួកគេកំពុងរៀនសូត្រទៅនឹងរបៀបដែលព្រះគ្រីស្ទធ្វើជាគំរូអំពីគោលការណ៍ » ។
ដើម្បីជួយសិស្សឲ្យរកឃើញការឆ្លើយតបដូចជាព្រះគ្រីស្ទជាច្រើន ដែលអាចជួយពួកគេឲ្យការពារជំនឿរបស់ពួកគេបាន សូមពិចារណារៀបចំថ្នាក់រៀនឲ្យទៅជាក្រុមៗសម្រាប់សកម្មភាពខាងក្រោមនេះ ។
សូមលើកទឹកចិត្តសិស្សឲ្យប្រើព្រះគម្ពីរដើម្បីស្វែងរកគំរូ ឬការបង្រៀននានា ដែលបង្ហាញពីរបៀបផ្សេងគ្នាដែលព្រះអង្គសង្គ្រោះ និងពួកសិស្សរបស់ទ្រង់បានឆ្លើយតបទៅនឹងការរិះគន់ ។ ប្រសិនបើសិស្សត្រូវការការណែនាំបន្ថែមទៀត អ្នកអាចបង្ហាញវគ្គបទគម្ពីរខាងក្រោមមួយចំនួន ដែលរៀបរាប់ពីបទពិសោធន៍ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះសម្រាប់ពួកគេសិក្សា ។
សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីអ្វីដែលពួកគេបានរកឃើញជាមួយក្រុមរបស់ពួកគេ ហើយបន្ទាប់មក សូមជ្រើសរើសអ្នកដឹកនាំការពិភាក្សាម្នាក់ដើម្បីចែកចាយព័ត៌មាននោះជាមួយនឹងសិស្សក្នុងថ្នាក់រៀន ។
-
ម៉ាថាយ ៤:៣–១១ ( ព្រះយេស៊ូវឆ្លើយតបនឹងការល្បួងរបស់សាតាំងជាមួយព្រះគម្ពីរ ) ។
-
លូកា ២៣:៨–១០ ( ព្រះយេស៊ូវឈរនៅចំពោះមុខស្ដេច ហេរ៉ូឌ ដោយបន្ដនៅស្ងៀម ) ។
-
យ៉ូហាន ៨:២–១១ ( ព្រះយេស៊ូវបានប្រឈមមុខនឹងពួកអ្នកដឹកនាំសាសន៍យូដា ដើម្បីជួយសង្គ្រោះជីវិតស្ត្រីម្នាក់ )
-
គោលលទ្ធិ និងសេចក្តីសញ្ញា ១០០:៥–៧ ( ព្រះអម្ចាស់សន្យាថា ទ្រង់នឹងប្រទានពាក្យពេចន៍ឲ្យយើងនិយាយ បើយើងនិយាយក្នុងព្រះនាមរបស់ទ្រង់ ) ។
-
គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៤១–៤៥ ( ព្រះអម្ចាស់ប្រទានដំបូន្មានអំពីរបៀបផ្តល់ការកែតម្រូវ ) ។
សូមពិចារណាអញ្ជើញអ្នកដឹកនាំក្រុមឲ្យឡើងចែកចាយជាមួយសិស្សក្នុងថ្នាក់ នូវអ្វីដែលពួកគេបានពិភាក្សា ហើយបន្ថែមទៅក្នុងបញ្ជីនូវចម្លើយសមរម្យនៅលើក្ដារខៀន ។ សូមរំឭកសិស្សថា មានពេលខ្លះដែលព្រះវិញ្ញាណអាចជំរុញយើងឲ្យនៅស្ងៀម ជាជាងកែតម្រូវអ្វីដែលបាននិយាយដោយបើកចំហ ។
អនុវត្តការឆ្លើយតបតាមរបៀបរបស់ព្រះអង្គសង្គ្រោះ
ដើម្បីជួយសិស្សឲ្យបង្ហាញការយល់ដឹងរបស់ខ្លួនអំពីគោលការណ៍ដែលបានសិក្សានៅថ្ងៃនេះ អ្នកអាចផ្ដល់ ឬបង្ហាញសាច់រឿងដូចខាងក្រោមនេះ ។ នៅពេលសិស្សពិភាក្សាអំពីរបៀបផ្សេងៗគ្នា ដែលយើងអាចឆ្លើយតបបាន សូមលើកទឹកចិត្តពួកគេឲ្យស្រាវជ្រាវក្នុងបញ្ជីដែលពួកគេបានបង្កើតពីមុនមកសម្រាប់ជាយោបល់ ។ សូមជួយពួកគេឲ្យយល់ថា វាអាចនឹងមានរបៀបត្រឹមត្រូវជាច្រើនដើម្បីឆ្លើយតបទៅនឹងស្ថានភាពនីមួយៗ ។ ព្រះវិញ្ញាណអាចជួយយើងឲ្យដឹងអំពីអ្វីដែលព្រះវរបិតាសួគ៌ចង់ឲ្យយើងធ្វើ ឬនិយាយ នៅពេលមានស្ថានភាពណាមួយកើតឡើង ។
អ្នកអាចរចនាស្ថានភាពផ្សេងៗទៀត ដែលលើកឡើងពីតម្រូវការរបស់សិស្សអ្នកបានកាន់តែប្រសើរ ឬបន្ថែមព័ត៌មានលម្អិតទៅកាន់សាច់រឿងខាងក្រោម ដើម្បីបង្កើនចំណាប់អារម្មណ៍របស់សិស្ស ។ អ្នកក៏អាចឲ្យសិស្សក្នុងថ្នាក់បង្កើតសាច់រឿងផ្ទាល់ខ្លួនរបស់ពួកគេចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។ វាអាចជាការសមរម្យដើម្បីអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ ដែលពួកគេធ្លាប់មានកាលពីអតីតកាល ។
សូមចែកចាយរបៀបផ្សេងគ្នាមួយចំនួន ដែលអ្នកអាចឆ្លើយតបទៅនឹងស្ថានភាពនីមួយៗដូចខាងក្រោមតាមរបៀបដូចជាព្រះគ្រីស្ទ ៖
-
អ្នកចុះផ្សាយរូបភាពព្រះវិហារបរិសុទ្ធមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមាននរណាម្នាក់ឆ្លើយតប ដោយរិះគន់សាសនាចក្រថាមានបទដ្ឋានខ្ពស់សម្រាប់ការចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។
-
នៅឯការជួបជុំគ្រួសារមួយ មានពូម្នាក់និយាយរឿងមិនល្អអំពីព្យាការី យ៉ូសែប ស្ម៊ីធ ។
-
មិត្តម្នាក់អះអាងថា វាជារឿងល្ងង់ខ្លៅដែលជឿលើព្រះ ដែលអ្នកមិនអាចបង្ហាញថាមានពិតមែនផងនោះ ។
-
នរណាម្នាក់នៅឯកន្លែងការងាររបស់អ្នកប្រាប់សហការីរបស់អ្នកថា ពួកបរិសុទ្ធថ្ងៃចុងក្រោយមិនមែនជាពួកគ្រីស្ទានទេ ។
តាមពេលវេលាកំណត់របស់ព្រះអង្គសង្គ្រោះផ្ទាល់
យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានគោរពតាមវិវរណៈដែលពួកលោកបានទទួល ។ ពួកលោកបានធ្វើដំណើរពេញទូទាំងតំបន់នោះ ដើម្បីផ្សព្វផ្សាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ និងកែតម្រូវព័ត៌មានក្លែងក្លាយដែលបានរីករាលដាលនោះ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៧១:៨–១១ ហើយរកមើលការធានាអះអាងដែលព្រះអង្គសង្រ្គោះប្រទានដល់មនុស្សទាំងអស់ ដែលការពារសាសនាចក្ររបស់ទ្រង់ និងដំណឹងល្អរបស់ទ្រង់ ។
-
តើខគម្ពីរទាំងនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងកិច្ចការរបស់ទ្រង់ ?
-
តើអ្នកគិតថា វាមានន័យយ៉ាងណា ដែលគ្មានសំឡេង ឬគ្រឿងសស្ដា្រវុធណាមួយឡើងទាស់នឹងយើងបាននោះ ( សូមមើល ខទី ៩–១០ ) ?
សូមជួយសិស្សឲ្យយល់ថា ទោះបីជាពួកគេមិនមានការឆ្លើយតបដ៏ល្អឥតខ្ចោះទៅកាន់នរណាម្នាក់ក៏ដោយ ក៏ព្រះអង្គសង្គ្រោះនឹងមិនអនុញ្ញាតឲ្យសត្រូវនៃសាសនាចក្ររបស់ទ្រង់រីកចម្រើនជារៀងរហូតឡើយ ។ ព្រះអង្គសង្គ្រោះសន្យាថា អ្នករិះគន់នឹង « ត្រូវបានបំភាន់តាមពេលដែល [ ទ្រង់ ] កំណត់ » ( ខទី ១០ ) ។
-
តើអ្នកបានរៀនអ្វីខ្លះនៅថ្ងៃនេះ ដែលអាចជួយអ្នកឲ្យដោះស្រាយស្ថានភាពនានាបាន នៅពេលនរណាម្នាក់ដែលអ្នកស្គាល់ រិះគន់សាសនាចក្រ ឬការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ?
អ្នកអាចបញ្ចប់មេរៀននេះ ដោយការលើកទឹកចិត្តសិស្សឲ្យធ្វើតាមដំបូន្មានរបស់ព្រះអង្គសង្គ្រោះ នៅពេលពួកគេប្រឈមមុខនឹងស្ថានភាពនានា ដែលអ្នកដទៃរិះគន់សាសនាចក្រ និងដំណឹងល្អ ។ អ្នកអាចចែកចាយសាក្សីរបស់អ្នកអំពីអំណាចដែលបានផ្ដល់ដល់អស់អ្នកដែលនឹងការពារជំនឿរបស់ខ្លួន ដូចដែលព្រះអង្គសង្គ្រោះនឹងធ្វើដែរ ។