« មេរៀនទី ៥៦—គោលលទ្ធិ និងសេចក្តីសញ្ញា ៤២ ៖ ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៥៦ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤១—៤៤
គោលលទ្ធិ និងសេចក្តីសញ្ញា ៤២
ក្រឹត្យវិន័យរបស់ព្រះអម្ចាស់
នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២ ព្រះអម្ចាស់បានបំពេញសេចក្តីសន្យារបស់ទ្រង់ចំពោះពួកបរិសុទ្ធថា ទ្រង់នឹងប្រទានឲ្យពួកគេនូវក្រឹត្យវិន័យរបស់ទ្រង់ បន្ទាប់ពីពួកគេបានប្តូរទីលំនៅទៅកាន់រដ្ឋអូហៃអូ ។ ទ្រង់បានដាក់មកនូវក្រឹត្យវិន័យនៃការប្រព្រឹត្តទូទៅសម្រាប់សមាជិកនៃសាសនាចក្រ ។ មេរៀននេះនឹងជួយសិស្សឲ្យបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះអម្ចាស់ ដោយការគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទស្សនវិស័យពីរផ្សេងៗគ្នា
សូមចាប់ផ្ដើមថ្នាក់ដោយអញ្ជើញសិស្សឲ្យជញ្ជឹងគិត ហើយបន្ទាប់មកចែកចាយគំនិតរបស់ពួកគេអំពីសំណួរខាងក្រោមនេះ ៖
-
ចេញពីអ្វីដែលអ្នកមើលឃើញនៅក្នុងពិភពលោកសព្វថ្ងៃនេះ ហេតុអ្វីបានជាអ្នកគិតថាយើងត្រូវការបទបញ្ញត្តិមកពីព្រះ ?
សូមសរសេរពាក្យ គោរពប្រតិបត្តិ និង មិនគោរពប្រតិបត្តិ នៅខាងលើជួរឈរពីរផ្សេងៗគ្នានៅលើក្តារខៀន ។ បន្ទាប់មក សិស្សអាចរាយបញ្ជីក្រោមជួរឈរដែលទាក់ទងគ្នាអំពីមូលហេតុដែលមនុស្សអាចនឹងគោរពប្រតិបត្តិ និងមិនគោរពប្រតិបត្តិតាមព្រះបញ្ញត្តិ ។
សូមអញ្ជើញសិស្សឲ្យចំណាយពេលមួយនាទីដើម្បីជញ្ជឹងគិតអំពីហេតុផលផ្ទាល់ខ្លួនរបស់ពួកគេក្នុងការគោរពប្រតិបត្តិ និងការមិនគោរពប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ។
នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកយល់ឲ្យកាន់តែច្បាស់ពីមូលហេតុដែលព្រះអម្ចាស់ប្រទានបទបញ្ញត្តិ និងរបៀបដែលអ្នកអាចបន្ត ឬកែលម្អការគោរពប្រតិបត្តិរបស់អ្នក ។
ក្រឹត្យវិន័យរបស់ព្រះអម្ចាស់
ព្រះអម្ចាស់បានសន្យាដល់ពួកបរិសុទ្ធថា ទ្រង់នឹងប្រទានក្រឹត្យវិន័យរបស់ទ្រង់ដល់ពួកគេ នៅពេលពួកគេប្រមូលផ្តុំគ្នានៅរដ្ឋអូហៃអូ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៨:៣២ ) ។ ភ្លាមៗបន្ទាប់ពីបានមកដល់រដ្ឋអូហៃអូ ព្យាការី យ៉ូសែប ស៊្មីធ និងពួកអែលឌើរ ១២ នាក់បានរួបរួមសេចក្ដីជំនឿរបស់ពួកលោកក្នុងការអធិស្ឋានដោយស្មោះអស់ពីចិត្ត ( គោលលទ្ធិ និងសេចក្តីសញ្ញា ៤១:៣ ) និងបានទូលសូមឲ្យព្រះអម្ចាស់បើកសម្តែងក្រឹត្យវិន័យរបស់ទ្រង់ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:១–៣ ដើម្បីមើលការឆ្លើយតបរបស់ព្រះអម្ចាស់ ។
-
តើនៅក្នុងខគម្ពីរទាំងនេះមានអ្វីដែលសំខាន់ចំពោះអ្នក ?
បន្ទាប់មក ព្រះអម្ចាស់បានបង្រៀនអំពីបទបញ្ញត្តិមួយចំនួនដែលទ្រង់ចង់ឲ្យប្រជារាស្រ្តរបស់ទ្រង់រស់នៅតាម ។
សម្រាប់សកម្មភាពខាងក្រោមនេះ សិស្សអាចជ្រើសរើសខគម្ពីរណាមួយដែលពួកគេនឹងអាន ឬអ្នកអាចចាត់តាំងឲ្យពួកគេអាន ។ សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀននូវបទបញ្ញត្តិដែលពួកគេបានរកឃើញ ហើយខគម្ពីរ ( ទាំងឡាយណា ) ដែលពួកគេបានរកឃើញនៅក្នុងនោះ ។
សូមអានយ៉ាងហោចណាស់ពីរបណ្ដុំនៃខគម្ពីរខាងក្រោម ដោយរកមើលបទបញ្ញត្តិរបស់ព្រះអម្ចាស់ ៖
យោងតាម ខទី ២៩ ហេតុអ្វីយើងគួរតែគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ ?
ខគម្ពីរនេះបង្រៀនថា នៅពេលយើងគោរពតាមបទបញ្ញត្តិរបស់ព្រះអម្ចាស់ យើងបង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ ។ សិស្សអាចគូសចំណាំសេចក្តីពិតនេះនៅក្នុង ខទី ២៩ និងបទគម្ពីរយោង ឬភ្ជាប់វាទៅនឹង យ៉ូហាន ១៤:១៥ ។ សិស្សក៏អាចអានផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ៤១:៥ ដោយរកមើលថាតើការគោរពប្រតិបត្តិរបស់យើងមានន័យយ៉ាងណាទៀតចំពោះព្រះអម្ចាស់ ។
សូមពិចារណាចាត់សិស្សជាក្រុមឲ្យអាន និងឆ្លើយសំណួរខាងក្រោម ។
ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស បង្រៀន ៖
ដើម្បីជួយអ្នកឲ្យធ្វើការជ្រើសរើសល្អ ព្រះប្រទានបទបញ្ញត្តិជាច្រើន ។ ទ្រង់ធ្វើបែបនេះ ព្រោះទ្រង់ស្រឡាញ់អ្នក ។ ហើយហេតុផលដ៏ល្អបំផុតដើម្បីគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះ គឺដោយសារអ្នកស្រឡាញ់ទ្រង់ ។ សេចក្តីស្រឡាញ់គឺជាចំណុចសំខាន់នៃព្រះបញ្ញត្តិរបស់ព្រះ ។ ( ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស [ ឆ្នាំ ២០២២ ] ទំព័រ ១១ )
-
តើបទបញ្ញត្តិរបស់ព្រះបង្ហាញពីសេចក្ដីស្រឡាញ់របស់ទ្រង់យ៉ាងដូចម្ដេច ?
-
តើការគោរពប្រតិបត្តិរបស់យើងចំពោះបទបញ្ញត្តិរបស់ព្រះបង្ហាញថា យើងស្រឡាញ់ទ្រង់ដោយរបៀបណា ?
បទបញ្ញត្តិរបស់ទ្រង់
អ្នកអាចឲ្យសិស្សមួយចំនួនដែលចង់បំពេញសកម្មភាពខាងក្រោម ដោយប្រើបទបញ្ញត្តិដែលមិនបានរៀបរាប់នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៤២ ។ សូមពិចារណាពីការពង្រីកលំដាប់នៃបទបញ្ញត្តិឲ្យត្រូវទៅនឹងតម្រូវការ និងបំណងប្រាថ្នារបស់សិស្សរបស់អ្នក ។
សូមជ្រើសរើសបទបញ្ញត្តិមួយមកពី កណ្ឌទី ៤២ ដែលអ្នកចង់រៀនសូត្រ ឬជញ្ជឹងគិតបន្ថែមទៀត ។
នៅពេលអ្នកសិក្សា សូមរៀបចំខ្លួនចែកចាយដូចតទៅនេះអំពីបទបញ្ញត្តិដែលអ្នកបានជ្រើសរើស ។ អ្នកប្រហែលជាចង់សរសេរគំនិតរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
ខគម្ពីរផ្សេងទៀត សេចក្តីថ្លែងការណ៍ពីសន្និសីទទូទៅ ឬសារលិខិតមកពី ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ) ដែលធ្វើឲ្យការយល់ដឹងរបស់អ្នកអំពីបទបញ្ញត្តិនេះកាន់តែស៊ីជម្រៅ
-
ហេតុផលដែលអ្នកគិតថា ព្រះវរបិតាសួគ៌ដែលមានសេចក្តីស្រឡាញ់ និងជ្រាបដឹងគ្រប់យ៉ាងនឹងប្រទានដល់យើងនូវបញ្ញត្តិនេះ
-
របៀបដែលអ្នកគិតថា ការគោរពតាមបទបញ្ញត្តិនេះជួយយើងឲ្យដើរតាមព្រះអង្គសង្គ្រោះ បង្ហាញសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ ហើយក្លាយកាន់តែដូចទ្រង់
-
សូមចែកចាយបទពិសោធន៍ដែលអ្នកបានគោរពតាមបទបញ្ញត្តិនេះ ( ជាជម្រើស សូមចែកចាយបើវាមិនពិសិដ្ឋ ឬមានលក្ខណៈផ្ទាល់ខ្លួនពេកតែប៉ុណ្ណោះ )
សូមផ្ដល់ឱកាសឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀន ។ អ្នកអាចឲ្យពួកគេចែកចាយគំនិតរបស់ពួកគេជាក្រុមតូចៗ ។
ប្រសិនបើសិស្សសរសេរព្រះបញ្ញត្តិនៅលើក្ដារខៀនមុននេះ អ្នកអាចនឹងអញ្ជើញពួកគេឲ្យគូសរង្វង់លើព្រះបញ្ញត្តិដែលពួកគេទើបតែបានសិក្សារួច ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យជ្រើសរើសបទបញ្ញត្តិមួយ ឬពីរដែលពួកគេគិតថាមានប្រយោជន៍បំផុតដើម្បីពិភាក្សាជាថ្នាក់ ។ សូមឲ្យពួកគេស្រមៃថា មាននរណាម្នាក់កំពុងមានការលំបាកក្នុងការយល់ដឹង និងគោរពតាមបទបញ្ញត្តិនេះ ។ សូមអញ្ជើញសិស្សឲ្យធ្វើការជាមួយគ្នាដើម្បីជួយបុគ្គលរូបនេះ ។ អ្នកអាចចាប់ផ្តើមដោយការអញ្ជើញសិស្សដែលបានសិក្សាបទបញ្ញត្តិទាំងនេះ ឲ្យចែកចាយការយល់ដឹងមួយចំនួនមកពីការសិក្សារបស់ពួកគេ ។ ក៏សូមអញ្ជើញសិស្សផ្សេងទៀតឲ្យចែកចាយគំនិតដែលអាចផ្ដល់ជាជំនួយផងដែរ ។ អ្នកអាចសួរសំណួរតាមដានដូចខាងក្រោម ៖ « តើបុគ្គលរូបនេះអាចប្រឈមមុខនឹងឧបសគ្គអ្វីខ្លះ ? » « តើយើងអាចជួយពួកគេឲ្យយកឈ្នះឧបសគ្គទាំងនេះដោយរបៀបណា ? » « តើយើងអាចជួយពួកគេយល់ និងទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់តាមរយៈបទបញ្ញត្តិនេះដោយរបៀបណា ? »
ការគោរពប្រតិបត្តិរបស់ខ្ញុំចំពោះបទបញ្ញត្តិរបស់ព្រះ
សូមចងចាំពីអ្វីដែលអ្នកបានរៀន និងមានអារម្មណ៍នៅក្នុងមេរៀននេះ សូមជ្រើសរើសបទបញ្ញត្តិមួយដែលអ្នកមានអារម្មណ៍ថាព្រះអម្ចាស់ចង់ឲ្យអ្នកផ្ដោតលើ ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើការគោរពប្រតិបត្តិតាមបទបញ្ញត្តិនេះផ្ដល់ពរជ័យដល់ជីវិតខ្ញុំដោយរបៀបណា ?
-
តើបទបញ្ញត្តិនេះជួយខ្ញុំឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ហើយធ្វើតាមទ្រង់ទាំងទ្វេដោយរបៀបណា ?
-
តើអ្វីជារឿងជាក់លាក់មួយដែលខ្ញុំចង់ធ្វើ ដើម្បីបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះព្រះអម្ចាស់ ហើយគោរពតាមបទបញ្ញត្តិនេះ ?
សូមលើកទឹកចិត្តសិស្សឲ្យដាក់ផែនការមួយ ដើម្បីរក្សាបទបញ្ញត្តិដែលពួកគេបានជ្រើសរើសឲ្យកាន់តែប្រសើរឡើង ។