« មេរៀនទី ៥៥—គោលលទ្ធិ និងសេចក្តីសញ្ញា ៤១:១—១២ ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងប្រទានពរដល់យើង » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤១:១–១២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៥៥ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៤១–៤៤
គោលលទ្ធិ និងសេចក្តីសញ្ញា ៤១
ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងប្រទានពរដល់យើង
នៅពេលព្យាការីបានរួបរួមគ្នាជាមួយពួកបរិសុទ្ធដែលកំពុងរងទុក្ខលំបាកនៅរដ្ឋអូហៃអូ ព្រះអម្ចាស់បានថ្លែងទីបន្ទាល់ថា ទ្រង់សព្វព្រះហឫទ័យនឹងប្រទានពរដល់អស់អ្នកដែលបានស្ដាប់តាមទ្រង់ ។ មេរៀននេះមានបំណងជួយសិស្សឲ្យមានអារម្មណ៍ជឿជាក់ថា ព្រះអម្ចាស់នឹងប្រទានពរដល់ពួកគេ នៅពេលពួកគេស្ដាប់ និងគោរពប្រតិបត្តិតាមទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកមានទំនុកចិត្តប៉ុនណាដែរ ថា … ?
សូមគូសក្រាហ្វិចមួយដូចខាងក្រោមនេះនៅលើក្តារខៀន ៖
សូមចង្អុលទៅផ្នែកខាងស្តាំនៃមាត្រដ្ឋាននេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីមួយដែលពួកគេមានទំនុកចិត្តលើ និងមូលហេតុ ។
សូមសរសេរសេចក្ដីថ្លែងការណ៍ដូចតទៅនេះនៅលើក្ដារខៀន ៖ ព្រះអម្ចាស់នឹងប្រទានពរដល់យើង ប្រសិនបើយើងស្ដាប់ និងគោរពតាមទ្រង់ ។ សូមឲ្យសិស្សប្រើរង្វាស់នេះ ដើម្បីចាត់ចំណាត់ថ្នាក់ទំនុកចិត្តរបស់ខ្លួនទៅលើសេចក្ដីថ្លែងការណ៍នេះ ក្នុងទំហំពី ១ ទៅ ៥ ( ១ = មិនមានទំនុកចិត្ត និង ៥ = មានទំនុកចិត្តខ្លាំងណាស់ ) ។ សូមអញ្ជើញសិស្សឲ្យគិតអំពីមូលហេតុ ដែលពួកគេបានចាត់ចំណាត់ថ្នាក់ទំនុកចិត្តរបស់ពួកគេ តាមរបៀបដែលពួកគេបានធ្វើនេះ ។
-
តើវាអាចធ្វើឲ្យមានភាពខុសគ្នាប៉ុនណាដែរ ក្នុងការមានទំនុកចិត្តយ៉ាងខ្លាំងថា ព្រះអម្ចាស់នឹងប្រទានពរដល់អ្នក ?
សូមអញ្ជើញសិស្សឲ្យស្វែងរកជំនួយពីព្រះអម្ចាស់ ដើម្បីបង្កើនទំនុកចិត្តរបស់ពួកគេថា ទ្រង់នឹងប្រទានពរជ័យដល់ពួកគេ នៅពេលពួកគេខិតខំស្តាប់ និងគោរពតាមទ្រង់ ។
អាកប្បកិរិយារបស់ព្រះអម្ចាស់ចំពោះការប្រទានពរជ័យដល់យើង
នៅខែធ្នូ ឆ្នាំ១៨៣០ ព្រះអម្ចាស់បានបង្គាប់ពួកបរិសុទ្ធឲ្យផ្លាស់ទៅរដ្ឋអូហៃអូ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧:៣ ) ។ មិនយូរប៉ុន្មានក្រោយមក នៅខែមករា និងខែកុម្ភៈ ឆ្នាំ១៨៣១ ព្យាការី យ៉ូសែប ស្ម៊ីធ និងភរិយារបស់លោក អិមម៉ា បានធ្វើដំណើររាប់រយគីឡូម៉ែត្រដើម្បីទៅកាន់ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ បន្ទាប់មក ព្យាការីបានទទួលវិវរណៈដែលផ្តល់នូវការណែនាំមួយចំនួន នៅពេលពួកបរិសុទ្ធមកពីតំបន់ផ្សេងទៀតបានចាប់ផ្ដើមតាំងលំនៅនៅទីក្រុងខឺតឡង់ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤១:១ ដោយស្វែងរកអាកប្បកិរិយារបស់ព្រះអម្ចាស់ អំពីការប្រទានពរជ័យដល់អស់អ្នកដែលបានស្ដាប់តាមទ្រង់ ។
ជួយសិស្សឲ្យស្គាល់ឥទ្ធិពលរបស់ព្រះអម្ចាស់ ៖ សម្រាប់ការបំពាក់បំប៉នដើម្បីជួយសិស្សឲ្យស្គាល់ពីឥទ្ធិពលរបស់ព្រះអម្ចាស់នៅក្នុងព្រះគម្ពីរ និងក្នុងជីវិតផ្ទាល់របស់ពួកគេបន្ថែមទៀត សូមមើលជំនាញ « សួរសំណួរដែលផ្តោតលើការភ្ជាប់ព្រះចេស្តា សេចក្តីមេត្តាករុណា និងឥទ្ធិពលរបស់ព្រះអម្ចាស់ទៅនឹងសេចក្តីពិតដែលបានបង្រៀននោះ » នៅក្នុងការបំពាក់បំប៉នដែលមានចំណងជើងថា « ជួយសិស្សឲ្យទទួលស្គាល់សេចក្តីស្រឡាញ់ ព្រះចេស្តា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់ពួកគេ » ដែលមាននៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។ នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ សូមសរសេរសេចក្ដីពិតដូចតទៅនេះនៅលើក្ដារខៀន ៖ ព្រះអម្ចាស់មានព្រះទ័យរីករាយនឹងប្រទានពរដល់អស់អ្នកដែលស្តាប់តាមទ្រង់ ។ អ្នកអាចលើកទឹកចិត្តសិស្សឲ្យគូសចំណាំសេចក្ដីពិតនេះ នៅក្នុងព្រះគម្ពីររបស់ពួកគេ ។
-
តើអ្នកគិតថា រីករាយនឹងអ្វីមួយមានន័យយ៉ាងណាដែរ ?
-
តើអ្នកគិតថា មានអ្វីខ្លះដែលជា « អំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ » ? ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៤:៧ ) ។
-
តើមានរបៀបណាខ្លះដែលយើងអាចស្ដាប់តាមទ្រង់បាន ?
សូមស្តាប់ចម្លើយរបស់សិស្ស ។ ប្រសិនបើវានឹងមានប្រយោជន៍ សូមអញ្ជើញសិស្សឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ហើយស្វែងរករបៀបដែលយើងអាចស្តាប់តាមព្រះអម្ចាស់បាន ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
វាចំណាយការខិតខំដោយមនសិកា និងខ្ជាប់ខ្ជួនដើម្បីបំពេញជីវិតប្រចាំថ្ងៃរបស់យើងដោយព្រះបន្ទូលរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងសេចក្ដីពិតរបស់ទ្រង់ ។ …
យើងអាចទៅរកបទគម្ពីរទាំងឡាយ ។ បទគម្ពីរបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ វិសាលភាពនៃដង្វាយធួនរបស់ទ្រង់ និងផែនការនៃសុភមង្គល និងប្រោសលោះដ៏មហិមារបស់ព្រះវរបិតាយើង ។ … នៅពេលយើងទទួលទានព្រះបន្ទូលនៃព្រះគ្រីស្ទជាប្រចាំថ្ងៃ ព្រះបន្ទូលនៃព្រះគ្រីស្ទនឹងប្រាប់យើងអំពីរបៀបដើម្បីឆ្លើយតបទៅនឹងការលំបាក ដែលយើងពុំធ្លាប់គិតថាយើងនឹងជួបនោះទេ ។
យើងក៏អាច ស្ដាប់ទ្រង់ នៅក្នុងព្រះវិហារបរិសុទ្ធបានដែរ ។ ដំណាក់នៃព្រះអម្ចាស់ គឺជា ដំណាក់នៃការរៀនសូត្រ ។ នៅទីនោះ ព្រះអម្ចាស់បង្រៀនតាមរបៀបរបស់ទ្រង់ផ្ទាល់ ។ …
… យើង ស្ដាប់ទ្រង់ កាលយើងផ្ទៀងស្ដាប់ពាក្យសម្ដី របស់ពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ ពួកសាវកដែលបានតែងតាំងឡើងដោយព្រះយេស៊ូវគ្រីស្ទ តែងតែថ្លែងទីបន្ទាល់អំពីទ្រង់ ។ ពួកលោកបង្ហាញផ្លូវ នៅពេលយើងធ្វើដំណើរឆ្លងកាត់ទីខ្វែងខ្វាត់ដួងចិត្តតានតឹងនៃបទពិសោធន៍ជីវិតរមែងស្លាប់របស់យើង ។ ( រ័សុល អិមណិលសុន « ចូរស្ដាប់តាមទ្រង់ចុះ » លីអាហូណា ខែឧសភា ឆ្នាំ២០២០ ទំព័រ ៨៩–៩០ )
សូមពិចារណាសុំឲ្យសិស្សរំឭក ខទី ១ ឡើងវិញ ដើម្បីមើលនូវអ្វីដែលកើតឡើងចំពោះអស់អ្នកដែលបដិសេធមិនស្តាប់តាមព្រះអម្ចាស់ ។ វាអាចមានប្រយោជន៍ ដើម្បីចង្អុលបង្ហាញថា ពាក្យ « បណ្ដាសា » ដូចបានប្រើនៅក្នុងខគម្ពីរនេះ សំដៅទៅលើការកាត់សេចក្ដី ឬផលវិបាកនានា ។
-
ហេតុអ្វីវាសំខាន់ដើម្បីដឹងថា ការបដិសេធមិនស្តាប់តាមព្រះអម្ចាស់អាចនាំឲ្យមានផលវិបាកអវិជ្ជមាន ?
គំរូអំពីព្រះអម្ចាស់ប្រទានពរជ័យដល់អស់អ្នកដែលស្ដាប់តាមទ្រង់
សូមលើកទឹកចិត្តសិស្សច្រើននាក់ឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះ ។ ការចែកចាយអារម្មណ៍រំភើប និងសេចក្ដីស្រឡាញ់របស់ពួកគេ អាចជួយពួកគេឲ្យយល់ពីសេចក្ដីរីករាយរបស់ព្រះអម្ចាស់បាន ។ ការណ៍នេះក៏អាចជាឱកាសដ៏ល្អមួយ ដើម្បីស្គាល់សិស្សរបស់អ្នកបានកាន់តែច្បាស់ផងដែរ ។
-
តើអ្នកស្រឡាញ់ ឬរីករាយនឹងអ្វីខ្លះ ?
សូមពន្យល់ថា មានគំរូជាច្រើនពីព្រះអម្ចាស់ដែលពិតជាអរព្រះទ័យក្នុងការប្រទានពរជ័យដល់អស់អ្នកដែលស្តាប់តាមទ្រង់ ។
សូមអានខគម្ពីរខាងក្រោមនេះ ដោយស្វែងរករបៀបដែលព្រះអម្ចាស់ប្រទានពរដល់ពួកបរិសុទ្ធរបស់ទ្រង់ នៅពេលពួកគេស្ដាប់តាមទ្រង់ ។
សូមពិចារណាបែងចែកសិស្សក្នុងថ្នាក់ទៅជាក្រុមៗ ដើម្បីអានខគម្ពីរទាំងនេះ ហើយឆ្លើយសំណួរដែលអមមកជាមួយ ។ បន្ទាប់មក សិស្សអាចចែកចាយពីអ្វីដែលពួកគេបានរៀនជាមួយគ្នា ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៤១:២–៥
-
តើការទទួលបានក្រឹត្យវិន័យ ឬការណែនាំរបស់ព្រះអម្ចាស់អាចជាពរជ័យមួយយ៉ាងដូចម្ដេច ? ( សូមមើល ខទី ៣ ) ។
-
តើការគោរពតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ និងការក្លាយជាសិស្សដ៏ប្រសើររបស់ព្រះគ្រីស្ទអាចជួយដល់យើងយ៉ាងដូចម្ដេច ? ( សូមមើល ខទី ៥ ) ។
សម្រាប់គំរូនៅសម័យទំនើបមួយ សូមមើលប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ១៩១០–២០០៨ ) ចែកចាយពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់នរណាម្នាក់ដែលបានស្ដាប់ និងគោរពតាមទ្រង់ នៅក្នុងវីដេអូ « We Walk by Faith » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ពីនាទីទី ៧:៣០ ដល់នាទីទី ១២:៣៩ ។
គំរូបន្ថែមទៀត
សូមអញ្ជើញសិស្សឲ្យស្វែងរក ឬគិតពីគំរូបន្ថែមទៀតយ៉ាងហោចណាស់ចំនួនពីរ ដែលបង្កើនទំនុកចិត្តរបស់ពួកគេថា ព្រះអម្ចាស់នឹងប្រទានពរដល់អស់អ្នកដែលស្ដាប់តាមទ្រង់ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកការណែនាំរបស់ព្រះអម្ចាស់ ដើម្បីស្វែងរកគំរូដែលនឹងប្រទានពរដល់ពួកគេ និងសិស្សនៅក្នុងថ្នាក់រៀន ។
-
សូមរកមើលគំរូមួយមកពីព្រះគម្ពីរ ។ ការណ៍នេះអាចជា ៖
-
ដំណើររឿងមួយអំពីពេលដែលព្រះអម្ចាស់បានប្រទានពរដល់អស់អ្នកដែលបានស្ដាប់ និងគោរពតាមទ្រង់ ។ ( គំរូមួយចំនួនអាចមានដូចតទៅនេះ ៖ ណូអេសង់ទូកធំ ហើយត្រូវបានសង្គ្រោះពីទឹកជំនន់ [ សូមមើល លោកុប្បត្តិ ៦–៨ ]; ដេបូរ៉ាគោរពតាមការបង្គាប់របស់ព្រះអម្ចាស់ដើម្បីរំដោះអ៊ីស្រាអែលពីសេវកភាព [ ពួកចៅហ្វាយ ៤:១–៨, ១៣–១៥ ]; ម៉ារាទទួលយកតួនាទីជាព្រះមាតារបស់ព្រះអង្គសង្គ្រោះ ហើយទទួលបានពរជ័យពីព្រះអម្ចាស់ [ លូកា ១:៣៨, ៤៦–៤៩ ]; នីហ្វៃទទួលបានផ្ទាំងលង្ហិន [ សូមមើល នីហ្វៃទី១ ៣–៥ ]; យ៉ូសែប ស្ម៊ីធ អាចការពារផ្ទាំងចំណារបាន [ សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤៦, ៦០ ]; យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ជ្រមុជទឹកឲ្យគ្នាទៅវិញទៅមក បន្ទាប់ពីទទួលបានបព្វជិតភាពអើរ៉ុន រួចហើយទទួលបានការបើកសម្ដែងពីព្រះវិញ្ញាណបរិសុទ្ធ [ សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៦៨–៧៤ ] ) ។
-
ខគម្ពីរមួយ ឬច្រើនដែលថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងប្រទានពរដល់យើង នៅពេលយើងស្ដាប់ និងគោរពតាមទ្រង់ ។ ( ឧទាហរណ៍មួយចំនួនមានដូចជា ម៉ាឡាគី ៣:១០; យ៉ូហាន ទី១ ៣:២២; យ៉ារ៉ុម ១:៩; ម៉ូសាយ ២:៤១; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៩:៣៨; ៨២:១០; ៨៩:១, ១៨–២១; ១៣០:២១ ) ។
-
-
សូមគិតអំពីឧទាហរណ៍បន្ថែមទៀត ។ ការណ៍នេះអាចជា ៖
-
បទពិសោធន៍ផ្ទាល់ខ្លួនមួយ នៅពេលដែលព្រះអម្ចាស់បានប្រទានពរដល់អ្នក ។
-
បទពិសោធន៍ពីមិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ម្នាក់ ។
-
សុន្ទរកថាមួយមកពីសន្និសីទទូទៅ ។
-
វីដេអូមួយនៅលើគេហទំព័រ ChurchofJesusChrist.org ។
-
សូមអញ្ជើញសិស្សឲ្យសរសេរឧទាហរណ៍របស់ពួកគេដាក់នៅលើសន្លឹកក្រដាសផ្សេងៗគ្នា ។ សូមប្រាប់សិស្សថា អ្វីដែលពួកគេសរសេរអាចចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់ទាំងមូលបាន ។ សូមប្រមូលក្រដាសទាំងនោះមក ច្របល់វាចូលគ្នា រួចហើយរើសយកក្រដាសខ្លះមក ឬអញ្ជើញសិស្សម្នាក់ឲ្យរើសយកក្រដាសខ្លះ ។ អ្នកប្រហែលជាចង់អានឧទាហរណ៍ម្ដងមួយៗ ហើយសួរថា តើសិស្សដែលបានសរសេរលើក្រដាសនេះ ចង់ស្ម័គ្រចិត្តឡើងចែកចាយពីមូលហេតុដែលពួកគេបានជ្រើសរើសយកគំរូនោះដែរឬទេ ។ សូមសួរថា តើឧទាហរណ៍នេះអាចបង្កើនទំនុកចិត្តរបស់សិស្សថា ព្រះអម្ចាស់នឹងប្រទានពរដល់ពួកគេ នៅពេលពួកគេស្ដាប់តាមទ្រង់យ៉ាងដូចម្ដេច ។ នៅពេលសិស្សចែកចាយ សូមអរគុណពួកគេចំពោះការខិតខំរបស់ពួកគេ ហើយព្យាយាមជួយពួកគេឲ្យយល់ពីសារៈសំខាន់ក្នុងការចែកចាយគំនិត និងបទពិសោធន៍របស់ពួកគេនៅក្នុងថ្នាក់រៀន ។
ដើម្បីបញ្ចប់មេរៀននេះ សូមកត់ត្រាគំនិត និងអារម្មណ៍របស់អ្នកអំពីព្រះអម្ចាស់ដែលប្រទានពរដល់យើង នៅពេលយើងស្ដាប់តាមទ្រង់ ។ តើអ្នកមានទំនុកចិត្តថា ទ្រង់នឹងប្រទានពរដល់អ្នកដែរឬទេ ? តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នក ?
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍នៅក្នុងថ្នាក់រៀននៅថ្ងៃនេះ ។ សូមចែកចាយទីបន្ទាល់ និងទំនុកចិត្តរបស់អ្នកផ្ទាល់ថា ព្រះអម្ចាស់នឹងប្រទានពរដល់យើង នៅពេលយើងស្ដាប់តាមទ្រង់ ។