មេរៀនទី ៧—យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ ៖ ‹ សូមដល់ព្រះ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–១៤
« សូមដល់ព្រះ »
កាលនៅពីក្មេង យ៉ូសែប ស្ម៊ីធ ចង់ដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយស្វះស្វែងដើម្បីដឹងថា តើព្រះវិហារមួយណាដែលត្រឹមត្រូវ ដែលលោកគួរតែចូលរួម ។ ទោះជាយ៉ាងណាក៏ដោយ មានព្រះវិហារជាច្រើនដែលបង្រៀនរឿងខុសៗគ្នា ហើយយុវជនយ៉ូសែបបានយល់ថា វាពិបាកដើម្បីចេះសង្កេតពីសេចក្ដីពិត ។ មេរៀននេះអាចជួយសិស្សឲ្យធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីរៀនពីសេចក្ដីពិតមកពីព្រះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គ្រានៃការភាន់ច្រឡំ
នៅក្នុងមេរៀននេះ សិស្សនឹងសិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–១៤ ដោយផ្ដោតការយកចិត្តទុកដាក់លើសកម្មភាពរបស់ យ៉ូសែប ស្ម៊ីធ នៅពេលដែលលោកបានស្វះស្វែងដើម្បីដឹងថា តើគួរតែចូលរួមក្នុងព្រះវិហារមួយណា ។ នៅក្នុងមេរៀនបន្ទាប់ទៀតអំពី « យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ » សិស្សនឹងសិក្សាពីបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ នៅក្នុងព្រៃពិសិដ្ឋ ។ អាស្រ័យលើពេលវេលាដែលមាននៅក្នុងថ្នាក់ អ្នកអាចដាក់មេរៀនទាំងពីរនេះចូលគ្នាបាន ។
សូមអញ្ជើញសិស្សឲ្យចែកចាយឧទាហរណ៍អំពីពេលដែលពួកគេបានទទួលព័ត៌មានដែលចម្រូងចម្រាស់គ្នា ។ ឧទាហរណ៍ ពួកគេអាចបានឃើញរបាយការណ៍ និងមតិផ្សេងៗគ្នាអំពីប្រធានបទមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬនៅក្នុងសារព័ត៌មាន ។
-
ហេតុអ្វីពេលខ្លះការរកឃើញព័ត៌មានដែលអាចទុកចិត្តបានអាចជារឿងដែលពិបាក ?
-
តើការប្រឈមដូចគ្នាទាំងនោះអាចធ្វើឲ្យមានការលំបាកសម្រាប់នរណាម្នាក់ក្នុងការស្វែងរកសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ដោយរបៀបណា ?
នៅពេលដែលសិស្សកំពុងរៀនអំពីបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ សូមអញ្ជើញពួកគេឲ្យគិតអំពីរបៀបដែលគំរូរបស់លោកអាចជួយដល់ពួកគេក្នុងការស្វែងរកសេចក្ដីពិតរបស់ពួកគេផ្ទាល់បាន ។
កាលនៅក្មេង យ៉ូសែប ស្ម៊ីធ មានការព្រួយបារម្ភចំពោះសុខុមាលភាពនៃព្រលឹងវិញ្ញាណរបស់លោក ។ នៅក្នុងសហគមន៍ និងសូម្បីតែនៅក្នុងគ្រួសារ ស្ម៊ីធ មានការខ្វែងគំនិតគ្នាអំពីព្រះវិហារមួយណា ដែលមានសេចក្ដីពិតដែលចាំបាច់សម្រាប់សេចក្ដីសង្គ្រោះ ។
សូមពិចារណាបែងចែកខគម្ពីរខាងក្រោមនេះឲ្យទៅក្នុងចំណោមសិស្ស ដើម្បីឲ្យសិស្សក្នុងថ្នាក់អាចរកឃើញបញ្ហាប្រឈមរបស់យ៉ូសែបបានឆាប់រហ័ស នៅពេលលោកបានស្វែងរកសេចក្ដីពិត ។
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥–១០ ដោយរកមើលមូលហេតុដែលវាពិបាកឲ្យយ៉ូសែបរកឃើញសេចក្ដីពិតរបស់ព្រះក្នុងចំណោមសាសនាជាច្រើន ។
-
តើអ្នកបានឃើញការភាន់ច្រឡំស្រដៀងគ្នានេះអំពីសាសនានៅក្នុងពិភពលោកសព្វថ្ងៃនេះដោយរបៀបណា ?
-
អ្នកគិតថា ហេតុអ្វីបានជាវាសំខាន់ដែលយើងត្រូវស្វែងរកដើម្បីដឹងសេចក្ដីពិតមកពីព្រះ ជំនួសឲ្យការទទួលយកអ្វីគ្រប់យ៉ាងដែលបានបង្រៀនមក ?
ដើម្បីជួយសិស្សឲ្យភ្ជាប់ទំនាក់ទំនងគំរូរបស់យ៉ូសែបទៅជីវិតរបស់ពួកគេ សូមពិចារណាចម្លងតារាងខាងក្រោមដាក់នៅលើក្ដារខៀន ហើយបំពេញវាជាមួយសិស្សក្នុងថ្នាក់រៀនរហូតដល់ចប់មេរៀននេះ ។
សូមបង្កើតតារាងខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយដាក់ស្លាកប្រអប់នីមួយៗ ដូចដែលអ្នកឃើញខាងក្រោមនេះ ៖
|
សំណួរដែលយ៉ូសែបមានសម្រាប់ព្រះ |
សំណួរដែលខ្ញុំមានសម្រាប់ព្រះ |
|
អ្វីដែលយ៉ូសែបបានធ្វើ |
អ្វីដែលខ្ញុំនឹងធ្វើ |
សូមត្រឡប់ទៅមើលអ្វីដែលអ្នកបានអាននៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១០ ។ សូមសរសេរសំណួរ និងសកម្មភាពរបស់យ៉ូសែបក្នុងប្រអប់ដែលត្រឹមត្រូវ ។
សិស្សអាចស្វែងរកមកពី ខទី ១០ ថាសំណួររបស់យ៉ូសែបគឺ « តើត្រូវធ្វើអ្វីហ្ន៎ ? » និង « តើ[ ព្រះវិហារ ]មួយណាទៅដែលត្រូវ ? » ពួកគេអាចនឹងកត់សម្គាល់នៅក្នុង ខទី ៨ ឃើញថា សកម្មភាពរបស់យ៉ូសែបរួមមានការពិចារណា និងការចូលរួមក្នុងការប្រជុំនៅព្រះវិហារផ្សេងៗ ។
វាអាចនឹងមានប្រយោជន៍ដើម្បីណែនាំសិស្សឲ្យអាន កថាខណ្ឌទី ៣ នៅក្នុងផ្នែកការទទួលបានចំណេះដឹងខាងវិញ្ញាណនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) នៅពេលដែលអ្នកពិភាក្សាសំណួរខាងក្រោមនេះ ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះវរបិតាសួគ៌បានសព្វព្រះទ័យ ដែលយ៉ូសែបបានសួរសំណួរទាំងនេះ ?
ការធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ
នៅពេលយើងស្វះស្វែងចង់ដឹងនូវអ្វីដែលពិត ការធ្វើតាមការអញ្ជើញនេះពីប្រធាន រ័សុល អិម ណិលសុន អាចមានប្រយោជន៍ ៖
ព្យាការី យ៉ូសែប ស៊្មីធ បានដាក់គន្លងមួយឲ្យយើងធ្វើតាមនៅក្នុងការឆ្លើយនឹងសំណួររបស់យើង ។ …
ដូចគ្នានេះដែរ តើការស្វែងរករបស់បងប្អូននឹងបើកបង្ហាញអ្វីខ្លះដល់បងប្អូន ? តើបងប្អូនខ្វះប្រាជ្ញាអ្វីខ្លះ ? តើអ្វីទៅដែលបងប្អូនមានអារម្មណ៍ថា ជាសេចក្ដីត្រូវការបន្ទាន់មួយដើម្បីដឹង ឬយល់ ? សូមធ្វើតាមគំរូរបស់ព្យាការី យ៉ូសែប ។ ( រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៥ )
សេចក្ដីពិតមួយដែលយើងអាចរៀនមកពីប្រធាន ណិលសុន បាននោះគឺថា យើងអាចធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ ដើម្បីស្វែងយល់ពីសេចក្ដីពិតនៃព្រះសម្រាប់ខ្លួនយើង ។ សូមពិចារណាពីសំណួរដែលប្រធាន ណិលសុន បានសួរ ។ តើអ្នកនឹងឆ្លើយតបចំពោះសំណួរទាំងនោះសម្រាប់ខ្លួនអ្នកផ្ទាល់យ៉ាងដូចម្ដេច ? សូមជញ្ជឹងគិតពីសំណួរមួយចំនួនដែលអ្នកមាន ហើយសរសេរវានៅក្នុងប្រអប់ « សំណួរដែលខ្ញុំមានសម្រាប់ព្រះ » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សិស្សអាចនឹងបានជ្រើសយកសំណួរមួយដើម្បីផ្ដោតការយកចិត្តទុកដាក់លើនៅក្នុងមេរៀននេះ « « ស្វែងរកវិវរណៈផ្ទាល់ខ្លួនសម្រាប់សំណួររបស់ខ្ញុំ » ឬ « »ធ្វើសកម្មភាពដោយសេចក្ដីជំនឿដើម្បីស្វែងរកចម្លើយ » ។ ការរំឭកពួកគេអំពីចំណុចនេះអាចនឹងមានប្រយោជន៍ ។
-
តើសំណួររបស់អ្នកមួយណា ដែលអ្នកមានអារម្មណ៍ថាបំផុសគំនិតឲ្យដាក់អាទិភាពលើវានៅចំណុចនេះក្នុងជីវិតរបស់អ្នក ? ហេតុអ្វី ?
នៅពេលអ្នកបន្តសិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ពេញមួយមេរៀននេះ សូមបន្តបំពេញតារាងនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ សូមរកមើលវិធីដែលអ្នកអាចធ្វើតាមគំរូរបស់យ៉ូសែប ដើម្បីស្វែងរកចម្លើយចំពោះសំណួរផ្ទាល់ខ្លួនរបស់អ្នក ។ នៅក្នុងប្រអប់ « អ្វីដែលខ្ញុំនឹងធ្វើ » សូមសរសេរនូវចំណាប់អារម្មណ៍ដែលអ្នកទទួលបានដើម្បីធ្វើសកម្មភាព ។
បន្ទាប់ពីសិស្សអានវគ្គខាងក្រោមនេះហើយ សូមអញ្ជើញពួកគេឲ្យបន្តបំពេញប្រអប់ « អ្វីដែលយ៉ូសែបបានធ្វើ » នៅលើក្ដារខៀន ។
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៤ ដោយរកមើលសកម្មភាពបន្ថែមដែលយ៉ូសែបបានធ្វើដើម្បីស្វែងយល់ពីសេចក្ដីពិតនៃព្រះ ។ សូមពិចារណាសរសេរនូវអ្វីដែលអ្នករកឃើញនៅក្នុងប្រអប់ « អ្វីដែលយ៉ូសែបបានធ្វើ » ។
ដើម្បីមើលសំណួរ និងសកម្មភាពបន្ថែមដែលយ៉ូសែប បានធ្វើដើម្បីស្វែងរកចម្លើយមកពីព្រះ អ្នកអាចនឹងមើលវីដេអូ « The Restoration » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ១:១៥ ដល់ ១៥:៣៤ ។
បើអ្នកជ្រើសរើសមើលវីដេអូ « The Restoration » សូមពិចារណាផ្អាកវា នៅរាល់ពេលដែលសិស្សរកឃើញសំណួរថ្មីដែលយ៉ូសែបមាន ឬសកម្មភាពដែលលោកបានធ្វើ ។ សូមឲ្យសិស្សម្នាក់បន្ថែមវាទៅក្នុងប្រអប់នៅលើក្ដារខៀន ។
ទាំងនេះគឺជាឧទាហរណ៍នៃសកម្មភាពដែលសិស្សអាចនឹងកត់សម្គាល់ឃើញយ៉ូសែប ធ្វើនៅក្នុងវីដេអូនេះ ៖ ការសួរសំណួរឪពុកម្តាយគាត់ ការពិភាក្សាជាមួយគ្រូគង្វាល ការចំណាយពេលជញ្ជឹងគិតពីអ្វីដែលលោកកំពុងរៀនសូត្រ ការអានជម្រើសផ្សេងៗពីព្រះគម្ពីរ និងការមិនបោះបង់នៅពេលដែលមិនមានចម្លើយភ្លាមៗ ។
-
បើទោះជាយ៉ូសែបមិនដឹងថាត្រូវចូលរួមក្នុងព្រះវិហារមួយណាក៏ដោយ ប៉ុន្ដែតើលោកដឹងអ្វីអំពីព្រះ ? ( សូមអាន កថាខណ្ឌទី ២–៣ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ [ ឆ្នាំ២០២៣ ] ) ។
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះមានព្រះទ័យចង់ជួយយើងឲ្យរកឃើញសេចក្ដីពិតយ៉ាងខ្លាំង ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១ ) ។
-
តើសកម្មភាពរបស់យ៉ូសែបមួយណាដែលអ្នកបានសាកល្បងធ្វើតាមក្នុងជីវិតរបស់អ្នក ? តើអ្នកចង់សាកល្បងធ្វើតាមសកម្មភាពមួយណា ?
សូមរំឭកពីការអញ្ជើញដែលប្រធាន ណិលសុន បានប្រាប់ឲ្យ « ធ្វើតាមគំរូរបស់ព្យាការី យ៉ូសែប » ។ សូមស្វះស្វែងរកជំនួយពីព្រះវរបិតាសួគ៌ នៅពេលដែលអ្នកជញ្ជឹងគិតអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីធ្វើតាមគំរូរបស់យ៉ូសែបក្នុងការស្វែងរកសេចក្ដីពិតរបស់អ្នក ។
បើចាំបាច់ អ្នកអាចនឹងចែកចាយពីវិធីនានា ដែលសិស្សអាចធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ បាន ដែលមានដូចជា ៖
-
រកមើលបទគម្ពីរដែលមានអត្ថន័យចំពោះអ្នក ។ ដាក់ផែនការដើម្បីពិចារណាអំពីបទគម្ពីរនេះម្តងហើយម្តងទៀត ។ អ្នកអាចនឹងបង្កើតផ្ទាំងបដាមួយ ហើយដាក់វានៅកន្លែងដែលអ្នកនឹងឃើញវគ្គបទគម្ពីរនេះពេញមួយថ្ងៃ ។ ឬអ្នកអាចព្យាយាមទន្ទេញវាឲ្យចាំ ហើយសូត្រវាចេញពីការចងចាំជារៀងរាល់ថ្ងៃរយៈពេលមួយសប្តាហ៍ ។
-
តាំងចិត្តអធិស្ឋានទៅព្រះដោយសំឡេងឮៗនៅកន្លែងឯកជនមួយ ។ បង្កើតគម្រោងនៃអ្វីដែលអ្នកចង់បញ្ចូលនៅក្នុងការអធិស្ឋានរបស់អ្នក ។
នៅក្នុងប្រអប់ « អ្វីដែលខ្ញុំនឹងធ្វើ » នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរវិធីមួយ ឬពីរដែលអ្នកនឹងធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ ។ សូមរួមបញ្ចូលសេចក្តីលម្អិតជាក់លាក់អំពីរបៀបដែលអ្នកនឹងអនុវត្តសកម្មភាពទាំងនេះ នៅពេលដែលអ្នកស្វែងរកចម្លើយមកពីព្រះ ។ អ្នកអាចនឹងចង់ចែកចាយគម្រោងរបស់អ្នកជាមួយមិត្តភក្តិដែលជឿទុកចិត្តម្នាក់ ឬសមាជិកគ្រួសារម្នាក់ ។ វាសំខាន់ដើម្បីចងចាំថា សូម្បីតែផែនការដ៏ល្អបំផុតក៏អាចត្រូវការពេលវេលាដើម្បីនាំមកនូវលទ្ធផលដែលចង់បាននោះ ។ សូមត្រឡប់ទៅសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ជាទៀងទាត់ ដើម្បីវាយតម្លៃថាតើអ្នកធ្វើបានល្អប៉ុនណាហើយ ។
សូមអនុញ្ញាតឲ្យសិស្សចែកចាយទីបន្ទាល់អំពីសកម្មភាពដ៏ស្មោះត្រង់ ដែលអាចនាំទៅរកវិវរណៈ និងចម្លើយចំពោះសំណួរខាងវិញ្ញាណ ។ សូមថ្លែងទីបន្ទាល់ថា នៅពេលយើងធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ នោះព្រះនឹងជួយយើងឲ្យដឹងពីសេចក្ដីពិតសម្រាប់ខ្លួនយើង ។