« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ ៖ ‹ ខ្ញុំបានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៨ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០
« ខ្ញុំបានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយ »
បន្ថែមពីលើការឆ្លើយតបនឹងសំណួររបស់ យ៉ូសែប ស្ម៊ីធ អំពីសាសនាចក្រណាដែលលោកត្រូវចូលរួមនោះ ការបង្ហាញព្រះកាយរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បង្រៀនយើងអំពីសេចក្តីពិត ដូចជាលក្ខណៈនៃក្រុមព្រះ និងទំនាក់ទំនងរបស់យើងជាមួយទ្រង់ទាំងទ្វេ ។ មេរៀននេះអាចជួយឲ្យសិស្សយល់ពីសេចក្ដីពិតសំខាន់ៗដែលបានបើកសម្ដែងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទចេញពីការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ពាក្យដែលបានផ្លាស់ប្តូរពិភពលោក
សូមពិចារណាសរសេរ ប្រាំពីរពាក្យមកពី យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ ដែលបានផ្លាស់ប្ដូរពិភពលោកទាំងមូល នៅលើក្ដារខៀនមុនថ្នាក់រៀន ។ នៅពេលដែលសិស្សចូលដល់ថ្នាក់រៀន ហើយរង់ចាំឲ្យមេរៀនចាប់ផ្តើម សូមអញ្ជើញពួកគេឲ្យព្យាយាមរកមើលពាក្យមកពីវគ្គបទគម្ពីរនេះដែលស័ក្តិសមនឹងការពិពណ៌នានេះ ។
ប្រធាន រ័សុល អិម ណិលសុន ធ្លាប់បានបង្រៀនកុមារមួយក្រុមថា « ពាក្យប្រាំពីរម៉ាត់ដែលបានផ្លាស់ប្ដូរពិភពលោកទាំងមូល » ( នៅក្នុង « Seven Words That Changed the World » [ វីដេអូ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
-
តើអ្នកគិតថា ពាក្យទាំងនោះមានអ្វីខ្លះ ?
ប្រធាន ណិលសុន បានសំដៅទៅលើពាក្យប្រាំពីរម៉ាត់ចុងក្រោយនៃ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ។ សូមអានពាក្យទាំងប្រាំពីរនោះ ហើយពិចារណាកត់ត្រាសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន នៅក្នុងព្រះគម្ពីររបស់អ្នកនៅជិតចុងបញ្ចប់នៃខគម្ពីរនេះ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមួយ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមអញ្ជើញអ្នកស្ម័គ្រចិត្តម្នាក់ឲ្យប្រាប់ថា តើនរណាបានពោលពាក្យទាំងប្រាំពីរនេះ តើទ្រង់មានបន្ទូលនេះសំដៅទៅរកនរណា ហើយតើទ្រង់មានបន្ទូលទៅកាន់នរណា ។
សូមពិចារណាផ្តល់ពេលឲ្យសិស្សគិតយ៉ាងដិតដល់អំពីសំណួរទាំងនេះ ហើយចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ។
-
តើអ្នកគិតថា ពាក្យទាំងប្រាំពីរនោះបានផ្លាស់ប្ដូរពិភពលោកយ៉ាងដូចម្ដេចខ្លះ ? តើវាជះឥទ្ធិពលដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេចខ្លះ ?
សេចក្តីពិតដែលយើងអាចរៀនមកពីការនិមិត្តដំបូង
ផ្នែកខាងក្រោមនេះអាចជួយសិស្សឲ្យកំណត់ និងយល់បានអំពីសេចក្ដីពិតជាច្រើនចេញពីដំណើររឿងនៃការនិមិត្តដំបូង ជាពិសេសសេចក្ដីពិតអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ទាំងទ្វេ ។
សូមពិចារណាគូររូបមនុស្សសាមញ្ញៗចំនួនបួននៅលើក្តារខៀន ដែលរូបនីមួយៗមានពពុះគិតពិចារណាដែលមានសំណួរមួយក្នុងចំណោមសំណួរខាងក្រោម ។ ( សូមកុំស្ទាក់ស្ទើរក្នុងការប្រើសំណួរផ្សេងៗដែលសិស្សក្នុងថ្នាក់របស់អ្នកអាចនឹងមានអំពីព្រះ ឬសាសនាចក្ររបស់ទ្រង់ ) ។ សូមបែងចែកសិស្សជាក្រុមៗ ដោយក្រុមនីមួយៗត្រូវស្រាវជ្រាវក្នុង ខទី ១៥–២០ រកមើលចម្លើយចំពោះសំណួរមួយក្នុងចំណោមសំណួរទាំងនេះ ។ សូមឲ្យតំណាងម្នាក់មកពីក្រុមនីមួយៗសរសេរលេខខគម្ពីរ ដែលពួកគេបានរកឃើញ ដែលជួយឆ្លើយសំណួររបស់ពួកគេនៅជាប់នឹងពពុះគិតពិចារណានោះនៅលើក្ដារខៀន ។
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ ដោយការរកមើលរបៀបដែលអ្នកអាចឆ្លើយនឹងសំណួរខាងក្រោម ដែលនរណាម្នាក់អាចមាន ដោយប្រើដំណើររឿងនេះ ៖
-
តើព្រះត្រាស់ដឹងអំពីយើងដែរឬទេ ?
-
តើព្រះមានបន្ទូលមកកាន់យើងទេនៅជំនាន់យើងសព្វថ្ងៃនេះ ?
-
តើព្រះវិហារដែលយើងទៅសំខាន់ដែរឬទេ ? ហេតុអ្វី ?
-
តើវាអាចទៅរួចទេ ដើម្បីដឹងថា តើព្រះវិហារមួយណាពិតនោះ ? តាមរបៀបណា ?
សូមអញ្ជើញក្រុមទាំងអស់ឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់រៀន អំពីមូលហេតុដែលពួកគេបានជ្រើសយកខគម្ពីរ ដែលពួកគេបានជ្រើសរើសនោះ ដើម្បីឆ្លើយនឹងសំណួររបស់ពួកគេ ។
សូមពិចារណាសួរសំណួរតាមដាន នៅពេលដែលសិស្សចែកចាយដូចជាសំណួរទាំងនេះជាដើម ៖ « តើអ្នកបានកត់សម្គាល់អ្វីផ្សេងទៀតទេនៅក្នុងវគ្គបទគម្ពីរនេះ ដែលសំខាន់សម្រាប់ការយល់ដឹងរបស់មនុស្សនៅសព្វថ្ងៃនេះ ? » « តើការនិមិត្តដំបូងជួយបំភ្លឺដល់ការយល់ខុសទូទៅផ្សេងៗទៀតអំពីព្រះអ្វីខ្លះ ? » « ហេតុអ្វីបានជាអ្នកគិតថា ព្រះជាព្រះវរបិតានឹងបង្ហាញព្រះកាយដោយផ្ទាល់ ដើម្បីផ្តួចផ្តើមការស្ដារឡើងវិញនៃដំណឹងល្អ ? » « តើយើងអាចរៀនអ្វីខ្លះមកពីរបៀបដែលព្រះវរបិតាសួគ៌បានណែនាំព្រះយេស៊ូវគ្រីស្ទឲ្យ យ៉ូសែប បានស្គាល់នៅក្នុង ខទី ១៧ ? »
អ្នកអាចចែកចាយសេចក្ដីថ្លែងការណ៍មកពីផ្នែក « ធនធានបន្ថែមទាំងឡាយដើម្បីគាំទ្រដល់សេចក្តីពិត ដែលសិស្សបានចែកចាយ ឬជួយពួកគេឲ្យមើលឃើញសេចក្ដីពិតនានា ដែលពួកគេមិនបានរកឃើញដោយខ្លួនឯង ។
ដំណើររឿងដ៏ច្រើននៃការនិមិត្តដំបូង
មនុស្សមួយចំនួនមានការបារម្ភ នៅពេលដែលពួកគេដឹងថា យ៉ូសែប ស្ម៊ីធ បានចែកចាយសេចក្តីលម្អិតពិសេសៗនៃការនិមិត្តដំបូងក្នុងឱកាសផ្សេងៗគ្នា នៅពេលបរិយាយអំពីបទពិសោធន៍របស់លោក ។ សូមជួយឲ្យសិស្សយល់ថា វាជាពរជ័យមួយដែលយើងមានដំណើររឿងដ៏ច្រើននៃការនិមិត្តដ៏រុងរឿងនេះ ។ ការពន្យល់អំពីខ្លឹមសារនៅក្នុងកថាខណ្ឌខាងក្រោមនេះអាចមានប្រយោជន៍ ។
លើសពីនេះ មានគំនិតមួយនៅក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែមដែលអាចនឹងមានប្រយោជន៍ផងដែរ ។
យ៉ូសែប ស្ម៊ីធ បានកត់ត្រាដំណើររឿងនៃការនិមិត្តដំបូងនៅក្នុងគម្ពីរ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ នៅឆ្នាំ ១៨៣៨ ដែលជាផ្នែកមួយនៃប្រវត្តិសាស្ត្រផ្លូវការរបស់សាសនាចក្រ ដែលមានការបោះពុម្ពផ្សាយប្រាប់ដល់ពិភពលោក ។ យើងក៏ទទួលបានពរជ័យឲ្យមានដំណើររឿងផ្សេងៗទៀតនៃការនិមិត្តដំបូងផងដែរ—ដំណើររឿងចំនួនបីត្រូវបានសរសេរ ឬហៅឲ្យសរសេរដោយយ៉ូសែប ។ ដំណើររឿងនីមួយៗត្រូវបានរៀបចំឡើងនៅពេលខុសៗគ្នាសម្រាប់មនុស្សផ្សេងៗគ្នា ហេតុដូច្នេះហើយ វាបានផ្ដោតសំខាន់លើទិដ្ឋភាពផ្សេងៗគ្នានៃបទពិសោធន៍របស់លោក ។ ឧទាហរណ៍ នៅក្នុងដំណើររឿងឆ្នាំ ១៨៣៥ របស់យ៉ូសែប យើងដឹងថាលោកក៏បានឃើញពួកទេវតាដែរ ខណៈពេលដែលនៅក្នុងដំណើររឿងឆ្នាំ ១៨៣២ របស់លោក លោកបាននិយាយអំពីចំណុចនេះដើម្បីបរិយាយពីលទ្ធផលនៃការស្ថិតនៅក្នុងវត្តមានរបស់ព្រះ ៖ « ព្រលឹងខ្ញុំបានពោរពេញដោយសេចក្តីស្រឡាញ់ ហើយអស់រយៈពេលជាច្រើនថ្ងៃ ខ្ញុំអាចរីករាយដោយក្ដីអំណរយ៉ាងខ្លាំង » ( « Joseph Smith’s Accounts of the First Vision » នៅលើគេហទំព័រ josephsmithpapers.org សូមមើលផងដែរក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ) ។
-
តើឥទ្ធិពលនៃការយាងមករបស់ទ្រង់ទាំងទ្វេមកជួប យ៉ូសែប បង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
ដំណើររឿងនីមួយៗផ្តល់ពរជ័យឲ្យយើងមានសេចក្តីលម្អិតពិសេសៗ ប៉ុន្តែព័ត៌មានទាំងអស់គ្នាយល់ស្របនៅក្នុងសេចក្តីពិតដ៏សំខាន់ថា យ៉ូសែប ស្ម៊ីធ បានបណ្ដាលឲ្យមានការបើកស្ថានសួគ៌ដល់លោក ហើយបានឃើញសារទូតរបស់ព្រះ រួមទាំងព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទផងដែរ ។
សូមពិចារណាទុកពេលឲ្យសិស្សពីរបីនាទីដើម្បីស្រាវជ្រាវក្នុងផ្នែក « Joseph Smith’s Accounts of the First Vision » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ពួកគេអាចរកឃើញវាដោយការចុចលើ « Library » បន្ទាប់មក « Church History » បន្ទាប់មក « First Vision » ។ សិស្សអាចនឹងបង្កើតជាក្រុមៗ ដែលសិស្សម្នាក់ៗត្រូវស្រាវជ្រាវក្នុងដំណើររឿងផ្សេងៗគ្នារកមើលសេចក្ដីពិតបន្ថែមទៀតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
សិស្សក៏អាចនឹងរកមើលសេចក្ដីពិតបន្ថែមទៀតនៅក្នុងវីដេអូនេះផងដែរ « Ask of God: Joseph Smith’s First Vision » ( ៦:៣៥ ) មាននៅលើគេហទំព័រ ChurchofJesusChrist.org ។ វីដេអូនេះមាននូវសេចក្តីលម្អិតអំពីដំណើររឿងនីមួយៗរបស់ យ៉ូសែប ស្ម៊ីធ ។
ផ្ដោតលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ៖ សម្រាប់ការបណ្តុះបណ្តាលបន្ថែមទៀតអំពីសំណួរដែលអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេដឹងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ សូមមើលវគ្គបណ្តុះបណ្តាលដែលមានចំណងជើងថា « ជួយសិស្សឲ្យស្គាល់ក្តីស្រឡាញ់ ព្រះចេស្តា និងក្តីមេត្តារបស់ព្រះអម្ចាស់ក្នុងជីវិតពួកគេ » ដែលមាននៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ផ្តោតលើព្រះយេស៊ូវគ្រីស្ទ ។
-
តើដំណើររឿងទាំងនេះបង្រៀនអ្វីផ្សេងទៀតអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់ទាំងទ្វេ ដែលអ្នកមានអំណរគុណដែលបានដឹងរឿងនេះ ?
សូមពិចារណាអញ្ជើញសិស្សឲ្យបញ្ចប់មេរៀននេះ ដោយការកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេនូវសេចក្ដីពិតមួយ ដែលពួកគេបានរៀនមកពីការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ដែលមានសារៈសំខាន់ចំពោះពួកគេ និងមូលហេតុរបស់វា ។ សូមអញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។
ទន្ទេញ
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនៃ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ ហើយបន្ទាប់មក សូមរំឭកវាឡើងវិញនៅក្នុងមេរៀនក្រោយៗ ។ ឃ្លាបទគម្ពីរគន្លឹះគឺ « យ៉ូសែប ស្ម៊ីធ ‹ បានឃើញតួអង្គពីរ ដែលមានរស្មី និងសិរីរុងរឿងដែលពុំអាចពណ៌នាបានឡើយ › » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។