ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ៧–១៣ ខែ វិច្ឆិកា ។ ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ « យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត »


« ថ្ងៃទី ៧–១៣ ខែ វិច្ឆិកា ។ ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ ‹ យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៧–១៣ ខែ វិច្ឆិកា ។ ហូសេ ១–៦; ១០–១៤; យ៉ូអែល » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២

រូបភាព
កូន​ក្រមុំ និង​កូន​កំលោះ​នៅក្នុង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ៧–១៣ ខែ វិច្ឆិកា

ហូសេ ១–៦; ១០–១៤; យ៉ូអែល

« យើង​នឹង​ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត »

នៅពេល​បងប្អូន​សិក្សា និង​រៀបចំ​ខ្លួន​នៅ​សប្ដាហ៍​នេះ សូម​ពិចារណា​ពី​សារលិខិត​ដ៏​ល្អ និង​លើក​ស្ទួយ​ណាមួយ​មកពី​គម្ពីរ​ហូសេ និង​គម្ពីរ​យ៉ូអែល ដែល​អាច​ជួយ​បំពេញ​តាម​តម្រូវការ​របស់​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​សប្តាហ៍​នេះ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅលើ​ក្តារខៀន​នូវ​ពាក្យ ឬ​ឃ្លា​ដែល​បាន​បំផុស​គំនិត​ដល់​ពួកគេ អំឡុង​ពេល​ការសិក្សា​របស់​ពួកគេ ។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​ពាក្យ ឬ​ឃ្លា​នោះ​ដែល​មាន​ន័យ​ចំពោះ​ពួកគេ ។ ពាក្យ និង​ឃ្លា​ទាំងនោះ​អាច​ជួយ​ដឹកនាំ​ការពិភាក្សា​របស់​បងប្អូន​ទាំងមូល ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ហូសេ ១–៣; ១៤

ព្រះអម្ចាស់​តែង​អញ្ជើញ​យើង​ឲ្យ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ​ជានិច្ច ។

  • បងប្អូន​អាច​ចាប់ផ្ដើម​ការពិភាក្សា​អំពី ហូសេ ១–៣ ដោយ​ការសរសេរ​ពាក្យ អាពាហ៍ពិពាហ៍ នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​សរសេរ​ពាក្យ​នានា ដែល​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍ ។ តើ​ការចុះ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះអម្ចាស់ ប្រៀប​ដូចជា​ការចូល​ទៅក្នុង​ចំណង​អាពាហ៍ពិពាហ៍​ដោយ​របៀប​ណា ? តើ​ការបំពាន​សេចក្ដី​សញ្ញា​នោះ ប្រៀប​ដូចជា​ការមិន​ស្មោះត្រង់​នឹង​ស្វាមី ឬ​ភរិយា​យ៉ាង​ដូចម្ដេច ? ( សូមមើល ហូសេ ២:៥–៧, ១៣ ) ។ បន្ទាប់មក សមាជិក​អាច​ជជែក​គ្នា​អំពី​របៀប​ដែល​ទំនាក់ទំនង​រវាង​ហូសេ និង​នាង​កូមើរ តំណាង​ឲ្យ​ទំនាក់ទំនង​រវាង​ព្រះអម្ចាស់ និង​ប្រជារាស្រ្ត​របស់​ទ្រង់ ។ តើ ហូសេ ២:១៤–២៣ និង ហូសេ ១៤ បង្រៀន​យើង​អ្វីខ្លះ​អំពី​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ? តើ​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ភក្ដីភាព​របស់​យើង​ចំពោះ​ព្រះអម្ចាស់​យ៉ាង​ដូចម្តេច ?

  • ហូសេ ១៤ ពិពណ៌នា​ពី​សេចក្ដី​សន្យា​ដ៏​ស្រស់​ត្រកាល​ជាច្រើន ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​វង្ស​អ៊ីស្រាអែល ប្រសិនបើ​ពួកគេ​នឹង​ត្រឡប់​ទៅកាន់​ទ្រង់​វិញ ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​ក្នុង​ជំពូក​នេះ​រកមើល​សេចក្ដី​សន្យា​ទាំងនេះ​បាន ។ តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ធ្វើ​អ្វីខ្លះ ? តើ​ឃ្លា « ស្រឡាញ់​គេ​ស្ម័គ្រ​ពី​ចិត្ត » ( ខទី ៤ ) អាច​មាន​ន័យ​យ៉ាង​ណា ? តើ​ការប្រៀបធៀប​ដើម​នៅក្នុង ខទី ៥–៨ បង្រៀន​យើង​អ្វីខ្លះ អំពី​ពរជ័យ​របស់​ព្រះអម្ចាស់​ចំពោះ​ពួកយើង រួម​ទាំង​ពរជ័យ​នៃ​ការប្រែចិត្ត​ផងដែរ ?

    រូបភាព
    ស្ដ្រី​ម្នាក់​កំពុង​អង្គុយ​នៅនឹង​ដី ដោយ​មាន​បុរស​ម្នាក់​ដាក់​ដៃ​លើ​ក្បាល

    នាង​កូមើរ​ដែល​មាន​អំពើបាប ដែល​តំណាង​ឲ្យ​សាសន៍អ៊ីស្រាអែល បាន​ទទួល​សេចក្ដី​ប្រោសលោះ​ពី​ព្រះអម្ចាស់ ។ រចនា​រូបភាព​ដោយ ដិប មីនណាត ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​គេហទំព័រ goodsalt.com

ហូសេ ៦:៦; យ៉ូអែល ២:១២–១៣

ភក្ដីភាព​ចំពោះ​ព្រះ​ត្រូវតែ​មាន​ពី​ខាង​ក្នុង មិនមែន​គ្រាន់តែ​សម្ដែង​ខាង​ក្រៅ​នោះ​ទេ ។

  • ហូសេ ៦:៦ និង យ៉ូអែល ២:១២–១៣ យោង​ទៅ​យញ្ញបូជា​សត្វ និង​ការហែក​អាវ​ជា​ទីសម្គាល់​នៃ​ការមាន​អារម្មណ៍​សោកស្ដាយ ។ ខណៈ​ការអនុវត្ត​បែប​នោះ​អាច​លែង​មាន​នៅ​សព្វថ្ងៃ​នេះ ក៏​ខគម្ពីរ​ទាំងនេះ​អាច​ដឹកនាំ​ឲ្យ​មាន​ការពិភាក្សា​មួយ អំពី​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ព្រះអម្ចាស់​បាន​ដែរ ។ បងប្អូន​អាច​អាន​រួមគ្នា​ក្នុង ហូសេ ៦:៦ ហើយ​ពិភាក្សា​ពី​អត្ថន័យ​នៃ​ខគម្ពីរ​នេះ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន​ឲ្យ​អាន ម៉ាថាយ ៩:១០–១៣ ហើយ​ឲ្យ​សមាជិក​ផ្សេងទៀត​អាន ម៉ាថាយ ១២:១–៨ ។ បន្ទាប់មក សមាជិក​ក្នុង​ថ្នាក់​អាច​បង្រៀន​គ្នា​ទៅវិញ​ទៅមក​អំពី​របៀប​ដែល​ព្រឹត្តិការណ៍​ទាំងនេះ នៅក្នុង​ការងារ​បម្រើ​របស់​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង ឲ្យ​យល់ពី​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង ហូសេ ៦:៦ ។ តើ​យើង​អាច​រស់នៅ​តាម​គោលការណ៍​នេះ​នៅ​ជំនាន់​របស់​យើង​យ៉ាង​ដូចម្ដេច ?

    បងប្អូន​ក៏​អាច​អាន​រួមគ្នា​នៅក្នុង យ៉ូអែល ២:១២–១៣ ផងដែរ ហើយ​ពិភាក្សា​ពី​អត្ថន័យ​នៃ​ការហែក​ចិត្ត​របស់​យើង គឺ​មិន​គ្រាន់តែ​ហែក​អាវ​របស់​យើង​នោះ​ទេ ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ អំពី​អត្ថន័យ​នៃ​ការធ្វើជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ?

យ៉ូអែល ២

« យើង​នឹង​ចាត់​វិញ្ញាណ​របស់​យើង​ទៅលើ​គ្រប់​ទាំង​មនុស្ស » ។

  • ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​អំពី យ៉ូអែល ២ បងប្អូន​អាច​ចែកចាយ​ជាមួយ​សមាជិក​ក្នុង​ថ្នាក់ ពី​អ្វី​ដែល​មរ៉ូណៃ​បាន​ថ្លែង​អំពី​ការព្យាករ​នេះ នៅពេល​លោក​បាន​មក​ជួប​នឹង យ៉ូសែប ស៊្មីធ នៅ​ឆ្នាំ ១៨២៣ ( សូមមើល យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:៤១ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ការព្យាករ​ទាំងឡាយ​នៅក្នុង យ៉ូអែល ២:២៨–៣២ ដែល​ត្រូវបាន​បំពេញ​នៅក្នុង​ជំនាន់​របស់​យើង ។ បងប្អូន​ក៏អាច​ពិភាក្សា​ពី​របៀប​ដែល​ពាក្យ​ពេចន៍​របស់​អែលឌើរ ដេវីដ អេ បែដណា នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ទាក់ទង​ទៅនឹង​ការព្យាករ​របស់​យ៉ូអែល​ផងដែរ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​ពី​អត្ថន័យ​នៃ​អារម្មណ៍​អំពី​ការចាត់​មក នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ប្រសិនបើ​យើង​មាន​អារម្មណ៍​ថា យើង​មិន​បាន​ទទួល​ការចាត់​មក​នោះ ? តើ​យើង​អាច​ជួយ « កូនប្រុស​ស្រី [ របស់ ] [ យើង ] » ឲ្យ​ទទួល​បាន​វា​ដោយ​របៀប​ណា ? ( ខទី ២៨ ) ។

រូបភាព
រូប​តំណាង​ធនធាន​បន្ថែម​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

« យើង​អាច​ទុកចិត្ត​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹកនាំ​យើង​បាន » ។

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន ៖

« ជាញឹកញាប់ យើង​ធ្វើឲ្យ​ខ្លួនឯង​ពិបាក​នឹង​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។ ខ្ញុំ​និយាយ​ដូច្នេះ​មាន​ន័យ​ថា ការសន្យា​សេចក្ដី​សញ្ញា​មួយ​គឺ​ថា នៅពេល​យើង​គោរព​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​អាច​នឹង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​ជា​ដៃគូ​ជាប់លាប់​របស់​យើង​ជានិច្ច ។ ប៉ុន្ដែ​យើង​និយាយ​អំពី​វា ហើយ​យើង​ប្រព្រឹត្ត​ហាក់​ដូចជា​ការស្ដាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់​គឺជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ ។ … [ ព្រះវិញ្ញាណ ] គួរតែ​គង់នៅ​ជាមួយ​យើង​គ្រប់​ពេល ។ មិនមែន​គ្រប់​វិនាទី​នោះ​ទេ ប៉ុន្ដែ​បើ​បុគ្គល​ម្នាក់​ធ្វើឲ្យ​អស់​ពី​លទ្ធភាព​ខ្លួន—បងប្អូន​មិន​ចាំបាច់​ឥតខ្ចោះ​នោះ​ទេ—ប៉ុន្ដែ​បើ​បងប្អូន និង​ខ្ញុំ​ធ្វើឲ្យ​អស់​ពី​លទ្ធភាព​យើង ហើយ​យើង​មិន​ប្រព្រឹត្ត​ការរំលង​ធ្ងន់ធ្ងរ នោះ​យើង​អាច​ពឹងពាក់​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ដឹកនាំ​យើង​បាន ។ …

« … យើង​ហាក់​ជឿ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សេចក្ដី​រំជើប​រំជួល និង​ធំដុំ ហើយ​ភា្លមៗ ខណៈ​វា​គឺជា​រឿង​តូចតាច និង​ស្ងប់ស្ងាត់ ហើយ​កើនឡើង​បន្ដិច​ម្ដងៗ​តាម​ពេលវេលា ។ បងប្អូន​មិន​ចាំបាច់​ស្គាល់​ថា បងប្អូន​កំពុង​ទទួល​វិវរណៈ​ក្នុង​ពេល​ដែល​បងប្អូន​កំពុង​ទទួល​វិវរណៈ​នោះ​ទេ » ( « Elder DavidA. Bednar Discussion » [ ជំនួប​ជាមួយ​នឹង​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ស្វាគមន៍​រាក់ទាក់ ។ អ្នករៀន​ត្រូវ​ដឹង​ថា បងប្អូន​ខ្វល់ខ្វាយ​ពី​ពួកគេ និង​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ ។ របៀប​មួយ​ដ៏​ល្អ​ដើម្បី​បង្ហាញ​ពួកគេ​ពី​ការណ៍​នេះ គឺ​តាមរយៈ​ការស្វាគមន៍​ពួកគេ​យ៉ាង​កក់ក្ដៅ ពេល​ពួកគេ​មក​ដល់​ថ្នាក់រៀន ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១៥ ) ។