ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ១៧–២៣ ខែ មករា ។ លោកុប្បត្តិ ៥; ម៉ូសេ ៦ ៖ « បង្រៀន​ការណ៍​ទាំងនេះ​ដោយ​សេរី​ដល់​កូនចៅ​អ្នក »


« ថ្ងៃទី ១៧–២៣ ខែ មករា ។ លោកុប្បត្តិ ៥; ម៉ូសេ ៦ ៖ ‹ បង្រៀន​ការណ៍​ទាំងនេះ​ដោយ​សេរី​ដល់​កូនចៅ​អ្នក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៧–២៣ ខែ មករា ។ លោកុប្បត្តិ ៥; ម៉ូសេ ៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
លោក​អ័ដាម និង​នាង​អេវ៉ា​នៅ​ក្រៅ​សួនច្បារ​អេដែន

ប្រសើរ​ជាង​ស្ថានបរម​សុខ ដោយ ខិនដុល រ៉េយ ចនសុន

ថ្ងៃទី ១៧–២៣ ខែ មករា

លោកុប្បត្តិ ៥; ម៉ូសេ ៦

« បង្រៀន​ការណ៍​ទាំងនេះ​ដោយ​សេរី​ដល់​កូនចៅ​អ្នក »

ពី​មុន​បងប្អូន​អាន​ឯកសារ​បង្រៀន​បន្ថែម​ទៀត​ណា​មួយ សូម​អាន ហើយ​ពិចារណា​ពី លោកុប្បត្តិ ៥ និង ម៉ូសេ ៦ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​បងប្អូន ។ សៀវភៅ ចូរ​មក​តាម​ខ្ញុំ​—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង​គម្រោង​មេរៀន​នេះ អាច​ផ្ដល់​យោបល់​នានា​ដល់​បងប្អូន​អំពី​របៀប​ដើម្បី​ជួយ​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ឲ្យ​រកឃើញ​សេចក្ដីពិត​ដែល​ទាក់ទង​នឹង​ពួកគេ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

តើ​បងប្អូន​អាច​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ការយល់ដឹង និង​បទពិសោធន៍​នានា​ដែល​ពួកគេ​មាន នៅ​ពេល​ពួកគេ​បាន​សិក្សា លោកុប្បត្តិ ៥ និង ម៉ូសេ ៦ តាម​របៀបណា ? បងប្អូន​អាច​សរសេរ​ឈ្មោះ អ័ដាម និង អេណុក នៅលើ​ក្ដារខៀន ហើយ​សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​សរសេរ​អ្វីមួយ ដែល​ព្យាការី​ទាំងនេះ​ម្នាក់​បាន​ធ្វើ ឬ​បាន​បង្រៀន​ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ូសេ ៦:២៦–៣៩

ព្រះអម្ចាស់​ហៅ​យើង​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ថ្វីបើ​យើង​មិនមាន​ភាពគ្រប់គ្រាន់​ក្ដី ។

  • វាជា​ឱកាស​ល្អ​មួយ ពេល​នរណាម្នាក់​នៅក្នុង​ថ្នាក់​របស់​បងប្អូន​បាន​មាន​អារម្មណ៍​—​ឬ​កំពុង​មាន​អារម្មណ៍​—​ថា​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​នឹង​ការទទួល​ខុសត្រូវ​នៅឯ​គេហដ្ឋាន ឬ​នៅក្នុង​សាសនាចក្រ ។ ដើម្បី​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ជឿ​ថា ព្រះអម្ចាស់​អាច​ជួយ​ពួកគេ​បាន នោះ​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន​បទពិសោធន៍​របស់​អេណុក​ដែល​មាន​នៅក្នុង ម៉ូសេ ៦:២៦–៣៩ ។ តើ​ព្រះ​បាន​ជួយ​អេណុក​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ ទោះជា​អេណុក​ភ័យខ្លាច​យ៉ាង​ដូចម្ដេច ? សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​គិត​អំពី​គំរូ​របស់​មនុស្ស​ផ្សេងទៀត ដែល​បាន​យកឈ្នះ​លើ​ភាពទន់ខ្សោយ​របស់​ពួកគេ ហើយ​សម្រេច​បាន​កិច្ចការ​របស់​ព្រះអម្ចាស់ មិន​ថា​មកពី​ព្រះគម្ពីរ ឬ​ពី​ជីវិត​របស់​ពួកគេ​ផ្ទាល់​ឡើយ ។ តើ​យើង​អាច​ចែកចាយ​គំរូ​អ្វីខ្លះ ? ( សូមមើល​ផងដែរ និក្ខមនំ ៤:១០–១៦; យេរេមា ១:៤–១០; នីហ្វៃ​ទី​២ ៣៣:១–៤; អេធើរ ១២:២៣–២៩ ) ។

  • ពួកសាវក និង​ព្យាការី​សម័យ​ទំនើប​ជាច្រើន​បាន​បង្ហាញ​ពី​កង្វល់​ដែល​ស្រដៀង​គ្នា​នឹង​កង្វល់​របស់​អេណុក​ដែរ នៅពេល​ពួកលោក​បាន​ពិពណ៌នា​ពី​អារម្មណ៍​ខ្លួន ពេល​ទទួល​បាន​ការហៅ​បម្រើ​របស់​ពួកលោក ។ បទពិសោធន៍​របស់​ពួកលោក​អាច​ចម្រើន​ដល់​ការយល់ដឹង​របស់​សមាជិក​ក្នុង​ថ្នាក់​អំពី ម៉ូសេ ៦:២៦–៣៩ ។ សូម​ពិចារណា​មើល​ឡើងវិញ​នូវ​វីដេអូ « On the Lord’s Errand: The Life of Thomas S. Monson » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ចន្លោះ​នាទី ៣៥:៤៦ និង ៣៩:៤០ ) ឬ សុន្ទរកថា​ដោយ​សមាជិក​ដែល​បាន​ហៅ​ថ្មីៗ​នេះ​នៅ​ក្នុង​កូរ៉ុម​នៃ​ពួកដប់​ពីរ​នាក់ ( ឧទាហរណ៍ សូមមើល​ទីបន្ទាល់​របស់​អែលឌើរ រ៉ូណាល់ អេ រ៉ាសបាន អែលឌើរ ហ្គែរី អ៊ី ស្ទីវិនសិន និង អែលឌើរ ឌេល ជី រេនឡាន់ [ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៨៩–៩៤ ] ) ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ចំណាប់​អារម្មណ៍​របស់​ពួកគេ​អំពី​គំរូ​ទាំងនេះ ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​មកពី​ថ្នាក់ដឹកនាំ​ទាំងនេះ អំពី​អារម្មណ៍​មិន​គ្រប់គ្រាន់​របស់​យើង​ផ្ទាល់ ? សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​អាច​មាន​ប្រយោជន៍​ចំពោះ​ការពិភាក្សា​នេះ​ផងដែរ ។

ម៉ូសេ ៦:៤៨–៦៥

សេចក្ដី​ជំនឿ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក និង​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​រៀបចំ​យើង​ឲ្យ​ត្រឡប់​ទៅកាន់​ព្រះ​វិញ ។

  • គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅ​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ណែនាំ​ឲ្យ​អាន ម៉ូសេ ៦:៤៨–៦២ ដើម្បី​ស្វែងរក​អ្វី​ដែល​ពួកយើង​ម្នាក់ៗ​ត្រូវតែ​ដឹង និង​ធ្វើ​ដើម្បី​បាន​ប្រោសលោះ ។ ប្រហែលជា​សិស្ស​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​ការយល់ដឹង​នានា ដែល​បាន​ទទួល​មកពី​ការសិក្សា​នៅក្នុង​គេហដ្ឋាន​របស់​ពួកគេ ។ ឬ បងប្អូន​អាច​ពិភាក្សា ម៉ូសេ ៦:៤៨–៦២ រួមគ្នា​នៅក្នុង​ថ្នាក់រៀន ។ តើ​យើង​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច ចំពោះ​នរណាម្នាក់​ដែល​សួរ​ថា ហេតុអ្វី​សេចក្ដី​ជំនឿ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក និង​ការទទួល​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺជា​ការចាំបាច់ ? តើ​ព្រះអម្ចាស់​ឆ្លើយតប​នឹង​សំណួរ​នេះ​នៅក្នុង ខទី ៥៣–៦៥ ដោយ​របៀប​ណា ហើយ​តើ​យើង​រៀន​បាន​អ្វីខ្លះ​មកពី​ចម្លើយ​របស់​ទ្រង់ ?

    រូបភាព
    គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ

    ឪពុក​ម្តាយ​គួរតែ​បង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ពួកគេ ។

ម៉ូសេ ៦:៥១–៦៣

« បង្រៀន​ការណ៍​ទាំងនេះ​ដោយ​សេរី​ដល់​កូនចៅ​អ្នក » ។

  • នៅក្នុង ម៉ូសេ ៦:៥១–៦៣ យើង​រៀន​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ថា ព្រះអម្ចាស់​បាន​បង្រៀន​លោក​អ័ដាម ហើយ​បាន​បង្គាប់​ឲ្យ​លោក​បង្រៀន​ដល់​ជំនាន់​ក្រោយៗ​ទៀត ។ ប្រហែល​សមាជិក​ក្នុង​ថ្នាក់​អាច​ធ្វើ​បញ្ជី​មួយ​អំពី​សេចក្ដីពិត​ទាំងនេះ តាមរយៈ​ការសិក្សា​ក្រុម​ខគម្ពីរ​តូចៗ​ដូចជា ខទី ៥១–៥២, ៥៣–៥៧, ៥៨–៦០, ៦១–៦៣ ។ ហេតុអ្វី​សេចក្ដីពិត​ទាំងនេះ​មាន​តម្លៃ​ចំពោះ​ជំនាន់​កំពុង​ពេញវ័យ​នា​សព្វថ្ងៃ​នេះ ? តើ​បងប្អូន​ចង់​ឲ្យ​យុវវ័យ​ដឹង​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ចេញ​មកពី​ខគម្ពីរ​ទាំងនេះ ? សិស្ស​ក្នុង​ថ្នាក់​អាច​ស្ម័គ្រចិត្ត​ចែកចាយ​យោបល់ ឬ​បទពិសោធន៍​នានា​ដើម្បី​ជួយ​គ្នា​ឲ្យ​បង្រៀន​សេចក្ដីពិត​ទាំងនេះ​ដល់​កូនៗ និង​យុវវ័យ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​ទៀត​មកពី​ការណែនាំ​របស់​ព្រះអម្ចាស់​ដល់​ឪពុក​ម្ដាយ​នៅក្នុង ម៉ូសាយ ៤:១៤–១៥ និង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:២៥–២៨; ៩៣:៤០–៥០ ?

  • ដើម្បី​បន្ថែម​ទៅលើ​អ្វី​ដែល ម៉ូសេ ៦ បង្រៀន​អំពី​ការទទួល​ខុសត្រូវ​របស់​ឪពុក​ម្ដាយ​ដើម្បី​បង្រៀន​កូនៗ​របស់​ពួកគេ នោះ​បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើល​វីដេអូ​ដូច​តទៅ​នេះ​មួយ ឬ​ច្រើន ៖ « Parenting: Touching the Hearts of Our Youth » « Proclamation Series: Children » ឬ « Mother in Israel » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​វីដេអូ​ទាំងនេះ អំពី​ការបង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​យើង ? ប្រសិនបើ​បងប្អូន​កំពុង​បង្រៀន​យុវវ័យ នោះ​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​អាច​គាំទ្រ​ឪពុក​ម្ដាយ​របស់​ពួកគេ នៅ​ក្នុង​កិច្ចខិតខំ​របស់​ពួកគាត់​ដើម្បី​បង្រៀន​ដំណឹងល្អ​នៅឯ​គេហដ្ឋាន ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

« នរណា​ដែល​ព្រះអម្ចាស់​ហៅ នោះ​ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ » ។

ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា « មនុស្ស​មួយ​ចំនួន​អាច​មាន​ការខ្មាស​អៀន​ពី​ធម្មជាតិ ឬ​គិត​ថា​ខ្លួន​ឯង​មិន​គ្រប់គ្រាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការហៅ​បម្រើ​ដែល​វិជ្ជមាន ។ ចូរ​ចាំ​ថា កិច្ចការ​នេះ​ពុំ​គ្រាន់​តែ​ជា​របស់​អ្នក និង​ខ្ញុំ​តែ​ប៉ុណ្ណោះ​នោះ​ទេ ។ វា​ជា​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​ពេល​យើង​ស្ថិត​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះអម្ចាស់ ។ សូម​ចងចាំ​ថា នរណា​ដែល​ព្រះអម្ចាស់​ហៅ នោះ​ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ » ( « Duty Calls » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤៤ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ព្រះវិញ្ញណ​បរិសុទ្ធ​គឺជា​គ្រូបង្រៀន ។ តួនាទី​របស់​បងប្អូន​ក្នុង​នាមជា​គ្រូបង្រៀន​ម្នាក់​គឺ​សំខាន់ ប៉ុន្ដែ​សូម​ចាំ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​គ្រូបង្រៀន​ដ៏​ពិត ។ សូម​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​រៀន​មក​ពី​ព្រះវិញ្ញាណ ហើយ​ចែកចាយ​នឹង​គ្នា​នូវ​អ្វី​ដែល​ពួកគេ​រៀន ។