ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ ២០២២
ថ្ងៃទី ១០–១៦ ខែ មករា ។ លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ៖ ការធ្លាក់​របស់​លោកអ័ដាម និង​នាងអេវ៉ា


« ថ្ងៃទី ១០–១៦ ខែ មករា ។ លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ ៖ ការធ្លាក់​របស់​លោកអ័ដាម និង​នាងអេវ៉ា » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១០–១៦ ខែ មករា ។ លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

រូបភាព
លោក​អ័ដាម និង​នាង​អេវ៉ា​កំពុង​ដើរ​ជាមួយ​គ្នា

លោក​អ័ដាម និង នាងអេវ៉ា ដោយ ដូក្លាស អិម ហ្វ្រាយ័រ

ថ្ងៃទី ១០–១៦ ខែ មករា

លោកុប្បត្តិ ៣–៤; ម៉ូសេ ៤–៥

ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា

នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន​អំពី លោកុប្បត្តិ ៣–៤ និង ម៉ូសេ ៤–៥ សូម​គិត​អំពី​សំណួរ ឬ​សកម្មភាព​ទាំងឡាយ​ណា ដែល​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបភាព
រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សមាជិក​ក្នុង​ថ្នាក់​អាច​រំឭក​ខ្លីៗ​អំពី លោកុប្បត្តិ ៣–៤ម៉ូសេ ៤–៥ ជ្រើសរើស​ខគម្ពីរ​មួយ​ដែល​ពួកគេ​ចាប់​អារម្មណ៍ ហើយ​ចែកចាយ​វា​ជាមួយ​នរណាម្នាក់​ដែល​អង្គុយ​ក្បែរ​ ។ រួចហើយ សិស្ស​ពីរ​បី​នាក់​អាច​ចែកចាយ​ការយល់ដឹង​មួយ​ជាមួយ​នឹង​សិស្ស​នៅក្នុង​ថ្នាក់ ។

រូបភាព
រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ូសេ ៤:១–១៣; ៥:១–១២

យើង​ត្រូវការ​សិទ្ធិ​ជ្រើសរើស និង​ការផ្ទុយ​ដើម្បី​រីកចម្រើន ។

  • ដោយសារ​សិទ្ធិ​ជ្រើសរើស​—​ជា​សិទ្ធិ​ដែល​ព្រះ​បាន​ប្រទាន​មក​ដើម្បី​ធ្វើការ​ជ្រើសរើស — គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​រមែង​ស្លាប់ នោះ​ពេលខ្លះ​យើង​មិន​សូវ​ឲ្យ​តម្លៃ​វា ។ ដើម្បី​បង្កើន​ការកោត​សរសើរ​របស់​សមាជិក​ក្នុង​ថ្នាក់​ចំពោះ​អំណោយទាន​នេះ ពួកគេ​អាច​អាន និង​ពិភាក្សា ម៉ូសេ ៤:១–៤ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ អំពី​សារៈសំខាន់​នៃ​សិទ្ធិ​ជ្រើសរើស ? ហេតុអ្វី​ផែនការ​របស់​ព្រះ​នឹង​ត្រូវបាន​បំផ្លាញ ប្រសិនបើ​យើង​មិន​មាន​សិទ្ធិ​ជ្រើសរើស​ទេ​នោះ ? ពាក្យ​ដក​ស្រង់​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ »​ អាច​ផ្ដល់​ការយល់ដឹង​មួយ​ចំនួន ។

  • ប្រហែល​សមាជិក​ក្នុង​ថ្នាក់​បាន​សិក្សា​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក « ការផ្ទុយ​ចំពោះ​រឿង​គ្រប់យ៉ាង » ( Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១១៤–១៧ ) ជា​ផ្នែក​នៃ​ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជា​ក្រុមគ្រួសារ​របស់​ពួកគេ​នា​សប្ដាហ៍​នេះ ។ អំឡុង​សប្ដាហ៍​នេះ បងប្អូន​អាច​ពិចារណា​អញ្ជើញ​មនុស្ស​ពីរ​បី​នាក់​ឲ្យ​មក​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​អ្វីមួយ​មកពី​សារលិខិត​របស់​លោក ដែល​បាន​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ( សូមមើល​ជាពិសេស ផ្នែក​ទី I និង II ) ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យ​យើង​ជួប​នឹង « ការផ្ទុយ​ចំពោះ​រឿង​គ្រប់យ៉ាង » ? ( សូម​មើល នីហ្វៃ​ទី​២ ២:១១–១៦ ) ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៣៩–៤០ ហើយ​ពិភាក្សា​ពី​មូលហេតុ ដែល​ការល្បួង​របស់​សាតាំង​គឺ​ចាំបាច់​នៅក្នុង​ផែនការ​របស់​ព្រះ ។ តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង នៅពេល​យើង​ប្រឈម​មុខ​នឹង​ការល្បួង​ដោយ​របៀប​ណា ?

    រូបភាព
    អេវ៉ា​កំពុង​កាន់​ផ្លែឈើ

    ការចាកចេញ​ពី​សួនច្បារ​អេដែន ដោយ អានី ហែនរី ណេឌើរ

ម៉ូសេ ៤:៤–១២; ៥:១៣–៣៣

សាតាំង​ព្យាយាម « ដើម្បី​បញ្ឆោត ហើយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់ » ។

  • ម៉ូសេ ៤:៤–១២; ៥:១៣–៣៣ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​រកឃើញ​របៀប​មួយ​ចំនួន ដែល​សាតាំង​បាន​ល្បួង​យើង​ឲ្យ​ធ្វើ​អាក្រក់ ។ បងប្អូន​អាច​សូម​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​អាន ម៉ូសេ ៤:៤–១២ ហើយ​ឲ្យ​សិស្ស​ពាក់កណ្ដាល​ថ្នាក់​ទៀត​អាន ៥:១៣, ១៨–៣៣ ។ កាល​ពួកគេ​អាន ពួកគេ​អាច​សរសេរ​ពី​វិធី​នានា​ដែល​សាតាំង​បាន​ព្យាយាម​ល្បួង​លោក​អ័ដាម និង​នាង​អេវ៉ា ព្រមទាំង​កូនចៅ​របស់​ពួកគេ​ផងដែរ ។ តើ​វា​ប៉ុនប៉ង​ធ្វើ​ការណ៍​ដូចគ្នា​ទាំងនេះ​នា​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា ? តើ​ព្រះវរបិតាសួគ៌​អាច​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​ការបោក​បញ្ឆោត​របស់​សាតាំង​យ៉ាង​ដូចម្តេច ?

លោកុប្បត្តិ ៣:១–៧; ម៉ូសេ ៤:២២–៣១; ៥:៤–១៥

ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្ដល់​សេចក្ដី​សង្ឃឹម និង​ការប្រោសលោះ​ពី​ការធ្លាក់ ។

  • កាលណា​យើង​យល់ពី​ឥទ្ធិពល​នៃ​ការធ្លាក់​កាន់តែ​ខ្លាំង នោះ​យើង​កាន់តែ​កោត​សរសើរ​ដល់​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សមាជិក​ក្នុង​ថ្នាក់​អាច​រកមើល​ឥទ្ធិពល​នៃ​ការធ្លាក់​នៅក្នុង លោកុប្បត្តិ ៣:១–៧; ម៉ូសេ ៤:២២–៣១ ហើយ​សរសេរ​អ្វី​ដែល​ពួកគេ​រកឃើញ​​នៅលើ​ក្ដារខៀន ។ រួចហើយ ពួកគេ​អាច​ស្រាវជ្រាវ​ក្នុង ម៉ូសេ ៥:៤–១២, ១៤–១៥ ដើម្បី​រៀនសូត្រ​អំពី​ផែនការ​របស់​ព្រះ​ក្នុង​ការប្រោសលោះ​យើង​ចេញពី​ឥទ្ធិពល​ទាំងនោះ ( សូមមើល​ផងដែរ នីហ្វៃ​ទី​២ ២:១៩–២៥; អាលម៉ា ១២:២២–៣៤ ) ហើយ​សរសេរ​អ្វី​ដែល​ពួកគេ​រកឃើញ​ដាក់​នៅលើ​ក្ដារខៀន ។ ពួកគេ​ក៏​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​ចាប់​អារម្មណ៍​ពី​ទីបន្ទាល់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​មាន​នៅក្នុង ខទី ១០–១២ ផងដែរ ។ តើ​យើង​មាន​អារម្មណ៍​បែបណា អំពី​ផែនការ​របស់​ព្រះ​ក្រោយពី​បាន​អាន​ខគម្ពីរ​ទាំងនេះ​ហើយ ?

  • ដំណើររឿង​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​អំពី​សេចក្ដី​សង្ឃឹម និង​ការប្រោសលោះ​អាច​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​បាន នៅពេល​ជីវិត​ជួប​នឹង​ការលំបាក ។ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ពាក្យ និង​ឃ្លា​នានា​នៅក្នុង ម៉ូសេ ៥:៧–១២ ដែល​បង្ហាញ​ពី​សេចក្ដី​សង្ឃឹម ដែល​លោក​អ័ដាម និង​នាង​អេវ៉ា​បាន​មាន ពេល​ពួកគេ​បាន​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​អាច​ប្រោសលោះ​ពួកគេ​បាន​នោះ ។ តើ​យើង​បាន​មាន​អារម្មណ៍​នៃ​សេចក្ដី​សង្ឃឹម​ដូចគ្នា​នឹង​លោក​អ័ដាម និង​នាង​អេវ៉ា​នៅពេល​ណា​ដែរ ? សូម​ពិចារណា​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ចែកចាយ​ទំនុក​តម្កើង​ចំណូល​ចិត្ត​របស់​ពួកគេ ដែល​បង្ហាញ​ពី​សេចក្ដី​សង្ឃឹម​ដែល​កើត​មាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​អាច​ច្រៀង​ទំនុក​តម្កើង​ទាំងនេះ​ពីរ​បី​រួមគ្នា​បាន ។

រូបភាព
រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

យើង​អាច​ជ្រើសរើស​សម្រាប់​ខ្លួន​យើង ។

អែលឌើរ ឌេល ជី រេនឡាន់ បាន​បង្រៀន ៖

« គោលបំណង​របស់​ព្រះវរបិតាសួគ៌​យើង​ក្នុង​ការធ្វើ​ជា​ឪពុកម្តាយ គឺ​ពុំ​គ្រាន់តែ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​ធ្វើ​អ្វី​ដែល​ត្រូវ​ប៉ុណ្ណោះ​ទេ គោលបំណង​របស់​ទ្រង់​គឺ​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់​ជ្រើសរើស​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​នៅ​ទីបំផុត​ក្លាយ​ដូចជា​ទ្រង់ ។ ប្រសិនបើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​គោរព​ប្រតិបត្តិ នោះ​ទ្រង់​នឹង​ប្រើ​ការប្រទាន​រង្វាន់ និង​ការដាក់​ទណ្ឌកម្ម​ភ្លាមៗ ដើម្បី​មាន​ឥទ្ធិពល​លើ​ឥរិយាបថ​របស់​យើង ។

« ប៉ុន្តែ​ព្រះ​ពុំ​ចាប់​អារម្មណ៍​លើ​បុត្រាបុត្រី​ទ្រង់​ដោយ​គ្រាន់តែ​ឲ្យ​ពួកគេ​ក្លាយ​ជា ‹ សត្វ​ចិញ្ចឹម › ដែល​ត្រូវ​បាន​បង្វឹក ហើយ​គោរព​តាម ដែល​នឹង​មិន​ទំពារ​ស្បែក​ជើង​របស់​ទ្រង់​នៅក្នុង​បន្ទប់​ទទួល​ភ្ញៀវ​នៅ​នគរ​សេឡេស្ទាល​នោះ​ទេ ។ ទេ ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​បុត្រា​បុត្រី​ទ្រង់​រីក​ចម្រើន​ខាង​វិញ្ញាណ ហើយ​ចូលរួម​នឹង​ទ្រង់​ក្នុង​កិច្ចការ​គ្រួសារ » ( « ចូរ​អ្នក​ជ្រើសរើស​ថ្ងៃនេះ​ចុះ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​បង្កើន​ការ​ចូល​រួម​របស់​សិស្ស ។ សកម្មភាព​ជាច្រើន​អាច​ធ្វើឡើង​រួមគ្នា​ក្នុង​ថ្នាក់រៀន ជា​ក្រុម​តូចៗ ឬ​ជា​ដៃគូ ។ សូម​ប្រើ​វិធី​សាស្ត្រ​ផ្សេងៗ​គ្នា​មួយ​ដើម្បី​ឲ្យ​សិស្ស​ចូល​រួម ដែល​ពួកគេ​ខ្លះ​អាច​នឹង​គ្មាន​ឱកាស​ចូល​រួម ប្រសិន​បើ​គ្មាន​វិធី​សាស្ត្រ​ទេនោះ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៣–៣៤ ) ។