ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ១៦–២២ ខែ តុលា ។ ថែស្សាឡូនីច ទី១ និង ទី២ ៖ « បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ​ខាងឯ​សេចក្តី​ជំនឿ​របស់​អ្នករាល់គ្នា »


« ថ្ងៃទី ១៦–២២ ខែ តុលា ។ ថែស្សាឡូនីច ទី១ និង ទី២ ៖ ‹ បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ​ខាងឯ​សេចក្តី​ជំនឿ​របស់​អ្នករាល់គ្នា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៦–២២ ខែ តុលា ។ ថែស្សាឡូនីច ទី១ និង ទី២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
​អ្នក​ផ្សព្វផ្សាយ​សាសនាជាស៊ីស្ទើរ​កំពុង​និយាយ​ជាមួយ​បុរសម្នាក់

ថ្ងៃទី ១៦–២២ ខែ តុលា

ថែស្សាឡូនីច ទី១ និង ទី២

« បំពេញ​សេចក្តី​អ្វី​ដែល​ខ្វះ​ខាងឯ​សេចក្តី​ជំនឿ​របស់​អ្នករាល់គ្នា »

អាលម៉ា​បាន​បង្រៀន​ថា « កុំ​ទុកចិត្ត​លើ​នរណា​ម្នាក់ ឲ្យ​ធ្វើជា​គ្រូ​អ្នក ឬ​ជា​សង្ឃ​ប្រដៅ​អ្នក​ដែរ លើក​លែងតែ​អ្នក​នោះ​ជា​អ្នកសំណព្វ​នៃ​ព្រះ ដែល​ដើរតាម​ផ្លូវ​របស់​ទ្រង់ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ប៉ុណ្ណោះ » ( ម៉ូសាយ ២៣:១៤ ) ។ តើ​បទគម្ពីរ​នេះ​ណែនាំ​អ្វីខ្លះ​អំពី​របៀប​ដែល​បងប្អូន​គួរតែ​រៀបចំ​ខ្លួន​បង្រៀន ?

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពីរបី​នាទី ដើម្បី​មើល​មួយ​ភ្លែត​ក្នុង ថែស្សាឡូនីច ទី១ និង ទី២ ហើយ​ស្វែងរក​ខគម្ពីរ​មួយ​ដែល​ពួកគេ​ចាប់​អារម្មណ៍ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ខគម្ពីរ​របស់​ពួកគេ ជាមួយ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ទៀត​នៅក្នុង​ថ្នាក់​រៀន រួចហើយ​សូម​ឲ្យ​ដៃគូ​ពីរ​បី​គូ​ឡើង​ចែកចាយ​អ្វី ដែល​ពួកគេ​បាន​រៀន​ពីគ្នា​ទៅវិញ​ទៅមក ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ថែស្សាឡូនីច ទី១ ១:៥–៨; ២:១–១៣

អ្នកបម្រើ​ក្នុង​ដំណឹងល្អ​គួរតែ​ផ្សាយ​ដំណឹងល្អ​ដោយ​អស់ពី​ចិត្ត និង​ដោយ​សេចក្ដី​ស្រឡាញ់ ។

  • ប៉ុល​បាន​ចាប់ផ្ដើម សំបុត្រ​របស់​លោក​ដល់​សាសន៍​ថែស្សាឡូនីច ដោយ​រំឭក​ពួកបរិសុទ្ធ​ទាំងនោះ​អំពី​របៀប​ដែល​លោក និង​មនុស្ស​ដទៃ​ទៀត​បាន​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​ពួកគេ ។ នេះ​ប្រហែល​ជា​ឱកាស​ល្អ​មួយ ដើម្បី​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​វាយតម្លៃ​អំពី​របៀប​ដែល​ពួកគេ​កំពុង​បង្រៀន និង​កំពុង​រៀន​ពីគ្នា​ទៅវិញ​ទៅមក ។ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន ថែស្សាឡូនីច ទី១ ១:៥–៨; ២:១–១៣ ហើយ​រក​គោលការណ៍​ដែល​ទាក់ទង​នឹង​ការចែកចាយ​ដំណឹងល្អ​ឲ្យ​មាន​ប្រសិទ្ធភាព ។ បន្ទាប់​មក ពួកគេ​អាច​សរសេរ​សំណួរ​ដោយ​ផ្អែកលើ​ខគម្ពីរ​ទាំង​នេះ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​វាយតម្លៃ​ការខិតខំ​របស់​ពួកគេ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​មនុស្ស​ដទៃ ។ ឧទាហរណ៍ សំណួរ​មួយ​អាច​ជា « តើ​ខ្ញុំ​គឺជា​គំរូ​អំពី​រឿង​ដែល​ខ្ញុំ​ដឹង​ដែរ​ឬទេ ? » ( សូមមើល ថែស្សាឡូនីច ទី១ ១:៧ ) ។ តើ​ការធ្វើ​តាម​គោលការណ៍​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ អាច​ជួយ​យើង​ឲ្យ​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដែល​យើង​បង្រៀន​បាន​កាន់តែ​ប្រសើរ​ដោយ​របៀប​ណា ?

ថែស្សាឡូនីច ទី១ ៣:៩–១៣; ៤:១–១២

នៅពេល​យើង​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ទ្រង់​អាច​ធ្វើឲ្យ​យើង​បរិសុទ្ធ​បាន ។

  • ប៉ុល​បាន​បង្រៀន​ពួកបរិសុទ្ធ​នៅ​ថែស្សាឡូនីច​ថា « ព្រះ​មិន​បាន​ហៅ​យើង​រាល់​គ្នា មក​ក្នុង​សេចក្តី​ស្មោកគ្រោក​ទេ គឺ​មក​ក្នុង​សេចក្តី​បរិសុទ្ធ​វិញ » ( ថែស្សាឡូនីច ទី១ ៤:៧ ) ។ ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​ភាពបរិសុទ្ធ នោះ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ឬ​បុគ្គល​ម្នាក់​អាច​ច្រៀង​បទ « ឲ្យ​ខ្ញុំ​កាន់តែ​វិសុទ្ធ » ( ទំនុក​តម្កើង ល.រ. ៧១ ) បាន ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិភាក្សា​អំពី​បុគ្គលិក​លក្ខណៈ​នៃ​ភាពបរិសុទ្ធ ដែល​បាន​លើកឡើង​នៅក្នុង​ទំនុក​តម្កើង​នេះ​ដែល​ពួកគេ​ចាប់​អារម្មណ៍ ។ សូម​សរសេរ​ប្រយោគ​នេះ​នៅលើ​ក្ដារខៀន ឲ្យ​ខ្ញុំ​កាន់តែ​វិសុទ្ធ …  ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រកមើល​ពាក្យ ឬ​ឃ្លា​នៅក្នុង ថែស្សាឡូនីច ទី១ ៣:៩–១៣; ៤:១–១២ ដើម្បី​បំពេញ​ប្រយោគ​នេះ ។ តើ​យើង​អាច​អភិវឌ្ឍ​បុគ្គលិក​លក្ខណៈ​ទាំងនេះ​តាម​របៀប​ណា ?

  • ការអញ្ជើញ​ឲ្យ​បរិសុទ្ធ​អាច​មើលទៅ​ជា​រឿង​គួរឲ្យ​ភ័យ​ខ្លាច ។ វា​អាច​មាន​ប្រយោជន៍ ប្រសិនបើ​សមាជិក​ក្នុង​ថ្នាក់​យល់​ថា ការអភិវឌ្ឍ​ភាពបរិសុទ្ធ​គឺជា​ដំណើរការ​ជាបន្ត​បន្ទាប់​មួយ​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ « កាន់តែ​ខ្លាំង​ឡើង » ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ( ថែស្សាឡូនីច ទី១ ៤:១០ ) ។ ដើម្បី​បង្ហាញ​ពី​ដំណើរការ​នេះ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ឲ្យ​និយាយ​អំពី​ទេពកោសល្យ ឬ​ជោគជ័យ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការខិតខំ​ជាបន្ត​បន្ទាប់​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ដូចជា​ការធ្វើ​ភួយ​សំឡី ឬ​ការលេង​ឧបករណ៍​តន្ត្រី​មួយ ។ តើ​ការណ៍​នេះ​ស្រដៀង​គ្នា​នឹង​ដំណើរការ​នៃ​ការមាន​ភាពបរិសុទ្ធ​តាម​របៀប​ណា ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រំឭក ថែស្សាឡូនីច ទី១ ៣:៩–១៣; ៤:១–១២ ឡើង​វិញ ហើយ​ចែកចាយ​ការយល់ដឹង​អំពី​ការខិតខំ​ដែល​តម្រូវ​ឲ្យមាន ដើម្បី​មាន​ភាពបរិសុទ្ធ​តាម​របៀប​ដែល​ប៉ុល​រៀបរាប់​នេះ ។ តើ​អ្វីខ្លះ​ដែល​បាន​ជួយ​យើង​ឲ្យ​រីកចម្រើន​ឆ្ពោះ​ទៅរក​ភាពបរិសុទ្ធ ?

ថែស្សាឡូនីច ទី១ ៤:១១–១២; ថែស្សាឡូនីច ទី២ ៣:៧–១៣

យើង​គួរតែ​ធ្វើការ​ដើម្បី​ផ្គត់ផ្គង់​ដល់​ខ្លួនឯង និង​មនុស្ស​ដែល​ខ្វះខាត ។

  • សំណួរ​ដូច​តទៅ​នេះ​អាច​បំផុស​គំនិត​ឲ្យមាន​ការពិភាក្សា​មួយ អំពី​ការប្រឹក្សា​របស់​ប៉ុល​ទាក់ទង​នឹង​ការងារ ៖ តើ​អ្វីខ្លះ​ជា​ផលវិបាក​នៃ​ភាពខ្ជិល​ច្រអូស ? តើ​ពរជ័យ​នៃ​ការងារ​មាន​អ្វីខ្លះ ? តើ​បងប្អូន​គិត​ថា ប៉ុល​ចង់​មាន​ន័យ​ដូចម្ដេច​ចំពោះ​ពាក្យ « ស្រគត់​ស្រគំ » និង « ការស្រគត់​ស្រគំ » ? ( ថែស្សាឡូនីច ទី១ ៤:១១; ថែស្សាឡូនីច ទី២ ៣:១២ ) ។ បងប្អូន​អាច​ចង់​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន ដើម្បី​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិចារណា និង​ពិភាក្សា នៅពេល​ពួកគេ​អាន ថែស្សាឡូនីច ទី១ ៤:១១–១២ និង ថែស្សាឡូនីច ទី២ ៣:៧–១៣ ។ តើ​បទគម្ពីរ​ផ្សេងទៀត​ណាខ្លះ​ដែល​ជួយ​យើង​ឲ្យយល់​ពី​សារៈសំខាន់​នៃ​ការងារ និង​គ្រោះថ្នាក់​នៃ​ភាពខ្ជិល​ច្រអូស ? ( សូមមើល​យោបល់​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។

ថែស្សាឡូនីច ទី២ ២

ការក្បត់​សាសនា​មួយ​ត្រូវតែ​កើតឡើង ពី​មុន​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • វា​អាច​នឹង​មាន​ប្រយោជន៍​ដើម្បី​ពិភាក្សា​អំពី​ពាក្យ​ប្រៀបធៀប​មួយ​ចំនួន ដែល​ពួក​ព្យាការី​បាន​ប្រើ ដើម្បី​ពិពណ៌នា​អំពី​ការក្បត់​សាសនា ដូចជា​សេចក្តី​ក្បត់​សាសនា ( សូម​មើល ថែស្សាឡូនីច ទី២ ២:៣ ) អំណត់ ( សូម​មើល អេម៉ុស ៨:១១–១២ ) ឆ្កែ​ព្រៃ​ដ៏​សាហាវ ដែល​មិន​ចេះ​ប្រណី​ដល់​ហ្វូង ( សូម​មើល កិច្ចការ ២០:២៨–៣០ ) និង​ត្រចៀក​រមាស់ ( សូម​មើល ធីម៉ូថេ ទី២ ៤:៣–៤ ) ។ សូម​ពិចារណា​បំបែក​សមាជិក​ក្នុង​ថ្នាក់​ជា​គូ ហើយ​សុំ​ឲ្យ​ពួកគេ​អាន​បទគម្ពីរ​ទាំងនេះ​មួយ ឬ​ច្រើន ( ឬ​បទគម្ពីរ​ផ្សេងទៀត​ដែល​បងប្អូន​ជ្រើសរើស ) ហើយ​ពិពណ៌នា​អំពី​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ការក្បត់​សាសនា​ដ៏ធំ ។ តើ​ពួក​ព្យាការី​បាន​បង្រៀន​អ្វីខ្លះ​អំពី​ការក្បត់​សាសនា និង​ឥទ្ធិពល​ដែល​វា​នឹង​មាន ?

  • ទោះបីជា​សាសនាចក្រ​មិន​បាន​ដក​ពិសោធន៍ « សេចក្ដី​ក្បត់​សាសនា » ( ថែស្សាឡូនីច ទី២ ២:៣ ) ម្ដងទៀត​ដូច​ដែល​វា​បាន​កើតឡើង​កាលពី​បុរាណ​ក្ដី ក៏​យើង​នៅតែ​អាច​វង្វេង​ផ្លូវ​ជា​លក្ខណៈ​បុគ្គល​ដែរ ។ តើ ថែស្សាឡូនីច ទី២ ២ ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​របៀប​ដែល​សេចក្ដី​ក្បត់​សាសនា​នេះ​អាច​កើតឡើង ( សូមមើល ខទី ៩–១០ ) និង​របៀប​ដែល​យើង​អាច​ចៀសវាង​វា​បាន ? ( សូមមើល ខទី ១៥–១៧ ) ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

បទគម្ពីរ​អំពី​ការងារ និង​ភាពខ្ជិល​ច្រអូស ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ប្រើ​វិធីសាស្ត្រ​ផ្សេងៗ​គ្នា ។ វា​អាច​ងាយស្រួល​មិន​ភ័យបារម្ភ​ជាមួយ​នឹង​របៀប​បង្រៀន​ជាក់លាក់​មួយ ប៉ុន្តែ​វិធីសាស្ត្រ​បង្រៀន​ខុសគ្នា​ជួយ​ដល់​សមាជិក​ក្នុង​ថ្នាក់​ផ្សេងៗ​គ្នា ។ សូម​រក​មើល​វិធី​សម្រាប់​ការបង្រៀន​ផ្សេងៗ​គ្នា ដូចជា​ការប្រើ​វីដេអូ រូបភាព ឬ​តន្ត្រី ឬ​ការផ្ដល់​ឱកាស​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​បង្រៀន​( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ទំព័រ ២២ ) ។