ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ ៖ « អ្នកណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ »


« ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ ៖ ‹ អ្នកណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២០–២៦ ខែ មីនា ។ ម៉ាថាយ ១៣; លូកា ៨; ១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

រូបភាព
ស្រូវ​សាលីទុំ​ល្មម​ច្រូត​ហើយ

ថ្ងៃទី ២០–២៦ ខែ មីនា

ម៉ាថាយ ១៣; លូកា ៨១៣

« អ្នកណា​ដែល​មាន​ត្រចៀក​សម្រាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ »

នៅពេល​បងប្អូន​អាន សូម​គិត​អំពី​សំណួរ​ដែល​សមាជិក​ក្នុង​ថ្នាក់​អាច​នឹង​មាន នៅ​ពេល​ពួកគេ​ព្យាយាម​យល់​នូវ​សារលិខិត​នៃ​ពាក្យ​ប្រៀប​ប្រដូច​ទាំងឡាយ ។ តើ​អ្វីខ្លះ​ដែល​អាច​ជា​រឿង​ពិបាក​យល់ ? តើ​ការសិក្សា​របស់​បងប្អូន​អាច​រៀបចំ​បងប្អូន​ឲ្យ​ឆ្លើយ​សំណួរ​របស់​ពួកគេ​តាម​របៀប​ណា ?

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​រំឭក​ឡើងវិញ​ជាមួយនឹង​សមាជិក​ក្នុង​ថ្នាក់​នូវ « គំនិត​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​បងប្អូន » នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​វិធីសាស្ត្រ​ដែល​ពួកគេ​បាន​ប្រើ​ដើម្បី​សិក្សា ម៉ាថាយ ១៣ និង លូកា ៨១៣ ។

រូបភាព
រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ១៣:១–២៣

យើង​ត្រូវតែ​ត្រៀម​ដួងចិត្ត​របស់​យើង​ជាស្រេច ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះ ។

  • តើ​បងប្អូន​អាច​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​អំពី​អ្នកព្រោះ​គ្រាប់ពូជ ដើម្បី​បំផុស​គំនិត​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​រៀបចំ​ដួងចិត្ត​របស់​ពួកគេ ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះ​តាម​របៀប​ណា ? បងប្អូន​អាច​សរសេរ ពួកសិស្ស និង មនុស្ស​ដទៃ​ទៀត ដាក់​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អាន ម៉ាថាយ ១៣:១០–១៧ ហើយ​ស្វែងរក​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រៀបរាប់​អំពី​ភាពខុសគ្នា​រវាង​ពួកសិស្ស​របស់​ទ្រង់ និង​មនុស្ស​ដទៃទៀត ដែល​បាន​ស្ដាប់ឮ​ពាក្យ​ប្រៀប​ប្រដូច​របស់​ទ្រង់ ។ បន្ទាប់​មក សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ស្រាវជ្រាវ​ក្នុង ខទី ១៨–២៣ ដោយ​រកមើល​អ្វី​ដែល​អាច​នឹង​ធ្វើឲ្យ​ត្រចៀក​របស់​យើង​ទៅជា « ត្រចៀក​ធ្ងន់ » ឬ​ភ្នែក​របស់​យើង​បាន​បិទ​ចំពោះ​រឿង​ខាង​វិញ្ញាណ ។ តើ​ការដឹកនាំ​អ្វីខ្លះ​ដែល​យើង​កំពុង​ទទួល​បាន​មកពី​ព្រះ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​នៅ​ជំនាន់​របស់​យើង ? តើ​យើង​អាច​បណ្ដុះ​ឲ្យមាន « ដី​ល្អ » ដើម្បី​ទទួល​បាន​ការដឹកនាំ​របស់​ទ្រង់ និង​ពួកលោក​យ៉ាង​ដូចម្តេច ? ( ខទី ២៣ ) ។

  • បងប្អូន​អាច​នឹង​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរ​បី​នាក់ ឲ្យ​ត្រៀមខ្លួន​បង្រៀន​ម្នាក់​មួយ​ផ្នែកៗ​មកពី​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក « The Parable of the Sower » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៣២–៣៥ ) ។ តើ​សារលិខិត​របស់​លោក​បន្ថែម​អ្វីខ្លះ​ដល់​ការយល់ដឹង​របស់​យើង​អំពី​ពាក្យ​ប្រៀប​ប្រដូច​នោះ ?

ម៉ាថាយ ១៣:២៤–៣៥, ៤៤–៥៣

ពាក្យ​ប្រៀប​ប្រដូច​របស់​ព្រះយេស៊ូវ​ជួយ​យើង​ឲ្យ​យល់​អំពី​ការរីក​ចម្រើន ជោគ​វាសនា និង​តម្លៃ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់ពី​សេចក្ដីពិត​អំពី​សាសនាចក្រ ដែល​ត្រូវ​បាន​បង្រៀន​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​របស់​ព្រះយេស៊ូវ​នៅក្នុង ម៉ាថាយ ១៣ តាម​របៀប​ណា ? បងប្អូន​អាច​សរសេរ​ពាក្យ​ប្រៀប​ប្រដូច​ពីរបី​ដាក់​នៅលើ​ក្ដារខៀន​បាន ( សូម​មើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ និង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៩៣–៣០៣ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​សិក្សា​ពាក្យ​ប្រៀប​ប្រដូច​មួយ ឬ​ច្រើន​រៀងៗ​ខ្លួន ឬ​នៅក្នុង​ក្រុម​តូចៗ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការរីក​ចម្រើន និង​ជោគវាសនា​របស់​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ ។

រូបភាព
អ្នក​នេសាទ​កំពុង​បង់​សំណាញ់​ចាប់​ត្រី

នគរ​ស្ថានសួគ៌​គឺ​ប្រៀប​បាន​នឹង​អួន​របស់​អ្នកនេសាទ​ត្រី​ម្នាក់​ដែរ ។

  • តើ​យើង​រៀន​អ្វីខ្លះ​អំពី​តម្លៃ​នៃ​ការក្លាយជា​របស់​ផង​សាសនាចក្រ ចេញពី​ពាក្យ​ប្រៀប​ប្រដូច​អំពី​កំណប់​កប់ទុក​ក្នុង​ចម្ការ និង​កែវ​មុក្តា​ដ៏មាន​តម្លៃ​មហិមា ដែល​មាន​នៅក្នុង ម៉ាថាយ ១៣:៤៤–៤៦ ? សមាជិក​មួយ​ចំនួន​នៅក្នុង​ថ្នាក់​របស់​បងប្អូន ( ឬ​មនុស្ស​ដែល​ពួកគេ​ស្គាល់ ) ប្រហែល​ជា​បាន​ធ្វើ​ការលះបង់—ទោះ​តូច ឬ​ធំ​ក្ដី—ដើម្បី​ក្លាយជា​សមាជិក​សាសនាចក្រ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ការលះបង់​ដែល​ពួកគេ​បាន​ធ្វើ ឬ​បាន​ឃើញ​មនុស្ស​ដទៃ​បាន​ធ្វើ ដើម្បី​ក្លាយជា​របស់​ផង​សាសនាចក្រ ។ តើ​ជា​លទ្ធផល​មាន​ពរជ័យ​អ្វីខ្លះ​បាន​កើតឡើង ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​ពី​អារម្មណ៍​បំផុស​គំនិត ដែល​ពួកគេ​ទទួល​បាន​ដើម្បី​លះបង់​សម្រាប់​ព្រះអង្គ​សង្គ្រោះ ។

ម៉ាថាយ ១៣:២៤–៣០, ៣៦–៤៣

នៅ​ចុង​បញ្ចប់​នៃ​ពិភពលោក​នេះ ព្រះអម្ចាស់​នឹង​ប្រមូល​ពួកបរិសុទ្ធ ហើយ​បំផ្លាញ​ពួកទុច្ចរិត​ចោល ។

  • តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ឲ្យ​រៀន​មេរៀន​ចេញពី​ពាក្យ​ប្រៀប​ប្រដូច​អំពី​ស្រូវ​សាលី និង​ស្រងែ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​បន្ត​ធ្វើជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់​ដោយ​របៀប​ណា ? សូម​ចាប់ផ្ដើម​ដោយ​ការអញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ឲ្យ​សង្ខេប​ពាក្យ​ប្រៀប​ប្រដូច​នោះ និង​បកស្រាយ​អំពី​ពាក្យ​ប្រៀប​ប្រដូច​នោះ ។ តើ​ពាក្យ​ប្រៀប​ប្រដូច​នេះ​មាន​មេរៀន​អ្វីខ្លះ​សម្រាប់​ជំនាន់​របស់​យើង ? ហេតុអ្វី​ក៏​វា​មាន​សារៈសំខាន់​ដើម្បី​ដឹង​ថា ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​ពួកបរិសុទ្ធ​របស់​ទ្រង់ « ដុះ​ជាមួយ​គ្នា » ( ម៉ាថាយ ១៣:៣០ ) ជាមួយ​នឹង​ពួកទុច្ចរិត​រហូត​ដល់​គ្រា​នៃ​ការច្រូត​កាត់ ? តើ​យើង​អាច​រក្សា​សេចក្ដី​ជំនឿ​របស់​យើង​ឲ្យនៅ​រឹងមាំ នៅពេល​សេចក្ដី​ទុច្ចរិត​មាន​នៅ​ជុំវិញ​ខ្លួន​យើង​តាម​របៀប​ណា ? តើ​ព្រះគ្រីស្ទ​អាច​ជួយ​យើង​បាន​ដោយ​របៀប​ណា ? គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៦:១–៧ និង​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ អិល ថម ភែរី នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ផ្ដល់ជា​ការយល់ដឹង​បន្ថែម​ទៀត​អំពី​ការអនុវត្ត​តាម​ពាក្យ​ប្រៀប​ប្រដូច​នេះ​នៅ​ថ្ងៃ​ចុងក្រោយ ។

រូបភាព
រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

យើង​គួរ​ចិញ្ចឹម​បីបាច់​ការណ៍ល្អ ។

អែលឌើរ អិល ថម ភែរី បាន​បង្រៀន​ថា « សត្រូវ​ពី​ដើម​របស់​មនុស្ស​ទាំងអស់​បាន​រកឃើញ​មធ្យោបាយ​ជាច្រើន តាម​ដែល​វា​អាច​គិត​ដល់​ដើម្បី​ព្រោះ​ស្រងែ​ទាំង​ឆ្ងាយ​ទាំង​ជិត ។ វា​បាន​រកឃើញ​វិធី​ផ្សេងៗ​ដើម្បី​ទម្លុះ​ចូល សូម្បីតែ​ទីបរិសុទ្ធ​នៃ​គេហដ្ឋាន​របស់​យើង​ក្ដី ។ ផ្លូវ​ទុច្ចរិត និង​ផ្លូវ​លោកិយ​បាន​រីក​សុះសាយ វា​ហាក់​ដូចជា​គ្មាន​វិធី​ពិតប្រាកដ​ណាមួយ​ដើម្បី​ដក​វា​ចេញ​ឡើយ ។ អំពើ​ទាំងនេះ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​រលក​អាកាស​តាម​ឧបករណ៍ ដែល​យើង​បាន​បង្កើត​ទុក​សម្រាប់​ការអប់រំ និង​ការកម្សាន្ត​សប្បាយ ។ ស្រូវ​សាលី និង​ស្រងែ​បាន​ដុះ​ឡើង​ជាមួយ​គ្នា ។ ពួក​បាវបម្រើ​ចាត់ចែង​វាលស្រែ​ត្រូវតែ​បំប៉ន​ឲ្យ​អស់​ពី​សមត្ថភាព​គាត់ ចំពោះ​អ្វី​ដែល​ល្អ ហើយ​ធ្វើឲ្យ​វា​រឹងមាំ ហើយ​ស្រស់ស្អាត នោះ​ស្រងែ​នឹង​មិន​ទៅរក​ភ្នែក ឬ​ត្រចៀក​ឡើយ » ( « Finding Lasting Peace and Building Eternal Families » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤៤ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ផ្ដោត​ការបង្រៀន​របស់​បងប្អូន​ទៅលើ​គោលលទ្ធិ ។ សូម​ធ្វើឲ្យ​ប្រាកដ​ថា ការពិភាក្សា​នៅក្នុង​ថ្នាក់​របស់​បងប្អូន​ផ្ដោតលើ​គោលលទ្ធិ​គ្រឹះ​នៅក្នុង​ព្រះគម្ពីរ ។ បងប្អូន​អាច​ធ្វើ​កិច្ចការ​នេះ​បាន តាមរយៈ​ការសូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​អាន​បទគម្ពីរ​ជាមុន ការផ្ដោត​ការពិភាក្សា​ក្នុង​ថ្នាក់​របស់​បងប្អូន​ទៅលើ​បទគម្ពីរ និង​ការសូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​គោលលទ្ធិ​ពិត ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២០–២១ ) ។