គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ ២០២១
ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១ ៖ « ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​ប្រជារាស្ត្រ »


« ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១ ៖ ‹ ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​ប្រជារាស្ត្រ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១ »​ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

រូបភាព
ការអាន​ព្រះគម្ពីរ​ជា​គ្រួសារ

ថ្ងៃទី ២៨ ខែ ធ្នូ–ថ្ងៃទី ៣ ខែ មករា

គោលលទ្ធិ និង សេចក្តីសញ្ញា ១

« ចូរ​ប្រុង​ស្ដាប់​ចុះ ឱ​ប្រជារាស្ត្រ »

នៅពេល​អ្នក​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១ សូម​គិត​ពី​ខគម្ពីរ​ដែល​អ្នក​អាច​ផ្ដោត​នៅ​ក្នុង​ថ្នាក់ និង​របៀប​ដែល​អ្នកអាច​ជួយ​សិស្ស​រៀន​មក​ពី​ខគម្ពីរ​ទាំង​នេះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបភាព
រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

អ្នក​អាច​ចាប់ផ្ដើមថ្នាក់​របស់​អ្នក​ដើម្បី​សិក្សា​អំពីគោលលទ្ធិ និង សេចក្តីសញ្ញា ដោយ​សួរ​សិស្ស​ថាតើ​ពួកគេ​មាន​អារម្មណ៍​បែប​ណាអំពី​ការ​សិក្សា​គម្ពីរ​នេះ​នៅ​ឆ្នាំ​នេះ ។ តើ​វគ្គ​បទគម្ពីរអ្វីខ្លះ​នៅក្នុង កណ្ឌទី ១​ ដែល​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​រំភើប​ដើម្បី​អាន​គោលលទ្ធិ និង សេចក្តីសញ្ញា ? ប្រហែល​ជា​អ្នក​អាច​សុំ​ឲ្យ​ពួកគេ​ស្រាវ​ជ្រាវ កណ្ឌទី ១ រក​ខគម្ពីរ​មួយ​ដែល​ពួកគេ​ចង់​ចែកចាយ ប្រសិន​បើ​ពួកគេ​កំពុង​ព្យាយាម​ជួយ​មនុស្ស​ម្នាក់​ឲ្យ​អាន​គម្ពីរ​ពិសិដ្ឋ​នេះ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តីសញ្ញា ១

ព្រះអម្ចាស់​អញ្ជើញ​យើង​ឲ្យ « ពិចារណា​មើល​ព្រះបញ្ញត្តិ​ទាំង​នេះ » ។

  • នៅពេល​អ្នក​ពិភាក្សា​ពី « អារម្ភកថា » របស់​ព្រះអម្ចាស់​ចំពោះ​គោលលទ្ធិ និង សេចក្តីសញ្ញា ( ខទី ៦ ) វា​អាច​ជួយ​ដល់​សិស្ស​ម្នាក់​ឲ្យ​ពន្យល់​ពី​អត្ថន័យ​នៃ​អារម្ភកថា​មួយ និង​គោលបំណង​របស់​វា​នៅ​ក្នុង​សៀវភៅ​មួយ ។ បន្ទាប់មក សិស្ស​អាច​ពិភាក្សា​ពី​របៀប​ដែល កណ្ឌទី ១ បម្រើ​ដល់​គោលបំណង​នោះ​សម្រាប់​គោលលទ្ធិ និង សេចក្តីសញ្ញា ។ ឧទាហរណ៍ តើ​ប្រធានបទអ្វីខ្លះ​សម្រាប់​គម្ពីរ​នេះ​ដែល កណ្ឌទី ១​បាន​ណែនាំ​ឲ្យ​ស្គាល់ ? តើ​គម្ពីរ​នេះ​មាន​គោលបំណង​អ្វីខ្លះ ? តើ​យើង​រក​ឃើញ​អ្វីខ្លះ​នៅ​ក្នុង​កណ្ឌ​នេះដែលអាច​ជះឥទ្ធិពល​ដល់​វិធី​ដែល​យើង​អាន​គោលលទ្ធិ និង សេចក្តីសញ្ញា​នៅ​ឆ្នាំ​នេះ ?

  • គម្រោង​មេរៀន​សម្រាប់​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ អញ្ជើញ​យើង​ឲ្យ​ពិចារណាពី​របៀប​ដែល​យើង​នឹង​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ដើម្បី « ពិចារណា​មើល​ព្រះបញ្ញត្តិ​ទាំង​នេះ » ( ខទី ៣៧ ) ។ ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​គ្រោង​ធ្វើ​នៅ​ឆ្នាំ​នេះ ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​ពួកគេ​អំពី​គោលលទ្ធិ និង សេចក្តីសញ្ញា​កាន់​តែ​មាន​ន័យ ។ តើ​ពួក​គេ​នឹង​ស្រាវ​ជ្រាវ​រក​អ្វីខ្លះ ? តើ​ការ​ពិចារណា​ខុស​ពី​ការគ្រាន់តែ​អាន​យ៉ាង​ដូចម្ដេច? តើ​វិធី​សាស្ត្រ​សិក្សា​អ្វីខ្លះ​ដែល​ពួកគេ​បាន​រក​ឃើញ​ថាមាន​ប្រយោជន៍​បំផុត ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ១:១-៦, ២៣-២៤, ៣៧-៣៩

ព្រះ​មានបន្ទូល​តាមរយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​បន្ទូល​របស់​ទ្រង់​នឹង​ត្រូវ​បាន​បំពេញ ។

  • ភាគច្រើន យើង​មាន​សមាជិក​គ្រួសារ មិត្ត​ភក្ដិ និង​មនុស្ស​ដែល​ស្គាល់ ដែល​ពុំ​មាន​ជំនឿ​ដូច​យើង​អំពី​ព្យាការី​នៅ​រស់ ។ ប្រហែល​ជា​សិស្ស​អាច​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​រក​ឃើញ​នៅ​ក្នុង កណ្ឌទី ១ ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​ឆ្លើយ​តប​ដល់​មនុស្ស​ម្នាក់​ដែល​សួរ​ពីជំនឿ​របស់​ពួកគេ​អំពី​ពួក​ព្យាការី ។ អ្នក​អាចណែនាំ​ឲ្យ​ពួកគេ​រក​មើល​ជាក់​លាក់​នៅ​ក្នុង ខទី ១-៦ និង ៣៧-៣៩ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពីព្រះ​អម្ចាស់ និង​ពួក​ព្យាការី​របស់​ទ្រង់ ?

  • សិស្ស​អាច​មាន​ចំណាប់​អារម្មណ៍​ចង់​រៀន​ពី​រឿង​នោះ នៅពេល​ក្រុម​ប្រឹក្សា​មួយ​ដែលបាន​ហៅ​ដោយ​យ៉ូសែប ស្ម៊ីធ បាន​ពិភាក្សា​ពី​ការ​បោះ​ពុម្ព​វិវរណៈ​របស់​ព្យាការី នោះ​សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​ប្រឹក្សា​នោះ​បាន​បដិសេធ​ចំពោះ​គំនិត​នេះ ។ ពួកគេ​ខ្មាស់​អៀន​ដោយ​សារ តែ​ភាព​ទន់ខ្សោយ​នៅ​ក្នុង​ការ​សរសេរ​របស់​យ៉ូសែប ហើយ​ពួកគេ​បារម្ភ​ថា ការ​បោះ​ពុម្ព​វិវរណៈ​ទាំង​នោះ​អាចបង្ក​ឲ្យ​មាន​បញ្ហា​កាន់​តែ​ច្រើន​ចំពោះ​ពួក​បរិសុទ្ធ ( សូមមើល ពួក​បរិសុទ្ធ, ១:១៤០-៤៣ ) ។ តើ ​កណ្ឌទី ១​លើក​ឡើង​ពី​កង្វល់​ទាំងនេះ​យ៉ាង​ដូចម្ដេច​ខ្លះ ? ( ឧទាហរណ៍ សូមមើល ខទី ៦, ២៤, ៣៨ ) ។

  • ទំនុកច្រៀង​នៃ​ទំនុក​តម្កើង « ចូរ​មក​ស្ដាប់​សំឡេង​ព្យាការី » ( ទំនុកតម្កើង ល.រ. ១២ ) បង្រៀន​ពី​គោលការណ៍​ដូចគ្នា​មួយ​ចំនួន​ដែល​បង្រៀន​នៅ​ក្នុង កណ្ឌទី ១ ។ ប្រហែល​ជា​អ្នក​អាច​ច្រៀង ឬ​អាន​ទំនុក​តម្កើង​នេះ​រួម​គ្នា រួចហើយ​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​ឃ្លា​នៅ​ក្នុង​ទំនុក​តម្កើង​នេះ​ និង​ខគម្ពីរ​នៅ​ក្នុង កណ្ឌ​ទី ១ ដែល​បង្រៀន​ពី​គោលការណ៍​ដូចគ្នា ។

    រូបភាព
    សម័យ​ប្រជុំ​សន្និសីទ​ទូទៅ

    ព្រះ​មានបន្ទូល​មក​កាន់​យើង​តាមរយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១:១២-៣០, ៣៥-៣៦

ព្រះអម្ចាស់​បាន​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ​ដើម្បី​ជួយ​យើង​ឲ្យ​ប្រឈម​នឹង​ឧបសគ្គ​នៃ​ថ្ងៃ​ចុង​ក្រោយ​នេះ ។

  • តើ​សិស្ស​មាន​គំនិត​អ្វីខ្លះ នៅពេល​ពួកគេ​អាន​ការ​ពិពណ៌នា​អំពី​ថ្ងៃ​ចុង​ក្រោយ​នៅ​ក្នុង ខទី ១៣-១៦ ? តើ​កំពុង​មាន​អ្វីខ្លះ​កើត​ឡើង​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ដែល​បំពេញ​តាម​ការ​ពិពណ៌នា​ដែល​បាន​ព្យាករ​ទាំង​នេះ ? សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រក​ឃើញ​នៅ​ក្នុង កណ្ឌទី ១ ដែល​បាន​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត និង​ភាព​ជឿ​ជាក់ ទោះ​ជា​មាន​ឧបសគ្គ​នៅជំនាន់​យើង​ក្ដី ។

  • ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​ពរជ័យ​ដែល​យើង​មាន​ ដោយសារ​តែ​ដំណឹងល្អ​បាន​ស្ដារ​ឡើង​វិញ អ្នក​អាច​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​សំណួរ​ថា តើ ​ខទី ១៧-២៣ បង្រៀន​អ្វីខ្លះ​អំពី​ហេតុផល​ដែល​ព្រះអម្ចាស់​បាន​ស្ដារ​ដំណងល្អ​របស់​ទ្រង់​ឡើង​វិញ ? សិស្ស​អាច​ស្រាវជ្រា​ខគម្ពីរ​ទាំង​នេះ ហើយ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​គ្នា ។ ឧទាហរណ៍ តើ​សេចក្ដីពិត​ដែល​បាន​ស្ដារ​ឡើង​វិញ​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ​បាន​ជួយ​យើង​ឲ្យ​បង្កើន​សេចក្ដីជំនឿ​របស់​យើង​តាម​របៀប​ណា ? ( សូមមើល ខទី ២១ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៩–២៨

ព្រះអម្ចាស់​ប្រើ « ពួក​កម្សោយ និង​ពួក​រាបទាប » ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ។

  • ប្រធាន​បទ​ដ៏​សំខាន់​មួយ​ក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១ គឺជាតួនាទី​របស់ « ពួក​កម្សោយ និង​ពួក​រាបទាប » នៅ​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​ចុង​ក្រោយ​របស់​ព្រះអម្ចាស់ ( ខទី ២៣ ) ។ សូម​អញ្ជើ្ញ​សិស្ស​ឲ្យ​ស្រាវជ្រាវ ខទី ១៩-២៨ ដើម្បី​រៀន​ពី​របៀប​ដែល​ពាក្យ « កម្សោយ » និង « រាប​ទាប » អនុវត្ត​ចំពោះ​យើង​ ក្នុងនាម​ជា​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។ នៅពេល​ពួកគេ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ អ្នក​អាច​ពិភាក្សា​ពី​សំណួរ​ដូច​តទៅ​នេះ ៖ តើ​បុគ្គលិក​លក្ខណៈអ្វីខ្លះ​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​មាន ? តើ​ព្រះអម្ចាស់​នឹង​សម្រេច​អ្វីខ្លះ​តាមរយៈ​ពួក​អ្នក​បម្រើ​របស់​ទ្រង់​នៅថ្ងៃ​ចុង​ក្រោយ ? តើ​ការ​ព្យាករ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ត្រូវ​បាន​បំពេញ​នៅ​ទូទាំង​ពិភពលោក និង​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់​តាម​របៀបណា ?

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​សិស្ស​ឲ្យ​ប្រៀប​ប្រដូច​បទគម្ពីរ​ទៅ​នឹង​ខ្លួនគេ ។ សេចក្ដី​ពិត​ដូច​គ្នា​ដែល​បាន​បំផុស​គំនិត​ពួក​បរិសុទ្ធ​ជំនាន់​ដើម​អាច​ជួយ​យើង​ឲ្យ​ប្រឈម​មុខ​នឹង​ឧបសគ្គ​របស់​យើង​សព្វ​ថ្ងៃ​នេះ ។ នៅពេល​អ្នក​បង្រៀន​គោលលទ្ធិ និង សេចក្តីសញ្ញា សូម​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​រវាង​សារលិខិត​របស់​ព្រះអម្ចាស់​ទៅកាន់​យ៉ូសែប ស្ម៊ីធ និង​អ្វីដែល​ព្រះអម្ចាស់​អាច​នឹង​មាន​បន្ទូល​មក​កាន់​ពួកគេ​ដោយ​ផ្ទាល់ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២១ ) ។