ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃទី ៦–១២ ខែ មីនា ។ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ ៖ « ព្រះយេស៊ូវទ្រង់ចាត់​ពួក​ដប់​ពីរ​នាក់នេះ​ឲ្យ​ទៅ »


« ថ្ងៃទី ៦–១២ ខែ មីនា ។ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ ៖ ‹ ព្រះយេស៊ូវទ្រង់ចាត់​ពួក​ដប់​ពីរ​នាក់នេះ​ឲ្យ​ទៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៦–១២ ខែ មីនា ។ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

រូបភាព
ព្រះយេស៊ូវ​កំពុង​តែង​តាំង​ពេត្រុស

ថ្ងៃទី ៦–១២ ខែ មីនា

ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩

« ព្រះយេស៊ូវទ្រង់ចាត់​ពួក​ដប់​ពីរ​នាក់នេះ​ឲ្យ​ទៅ »

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​នៅ​ក្នុង​គម្រោង​នេះ គឺ​មាន​គោលបំណង​ជួយ​បងប្អូន​ឲ្យ​ស្វែងរក​អត្ថន័យ​ផ្ទាល់​ខ្លួន​នៅក្នុង​ព្រះគម្ពីរ ។ ទោះជា​យ៉ាងណា គំនិតយោបល់​ទាំងនេះ​មិន​គួរ​ជំនួស​ឲ្យ​វិវរណៈ​ផ្ទាល់​ខ្លួន​ដែល​បងប្អូន​អាច​ទទួលបាន​ថា​តើ​វគ្គ​បទគម្ពីរ​ណា​ដែល​ត្រូវ​សិក្សា ឬ​របៀប​ដើម្បី​សិក្សា​វា​នោះ​ទេ ។

កត់ត្រា​ចំណាប់អារម្មណ៍​របស់​បងប្អូន

អព្ភូតហេតុ​ក្នុង​ការ​ព្យាបាល​ដោយ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​យ៉ាង​ឆាប់រហ័ស ។ ហ្វូងមនុស្ស​បាន​ដើរ​តាម​ទ្រង់ ដោយ​សង្ឃឹម​ថាបាន​ជា​ពី​ជំងឺ​របស់​ពួកគេ ។ ប៉ុន្តែ​នៅពេល​ព្រះអង្គសង្គ្រោះ​មើល​ទៅ​ហ្វូង​មនុស្ស ទ្រង់​បាន​ទត​ឃើញ​លើស​ពី​ជំងឺ​ខាង​រូបកាយ​របស់​ពួកគេ ។ ទ្រង់​បាន​ទតឃើញ « ហ្វូង​ចៀម​ដែល​ឥត​អ្នកគង្វាល » ពេញ​ដោយ​ក្ដី​មេត្តាករុណា ( ម៉ាថាយ ៩:៣៦ ) ។ ទ្រង់​បាន​សង្កេត​ឃើញ​ថា « ចម្រូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ » (  ម៉ាថាយ ៩:៣៧ ) ។ ដូច្នេះ​ទ្រង់​បាន​ហៅ​ពួក​សាវក​ដប់​ពីរ​នាក់​មក « ប្រទាន​ឲ្យ​គេ​មាន​អំណាច » ហើយ​បាន​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​បង្រៀន និង​ផ្ដល់​ការងារ​បម្រើ​ដល់ « ចៀម​បាត់​បង់​របស់​វង្សានុវង្ស​នៃ​ពួក​អ៊ីស្រាអែល » ( ម៉ាថាយ ១០:១, ៦ ) ។ សព្វ​ថ្ងៃ​នេះ​តម្រូវ​ការ​បន្ថែមទៀត​សម្រាប់​អ្នក​ធ្វើ​ការ​បម្រើ​ដល់​កូន​ចៅ​របស់​ព្រះវរបិតាសួគ៌​គឺ​ក៏​មាន​ចំនួន​ច្រើន​ណាស់ ។ ពួក​សាវក​ដប់​ពីរ​នាក់​នៅតែមាន ប៉ុន្តែ​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់​តែ​មាន​ច្រើន​ជាង​ពី​មុន—ជា​អ្នក​ដែល​អាច​ប្រកាស​ទៅ​កាន់​ពិភពលោក​ទាំង​មូល​ថា « នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ » ( ម៉ាថាយ ១០:៧ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ៩:១៨–២៦; ម៉ាកុស ៥:២២–៤៣

« កុំខ្លាចអី​ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ » ។

ពេល​ដែល​យ៉ៃរ៉ុស​បាន​ទូលសូម​ព្រះយេស៊ូវ​ឲ្យ​យាង​ទៅ​ព្យាបាល​កូនស្រី​របស់​លោក​ជាលើក​ដំបូង ដែល « ជិត​ស្លាប់​ហើយ » នោះ​យ៉ៃរ៉ុស​បាន​និយាយ​ដោយ​ប្រញាប់​ប្រញាល់ ប៉ុន្តែ​ដោយ​ក្ដីសង្ឃឹម ៖ « សូម​ទ្រង់​យាង​ទៅ​ដាក់​ព្រះហស្ត​លើ​វា … នោះ​វា​នឹង​រស់​វិញ » ( ម៉ាកុស ៥:២៣ ) ។ ប៉ុន្តែ​នៅពេល​ដែល​ទ្រង់ និង​យ៉ៃរ៉ុស​បាន​ចេញ​ទៅ នោះ​ក៏​មាន​អ្នក​នាំ​សារ​ម្នាក់​បាន​ជម្រាប​យ៉ៃរ៉ុស​ថា វា​យឺត​ពេល​ហើយ ៖ « កូន​ស្រី​លោក​ស្លាប់​ហើយ នៅ​តែ​រំខាន​ចិត្ត​លោក​គ្រូ​ធ្វើ​អ្វី​ទៀត ? » ( ខទី ៣៥ ) ។ ដូចគ្នានេះដែរ វា​ហាក់​បី​ដូច​ជា​យឺតពេល​ហើយ សម្រាប់​ស្ត្រី​ដែល​បាន​ពិពណ៌នា​នៅក្នុង ម៉ាកុស ៥:២៥–៣៤ ដែល​បាន​រងទុក្ខ​ដោយសារ​ឈឺ​ធ្លាក់​ឈាម​អស់ ១២ ឆ្នាំ​មក​ហើយ​នោះ ។

ពេល​ដែល​បងប្អូន​អាន​ដំណើររឿង​ទាំងនេះ បងប្អូន​អាច​នឹង​គិត​អំពី​អ្វីៗ​ដែល​ត្រូវការ​ការព្យាបាល​នៅ​ក្នុង​ជីវិត​របស់​បងប្អូន និង​​គ្រួសារ​បងប្អូន—រួម​ទាំង​អ្វីៗ​ដែល​ហាក់​ដូចជា « ជិត​ស្លាប់​ហើយ » ឬ​ដែល​ហួសពេល​នឹង​ព្យាបាល​ក្តី ។ តើ​អ្វីទៅ​ដែល​ធ្វើ​ឲ្យ​បងប្អូន​មាន​ចំណាប់​អារម្មណ៍​អំពី​ការបង្ហាញ​នូវ​សេចក្ដី​ជំនឿ​នៅក្នុង​ដំណើររឿង​ទាំងនេះ ? សូម​កត់ចំណាំ​ផងដែរ​ពី​អ្វី​ដែល​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅកាន់​ស្ត្រី​នោះ និង​ទៅកាន់​យ៉ៃរ៉ុស ។ តើ​បងប្អូន​គិត​ថា ព្រះអម្ចាស់​កំពុង​មាន​បន្ទូល​អ្វី​ទៅកាន់​បងប្អូន ?

សូមមើល​ផងដែរ លូកា ៨:៤១–៥៦; រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩–៤២; Teachings of Presidents of the Church: Gordon B. Hinckley ( ឆ្នាំ ២០១៦ ) ទំព័រ ៣៣៣–៣៤២ ។

រូបភាព
ស្ត្រី​កំពុង​ឈោង​ទៅ​ពាល់​ព្រះពស្ត្រ​ព្រះយេស៊ូវ

ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ដោយ លីហ្ស លេមិន ស្វីនឌល

ម៉ាថាយ ១០; លូកា ៩:១–៦

ព្រះអម្ចាស់​ប្រទាន​អំណាចដល់ពួក​អ្នក​បម្រើ​របស់​ទ្រង់​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

ការណែនាំ​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ឲ្យនៅក្នុង ម៉ាថាយ ១០ ដល់​ពួក​សាវក​របស់​ទ្រង់ អាច​អនុវត្ត​ចំពោះ​ពួកយើង​ផងដែរ ដោយសារ​យើង​ទាំងអស់​គ្នា​មាន​ចំណែក​មួយ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ តើ​អំណាច​អ្វី​ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន​ដល់​ពួក​សាវក​របស់​ទ្រង់​ដើម្បី​ជួយ​ពួកគេ​បំពេញ​បេសកកម្ម​របស់​ពួកគេ ? តើ​បងប្អូន​អាច​ទទួល​បាន​អំណាច​របស់​ទ្រង់​ក្នុង​កិច្ចការ​ដែល​បងប្អូន​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ដោយ​របៀប​ណា ? ( សូមមើល កូរិនថូស ទី២ ៦:១–១០; គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៤–៤៦ ) ។

នៅពេល​បងប្អូន​អាន​អំពី​ការ​អនុញ្ញាត​ដែល​ព្រះគ្រីស្ទ​ប្រទាន​ដល់​ពួក​សាវក​ទ្រង់ បងប្អូន​អាច​ទទួល​បាន​ចំណាប់អារម្មណ៍​អំពី​កិច្ចការ​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​បងប្អូន​ធ្វើ ។ តារាង​ខាង​ក្រោម​នេះ​អាច​ជួយបងប្អូន​ឲ្យ​រៀបចំ​គំនិត​របស់​បងប្អូន​បាន ៖

ម៉ាថាយ ១០

ចំណាប់​អារម្មណ៍​ដែល​ខ្ញុំ​បាន​ទទួល

ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​អំណាច​ដល់​ពួក​សិស្ស​របស់​ទ្រង់ ។

ព្រះ​នឹង​ប្រទាន​ដល់​ខ្ញុំ​នូវ​អំណាច​ដែល​ខ្ញុំ​ត្រូវ​ការ​ដើម្បី​ធ្វើ​កិច្ចការ​របស់​ខ្ញុំ ។

សូមមើល​ផងដែរ ម៉ាកុស ៦:៧–១៣; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៦; សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ « សាវក »; « Jesus Calls Twelve Apostles to Preach and Bless Others » ( វីដេអូ ) នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

ម៉ាថាយ ១០:១៧–២០

នៅពេល​ខ្ញុំ​នៅ​ក្នុង​ការ​បម្រើ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​បំផុសគំនិត​ខ្ញុំ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ ។

ព្រះអម្ចាស់​ទត​ឃើញ​ជាមុន​ថា ពួកសិស្ស​របស់​ទ្រង់​នឹង​ត្រូវ​គេ​បៀតបៀន ហើយ​សាកសួរ​អំពី​សេចក្ដីជំនឿ​របស់​ពួកគេ—ជា​អ្វី​មួយ​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​ពួក​សិស្ស​សព្វថ្ងៃ​នេះ​អាច​ជួប​ប្រទះ ។ ប៉ុន្តែ​ទ្រង់​បាន​សន្យា​នឹង​ពួក​សាវក​ថា ពួកគេ​នឹង​ដឹង​ដោយ​ព្រះវិញ្ញាណ​អំពី​អ្វី ដែលត្រូវ​និយាយ ។ តើ​បងប្អូនធ្លាប់​មានបទពិសោធន៍ នៅពេល​ការ​សន្យា​ដ៏​ទេវភាព​នេះ​ត្រូវ​បាន​បំពេញ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ប្រហែល​ជា​នៅពេល​បងប្អូន​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន ផ្ដល់​ពរជ័យ ឬ​មាន​ការសន្ទនា​នឹង​នរណា​ម្នាក់ ? សូមធ្វើការ​ពិចារណា​ចែកចាយ​បទពិសោធន៍​របស់​បងប្អូនជាមួយ​នឹង​មនុស្ស​ជា​ទីស្រឡាញ់​ម្នាក់ ឬ​កត់ត្រា​វា​ទុក​ក្នុង​សៀវភៅ​កំណត់ហេតុ ។ តើ​បងប្អូន​ទទួល​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​មាន​បទពិសោធន៍​បែបនោះ​កាន់តែ​ច្រើន​ឡើង ?

សូមមើល​ផងដែរ លូកា ១២:១១–១២; គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨៥ ។

ម៉ាថាយ ១០:៣៤–៣៩

តើ​ព្រះយេស៊ូវ​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​ទ្រង់​មាន​ព្រះបន្ទូលថា « ខ្ញុំ​មិន​មែន​មក​ដើម្បី​តាំង​ឲ្យ​មាន​សេចក្ដី​មេត្រី​ទេ គឺ​ឲ្យ​មាន​ជា​ដាវ​វិញ » ?

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀន​ថា « ខ្ញុំ​ប្រាកដថា​បងប្អូន​ទាំងអស់​គ្នា​មួយ​ចំនួន ត្រូវ​ឪពុក និង​ម្ដាយ​បងប្អូន​ប្រុស​ស្រី​បដិសេធ និង​ឈប់​រាប់​រក នៅពេល​បងប្អូន​ទទួល​យក​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ចូល​ក្នុង​សេចក្ដី​សញ្ញា​របស់ទ្រង់ ។ ប៉ុន្តែ​ក្ដី​ស្រឡាញ់​ដ៏ធំ​របស់​បងប្អូន​ចំពោះ​ព្រះគ្រីស្ទ តម្រូវ​ឲ្យ​មាន​ការលះបង់​នូវ​ទំនាក់ទំនង​ដែល​បងប្អូន​ស្រឡាញ់​ជា​ទីបំផុត ហើយ​បងប្អូន​បាន​បង្ហូរ​ទឹក​ភ្នែក​ជាច្រើន ។ ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់​ពុំ​សាបសូន្យ​របស់បងប្អូន នោះ​បងប្អូន​នៅ​ខ្ជាប់ខ្ជួន​ក្រោម​ឈើ​ឆ្កាង​នេះ បង្ហាញ​ខ្លួនបងប្អូន​ថា បងប្អូន​ពុំ​ខ្មាសអៀនចំពោះ​ព្រះរាជបុត្រា​នៃ​ព្រះឡើយ » ( « Finding Your Life » Ensign ខែ មីនា ឆ្នាំ ២០១៦ ទំព័រ ២៨ ) ។

ឆន្ទៈ​ដើម្បី​លះបង់​ទំនាក់ទំនង​ដ៏​រីករាយ​ដើម្បី​ដើរ​តាម​ព្រះអង្គសង្គ្រោះ​មានមក​ជាមួយ​នូវ​សេចក្ដីសន្យា​មួយ​ថា « អ្នក​ណា​ដែល​បាត់​ជីវិត ដោយ​យល់​ដល់​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ » (ម៉ាថាយ ១០:៣៩ ) ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ម៉ាកុស ៥:២២–៤៣ ។ពេលដែល​គ្រួសារ​របស់​បងប្អូន​អាន​រឿង​នេះ​ជាមួយ​គ្នា នោះ​បងប្អូន​អាច​ផ្អាក ហើយ​សួរ​សមាជិក​គ្រួសារ​ថា​តើ​ពួកគេ​អាច​នឹង​មាន​អារម្មណ៍​យ៉ាងណា ប្រសិន​បើ​ពួកគេ​ជា​យ៉ៃរ៉ុស ជា​ស្ត្រី​នោះ ឬ​ជា​មនុស្ស​ផ្សេង​ទៀត​នៅក្នុង​រឿង​នោះ ។ បងប្អូន​ក៏​អាច​បង្ហាញ​រូបភាព​អំពី​រឿងនោះ​ផងដែរ ដូចជា​រូបភាព​ទាំងឡាយ​នៅក្នុង​គម្រោងមេរៀន​នេះ ។ តើ​រូបភាព​ទាំងនេះ​បាន​បរិយាយ​ពី​សេចក្ដី​ជំនឿ​របស់​មនុស្ស​នៅក្នុង​ដំណើររឿង​ទាំងនេះ​យ៉ាង​ដូចម្ដេច ? ( សូម​មើល​វីដេអូ « Jesus Raises the Daughter of Jairus » និង « Jesus Heals a Woman of Faith » ផងដែរ នៅ​លើគេហទំព័រ ChurchofJesusChrist.org ) ។ បងប្អូន​ក៏​អាច​ពិចារណា​ពី​ឧបសគ្គ​មួយ​ចំនួន​ដែល​គ្រួសារ​របស់​បងប្អូន​ប្រឈម​ផង​ដែរ ។ តើ​យើង​អាច​អនុវត្តព្រះបន្ទូល​របស់​ទ្រង់ « កុំ​ខ្លាច​អី ឲ្យ​គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ » ដោយ​របៀប​ណា ? ( ម៉ាកុស ៥:៣៦ ) ។

ម៉ាថាយ ១០:៣៩; លូកា ៩:២៣–២៦ ។តើ « បាត់ » ជីវិត​របស់​យើង និង « រកបាន » ជីវិត អាច​មាន​អត្ថន័យ​ដូចម្ដេច ? ( ម៉ាថាយ ១០:៣៩ ) ។ ប្រហែលជា​សមាជិក​គ្រួសារ​អាច​ចែកចាយ​ពី​បទពិសោធន៍ ដែល​បង្ហាញ​ពី​ការបង្រៀន​របស់​ព្រះយេស៊ូវ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

ម៉ាថាយ ១០:៤០ ។តើ​បងប្អូន និង​គ្រួសារ​របស់​បងប្អូន​ធ្វើបាន​ប៉ុនណា ក្នុង​ការទទួលយក និង​ការធ្វើតាម​ការប្រឹក្សា​របស់​ពួក​សាវក​សម័យ​ទំនើប​នេះ ? តើ​ការគោរព​ប្រតិបត្តិ​របស់​យើង​ចំពោះ​ដំបូន្មាន​របស់​ទ្រង់​នាំ​យើង​ទៅ​កាន់​តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

លូកា ៩:៦១–៦២ ។តើ​វា​មាន​ន័យ​យ៉ាង​ណា​ដើម្បី​ងាក​មើល​ទៅ​ក្រោយ បន្ទាប់​ពី​ដាក់​ដៃ​របស់​យើង​កាន់​នង្គ័ល ? ហេតុអ្វី​ក៏​អាកប្បកិរិយា​នេះ​ធ្វើ​ឲ្យ​យើង​មិន​ស័ក្ដិសម​នឹង​នគរ​នៃ​ព្រះ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ទំនុក​តម្កើង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « កាលតស៊ូជឿ » ទំនុកតម្កើង ល.រ. ៦០ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ស្ដាប់​ព្រះវិញ្ញាណ ។ នៅ​ពេល​បងប្អូន​សិក្សា សូម​យកចិត្ត​ទុកដាក់​ទៅលើ​គំនិត និង​អារម្មណ៍​របស់​បងប្អូន ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៨:២–៣ ) ទោះបី​វា​មិន​ទាក់ទង​នឹង​អ្វី​ដែល​បងប្អូន​កំពុង​អាន​ក្ដី ។ ចំណាប់​អារម្មណ៍​ទាំងនោះ​អាច​ជា​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ចង់​ឲ្យ​បងប្អូនដឹង និង​ធ្វើ ។

រូបភាព
ព្រះយេស៊ូវ​លើក​ក្មេងស្រី​ឡើង​ពី​គ្រែ

Talitha Cumi [ តាលីថា គូមី ] ដោយ អេវ៉ា ខូលេវ៉ា ធីម៉ូធី