ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៦–១២ ខែ ឧសភា ៖ « ដោយ​កម្លាំង​នៃ​ព្រះ​អម្ចាស់ » ។ ម៉ូសាយ ៧–១០


« ថ្ងៃទី ៦–១២ ខែ ឧសភា ៖ ‹ ដោយ​កម្លាំង​នៃ​ព្រះ​អម្ចាស់ › ។ ម៉ូសាយ ៧–១០ » ចូរ​មក​តាម—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ៦–១២ ខែ ឧសភា ។ ម៉ូសាយ ៧–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

រូបភាព
អាំម៉ូន​កំពុង​បង្រៀន​ស្ដេច​លិមហៃ

មីនើរវ៉ា ថៃឆើត ( ឆ្នាំ ១៨៨៨–១៩៧៦ ) អាំម៉ូន​នៅ​ចំពោះ​ព្រះភ័ក្រ្ដ​ស្ដេច​លិមហៃ ឆ្នាំ ១៩៤៩–១៩៥១ ប្រេង​នៅលើ​បន្ទះ​ក្តារ ទំហំ ៣៥ ១៥/១៦ x ៤៨ អ៊ីនឆ៍ ។ សារមន្ទីរ​សិល្បៈ​របស់​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ ឆ្នាំ ១៩៦៩ ។

ថ្ងៃទី ៦–១២ ខែ ឧសភា ៖ « ដោយ​កម្លាំង​នៃ​ព្រះ​អម្ចាស់ »

ម៉ូសាយ ៧–១០

ខណៈ​ដែល​ប្រជារាស្ត្រ​របស់​ស្ដេច​ម៉ូសាយ​កំពុង​រីករាយ​នឹង « សេចក្ដី​សុខសាន្ដ​ត​រៀងមក » នៅ​សារ៉ាហិមឡា ( ម៉ូសាយ ៧:១ ) គំនិត​របស់​ពួកគេ​បាន​ងាក​ទៅ​រក​ក្រុម​សាសន៍​នីហ្វៃ​ផ្សេង​ទៀត ដែល​ជា​ច្រើន​ឆ្នាំ​ពី​មុន​មក​នោះ​បាន​ចាក​ចេញ​ទៅ​រស់នៅ​ក្នុង​ទឹកដី​លីហៃ–នីហ្វៃ ។ មនុស្ស​ជាច្រើន​ជំនាន់​បាន​កន្លង​ផុត​ទៅ ហើយ​ប្រជារាស្ត្រ​របស់​សេ្តច​ម៉ូសាយ​ពុំ​បាន​ឮ​ដំណឹង​អ្វី​សោះ​អំពី​ពួកគេ ។ ដូច្នេះ ស្តេច​ម៉ូសាយ​បាន​សុំ​អាំម៉ូន​ឲ្យ​ដឹកនាំ​ក្រុម​ស្វែងរក​មួយ ដើម្បី​ទៅ​ស្វែងរក​ពួក​សាសន៍​នីហ្វៃ​ដែល​បាន​ចាកចេញ​ទៅ​នោះ ។ ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​ថា « ព្រោះ​តែ​សេចក្ដីទុចរិត » ( ម៉ូសាយ ៧:២៤ ) ពួក​សាសន៍​នីហ្វៃ​ទាំងនោះ​ត្រូវបាន​ចាប់ជា​ឈ្លើយ​របស់​ពួកសាសន៍​លេមិន ។ ប៉ុន្តែ​ពេល​អាំម៉ូន និង​បងប្អូន​ប្រុស​របស់​លោក​បាន​ទៅ​ដល់ រំពេច​នោះ​ពួកគេ​បាន​មាន​សង្ឃឹម​ថា​នឹង​ត្រូវ​បាន​រំដោះ ។

ពេល​ខ្លះ ពួក​យើង​ក៏​ដូចជា​ពួកសាសន៍​នីហ្វៃ​ដែល​ជាប់​ជា​ឈ្លើយ​ទាំង​នោះ​ផងដែរ ដែល​កំពុង​រងទុក្ខ​ដោយសារ​តែ​អំពើបាប​របស់​ខ្លួន​យើង ងឿងឆ្ងល់​ថា​តើ​ពួក​យើង​នឹង​រក​បាន​ភាព​សុខសាន្ដ​ម្ដងទៀត​ដោយ​របៀបណា ។ ពេលខ្លះ​យើង​គឺ​ដូច​ជា​អាំម៉ូន ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ឈោង​ទៅ​ជួយ​អ្នកដទៃ ហើយ​ទីបំផុត​បាន​ឃើញ​ថា កិច្ចខិតខំ​របស់​យើង​បាន​បំផុស​គំនិត​ដល់​ពួកគេ​ឲ្យ « ងើប​មុខ [ ពួកគេ ] ឡើង ហើយ​អររីករាយ​ចុះ ហើយ​ដាក់​ទីទុកចិត្ត [ របស់​ពួកគេ ] ទៅ​លើ​ព្រះ » ( ម៉ូសាយ ៧:១៩ ) ។ មិន​ថា​ស្ថានភាព​របស់​យើង​យ៉ាង​ណា​នោះ​ទេ យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ប្រែចិត្ត ហើយ « បែរ​ត្រឡប់​មក​រក​ព្រះអម្ចាស់​ដោយ​ស្មោះ​ពី​ចិត្ត » ដោយ​សេចក្ដីជំនឿ​ថា « ទ្រង់​នឹង​ដោះលែង [ យើង ] ឲ្យ​រួច » ( ម៉ូសាយ ៧:៣៣ ) ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

ម៉ូសាយ ៧:១៤–៣៣

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្តា​ដើម្បី​រំដោះ​ខ្ញុំ ។

ការជួប​នឹង​អាំម៉ូន​បាន​ផ្ដល់​សេចក្តី​សង្ឃឹម​ដល់​ស្តេច​លិមហៃ ហើយ​ទ្រង់​ចង់​បញ្ជូន​សេចក្តី​សង្ឃឹម​នោះ​ដល់​ប្រជាជន​របស់​ទ្រង់ ។ ប្រហែលជា​បន្ទូល​របស់​ទ្រង់​អាច​ផ្តល់​សេចក្តី​សង្ឃឹម​ដល់​បងប្អូន​បាន​ផងដែរ ។ សម្រាប់​បរិបទ សូម​ពិចារណា​ពិនិត្យ​ស្ថានភាព​ប្រជាជន​របស់​លិមហៃ​នៅក្នុង ម៉ូសាយ ៧:២០–២៥ ។ បន្ទាប់មក សូម​ជញ្ជឹងគិត​ពី​សំណួរ​ទាំងនេះ​កាល​ដែល​បងប្អូន​អាន ម៉ូសាយ ៧:១៤–៣៣ ៖

  • តើ​ស្ដេច​លិមហៃ​មាន​បន្ទូល​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម​របស់​ប្រជាជន​របស់​ទ្រង់​ទៅលើ​ព្រះគ្រីស្ទ ?

  • តើ​ឃ្លា​អ្វីខ្លះ​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​សង្ឃឹម ? ( សូមមើល ខទី ១៩, ៣៣ ) ។

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​ទុកចិត្ត​ថា ព្រះ​អាច ហើយ​នឹង​រំដោះ​បងប្អូន​បាន ?

សូមមើល​ផងដែរ « ព្រះ​នៃ​អ៊ីស្រាអែល » ទំនុក​តម្កើង ល.រ. ៦ ។

ម៉ូសាយ ៧:២៦–២៧

ខ្ញុំ​ត្រូវបាន​បង្កើត « តាម​រូបរាង​នៃ​ព្រះ » ។

នៅក្នុង ម៉ូសាយ ៧:២៦–២៧ ស្ដេច​លិមហៃ​បាន​ពន្យល់​ពី​សេចក្តីពិត​មួយ​ចំនួន​ដែល​អ័ប៊ីណាដៃ​បាន​បង្រៀន ។ តើ​សេចក្តីពិត​អ្វីខ្លះ​ដែល​បងប្អូន​អាច​ស្វែងយល់​នៅក្នុង​ខគម្ពីរ​ទាំងនេះ ? តើ​សេចក្ដីពិត​ទាំងនេះ​ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​គិត​អំពី​ព្រះ និង​ខ្លួន​ឯង​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Your Body: A Magnificent Gift to Cherish » Liahona ខែ សីហា ឆ្នាំ ២០១៩ ទំព័រ ៥០–៥៥ ។

ម៉ូសាយ ៨:១៣–១៩

រូបភាព
រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះអម្ចាស់​ប្រទាន​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ជាតិ ។

នៅពេល​ស្ដេច​លិមហៃ​បាន​ស្ដាប់​ឮ​ទីបន្ទាល់​អាំម៉ូន​ថា ព្រះអម្ចាស់​បាន​ហៅ​អ្នក​មើល​ឆុត​ម្នាក់​មក ស្ដេច​លិមហៃ « មាន​សេចក្ដី​រីករាយ​ជា​ខ្លាំង ហើយ​បាន​ថ្លែង​អំណរ​គុណ​ដល់​ព្រះ » ( ម៉ូសាយ ៨:១៩ ) ។ ហេតុអ្វី​បងប្អូន​គិត​ថា ទ្រង់​មាន​ព្រះទ័យ​បែប​នេះ ? តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ពួក​អ្នក​មើលឆុត ចេញ​ពី​ពាក្យ​សម្តី​របស់​អាំម៉ូន​នៅក្នុង ម៉ូសាយ ៨:១៣–១៩ ?

នៅ​សព្វថ្ងៃ​នេះ យើង​គាំទ្រ​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ជា​ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួល​វិវរណៈ ។ តើ​វា​ជា « ប្រយោជន៍​ដ៏​ធំ » ចំពោះ​បងប្អូន​ដោយ​របៀប​ណា ? ( ម៉ូសាយ ៨:១៨ ) ។ តើ​ពួកលោក​បាន​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ?

តើ​បងប្អូន​អាច​និយាយ​ដោយ​ក្លាហាន​ដូចជា​អាំម៉ូន​ដែរ អំពី​តម្រូវការ​ដើម្បី​មាន​ព្យាការី អ្នក​មើលឆុត និង​អ្នក​ទទួល​វិវរណៈ​ដោយ​របៀបណា ? ( សូមមើល ម៉ូសាយ ៨:១៣–១៨ ) ។ ឧទាហរណ៍ តើ​បងប្អូន​នឹង​ចែកចាយ​អ្វី​ជាមួយ​គ្រួសារ​របស់​បងប្អូន ឬ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អំពី ៖

  • សេចក្តីពិត​ដែល​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ក្នុង​ជំនាន់​របស់​យើង​ដោយ យ៉ូសែប ស្ម៊ីធ និង​ព្យាការី​ផ្សេងទៀត​របស់​ព្រះអម្ចាស់ ( ដូចជា​និស្ស័យ​នៃ​ព្រះ អត្តសញ្ញាណ​ដ៏ទេវភាព​របស់​យើង ឬ​ធម្មជាតិ​ដ៏​អស់កល្ប​ជានិច្ច​នៃ​គ្រួសារ ) ។ ការរំឭក​ឡើងវិញ​នៅក្នុង « ការស្ដារ​ឡើងវិញ​នៃ​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ឬ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ( បណ្ណាល័យ​ដំណឹង​ល្អ ) អាចជួយ​បងប្អូន​ឲ្យ​គិត​អំពី​សេចក្ដីពិត​ទាំងនេះ​បាន ។

  • ពរជ័យ​នៃ​បទបញ្ញត្តិ ឬ​ពិធីបរិសុទ្ធ ( ដូចជា​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ច្បាប់​ព្រហ្មចារីភាព ឬ​ការ​ផ្សារភ្ជាប់​គ្រួសារ ) ។

កាល​ពី​ខែ​មុន យើង​បាន​ឮ​មកពី​ព្យាការី អ្នក​មើល​ឆុត និង​អ្នក​ទទួល​វិវរណៈ​នៅក្នុង​សន្និសីទ​ទូទៅ ។ តើ​សារ​អ្វីខ្លះ​ដែល​បាន​បំផុសគំនិត​ដល់​បងប្អូន ? តើ​បងប្អូន​នឹង​ធ្វើអ្វី​ខ្លះ​ខុស​ពីមុន​ដោយ​ផ្អែកលើ​អ្វី​ដែល​បងប្អូន​បាន​រៀន ? តើ​អ្នក​មើល​ឆុត​របស់​ព្រះអម្ចាស់​បាន​ថ្លែង​អ្វីខ្លះ​អំពី « ការណ៍​ទាំងឡាយ​ដែល​នឹង​កើតឡើង​នៅពេល​ខាងមុខ » ? ( ម៉ូសាយ ៨:១៧ ) ។

សូមមើល​ផងដែរ Gospel Topics « Prophets » នៅលើ​បណ្ណាល័យ​ដំណឹង​ល្អ ។

ម៉ូសាយ ៩–១០

ខ្ញុំ​អាច​ប្រឈម​មុខ​ទៅនឹង​ឧបសគ្គ « ដោយ​កម្លាំង​នៃ​ព្រះអម្ចាស់ » ។

ស៊ីនិព្វ​បាន​សារភាពថា កំហុស​របស់​ទ្រង់​បាន​ធ្វើ​ឲ្យ​រាស្ត្រ​​របស់​ទ្រង់​ធ្លាក់​ក្នុង​ស្ថានភាព​លំបាក ។ ប៉ុន្តែ​ក្រោយមក នៅពេល​ទ្រង់​បាន​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ទាស់​នឹង​ពួក​សាសន៍​លេមិន ទ្រង់​បាន​ជួយ​រាស្ត្រ​របស់​ទ្រង់​ឲ្យ​ប្រឈម​មុខ​ទៅនឹង​ឧបសគ្គ​ទាំងឡាយ​របស់​ពួកគេ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ ។ នៅពេល​បងប្អូន​អាន ម៉ូសាយ ៩–១០ សូម​ស្វែងរក​មើល​នូវ​អ្វី​ដែល​ប្រជាជន​ស៊ីនិព្វ​បាន​ធ្វើ​ដើម្បី​បង្ហាញ​ពី​សេចក្ដីជំនឿ​របស់​ពួកគេ ។ តើ​ព្រះ​ពង្រឹង​ដល់​ពួកគេ​ដោយ​របៀបណា ? តើ​ព្រះ​បាន​ពង្រឹង​បងប្អូន​ដោយ​របៀបណា ? តើ​វា​មាន​ន័យ​យ៉ាង​ដូចម្ដេច​ចំពោះ​បងប្អូន​ក្នុង​ការ​ឆ្ពោះ​ទៅ​មុខ « ដោយ​កម្លាំង​នៃ​ព្រះអម្ចាស់ » ? ( ម៉ូសាយ ៩:១៧; ១០:១០–១១ ) ។

ម៉ូសាយ ១០:១១–១៧

ជម្រើស​របស់​ខ្ញុំ​អាច​ជះឥទ្ធិពល​ទៅ​ច្រើន​ជំនាន់ ។

នៅពេល​បងប្អូន​អាន ម៉ូសាយ ១០:១១–១៧ សូម​បញ្ជាក់​ពី​របៀប​ដែល​សកម្មភាព និង​អាកប្បកិរិយា​នៃ​ពួក​សាសន៍​លេមិន​ជំនាន់​មុន​បាន​ប៉ះពាល់​ដល់​មនុស្ស​ជំនាន់​ក្រោយ ។ តើ​ការណ៍​នេះ​ណែនាំ​អ្វីខ្លះ ស្ដីពី​របៀប​ដែល​ការជ្រើសរើស​របស់​យើង​អាច​ប៉ះពាល់​ដល់​មនុស្ស​ដទៃ—សម្រាប់​សេចក្ដីល្អ ឬ​សេចក្ដីអាក្រក់—រួមទាំង​មនុស្ស​ដែល​មិន​ទាន់​ចាប់កំណើត​នៅឡើយ​ផងដែរ ?

បង្រៀន​មេរៀន​ដោយ​ប្រើ​វត្ថុ ។ ការបង្រៀន​មេរៀន​ដោយ​ប្រើ​វត្ថុ​ធ្វើឲ្យ​ការរៀនសូត្រ​សប្បាយ ហើយ​ងាយ​ចងចាំ ។ ប្រហែលជា​គ្រាប់​ដូមីណូ​មួយជួរ​អាច​បង្ហាញ​ពី​របៀប​ដែល​ការជ្រើសរើស​របស់​មនុស្ស​អាច​ប៉ះពាល់​ដល់​ពូជពង្ស​របស់​ពួកគេ ( សូមមើល ម៉ូសាយ ១០:១១–១៧ ) ។

គំនិត​សម្រាប់​បង្រៀន​កុមារ

ម៉ូសាយ ៧:១៩

ព្រះ​បាន​ជួយ​ប្រជាជន​នៅក្នុង​ព្រះគម្ពីរ ហើយ​ទ្រង់​អាច​ជួយ​ខ្ញុំ​បាន ។

  • ពេល​រាស្ត្រ​របស់​ទ្រង់​បាន​ជួប​ឧបសគ្គ ស្ដេច​លិមហៃ​បាន​ចែកចាយ​បទគម្ពីរ​ដើម្បី​ស្ថាបនា​សេចក្ដីជំនឿ​របស់​ពួកគេ ។ សូម​សួរ​កូនៗ​របស់​បងប្អូន​អំពី​ដំណើររឿង ឬ​តួអង្គ​នៅក្នុង​បទគម្ពីរ​ដែល​ជួយ​ពួកគេ​ឲ្យ​មាន​សេចក្ដីជំនឿ ។ បន្ទាប់មក បងប្អូន​អាច​អាន ម៉ូសាយ ៧:១៩ ឲ្យ​ពួកគេ​ស្តាប់ និង​រំឭក​ឡើងវិញ​នូវ​ដំណើររឿង​នៅក្នុង​ខគម្ពីរ​នេះ ( សូមមើល « បុណ្យ​រំលង » និង « ពួកសាសន៍​អ៊ីស្រាអែល​នៅក្នុង​ទីរហោស្ថាន » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ទំព័រ ៧០–៧៦ ) ។ ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​ចង់​សម្តែង​តាម​ដំណើររឿង​នោះ ។ តើ​ព្រះអម្ចាស់​បាន​ជួយ​ប្រជាជន​នៅក្នុង​ដំណើររឿង​នេះ​ដោយ​របៀប​ណា ? តើ​ទ្រង់​អាច​ជួយ​យើង​ដោយ​របៀប​ណា ?

  • សម្រាប់​ឧទាហរណ៍​ជាច្រើន​ទៀត​អំពី​របៀប​ដែល​ព្រះម្ចាស់​ជួយ​ដល់​យើង សូម​ជ្រើសរើស​វគ្គ​បទចម្រៀង​មួយ​ចំនួន​មកពី​បទ « ដំណើររឿង​ព្រះគម្ពីរ​មរមន » ឬ « ភាពក្លាហាន​របស់​នីហ្វៃ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១៨–១៩, ៦៤–៦៥ ) ដើម្បី​ច្រៀង​ជាមួយ​នឹង​កូនៗ​របស់​បងប្អូន ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​មនុស្ស​នៅក្នុង​ព្រះគម្ពីរ​មរមន—និង​របៀប​ដែល​ទ្រង់​អាច​ជួយ​យើង​បាន ។

ម៉ូសាយ ៨:១៦–១៨

ព្រះ​បាន​ប្រទាន​ឲ្យ​យើង​នូវ​ព្យាការី អ្នក​មើលឆុត និង​អ្នក​ទទួល​វិវរណៈ​ទាំងឡាយ ។

  • របៀប​មួយ​ដើម្បី​បង្រៀន​អំពី​អ្នក​មើលឆុត គឺ​ត្រូវ​ប្រៀបធៀប​ពួកលោក​ទៅ​នឹង​អ្វី​ដែល​ជួយ​យើង​ឲ្យ​មើល​ឃើញ​ច្បាស់ ដូចជា វ៉ែនតា កែវពង្រីក ឬ​មីក្រូទស្សន៍​ជាដើម ។ បន្ទាប់មក កាល​ដែល​បងប្អូន​អាន ម៉ូសាយ ៨:១៧ ឲ្យ​កូនៗ​របស់​បងប្អូន​ស្តាប់ នោះ​ពួកគេ​អាច​យក​ដៃ​ដាក់​លើ​ភ្នែក​របស់​ពួកគេ ដូចជា​ពួកគេ​កំពុង​មើល​តាម​កែវពង្រីក រាល់ពេល​ដែល​ពួកគេ​ឮ​ពាក្យ « អ្នក​មើលឆុត » ( សូមមើល​ផងដែរ ម៉ូសេ ៦:៣៥–៣៦ ) ។ សូម​និយាយ​ជាមួយ​ពួកគេ​អំពី​អ្វី​ដែល​ព្រះអម្ចាស់​ជួយ​ដល់​ព្យាការី​ឲ្យ « មើល​ឃើញ » ដែល​យើង​មិន​អាច​មើល​ឃើញ ។ តើ​ព្យាការី ឬ​អ្នក​មើលឆុត​របស់​យើង ដូចជា យ៉ូសែប ស្ម៊ីធ​ជាដើម បាន​បើកសម្តែង​មក​កាន់​យើង​អ្វីខ្លះ ?

  • បន្ទាប់ពី​អាន ម៉ូសាយ ៨:១៦–១៨ ជាមួយ​កូនៗ​របស់​បងប្អូន​រួច បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​គិត​ពី​របៀប​ដើម្បី​បំពេញ​ប្រយោគ​ដូចជា អ្នក​មើលឆុត​ដូចជា … ដែល​ជួយ​យើង …  ។ ឧទាហរណ៍ អ្នក​មើល​ឆុត​គឺ​ដូចជា​សញ្ញា​ចរាចរណ៍​ដែល​ចង្អុល​ប្រាប់​ផ្លូវ​យើង​ឲ្យ​ទៅរក​ព្រះ​យេស៊ូវ​អ៊ីចឹង​ដែរ ។

  • បងប្អូន​ក៏​អាច​ធ្វើ​ស្នាម​បាតជើង​ពី​ក្រដាស ហើយ​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​គូរ​រូប​នៅលើ​ស្នាម​បាតជើង​នូវ​អ្វី​ដែល​ព្យាការី អ្នក​មើលឆុត និង​អ្នក​ទទួល​វិវរណៈ​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​យើង​ធ្វើ ។ សូម​ដាក់​ស្នាម​បាតជើង​នៅលើ​ផ្លូវ​នៅ​ជុំវិញ​បន្ទប់ ហើយ​ឲ្យ​កូនៗ​របស់​បងប្អូន​ដើរ​នៅលើ​ស្នាម​បាតជើង​ទាំងនេះ ។ តើ​អ្នក​មើលឆុត​អាច « មាន​ប្រយោជន៍​ដ៏​ធំ » ដល់​យើង​ដោយ​របៀប​ណា ? ( សូមមើល ម៉ូសាយ ៨:១៧–១៨ ) ។

ម៉ូសាយ ៩:១៤–១៨; ១០:១០–១១

នៅពេល​ខ្ញុំ​ទន់ខ្សោយ នោះ​ព្រះអម្ចាស់​អាច​ពង្រឹង​ខ្ញុំ​បាន ។

  • នៅពេល​កុមារ​ជួប​នឹង​ឧបសគ្គ​នានា ជួនកាល​ពួកគេ​មាន​អារម្មណ៍​ទន់ខ្សោយ និង​មិន​អាច​ជួយ​បាន ។ តើ​បងប្អូន​នឹង​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ? បងប្អូន​គួរតែ​សួរ​ពួកគេ​ពី​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​បាន​មាន​រូបកាយ​រឹងមាំ ? តើ​ការមាន « កម្លាំង​របស់​មនុស្ស » មាន​ន័យ​ដូចម្ដេច ? ( សូមមើល ម៉ូសាយ ១០:១១ ) ។ តើ​ការមាន « កម្លាំង​នៃ​ព្រះអម្ចាស់ » មាន​ន័យ​ដូចម្ដេច ? ( សូមមើល ម៉ូសាយ ៩:១៧–១៨; ១០:១០ ) ។ តើ​យើង​ទទួល​បាន​កម្លាំង​នៃ​ព្រះអម្ចាស់​ដោយ​របៀប​ណា ? កូនៗ​របស់​បងប្អូន​អាច​គូររូប​មួយ​ពី​អ្វី​ដែល​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​កម្លាំង​ពី​ព្រះអម្ចាស់ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

រូបភាព
យ៉ូសែប ស៊្មីធ ជា​មួយ​នឹង មរ៉ូណៃ

Vision to Joseph Smith [ ការនិមិត្ត​របស់​យ៉ូសែប ស្ម៊ីធ ] ដោយ ក្លាក ខាលី ផ្រាយ