ថ្នាក់​សិក្ខាសាលា
អេធើរ ១២:២៨–៤១ ៖ ព្រះយេស៊ូវគ្រីស្ទ ៖ « ប្រភព​ទឹក​នៃ​អស់​ទាំង​សេចក្ដី​សុចរិត »


« អេធើរ ១២:២៨–៤១ ៖ ព្រះយេស៊ូវគ្រីស្ទ ៖ ‹ ប្រភព​ទឹក​នៃ​អស់​ទាំង​សេចក្ដី​សុចរិត › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ១២:២៨–៤១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ១២:២៨–៤១

ព្រះយេស៊ូវគ្រីស្ទ ៖ « ប្រភព​ទឹក​នៃ​អស់​ទាំង​សេចក្ដី​សុចរិត »

រូបភាព
រូបគំនូរ​ព្រះគ្រីស្ទ

អាស្រ័យលើ​អ្វីដែល​យើងស្វែងរក យើង​អាច​រកឃើញ​ការល្អ ឬ​អាក្រក់​ច្រើន​នៅក្នុង​ពិភពលោកនេះ ។ បន្ទាប់ពី​បានរៀន​ពីការបំផ្លិចបំផ្លាញ​របស់​ពួកសាសន៍យ៉ារេឌ និង​បាន​ឃើញ​ពី​ការបំផ្លិចបំផ្លាញ​នៃពួកសាសន៍នីហ្វៃ​ហើយ មរ៉ូណៃ​បានសុំអង្វរ​ទៅដល់​អ្នកអាន​ទាំងអស់​របស់លោក​ឲ្យ​ស្វែងរក​ព្រះយេស៊ូវគ្រីស្ទ និង​ពរជ័យ​ដែល​ទ្រង់ចង់​ប្រទាន​មក ។ មេរៀន​នេះ​អាច​ជួយអ្នក​ឲ្យមានអារម្មណ៍ថា មាន​សេចក្តី​ប្រាថ្នា​កាន់តែខ្លាំង​ក្នុង​ការស្វែង​រក​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​របស់អ្នក​ផ្ទាល់ ។

សូម​ជួយ​សិស្ស​ឲ្យស្គាល់​ពរជ័យ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ បន្ថែមពីលើ​ការបង្រៀន​ការពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ សូមផ្តល់​ឱកាសឲ្យ​សិស្ស​ពិចារណាពី​សេចក្តីស្រឡាញ់ អំណាច និង​សេចក្តីមេត្តា​ករុណា​របស់​ទ្រង់ ។ សូមលើក​ទឹកចិត្ត​ពួកគេ​ឲ្យចងចាំ​ពីបទពិសោធន៍ នៅពេលដែល​ពួកគេ​បានទទួល​អារម្មណ៍ថា​ទទួលបាន​ព្រះចេស្ដា និង​សេចក្ដី​មេត្តាករុណា​របស់​ព្រះអង្គសង្គ្រោះ ដែល​បាន​ប្រទាន​ដល់ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់ ។ ការធ្វើ​បែបនេះ​អាច​ជួយ​អ្នកសិក្សា​ឲ្យ​ចូល​មករក​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ពេញលេញ​ថែមទៀត ។

ការរៀបចំ​សិស្ស ៖ សូមពិចារណា​ផ្តល់​ច្បាប់ចម្លង​​អំពី​បទពិសោធន៍​របស់​អែលឌើរ មែលវិន ជេ បាឡឺដ ដែលមាន​ក្នុង​មេរៀន​នេះឲ្យ​ទៅ​សិស្ស ។ សូម​អញ្ជើញ​ពួកគេ​ឲ្យមក​រៀន​ដោយ​បាន​រៀបចំខ្លួន​ត្រៀម​ចែកចាយ​អ្វីដែល​ពួកគេ​បានរៀនសូត្រ និង​ទទួល​អារម្មណ៍​អំពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការអាន​បទពិសោធន៍​របស់​អែលឌើរ បាឡឺដ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ប្រភព​ទឹក

សូម​ពិចារណា​បង្ហាញ​និយមន័យ និង​រូបភាព​ដូច​ខាងក្រោម​នេះ ។

ប្រភព​ទឹក​មាន​ន័យ​ថា​ជា « ប្រភព​ដើម​ដែល​អ្វី​មួយ​កើតឡើង ឬ​ដែល​ផ្គត់ផ្គង់​ដល់​អ្វីមួយ »—ឧទាហរណ៍ « ប្រភព​ទឹក​ដែល​ផុស​ចេញពី​ដី » ( វចនានុក្រម Merriam-Webster.com « fountain ) ។

រូបភាព
ប្រភព​ទឹក
  • ប្រសិនបើ​អ្នក​អាចចូល​ទៅកាន់​ប្រភព​នៃអព្ភូតហេតុ​ដែល​ផ្គត់ផ្គង់​ដល់​លំហូរ​ជាបន្តបន្ទាប់​នៃអ្វី ដែល​អ្នក​បាន​ជ្រើសរើស តើអ្នក​ចង់ឲ្យ​វា​បង្កើត​អ្វីខ្លះ ?

សូម​គូរ​រូបរហ័ស​អំពី​ប្រភព​មួយ​ដែលបង្កើតចេញ​នូវ​អ្វីដែល​អ្នក​បានជ្រើសរើស ហើយ​ពន្យល់​ដោយសង្ខេប​អំពី​មូលហេតុ​ដែល​អ្នក​ចង់បានវា ។

សូមពិចារណា​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យចែកចាយ​គំនូរ​របស់ពួកគេ​ដោយសង្ខេប ។

សូមអាន អេធើរ ១២:២៨ ដោយ​រកមើល​ប្រភពដែល​ព្រះអម្ចាស់​បានលើកឡើង បន្ទាប់ពី​បានបង្រៀន​ដល់មរ៉ូណៃ​អំពី​សមត្ថភាព​របស់​ទ្រង់​ក្នុងការប្រែក្លាយ​ភាពទន់ខ្សោយ​របស់យើង​ឲ្យ​ទៅជា​ភាពខ្លាំង ។

  • តើ​ព្រះអម្ចាស់​សំដៅទៅលើ​ប្រភព​អ្វី ?

  • តើខគម្ពីរ​នេះ​បង្រៀន​អ្វីខ្លះអំពី​របៀបដែល​យើង​ចូលមករក​ព្រះគ្រីស្ទ ?

សេចក្តីពិត​មួយ​ដែលខគម្ពីរ​នេះបង្រៀន គឺថា សេចក្តីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដី​សប្បុរស​នាំ​យើង​ទៅរក​ព្រះយេស៊ូវគ្រីស្ទ ដែលជា​ប្រភព​ទឹក​នៃ​អស់​ទាំង​សេចក្ដី​សុចរិត ។

  • ហេតុអ្វី​បានជា « ប្រភព​ទឹក​នៃ​អស់​ទាំង​សេចក្ដី​សុចរិត » គឺជាព្រះបរមងារដ៏ល្អ​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នកគិត ឬមានអារម្មណ៍ថា តើ​អ្វី​ទៅដែលតែងតែ​កើតមកពីទ្រង់ ដូចជាប្រភពទឹក​ដែលមិន​ចេះឈប់ ?

  • តើអ្នកគិតថា ការអភិវឌ្ឍ​សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និង​សេចក្ដី​សប្បុរស​នាំយើង​ទៅរក​ព្រះយេស៊ូវ​ដោយរបៀបណា ?

សម្រាប់​សកម្មភាព​ដែល​បានណែនាំ​ខាងក្រោម សូមពិចារណាដាក់​សិស្ស​ជាក្រុមៗ​ដែលមានគ្នា​បីនាក់ ។ សូមអញ្ជើញ​មនុស្សម្នាក់ៗ​ឲ្យគិតពិចារណា និងចែកចាយ​ពីឧទាហរណ៍​មួយជា​មួយក្រុម​របស់ពួកគេ ។

សូម​សរសេរ​ឧទាហរណ៍​មួយចំនួន​ដែល​ពន្យល់បង្ហាញ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជា​ប្រភព​ទឹកនៃ​អស់ទាំង​សេចក្ដី​សុចរិត ។ ឧទាហរណ៍​ទាំងនេះ​អាច​យក​ចេញមកពី​ព្រះគម្ពីរ ពីជីវិត​របស់​អ្នក ឬពីជីវិត​របស់មនុស្សដែល​អ្នកស្គាល់ ។ ប្រសិនបើ​អ្នក​ត្រូវការ​ជំនួយ​ក្នុងការ​គិត​អំពី​ឧទាហរណ៍មួយ នោះ​អ្នក​អាច​អានដំណើររឿង​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង ម៉ាកុស ២:១–១២ ឬ​មើល​វីដេអូ « Jesus Forgives Sins and Heals a Man Stricken with Palsy » ( ២:៥៧ ) បាន ។

សូម​ជញ្ជឹងគិតពីរបៀប​ដែល​ឧទាហរណ៍​ទាំងនេះ​មានឥទ្ធិពល​លើអារម្មណ៍​របស់អ្នក​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​អំពី​សេចក្តីប្រាថ្នា​បច្ចុប្បន្ន​របស់អ្នក​ក្នុងការ​ចូលមករក​ព្រះយេស៊ូវគ្រីស្ទ ហើយទទួលយក​សេចក្តីសុចរិត​ដែលកើតមកពី​ទ្រង់ ។ តើសេចក្តីប្រាថ្នា​របស់អ្នក​ខ្លាំង​ដូចដែល​អ្នក​រំពឹងចង់​បានដែរឬទេ ? បើ​ដូចការរំពឹងទុក​ហេតុអ្វី ឬ​បើមិនដូច​ហេតុអ្វី ?

នៅពេល​អ្នក​បន្ត​សិក្សា សូមស្វែងរក​សេចក្ដីពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែលអាច​មានឥទ្ធិពល​វិជ្ជមាន​លើ​សេចក្តីប្រាថ្នា និងសមត្ថភាព​របស់អ្នក​ក្នុងការ​ចូលមករក​ទ្រង់ និងទទួលយក​សេចក្ដីសុចរិត​ដែលទ្រង់ប្រទានមក ។

អំណោយទាន​ដែលកើត​មកពី​ព្រះគ្រីស្ទ

សូមអាន អេធើរ ១២:២៩–៣៧ ដោយ​ស្វែងរក​ពរជ័យ ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់អស់អ្នក​ដែល​ចូលមករក​ទ្រង់​ដោយ​សេចក្តីជំនឿ សេចក្តីសង្ឃឹម និង​សេចក្ដី​សប្បុរស ។

  • តើពរជ័យ​អ្វីខ្លះដែល​មរ៉ូណៃ​បាននិយាយ​ដែលកើតចេញមកពី​ការស្វែងរក​ព្រះយេស៊ូវ ?

  • តើពរជ័យ​ទាំងនេះ​មួយណាដែល​អ្នក ឬអ្នកដទៃ​បានទទួលបទ​ពិសោធន៍​នៅពេលដែល​អ្នក​ស្វែងរក​ព្រះអង្គសង្គ្រោះ ?

  • តើពរជ័យ​ទាំងនេះ​មួយណា ដែលអ្នក​ទន្ទឹងរង់ចាំបំផុត​ដើម្បី​ទទួលបាន​នៅពេលអនាគត ? ហេតុអ្វី ?

ស្វែងរក​ព្រះយេស៊ូវ

នៅចុងបញ្ចប់​នៃគម្ពីរ អេធើរ ១២ មរ៉ូណៃ​បានចែកចាយពី​បទពិសោធន៍​ដ៏ពិសិដ្ឋមួយ ដែលលោក​បានមាន ។ សូមអាន ខទី ៣៩ ហើយ​សាកស្រមៃ​ម្តងទៀត​មើលថា តើ​បទពិសោធន៍​នោះមាន​លក្ខណៈ​ដូចម្ដេច​ចំពោះមរ៉ូណៃ ។

សូមអាន ហើយពិចារណា​ដោយគូសចំណាំ​ការអញ្ជើញ​របស់​មរ៉ូណៃ​នៅក្នុង ខទី ៤១ ។

  • បន្ទាប់ពី​មានបទពិសោធន៍​ដែល​លោក​បានពិពណ៌នា​នៅក្នុង ខទី ៣៩ ហើយ ហេតុអ្វី​បានជា​អ្នកគិតថា មរ៉ូណៃ​នឹងផ្តល់​ការអញ្ជើញ​នេះដល់​ពួកយើង ?

ដូចជា​មរ៉ូណៃដែរ អែលឌើរ មែលវិន ជេ បាឡឺដ ( ឆ្នាំ ១៨៧៣–១៩៣៩ ) ក្នុង​កូរ៉ុមនៃ​ពួកសាវកដប់ពីរនាក់​មាន​បទពិសោធន៍​ដ៏ពិសិដ្ឋមួយ​ជាមួយនឹង​ព្រះអង្គសង្គ្រោះ ។ សូមអាន​ការពិពណ៌នា​របស់លោក​អំពី​បទពិសោធន៍​នេះ ហើយ​ព្យាយាម​ស្រមៃមើល​ម្តងទៀតថា តើវា​មានលក្ខណៈ​ដូចម្ដេចដែរ ។

នៅយប់មួយ ក្នុងសុបិន​របស់ខ្ញុំ គឺខ្ញុំ​បានឃើញ​ខ្លួនឯង​ស្ថិតនៅក្នុង​អគារដ៏ពិសិដ្ឋនោះ គឺព្រះវិហារបរិសុទ្ធ ។ បន្ទាប់ពី​បានអធិស្ឋាន និង​មាន​ក្ដីអំណរ​រួច មាន​គេ​ប្រាប់​ខ្ញុំថា ខ្ញុំ​មានឯកសិទ្ធិ​ចូល​ទៅក្នុង​បន្ទប់មួយ​ក្នុងចំណោម​បន្ទប់​ទាំងនោះ ដើម្បីជួប​បុគ្គល​ដ៏រុងរឿង ហើយពេល​ខ្ញុំ​ចូលទៅ​មាត់ទ្វារ ខ្ញុំ​បានឃើញ​មនុស្សម្នាក់​កំពុងអង្គុយ​នៅលើ​វេទិកា​ដ៏រុងរឿងបំផុត ដែលខ្ញុំ​មិន​ធ្លាប់បាន​ឃើញ​ទាល់តែសោះ ហើយខ្ញុំ​មិនដែលនឹក​ស្មានថា នឹង​មាននរណាម្នាក់​ដែលមានភាពរុងរឿង​ដូច្នេះ​នៅក្នុង​ពិភពលោក​ដ៏អស់កល្ប​ជានិច្ចនោះទេ ។

នៅពេលដែល​ខ្ញុំចូលទៅជិត ដើម្បីណែនាំខ្លួន ទ្រង់​បានក្រោកឡើង ហើយដើរឆ្ពោះ​មករក​ខ្ញុំ​ដោយដៃលាតធំ ហើយ​ទ្រង់​ញញឹម​ដោយ​មានបន្ទូល​ហៅឈ្មោះ​របស់​ខ្ញុំ​យ៉ាងទន់ភ្លន់ ។ ប្រសិនបើ​ខ្ញុំ​រស់នៅ​បានរហូតដល់​លានឆ្នាំ ខ្ញុំ​មិនភ្លេច​ស្នាមញញឹម​នោះទេ ។ ទ្រង់​បាន​ឱប​ខ្ញុំក្នុង​ព្រះហស្ត​របស់ទ្រង់ ហើយថើបខ្ញុំ ឱបខ្ញុំ​ជាប់ដើម​ទ្រូងទ្រង់ ហើយ​ប្រទានពរ​ដល់ខ្ញុំ រហូតដល់​ខួរឆ្អឹង​របស់ខ្ញុំ​ហាក់​ដូចជារលាយ ! នៅពេលដែល​ទ្រង់​បាន​ធ្វើរួចរាល់​ហើយ ខ្ញុំ​បានក្រាប​នៅ​ព្រះបាទ​ទ្រង់ ហើយនៅពេល​ខ្ញុំ​យំ និងថើប​ព្រះបាទ​ទ្រង់ ខ្ញុំ​បានឃើញ​ស្នាមដែកគោល​ដែលដំ​នៅនឹង​ព្រះបាទ​នៃ​ព្រះ​ប្រោសលោះ​ពិភពលោក ។ អារម្មណ៍ដែល​ខ្ញុំ​មាន​នៅក្នុង​ព្រះវត្តមានទ្រង់ ជា​អង្គ​ដែលមានអ្វីៗ​ទាំងអស់​នៅក្នុង​ព្រះហស្ត​របស់ទ្រង់ មាន​សេចក្តីស្រឡាញ់​របស់ទ្រង់​សេចក្ដីថ្នាក់ថ្នម​របស់ទ្រង់ និងពរជ័យ​របស់ទ្រង់ គឺថា ប្រសិនបើ​ខ្ញុំ​អាច​ទទួលបាន​អ្វីដែល​ខ្ញុំបាន​ជួប ទោះជា​បាន​ជួប​មួយភ្លែត​ក្ដី ក៏​ខ្ញុំ​នឹងលះបង់​អ្វី​ទាំងអស់​ពី​ខ្លួន​ខ្ញុំ អ្វី​ទាំងអស់​ដែល​ខ្ញុំ​សង្ឃឹម​ចង់​បាន ដើម្បី​ទទួលបាន​អារម្មណ៍​ដែល​ខ្ញុំបាន​មាន​នោះ​ម្ដងទៀត ។

… ខ្ញុំ​ឃើញ​ព្រះយេស៊ូវ មិនមែន​នៅលើ​ឈើឆ្កាង​នាពេលឥឡូវនេះទេ ។ ខ្ញុំ​មិន​ឃើញ​បាន​ចិញ្ចើម​របស់ទ្រង់​ចាក់ដោយបន្លា ឬព្រះហស្ត​របស់ទ្រង់​រហែកដោយ​ដែកគោលទេ ប៉ុន្តែខ្ញុំ​ឃើញ​ទ្រង់ញញឹម ដោយលើក​ព្រះហស្ដលាត​មក ដោយមាន​បន្ទូល​មកកាន់​យើង​ទាំងអស់​គ្នា ៖ « ចូរ​មករក​យើង ! » ។ ( មែលវិន ជេ បាឡឺដ « I Know That He Lives » Ensign ខែ ធ្នូ ឆ្នាំ ២០១៤ ទំព័រ ៨០ )

  • តើអ្នក​ចាប់អារម្មណ៍​អ្វីជាងគេបំផុត​ចេញពី​បទពិសោធន៍​របស់​អែលឌើរ បាឡឺដ ? ហេតុអ្វី ?

  • តើគំនិត ឬអារម្មណ៍​អ្វីខ្លះអំពី​បទពិសោធន៍​របស់អែលឌើរ បាឡឺដ និងមរ៉ូណៃ​នាំឲ្យ​អ្នក​គិត​អំពី​ព្រះអង្គសង្គ្រោះ ?

ដើម្បីបញ្ចប់​មេរៀននេះ សូមពិចារណា​ផ្តល់​ការអញ្ជើញ​ខាងក្រោម​នេះ​ទៅឲ្យ​សិស្ស ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការចែកចាយ​អំពី​សេចក្តីប្រាថ្នា​របស់​អ្នកផ្ទាល់​ក្នុង​ការស្វែងរក​ព្រះយេស៊ូវគ្រីស្ទ និងពរជ័យ​ដែល​កើតមាន កាល​ដែល​អ្នក​បានស្វែងរក​ទ្រង់ ។

សូមជញ្ជឹង​អំពីអ្វី​ដែល​អ្នកបានរៀន និង​ទទួល​អារម្មណ៍​នៅថ្ងៃនេះ ។ តើអ្វីខ្លះ​ដែលជះឥទ្ធិពល​ខ្លាំងបំផុត​ទៅលើ​សេចក្តីប្រាថ្នា​របស់អ្នក​ក្នុង​ការស្វែងរក​ព្រះយេស៊ូវ​នៅក្នុង​ជីវិត​របស់អ្នក ? សូមប្តេជ្ញា​ធ្វើសកម្មភាព​តាម​ការបំផុសគំនិត ឬ​ចំណាប់​អារម្មណ៍​ដែលអ្នកមាន ។