ថ្នាក់​សិក្ខាសាលា
អេធើរ ១២:១–២២ ៖ ការទទួលបាន​ទីបន្ទាល់​អំពី​សេចក្ដីពិត


« អេធើរ ១២:១–២២ ៖ ការទទួលបាន​ទីបន្ទាល់​អំពី​សេចក្ដីពិត » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ១២:១–២២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ១២:១–២២

ការទទួលបាន​ទីបន្ទាល់​អំពី​សេចក្ដីពិត

រូបភាព
យុវនារី​កំពុង​សិក្សា​ដំណឹងល្អ

តើ​មាន​អ្វីខ្លះ​ដែល​បានជួយ​​អ្នកឲ្យ​មានភាពងាយ​ស្រួល​ក្នុង​ការរៀន​សូត្រពី​សេចក្ដីពិត​ខាងវិញ្ញាណ ? បន្ទាប់ពី​បានរៀបរាប់​លម្អិតអំពី​ប្រវត្តិ​របស់​ពួក​សាសន៍​យ៉ារេឌ​ជាច្រើន​ឆ្នាំរួចហើយ មរ៉ូណៃ​បានណែនាំ​ពី​ការងារ​បម្រើ​របស់​ព្យាការី​អេធើរ ។ បន្ទាប់​មក មរ៉ូណៃ​បាន​ចែកចាយ​ពរជ័យ​មួយចំនួន ដែល​ទទួល​បាន​មកពី​ការអនុវត្តសេចក្តី​ជំនឿលើ​ព្រះយេស៊ូវគ្រីស្ទ រួមមាន​របៀប​ដែល​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​យើង​អាច​ជួយ​យើងឲ្យ​ទទួលបាន​សាក្សីនៃ​សេចក្ដីពិត​ផងដែរ ។ មេរៀន​នេះ​មានគោល​បំណងជួយសិស្ស​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ ដើម្បីទទួលបាន​សាក្សី​ខាង​វិញ្ញាណ​នៃ​សេចក្ដីពិត ។

រៀបចំ​ខ្លួន​បង្រៀន ដោយសារ​ព្រះវិញ្ញាណ​ថ្លែងទី​បន្ទាល់​អំពីសេចក្ដី​ពិត ហើយ​ជាប្រភព​នៃ​ការប្រែចិត្ត​ជឿ នោះ​គ្រូបង្រៀន​ដំណឹងល្អ​ដ៏មាន​អានុភាព​រៀបចំខ្លួន​ឯង​ខាងវិញ្ញាណ​ជាយូរមុន​នឹងពួកគេ​បង្រៀន ។ សូម​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​មកចូល​នៅក្នុង​ការរៀបចំ​មេរៀនរបស់​អ្នក​តាមរយៈ​ការអធិស្ឋាន​ដោយ​ស្មោះត្រង់ ហើយ​ព្យាយាម​ធ្វើ​តាមការណែនាំ​របស់ទ្រង់ នៅ​ពេល​ដែលអ្នកផ្តោតលើការ​បង្រៀន​អំពីគោលលទ្ធិ និង គោលការណ៍​ទាំងឡាយ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្សឲ្យគិត​អំពីគំរូ​នានា​នៅក្នុង​ព្រះគម្ពីរ​ដែល​បង្ហាញ​ថា ការប្រព្រឹត្ត​ដោយ​ស្មោះត្រង់​នាំឲ្យមាន​ទីបន្ទាល់​ខាង​វិញ្ញាណ ពរជ័យ ឬ​ចម្លើយ​មកពីព្រះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

« តើ​អ្នក​ដឹង​បាន​ដោយ​របៀបណា ? »

ស៊ីស្ទើរ រេបិកា អិល ក្រេវិន ទីប្រឹក្សា​ទីពីរ​ក្នុងគណៈប្រធាន​យុវនារី​ទូទៅ​បានចែកចាយ​ពីបទពិសោធន៍​ខាង​ក្រោម​ដែល​គាត់មាន នៅ​ពេល​និយាយ​ជាមួយ​យុវនារី​ម្នាក់ ៖

ខ្ញុំ​មាន​បទពិសោធន៍​ដ៏ល្អ​មួយ​ជាមួយ​យុវនារី​ជាទី​ស្រឡាញ់​ម្នាក់ ដែល​បាន​សួរ​សំណួរ​ដ៏​ស្មោះ​ថា ៖ « ស៊ីស្ទើរ កា្រវីន តើ​ស៊ីស្ទើរ​ដឹង​ថា អ្វីៗ​អំពី​សាសនាចក្រ​នេះ​ពិត​ដោយ​របៀប​ណា ? ព្រោះខ្ញុំ​គ្មាន​អារម្មណ៍​អ្វីសោះ » ។

មុន​នឹង​ឆ្លើយ ខ្ញុំ​បាន​សួរ​សំណួរ​ខ្លះៗ​ទៅ​នាង​សិន ។ « សូម​ប្រាប់​ខ្ញុំ​អំពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ប្អូន » ។

នាង​បាន​ឆ្លើយ​ថា « ខ្ញុំ​មិន​បាន​អាន​បទគម្ពីរ​ទេ » ។

ខ្ញុំ​បាន​សួរថា « ចុះ​ចំណែក​ឯង​គ្រួសារ​របស់អ្នក​វិញ ? តើ​ប្អូន​សិក្សា ចូរ​មកតាម​ខ្ញុំ ជាមួយ​គ្នា​ដែរ​ឬទេ ? »

នាង​បាន​និយាយ​ថា « អត់ទេ » ។

ខ្ញុំ​បាន​សួរ​អំពី​ការអធិស្ឋាន​របស់​នាង ៖ « តើ​ប្អូន​មាន​អារម្មណ៍​បែបណា ពេល​ប្អូន​អធិស្ឋាន ? »

ចម្លើយ​នាង ៖ « ខ្ញុំ​មិន​អធិស្ឋាន​ទេ » ។ ( រេបិកា អិល ក្រេវិន « ធ្វើ​អ្វី​ដែល​សំខាន់​បំផុត » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦២ )

  • ផ្អែកលើ​បទពិសោធន៍​របស់អ្នក តើអ្នកអាច​និយាយ​អ្វីខ្លះ ដើម្បី​ជួយដល់​យុវនារី​រូបនេះ ?

បន្ទាប់ពី​សិស្ស​ពិភាក្សា​អំពី​សំណួរមុន​រួចហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ឧទាហរណ៍​នៃ​សេចក្ដី​ពិតជាក់លាក់​ដែល​មនុស្ស​ប្រហែល​ជា​ត្រូវការ​ដើម្បី​ស្វែងរកសាក្សី​ខាង​វិញ្ញាណ ។ សូម​សរសេរ​ចម្លើយមួយចំនួន​របស់ពួកគេ​នៅលើក្តារខៀន ។ ( ចម្លើយ​អាចនឹង​រួមមាន​សាក្សីថា ព្រះគម្ពីរមរមន​គឺ​ពិត ថា​ការរស់​នៅក្នុងជីវិត​ស្អាតស្អំ និង​ប្រកប​ដោយ​គុណធម៌​គឺ​មាន​សារៈសំខាន់ ឬ​ថាពាក្យសម្ដីនៃ​ប្រាជ្ញាវាងវៃ​គឺ​ជាច្បាប់​របស់ព្រះ ) ។

សូម​គិតអំពី​សេចក្ដីពិត​ខាងវិញ្ញាណ ដែល​អ្នកចង់ទទួល​បានសាក្សី​ខាង​វិញ្ញាណ ឬ​ទីបន្ទាល់​ដែល​រឹងមាំ​ជាងនេះ ។ សូម​ពិចារណា​សរសេរ​អ្វី​ទាំងនេះចូល​នៅក្នុង​សៀវភៅកំណត់ហេតុ​ការ​សិក្សា​របស់អ្នក ។ នៅ​ពេលអ្នក​សិក្សានៅ​ថ្ងៃនេះ សូមរក​មើលការ​បង្រៀន​ដែលអាចជួយ​អ្នកឲ្យទទួល​បានសាក្សី​ខាង​វិញ្ញាណ ឬ​ពង្រឹង​ទីបន្ទាល់​របស់អ្នក ។

« ការសាកល្បង​នៃ​សេចក្តីជំនឿ​របស់​អ្នក »

នៅពេល​ដែល​មរ៉ូណៃ​បានបន្តសង្ខេប​កំណត់ត្រា​របស់​ពួកសាសន៍​យ៉ារេឌ នោះ​លោកបានណែនាំ​អំពីការងារ​បម្រើ​របស់​ព្យាការី​អេធើរ ។ ទោះជា​កើតមក​ក្នុង​ការជាប់ឃុំឃាំង ហើយ​រស់នៅ​ក្នុង​ចំណោម​មនុស្សដែល​បានបដិសេធ​​ព្យាការី​ក្ដី ( សូមមើល អេធើរ ១១:២០–២៣ ) ក៏​អេធើរ​បានរស់​នៅ​ជីវិតដ៏​សុចរិត ហើយត្រូវបាន​ព្រះហៅ​ឲ្យ​ធ្វើជាព្យាការី​មួយរូប​ដែរ ។

សូមអាន អេធើរ ១២:២–៥ ដោយ​រកមើល​ពីរបៀប​ដែល​ពួកសាសន៍​យ៉ារេឌ​បានទទួលយក​ការផ្សព្វផ្សាយ​របស់អេធើរ ។

  • ហេតុអ្វី​បាន​ជាប្រជាជន​បដិសេធ​មិនជឿ​លើពាក្យ​របស់អេធើរ ?

សូមអាន អេធើរ ១២:៦ ដោយ​រកមើល​អ្វីដែល​មរ៉ូណៃបាន​បង្រៀន​អំពីរបៀប​ដែល​យើងទទួលបាន​សាក្សី​ខាង​វិញ្ញាណ​នៃ​សេចក្ដីពិត ។

អេធើរ ១២:៦ គឺជា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ទៅនឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ចែកចាយ​អត្ថន័យ​មួយ​នៃ​ឃ្លា ការសាកល្បង​នៃ​សេចក្ដីជំនឿ​របស់អ្នក ៖

អ្នក​អាចរៀន​ប្រើប្រាស់​សេចក្ដីជំនឿ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​អនុវត្ត​តាមគោលការណ៍​នេះ ដែល​បាន​បង្រៀន​ដោយ​មរ៉ូណៃ ៖ « សេចក្ដីជំនឿ​គឺ​ជាអ្វី​ដែលសង្ឃឹម​ចង់បាន ហើយ​មើល​មិនឃើញ ហេតុដូច្នោះ​ហើយ ចូរកុំ​ជំទាស់ឡើយ ដោយ​ព្រោះអ្នករាល់​គ្នា​មើលមិន​ឃើញ ដ្បិត​អ្នករាល់គ្នាពុំ​ទទួល​សាក្សីឡើយ លុះដល់​ពេលក្រោយពី ការសាកល្បង​នៃ​សេចក្ដីជំនឿរបស់អ្នក​សិន » [ អេធើរ ១២:៦; បាន​បន្ថែម​ការគូស​បញ្ជាក់ ] ។ ដូច្នេះ រាល់​ពេល​ដែល​អ្នក សាកល្បង​សេចក្ដីជំនឿ​របស់​អ្នក ដែល​មាន​ន័យ​ថា ធ្វើ​សកម្មភាពនៅ​ក្នុងភាព​ស័ក្ដិសមលើចំណាប់​អារម្មណ៍មួយ—នោះ​អ្នក​នឹងទទួលបាន​ភស្ដុតាង​បញ្ជាក់​ពី​ព្រះវិញ្ញាណ ។ អារម្មណ៍​ទាំងនោះ​នឹងពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់អ្នក ។ នៅពេល​អ្នកធ្វើ​តាមលំនាំ​នោះឡើងវិញ សេចក្ដីជំនឿ​របស់អ្នក​នឹងកាន់​តែរឹងមាំ ។ ( រីឆាដ ជី ស្កត « The Sustaining Power of Faith in Times of Uncertainty and Testing » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ៧៦ )

  • តើ​អ្នកបាន​រៀនសូត្រ​អ្វីខ្លះពី អេធើរ ១២:៦ និង​សេចក្ដី​ថ្លែងការណ៍​នេះ ដែលអាចជួយ​នរណា​ម្នាក់ដែល​ប្រាថ្នាចង់​បាន​សាក្សី​ខាង​វិញ្ញាណ ឬ​ទីបន្ទាល់​រឹងមាំ​ជាងមុន​អំពី​សេចក្ដីពិត ?

សេចក្តីពិត​មួយ ដែល​យើងអាច​រៀនសូត្រ​បានពី អេធើរ ១២:៦ គឺ ប្រសិនបើ​យើង​ចង់​បាន​សាក្សី​ខាង​វិញ្ញាណ នោះ​យើង​ត្រូវតែ​អនុវត្ត​សេចក្តីជំនឿ​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ជាមុនសិន ។

ស៊ីស្ទើរ រេបិកា អិល ក្រេវិន បាន​រៀបរាប់​អំពីរបៀប​ដែលគាត់​បាន​ឆ្លើយតប​ទៅនឹង​យុវនារី ដែល​គាត់​បាននិយាយ​ជាមួយ ៖

ចម្លើយ​ខ្ញុំ​តប​ទៅ​នាង​គឺ​សាមញ្ញ ៖ « បើ​ប្អូន​ចង់​ដឹង​អ្វីមួយ នោះ​ប្អូន​នឹង​ត្រូវ​ធ្វើ​អ្វីមួយ » ។

តើ​វាមិនពិតទេឬ ​ចំពោះ​អ្វីៗ​ដែល​យើង​ចង់​រៀន ឬ​ចង់​ដឹង​ ? ខ្ញុំ​បាន​អញ្ជើញ​មិត្ត​ថ្មី​របស់​ខ្ញុំ​ឲ្យ​ចាប់ផ្ដើម​ធ្វើ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ អធិស្ឋាន សិក្សា បម្រើ​មនុស្ស​ដទៃ និង​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។ ការប្រែចិត្ត​ជឿ​នឹង​មិន​កើតមាន​ទេ បើ​មិន​ធ្វើ​អ្វី​សោះ​នោះ ។ វា​កើត​មាន​តាម​រយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​យើង​ខិតខំ​ដោយ​​ចេតនា​ចង់​ដឹង តាមរយៈ​ការសួរ ការស្វែងរក និង​ការគោះ ។ វា​កើតមាន​តាមរយៈ​ការធ្វើ ។ ( រេបិកា អិល ក្រេវិន « ធ្វើ​អ្វី​ដែល​សំខាន់​បំផុត » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦២ )

  • ហេតុអ្វី​បានជា​អ្នកគិតថា ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈសកម្មភាព​របស់​យើងគឺ​ជាផ្នែក​មួយ​ដ៏សំខាន់​នៃ​ការទទួលបានសាក្សី​ខាង​វិញ្ញាណ​អំពីទ្រង់ និងដំណឹងល្អ​របស់ទ្រង់ ?

  • តើការ​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​មានឥទ្ធិពល​លើ​អារម្មណ៍​របស់យើង​ចំពោះ​ទ្រង់​យ៉ាងដូចម្តេច ?

គំរូ​នៃ​សេចក្ដី​ជំនឿ

សូម​គិត​អំពី​បទពិសោធន៍​ដែលអ្នក ឬ​អ្នកផ្សេង​ទៀតបាន​ទទួល​សាក្សី​ខាង​វិញ្ញាណ ដែលជាលទ្ធផល​នៃ​ការរស់​នៅ​តាមដំណឹង​ល្អ​របស់​ព្រះអង្គសង្គ្រោះ និង​ការអនុវត្ត​សេចក្តី​ជំនឿ​លើទ្រង់ ។

សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេបាន​គិត ។ សូម​ពន្យល់​ថា ពួកគេ​មិនគួរ​ចែកចាយ​ពី​បទពិសោធន៍​ដែល​ផ្ទាល់ខ្លួន​ខ្លាំងពេក​នោះទេ ។ សូម​ពិចារណា​ចែកចាយ​ពី​គំនិត​របស់​អ្នកផ្ទាល់​ដែលជា​ផ្នែកមួយ​នៃ​ការពិភាក្សា​នេះ ។ វីដេអូ​ខាងក្រោម​នេះ​អាចប្រើប្រាស់​បាន​ផងដែរ ។

ដើម្បី​មើល​ពី​គំរូ​អំពី​នរណា​ម្នាក់​ដែល​ត្រូវបាន​ចម្រើន​កម្លាំង​ដោយសារ​ការ​អនុវត្តសេចក្តីជំនឿលើ​ព្រះអង្គសង្គ្រោះ សូម​មើល​វីដេអូ « Pure and Simple Faith » ( ៥:២១ ) មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ។

នៅ​ពេល​ដែល​មរ៉ូណៃ​បាន​បន្ត​ការបង្រៀន​របស់លោក នោះ​លោក​បានចែកចាយ​គំរូ​ជាច្រើន​អំពី​បុគ្គល​ដែលទទួល​បាន​ពរជ័យ នៅពេល​ដែល​ពួកគេអនុវត្ត​សេចក្តីជំនឿ​លើព្រះយេស៊ូវគ្រីស្ទ ។

សម្រាប់​សកម្មភាព​ខាងក្រោម​នេះ សូម​ពិចារណា​បែងចែក​សិស្ស​ជាបួនក្រុម ហើយ​ចាត់ឲ្យ​ក្រុមនីមួយៗ​សិក្សា​បណ្ដុំ​ខគម្ពីរ​ដូច​តទៅ​នេះ​មួយ ៖ អេធើរ ១២:៧–១០, ១១–១៤, ១៥–១៨, ១៩–២២ ។ សូម​អញ្ជើញ​ក្រុមនីមួយ​ៗ​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​អំពី​គំរូ​នៃ​សេចក្ដីជំនឿ​ដែលពួកគេ​បាន​អានអំពី ។

សូម​អាន អេធើរ ១២:៧–២២ ដោយ​រក​មើល​ពីរបៀប​ដែល​ព្រះអម្ចាស់​ប្រទានពរ​ដល់​មនុស្ស​ទាំងនេះ ដែល​អនុវត្ត​សេចក្តី​ជំនឿលើ​ទ្រង់ ។ ​សូម​គិត​ពី​ការគូស​ចំណាំ​គំរូ​នានា​ដែល​អ្នក​ចាប់​អារម្មណ៍ ។

  • តើ​គំរូ​នៃ​សេចក្ដីជំនឿ​មួយ​ណា ដែល​ធ្វើឲ្យ​អ្នក​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ? ហេតុអ្វី ?

  • តើ​ឧទាហរណ៍​មួយ ឬ​ច្រើន ដែល​អ្នក​បាន​សិក្សា​អាចជួយ​ដល់​ស្ថានភាព​ផ្ទាល់​ខ្លួនរបស់​អ្នក​ដោយ​របៀបណា ?

សូម​ពិចារណា​ពីរ​បៀប​ដែល​អ្នកអាច​អនុវត្តអ្វី ដែល​អ្នក​បាន​រៀនសូត្រ​នៅថ្ងៃ​នេះក្នុង​ជីវិត​របស់​អ្នក ។ សូម​សរសេរ​សកម្មភាព​ពីរ ឬ​បី​ដែលអ្នក​អាចធ្វើ​បាន​ដើម្បី​អនុវត្ត​សេចក្តីជំនឿ​លើព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួលបាន ឬ​ពង្រឹង​សាក្សី​របស់អ្នក​អំពីដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។