ថ្នាក់​សិក្ខាសាលា
អេធើរ ៦ ៖ ពួកសាសន៍​យ៉ារេឌ​ធ្វើដំណើរ​ទៅកាន់​ដែនដី​សន្យា


« អេធើរ ៦ ៖ ពួកសាសន៍​យ៉ារេឌ​ធ្វើដំណើរ​ទៅកាន់​ដែនដី​សន្យា » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ៦

ពួកសាសន៍​យ៉ារេឌ​ធ្វើដំណើរ​ទៅកាន់​ដែនដី​សន្យា

រូបភាព
ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ​បោក​បក់​ទៅក្នុង​រលកសមុទ្រ

សូម​ស្រមៃ​ពីសភាព​អារម្មណ៍របស់​ពួកសាសន៍​យ៉ារេឌ នៅ​ពេល​ដែល​ពួកគេ​ចូលទៅ​ក្នុងភេត្រា​របស់​ពួកគេ ហើយ​ធ្វើដំណើរ​ឆ្លងកាត់​ផ្ទៃទឹកដ៏​ធំល្វឹងល្វើយ នៅពេល​ដែលពួកគេ​ធ្វើដំណើរ​ទៅ​កាន់ដែនដី​សន្យា ។ ទោះជា​ការធ្វើ​ដំណើរ​របស់ពួកគេ​មាន​រយៈពេល​វែង និង​មានការលំបាក​យ៉ាងណា​ក៏ដោយ ក៏​ពួកសាសន៍​យ៉ារេឌ​បានទទួល​ស្គាល់ថា ព្រះអម្ចាស់​កំពុងតែ​ជួយ​ដល់ពួកគេ​នៅតាម​ផ្លូវធ្វើ​ដំណើរ​ដែរ ។ ព្រះអម្ចាស់​ក៏អាចជួយ​ពួកយើង​ក្នុងអំឡុងពេល​នៃ​ការធ្វើ​ដំណើរ​របស់យើង​ឆ្លងកាត់ជីវិត​​រមែងស្លាប់ និងត្រឡប់​ទៅកាន់វត្តមាន​របស់​ព្រះវរបិតាសួគ៌​វិញ​បានដែរ ។ មេរៀននេះ​អាចជួយអ្នក​ឲ្យចេះប្រៀបធៀប​បទគម្ពីរ ដើម្បី​រៀនសូត្រពី​សេចក្ដីពិត ដែលអាច​ជួយអ្នកក្នុង​អំឡុងពេល​នៃ​ដំណើរជីវិត​របស់អ្នក ។

សូមជួយ​សិស្សម្នាក់ៗ​ឲ្យរួមចំណែក​ដល់​បទពិសោធន៍​សិក្សា​នេះ ។សូម​ទទួល​ស្គាល់​ដោយ​ស្មោះសរ​ថា យើង​ត្រូវការ​សិស្ស​ម្នាក់ៗ ហើយ​ពួកគេ​មាន​ការចូលរួម​ចំណែក​មួយ ។ សិស្សមួយ​ចំនួនអាចមាន​ទំនោរចង់ចូលរួម​ច្រើនជាង​អ្នកផ្សេងទៀត ។ សូម​ខិតខំប្រឹងប្រែង​បន្ថែម និងមាន​ភាពច្នៃប្រឌិត ដើម្បី​លើកទឹកចិត្ត​សិស្សម្នាក់ៗ​ឲ្យចូលរួម​ចំណែកតាមរបៀបដ៏​មាន​អត្ថន័យ ។

ការរៀបចំ​សិស្ស ៖ សិស្ស​អាច​អាន អេធើរ ៦:១–១២ ហើយ​គិតអំពីផ្នែក​ជាច្រើន​នៃដំណើរ​រឿងនេះ ដែលអាច​អនុវត្ត​ជានិមិត្តរូប​ចំពោះជីវិត​របស់ពួកគេ ។ សកម្មភាព​សិក្សា​សម្រាប់​ខគម្ពីរទាំងនេះ​នៅក្នុង ចូរមក​តាមខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ អាច​ជួយ​ទៅលើ​រឿងនេះ​​បាន ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ដំណើរ​ជីវិត

ខាងក្រោមនេះ​មាន​គោលបំណង​ជួយរៀបចំ​សិស្សឲ្យចេះ​ប្រៀបធៀប​ការសិក្សា​របស់ពួកគេ​អំពី អេធើរ ៦ ទៅនឹង​ជីវិតរបស់​ពួកគេ ។ បន្ថែមពី​លើការអញ្ជើញ​សិស្សឲ្យបំពេញ​សកម្មភាព​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ សូម​ពិចារណា​បំពេញវា​នៅលើ​ក្ដារខៀន​វិញ ។

ជីវិតរមែងស្លាប់​របស់យើង​អាច​យកមក​ប្រៀបធៀប​ទៅនឹង​ដំណើរ​ដ៏វែងឆ្ងាយ ដោយមាន​គោលដៅដែល​ប្រាថ្នាចង់​បាន គឺ​ជីវិតដ៏​នៅ​អស់កល្ប​ជានិច្ច ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សារបស់អ្នក សូមសរសេរ « ខ្ញុំ » នៅលើទំព័រ​ម្ខាង និង « ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » នៅ​ទំព័រ​ម្ខាងទៀត ។ នៅ​ចន្លោះ​ចំណងជើង​ទាំងពីរ​នេះ សូម​សរសេរ​អំពី​ឧបសគ្គ​មួយចំនួន​ដែល​អាចនឹង​កើតឡើង​នៅក្នុង​អំឡុងពេល​ធ្វើដំណើរ​របស់យើង ដែលធ្វើឲ្យ​យើង​ពិបាកនឹង​ត្រឡប់​ទៅរក​ព្រះវរបិតាសួគ៌​វិញប្រកប​ដោយ​ភាព​ស័ក្តិសម ។ បន្ទាប់មក សូម​គិត​អំពី​របៀប​ដែល​ការ​ធ្វើដំណើរ​របស់អ្នកឆ្ពោះ​ទៅកាន់​ជីវិត​ដ៏នៅ​អស់កល្បជានិច្ច​មាន​លក្ខណៈ​យ៉ាង​ណា​ដែរ ហើយ​តើឧបសគ្គ​ណាមួយ​ដែល​អ្នកកំពុងជួប​ប្រទះនា​ពេល​បច្ចុប្បន្ននេះ ។

នៅថ្ងៃនេះ អ្នក​នឹង​សិក្សា​អំពី​ការធ្វើដំណើរ​ដែល​ពួកសាសន៍​យ៉ារេឌ​បានធ្វើទៅកាន់​ដែនដី​សន្យា បន្ទាប់​ពីពួកគេ​បានបញ្ចប់​ការសាងសង់​ភេត្រា​របស់ពួកគេ ។ នៅពេល​អ្នកសិក្សា សូម​រកមើល​សេចក្តីពិត​ដែលអាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ដែល​អ្នកប្រឈមមុខ​ក្នុង​ការធ្វើដំណើរ​របស់​អ្នកត្រឡប់​ទៅកាន់​វត្តមាន​របស់ព្រះវិញ ។

ការប្រៀប​ប្រដូច​បទគម្ពីរ​ទៅនឹង​ជីវិត​របស់​អ្នក

ជំហាន​ខាងក្រោម​នេះអាច​ជួយអ្នក​ឲ្យ​ប្រៀបធៀប ឬ​ប្រៀប​ប្រដូច​អ្វីដែល​អ្នក​នឹង​អាននៅ​ក្នុង​បទគម្ពីរ ទៅនឹង​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់អ្នក ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​ចំណងជើង « របៀប​ប្រៀប​ប្រដូច​បទគម្ពីរ​ទៅនឹង​ជីវិត​របស់ខ្ញុំ » ។ សូម​កត់ត្រា​ជំហាន​ទាំងនេះ​នៅ​ខាង​ក្រោម​ចំណងជើង ។

សូម​បង្ហាញ​ជំហាន​ទាំងនេះ ដើម្បី​ឲ្យ​សិស្ស​អាច​ចម្លង​វា​ចូលទៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ​បាន ។

  1. ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ ។

  2. ធ្វើការ​ប្រៀបធៀប ។

  3. ស្វែងយល់​ពីមេរៀន​ដ៏​មានតម្លៃ ។

  4. កំណត់​ការអនុវត្ត​ផ្ទាល់ខ្លួន ។

មុន​នឹង​ផ្តល់​ឱកាស​ឲ្យ​សិស្ស​អនុវត្ត​ទៅ​លើ​ការប្រើប្រាស់​ជំហាន​ទាំងនេះ​ដោយ​ខ្លួនឯង សូម​ពិចារណា​ពិនិត្យ​មើល​ឧទាហរណ៍ខាងក្រោម​នេះជាមួយ​សិស្សនៅ​ក្នុង​ថ្នាក់ ។ សូម​ប្រាកដ​ថា ទុក​ពេលវេលា​ឲ្យ​បានច្រើន​ដើម្បីឲ្យ​សិស្ស​អនុវត្ត​ដោយ​ខ្លួនឯង​នៅ​ពេលក្រោយ​នៅ​ក្នុង​មេរៀន​នេះ ។

ជំហានទី ១ ៖ ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ

សូម​អាន អេធើរ ៦:១–៣ ដោយ​ស្វែងរកព័ត៌មាន​លម្អិត​សំខាន់ៗ ។ ព័ត៌មាន​លម្អិត​ទាំងនេះ​អាច​មាន​ដូចជា​មនុស្ស ទីកន្លែង វត្ថុ ឬ​សកម្មភាព​ដែល​ត្រូវបាន​គូស​បញ្ជាក់ ។

សូមស្នើឲ្យ​សិស្សឡើងនិយាយ​ប្រាប់ព័ត៌មានលម្អិត​សំខាន់ៗ ដែល​ពួកគេ​បានរកឃើញមា​ននៅក្នុង​ខគម្ពីរ​ទាំងនេះ ។ អ្នក​អាច​សរសេរ​ព័ត៌មាន​ទាំងនេះ​ដាក់​នៅលើ​ក្ដារខៀន​បាន ។ អ្នកអាច​ចង្អុលបង្ហាញ​ដូចខាងក្រោម​នេះ ៖

ព័ត៌មាន​លម្អិតដ៏សំខាន់មួយ​ដែលអ្នកប្រហែលជា​បាន​កត់សម្គាល់​មកនោះ គឺថា​ព្រះអម្ចាស់បាន​ធ្វើឲ្យក្រួសទាំងឡាយ​ដែល​បងប្រុស​របស់​យ៉ារេឌបាន​យកទៅ​ថ្វាយទ្រង់ពី​មុននោះ ( សូមមើល អេធើរ ៣:១–៦ ) ឲ្យ​ភ្លឺ​ឡើង ដូច្នេះ​ពួកសាសន៍​យ៉ារេឌ​នឹងមាន​ពន្លឺបំភ្លឺ​នៅក្នុងភេត្រា​របស់ពួកគេ ។

ជំហានទី ២ ៖ ធ្វើការ​ប្រៀបធៀប

សូម​គិតអំពីរបៀប​នៃព័ត៌មានលម្អិត​ដែលអ្នកបាន​រកឃើញ​នៅក្នុងជំហាន​មុន​នេះ អាចប្រៀបធៀប​ទៅនឹង​អ្វីមួយ​ខាង​វិញ្ញាណ ឬ​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​នៅក្នុង​ជីវិតអ្នក ។

  • តើអ្នកអាច​ធ្វើ​ការប្រៀបធៀប​អ្វីខ្លះជាមួយ​នឹងព័ត៌មានលម្អិត ដែល​អ្នកបាន​រកឃើញ​នៅក្នុងជំហាន​មុន​នេះ ?

ឧទាហរណ៍ អ្នកប្រហែលជា​បានប្រៀបធៀប​ក្រួសដែលភ្លឺ​ចែងចាំង​ទៅនឹងប្រភពនៃ​ពន្លឺខាងវិញ្ញាណ ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់យើង ដូចជា​ការបង្រៀន និង​គំរូរបស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះគម្ពីរ និង​ព្យាការី​ដែល​នៅរស់​ជាដើម ។ ( សូមមើល ទំនុក​ដំកើង ១១៩:១០៥; យ៉ូហាន ៨:១២ និង នីហ្វៃ​ទី​១ ១៧:១៣ ។ អ្នកអាចនឹង​ធ្វើសេចក្តី​យោង​បទគម្ពីរ​ទាំងនេះ​ឆ្លងទៅ អេធើរ ៦:៣ បាន ) ។

ជំហាន​ទី ៣ ៖ ស្វែងយល់​ពីមេរៀន​ដ៏​មានតម្លៃ

សូមគិត​អំពីមេរៀន ឬសេចក្តីពិតណា​ដែលអ្នកបាន​រៀនសូត្រ នៅពេលដែល​អ្នកប្រៀបធៀប​ខគម្ពីរទាំងនេះទៅ​នឹងជីវិត​របស់អ្នក ឬទៅនឹង​អ្វីមួយ​ខាង​វិញ្ញាណ ។ សូមពិចារណា​ផងដែរទៅលើអ្វី​ដែលអ្នករៀន​អំពីព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើមាន​មេរៀន ឬសេចក្តីពិត​អ្វីខ្លះ ដែល​អ្នករៀនសូត្រពី​ខគម្ពីរ​ទាំងនេះ ? តើអ្នក​រកឃើញអ្វីខ្លះ ដែលអាច​ជួយដល់អ្នក​ក្នុងជីវិតប្រចាំថ្ងៃ​របស់អ្នក ?

សេចក្តីពិតមួយ​ដែលយើង​អាចរៀនសូត្រ​បាន គឺថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប្រទាន​នូវការណែនាំ និង​ពន្លឺដល់យើង ដើម្បីជួយយើង​ក្នុងអំឡុងពេល​ធ្វើដំណើរឆ្លងកាត់​ជីវិត​រមែង​ស្លាប់នេះ ។

អ្នកអាច​អញ្ជើញសិស្សឲ្យ​ចែកចាយពីវិធី​មួយចំនួន ដែលព្រះបាន​ប្រទានពរដល់​ពួកគេឲ្យ​មនា​ការណែនាំ និង​ពន្លឺខាងវិញ្ញាណ​ក្នុងជីវិតរបស់​ពួកគេ ។

ជំហានទី ៤ ៖ កំណត់​ការអនុវត្ត​ផ្ទាល់ខ្លួន

សូម​ពិចារណា​ពីរបៀបដែល​អ្នកអាច​អនុវត្ត​មេរៀន​ដែលអ្នកបាន​រកឃើញ​នៅក្នុង​ជំហាន​មុន​ក្នុង​ជីវិត​របស់​អ្នក ។

  • តើ​អ្នក​អាចធ្វើអ្វីខ្លះ ដើម្បីធ្វើតាម ឬទទួល​បានពន្លឺរបស់​ព្រះ​បន្ថែម​ទៀត​នៅក្នុងជីវិត​របស់អ្នក ?

អ្នកប្រហែលជា​បានគិតពី​សកម្មភាព ដែល​មានដូចជា ការកែ​លម្អ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក​ឲ្យបានប្រសើរ​ឡើង ការស្វែងរក​ការណែនាំ​ពី​ព្រះវរបិតាសួគ៌​នៅក្នុង​ការសម្រេចចិត្ត​ប្រចាំថ្ងៃ​របស់អ្នក ឬការ​ខិតខំឧស្សាហ៍​ព្យាយាម​បន្ថែម​ទៀត ដើម្បីរក្សា​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើជាដៃគូ​របស់អ្នក​ជានិច្ច ។

អនុវត្តការ​ប្រៀបប្រដូច​ខគម្ពីរផ្សេងទៀត​ចេញពីដំណើររឿង​នេះ

រូបភាព
ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ

សិស្សអាច​បំពេញសកម្មភាព​សិក្សាខាងក្រោមជា​លក្ខណៈបុគ្គល ជាមួយដៃគូ ឬជាមួយ​ក្រុមតូចៗ ។

សូមសិក្សា​ដំណើររឿង​ទាំង​ប៉ុន្មាន​ទៀត​អំពី​ការធ្វើ​ដំណើរ​របស់​ពួកសាសន៍​យ៉ារេឌ​ទៅកាន់ដែនដី​សន្យាដោយ​អាន អេធើរ ៦:៤–១២ ។ សូម​រកមើល​វិធីជាច្រើនទៀត​ដែលការធ្វើដំណើរ​របស់​ពួកសាសន៍​យ៉ារេឌ​អាចទាក់ទង​នឹងដំណើរជីវិត​របស់អ្នក ។ នៅពេលដែល​អ្នកសិក្សា សូម​រៀន​ប្រើប្រាស់​ដំណើរការ​ទាំង​បួន​ជំហានសម្រាប់​ការប្រៀបប្រដូច​ទៅនឹង​បទគម្ពីរ ។

សូមយកចិត្តទុក​ដាក់ជាពិសេស​ចំពោះអ្វី ដែលខគម្ពីរ​ទាំងនេះ​បង្រៀនដល់​អ្នកអំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

បន្ទាប់ពី​សិស្សមាន​ពេលវេលា​សិក្សាគ្រប់គ្រាន់​ហើយ សូម​ពិភាក្សា​អំពីអ្វី​ដែលពួកគេ​បានរៀន ។ ប្រសិនបើ​ពួកគេត្រូវការ​ជំនួយបន្ថែម សូម​ពិចារណា​សួរសំណួរ​ដូចខាង​ក្រោម​នេះ ៖

  • តើខគម្ពីរ​ទាំងនេះ​បង្រៀនអ្នក​អ្វីខ្លះអំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ?

  • តើ​មាន « ខ្យល់ដ៏ខ្លាំង [ ទាំងឡាយ ] » ( អេធើរ ៦:៥ ) ណាខ្លះ ដែល​ព្រះអម្ចាស់​អនុញ្ញាតឲ្យ​យើងជួបប្រទះ​នៅក្នុងជីវិត​របស់​យើង ? តើយើង​អាចធានា​ថា ការសាកល្បង ឬឧបសគ្គរបស់​យើងនឹង​ជួយ​យើងឲ្យ​​ខិត​ទៅកាន់តែ​ជិតព្រះ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ស្ថានភាព​បែបណា​ខ្លះ​ដែល​អ្នក​អាច​មាន​អារម្មណ៍​ថា « ត្រូវ​កប់ » ( អេធើរ ៦:៦ ) នៅ​ក្នុង​ដំណើរ​របស់អ្នក​ឆ្លងកាត់​ជីវិត​ដែល​រមែង​ស្លាប់​នេះ ? តើអ្នក​បាន​រកឃើញ​អ្វីខ្លះ​នៅ​ក្នុង ខទី ៧ ដែល​អាច​ជួយ​អ្នក​ក្នុង​អំឡុងពេល​នៃ​ស្ថានភាព​បែបនោះ​បាន ?

  • ហេតុអ្វី​បានជា​អ្នកគិត​ថា ពួកសាសន៍​យ៉ារេឌ​បាន​សរសើរ​ព្រះអម្ចាស់​នៅក្នុងអំឡុងពេល​នៃ​ការធ្វើ​ដំណើរ​ដ៏លំបាក​របស់​ពួកគេ​នេះ ? ( សូមមើល អេធើរ ៦:៩ ) ។ តើ​មាន​ចំណុចអ្វីខ្លះ​ដែលអាចជួយ​អ្នកឲ្យ​មាន​ការដឹងគុណ​ចំពោះព្រះ សូម្បីតែ​នៅពេល​ដែលអ្នក​កំពុង​ប្រឈមមុខ​នឹងការសាកល្បង​ក៏ដោយ ?

បន្ទាប់ពី​ការពិភាក្សា សូម​អញ្ជើញ​សិស្ស​ឲ្យ​គិតអំពី​របៀប​នៃ​អ្វីដែល​ពួកគេ​បាន​សិក្សា​នៅថ្ងៃនេះ​អាចជួយ​ដល់​ជីវិត​របស់ពួកគេ រួមទាំង​ឧបសគ្គ​ដែលពួកគេ​បាន​រកឃើញ​ពី​មុន​ផងដែរ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សរសេរចូល​ទៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ​នូវ​ការបំផុស​គំនិត​ខាង​វិញ្ញាណ ឬ​ការយល់ដឹង​នានា​ដែល​ពួកគេ​ចង់ចងចាំ ។

សូម​ថ្លែងទី​បន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នកបាន​ពិភាក្សា​នៅថ្ងៃ​នេះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បន្ត​ប្រៀបធៀប​អ្វី​ដែល​ពួកគេ​អាន​នៅ​ក្នុង​បទគម្ពីរ​ទៅនឹង​ជីវិត​របស់​ពួកគេ ។