ថ្នាក់​សិក្ខាសាលា
មរមន ៧ ៖ « នៅក្នុង​ស្ថានភាពមួយ​ដ៏សប្បាយរីករាយ ហើយ​គ្មានទីបំផុត »


 « មរមន ៧ ៖ ‹ នៅក្នុងស្ថានភាព​មួយដ៏សប្បាយ​រីករាយ ហើយគ្មាន​ទីបំផុត › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរមន ៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរមន ៧

« នៅក្នុង​ស្ថានភាពមួយ​ដ៏សប្បាយរីករាយ ហើយ​គ្មានទីបំផុត »

រូបភាព
មរមន

សូម​ស្រមៃ​ពីអ្វីដែល​ប្រហែល​ជា​មរមន​បាន​គិត នៅពេល​ដែល​លោក​បានឃើញ​ទុក្ខព្រួយ និង​ការបំផ្លិចបំផ្លាញ​ដែល​បណ្តាលមក​ពី​ការប្រយុទ្ធ​ចុងក្រោយ​រវាងពួក​សាសន៍នីហ្វៃ និងពួកសាសន៍​លេមិន ។ មុនពេល​ការប្រយុទ្ធ​ទាំងនេះ​បានផ្តាច់​ជីវិត​របស់​លោក​ផ្ទាល់ មរមន​បានបញ្ចប់​សំណេរ​របស់​លោក​តាមរយៈ​ការបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​សុភមង្គល​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​កំពុង​រង់ចាំ​អស់អ្នក​ដែល​ធ្វើ​តាមទ្រង់ ។ មេរៀននេះអាច​ជួយ​អ្នក​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​រៀបចំខ្លួន​រស់​នៅ​ជាមួយ​ព្រះ​ដោយ​សុភមង្គល​ដ៏​នៅ​អស់កល្បជានិច្ច ។

សូម​លើក​ទឹកចិត្ត​ឲ្យ​មាន​ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ ។ការបង្កើត​ទម្លាប់សិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ​ដែលមាន​សក្តានុពល ដើម្បី​ប្រទានពរ​ដល់​សិស្ស​ពេញ​មួយជីវិត ។ សូម​រកមើល​របៀប​ដើម្បី​បង្រៀន​សិស្ស​អំពី​ពរជ័យ​នៃ​ការសិក្សា​ព្រះគម្ពីរ​ជារៀងរាល់ថ្ងៃ ។

ការរៀបចំ​សិស្ស ៖ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយបាន​ត្រៀមខ្លួន ដើម្បី​ចែកចាយ​អ្វីដែល​ធ្វើឲ្យ​ពួកគេ​សប្បាយចិត្ត ។ សិស្សក៏អាច​និយាយជាមួយ​សមាជិកគ្រួសារ​អំពីអ្វីដែល​ធ្វើឲ្យ​សមាជិកគ្រួសារ​នោះ​សប្បាយចិត្ត​ផងដែរ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​បានចេះ​អំពី​មរមន អ្នក​អាច​ប្រើប្រាស់​សំណួរ​ខាងក្រោម ។ សិស្ស​អាច​ឆ្លើយតប​តាម​អេឡិចត្រូនិក ឬ​លើកដៃ​នៅពេលដែល​ឮ​ការអាន​ចម្លើយ​ដែលត្រឹមត្រូវ ។ ជំនួស​ឲ្យ​ការដាក់​ជា​កម្រង​សំណួរ​មួយ អ្នក​អាច​បង្ហាញ​រូបភាព​អំពី​មរមន ហើយ​សុំ​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​លោក ។ ដោយសារ​សំណេរ​របស់​មរមន ( ពាក្យ​សម្តី​ផ្ទាល់​របស់​លោក និង​សេចក្ដីសង្ខេប​អំពី​ប្រវត្តិ​របស់​ពួកសាសន៍​នីហ្វៃ ) រួម​មាន​អ្វីៗ​ទាំងអស់​មកពី ពាក្យសម្តី​នៃ​មរមន ទៅដល់ មរមន ៧ អ្នក​អាច​អញ្ជើញ​សិស្ស​ដែល​មាន​ក្រដាស​ដែល​បាន​សរសេរ​បទគម្ពីរ​ឲ្យ​បើកមើល​ជំពូក​ទាំងនេះ ដើម្បី​នឹកគិត​មើល​ថា​ព្រះគម្ពីរ​មរមន ដែលគាត់បាន​សង្ខេប និង​សរសេរ​នោះ​មាន​ប៉ុន្មាន​ទំព័រ ។

ចម្លើយ​សំណួរ ៖ ១) គ; ២) ក; ៣) ខ ( ពាក្យសម្ដី​នៃ​មរមនមរមន ៧ និង មរ៉ូណៃ ៧–៩ )

ជីវិត​របស់​មរមន

សូម​ធ្វើ​សំណួរ​ខាងក្រោម​ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ចងចាំ​អ្វីខ្លះ​អំពី​ព្យាការី​មរមន ។

  1. តើ​មរមន​បាន​ពិពណ៌នា​វ័យ​ជំទង់​របស់​លោក​ដោយ​របៀប​ណា ? ( សូមមើល មរមន ១:២ ) ។

    1. លោក​គឺជា​អ្នក​ស្ពាយ​អាវុធ​នៅក្នុង​កង​ទ័ព​ពួកសាសន៍​នីហ្វៃ

    2. លោក​មាន​ការភ័យខ្លាច

    3. លោក​សង្កេតមើល​ដោយ​ឆាប់​រហ័ស ។

  2. តើ​មរមន​បាន​ដកពិសោធ​អ្វីខ្លះ​នៅ​វ័យ ១៥ ឆ្នាំ ? ( សូមមើល មរមន ១:១៥ ) ។

    1. ព្រះអម្ចាស់​បាន​យាង​មកជួប​លោក

    2. ការអធិប្បាយ​របស់​លោក​បាន​ផ្លាស់ប្រែចិត្ត​មនុស្ស​រាប់រយ​នាក់

    3. លោក​បាន​មាន​របួស​នៅក្នុង​ការប្រយុទ្ធ

  3. តើ​ព្រះគម្ពីរមរមន​បានសរសេរ ឬសង្ខេបដោយ​មរមនមាន​ប្រហែល​ប៉ុន្មាន ?

    1. ១/២

    2. ២/៣

    3. ៣/៤

មរមន មានទំនួល​ខុសត្រូវ​ក្នុង​ការសង្ខេប សរសេរ និង​រក្សាទុក​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ ដែល​យើង​ស្គាល់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ថា ជា​ព្រះគម្ពីរ មរមន ។ រហូតដល់​ទីបញ្ចប់​នៃ​ជីវិត​របស់​លោក មរមន បាន​ធ្វើជាសាក្សី និងបាន​ចូលរួមប្រយុទ្ធ​នៅក្នុង​សង្រ្គាម ដ៏ធំមួយ​រវាងពួក​សាសន៍នីហ្វៃ និង​ពួកសាសន៍លេមិន ។ នៅទីបំផុត សង្គ្រាម​នេះបាន​ផ្តាច់យកជីវិត​របស់មរមន ( សូមមើល មរមន ៨:៣ ) ។ មុនពេល​ប្រគល់​កំណត់ត្រា​ដ៏​ពិសិដ្ឋនេះ​ទៅដល់​កូនប្រុស​របស់​លោកគឺ​មរ៉ូណៃ មរមនបាន​សរសេរ​សារលិខិត​ចុងក្រោយ​របស់​លោក​ទៅកាន់អ្នក​អានព្រះគម្ពីរមរមន​នាពេលអនាគត ។

សូមអញ្ជើញ​សិស្សឲ្យ​ពិចារណា និង​ពិភាក្សាអំពី​សំណួរ​ខាងក្រោម​នេះជា​ក្រុមតូចៗ ។ ការធ្វើ​បែបនេះ​នឹង​អាច​ឲ្យ​សិស្ស​ចែកចាយ​គំនិតរបស់​ពួកគេបាន ។

  • នៅពេលដែល​ពិចារណា​អំពី​ជីវិត បទពិសោធន៍ និង​ទីបន្ទាល់​របស់​មរមន តើ​អ្នក​គិតថា លោក​អាចនឹង​សរសេរ​នៅក្នុង​សារលិខិត​ចុងក្រោយ​របស់​លោក ទៅកាន់ អ្នកអាន​ព្រះគម្ពីរ​មរមន​នាពេល​អនាគត​អ្វីខ្លះ ? ហេតុអ្វី ?

នៅពេល​អ្នក​សិក្សា​គម្ពីរ មរមន ៧ សូម​មើល​អំពី​របៀប​ដែល​សារលិខិត​របស់​មរមន មិន​ត្រឹមតែ​មាន​អត្ថន័យ​ចំពោះ​មនុស្សនៅក្នុង​ជំនាន់សង្គ្រាម​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏មាន​អត្ថន័យ​ចំពោះ​មនុស្សក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់​ក្នុង​ជីវិត​មនុស្ស​ផងដែរ ។

អ្វី​ដែល​មរមន​ចង់​ឲ្យ​យើង​ដឹង

នៅពេល​សិស្សសិក្សា​គម្ពីរ មរមន ៧ ពួកគេ​អាច​ប្រៀបធៀប​ការបង្រៀន​របស់​មរមន​ទៅនឹង​សេចក្ដីពិត ដែលពួកគេ​បាន​រំពឹងទុក​អំពីអ្វី​ដែល​លោក​នឹងបង្រៀន ។

សូមអាន មរមន ៧:២–៧ ។ សូម​គូស​ចំណាំ​នៅក្នុង​បទគម្ពីរ​របស់អ្នក ឬ​បញ្ជី​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​នូវ​អ្វីដែល​មរមនចង់​ឲ្យអ្នក​អានដឹង ។ សូមផ្តោត​យកចិត្តទុកដាក់ ជាពិសេសទៅ​លើអ្វីដែល​មរមនបាន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង ខទី ៥–៧ ។

  • ហេតុអ្វីបាន​ជា​អ្នក​គិតថា មរមន​យល់ឃើញ​ថាការណ៍​ទាំងនេះ​ជា​សេចក្ដីពិត​ដ៏​សំខាន់​សម្រាប់​ពួកយើង​ត្រូវការដឹង ?

  • តើ​សេចក្តីពិត​មួយណា​ក្នុង​ចំណោម​សេចក្តីពិត​ទាំងនេះ​មាន​អត្ថន័យ​បំផុត​សម្រាប់​អ្នកផ្ទាល់ ? ហេតុអ្វី ?

  • ហេតុអ្វី​បានជាវាមាន​ភាព​ចាំបាច់​ត្រូវការដឹង « ថាអ្នករាល់គ្នា​ជាវង្ស​អ៊ីស្រាអែល » ( មរមន ៧:២ ) ?

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា សិស្ស​អាចទទួល​បាន​អត្ថប្រយោជន៍​មកពីការសិក្សា​កាន់តែ​ស៊ីជម្រៅនៃ ខទី ២–៧ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ប្រើប្រាស់​ធនធាន​សិក្សា​ដូចជា បណ្ណាល័យ​ដំណឹងល្អ លេខយោង ឬ​អាន​សុន្ទរកថា​សន្និសីទ​ទូទៅ ។ ធនធាន​បែបនេះ​អាចជួយ​ដល់ពួកគេ​ឲ្យយល់​កាន់តែច្បាស់​អំពី សារៈសំខាន់​នៃអ្វីដែល​មរមនបាន​អញ្ជើញ​ពួកយើង​ឲ្យដឹង ។ ឧទាហរណ៍ អ្នកខ្លះអាច​សិក្សាអំពី​សារៈសំខាន់​នៃការដឹងថា « អ្នករាល់គ្នាជា​វង្សអ៊ីស្រាអែល » ( ខទី ២ ) ។ អ្នកផ្សេងទៀត​អាច​ស្វែងយល់​អំពី​ភាព​ទាក់ទង​នៃ « [ ការដាក់ ] គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាមចុះ » ( ខទី ៤ ) ។

អ្នក​ប្រហែលជា​បាន​សង្កេត​ឃើញ​ហើយ​ថា នៅពេល​ដែល​អំពើ​ទុច្ចរិត និង​សង្រ្គាម​ហ៊ុំព័ទ្ធ​មរមន នោះ​លោក​បានសម្លឹង​ឆ្ពោះ​ទៅ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ និង​ការប្រោសលោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​បង្រៀនថា ដោយសារ​ព្រះយេស៊ូវគ្រីស្ទ យើងអាច​ទទួលបាន​ការអត់ទោស​ពី​អំពើបាប​របស់យើង ដូច្នេះហើយ​ត្រូវរៀបចំ​ដើម្បី​រស់នៅ​ជាមួយ​ព្រះ​ក្នុង​ស្ថានភាព​នៃ​សុភមង្គល (  សូមមើល មរមន ៧:៧ ) ។

  • តើ​មាន​បញ្ហា​ប្រឈមមុខ ឬ​ឥទ្ធិពល​អវិជ្ជមាន​អ្វីខ្លះ​ដែល​មាន​នៅ​ជុំវិញ​បងប្អូន ?

  • តើ​ចំណេះដឹង​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​ការ​អាច​មាន​សុភមង្គល​ដ៏​នៅ​អស់​កល្បជានិច្ច​ផ្តល់​ជា​ប្រភព​នៃ​សេចក្តីសង្ឃឹម និង​កម្លាំង​នៅក្នុង​ជីវិត​របស់អ្នក​ឥឡូវនេះ​ដោយ​របៀបណា ?

ការប្រែក្លាយ​ចំណេះដឹងឲ្យ​ទៅ​ជា​សកម្មភាព

ការដឹងថា យើងអាចរស់​នៅជាមួយព្រះ​ក្នុង​សុភមង្គល​ដ៏​នៅអស់​កល្បជានិច្ច​អាច​ផ្តល់នូវ​សេចក្តីសង្ឃឹម​ដ៏​អស្ចារ្យ​ដល់​ពួកយើង ។ ដើម្បី​ជួយ​ឲ្យ​យើង​សម្រេចបាននូវ​សុភមង្គល​នេះ មរមន​បានលើកទឹក​ចិត្ត​យើង​ឲ្យ​បង្វែរ​ចំណេះដឹងឲ្យ​ទៅ​ជា​សកម្មភាព ។ ការណ៍​នេះ​បាន​ចង្អុលបង្ហាញ​អំពី​ការប្រើប្រាស់​ពាក្យ « ហេតុ​ដូច្នេះ​ហើយ » របស់​លោក​នៅក្នុង ខទី ៨ ។

សូម​ពិចារណា​សរសេរ​គោលការណ៍​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សិស្ស​អាច​សរសេរ​ដោយ​របៀប​ផ្សេងៗ​គ្នា ដែល​ពួកគេ​អាច​ប្រើប្រាស់​ពាក្យ​របស់​មរមន​នៅក្នុង ខទី ៨–១០ ដើម្បី​បញ្ចប់​ឃ្លា​នេះ ។

នៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាងក្រោមនេះ ៖ « ខ្ញុំអាចរស់នៅ​ជាមួយព្រះក្នុង​ស្ថានភាព​សុភមង្គល នៅពេល​ខ្ញុំ … »

សូមអាន មរមន ៧:៨–១០ ហើយ​បំពេញ​ឃ្លា​ដោយ​សរសេរ​យ៉ាង​ហោច​ណាស់​សកម្មភាព​ចំនួន​បី ដែល​មរមន​អញ្ជើញ​យើង​ឲ្យ​ធ្វើ ។ សូម​ចំណាំ​ថា នៅក្នុង ខទី ៩ « នេះ » សំដៅ​ទៅលើ​ព្រះគម្ពីរ​មរមន ហើយ « នោះ » សំដៅទៅ​លើ​ព្រះគម្ពីរ​ប៊ីប ។

ប្រសិនបើចាំបាច់ សូម​ជួយ​សិស្ស​កំណត់​សកម្មភាព​ដូចជា ៖

  • « … ប្រែចិត្ត ហើយ [ ខ្ញុំ ] ទទួល​បុណ្យជ្រមុជទឹក​ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវ​ចុះ » ( មរមន ៧:៨ ) ។

  • « … កាន់ខ្ជាប់នូវ​ដំណឹងល្អនៃ​ព្រះគ្រីស្ទ [ នៅក្នុង​បទគម្ពីរ ] » ( មរមន ៧:៨ ) ។

  • « … [ ធ្វើតាម ] គំរូ​នៃ​ព្រះអង្គសង្គ្រោះ​របស់យើង » ( មរមន ៧:១០ ) ។

អាច​បែងចែក​សិស្ស​ជា​ក្រុមតូចៗ ហើយចាត់តាំងឲ្យ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ទាំងបី​ឲ្យ​សិស្ស​អនុវត្ត ។ ជាក្រុមជុំគ្នា ពួកគេ​អាចពិភាក្សា​សំណួរ​ខាងក្រោមនេះ ។ 

  • តើ​មាន​របៀប​អ្វីខ្លះ ដែលយើង​អាចអនុវត្ត​សកម្មភាព​ទាំងនេះ​បាន ?

  • តើសកម្មភាព​ទាំងនេះ​អាច​ជួយរៀបចំខ្លួន​យើងឲ្យ​ទទួល​បានសុភមង្គល​តាមការសន្យា ដែលមាន​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

បើអាច សូម​ផ្តល់​រង្វាស់​ខាងក្រោម​ដល់​សិស្ស ។ ឬ​អានជម្រើស​នេះឲ្យឮៗ ដើម្បី​ឲ្យ​សិស្ស​អាច​សញ្ជឹង​គិត​អំពី​ចម្លើយរបស់​ពួកគេបាន ។

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​កំពុង​ធ្វើតាម​ដំបូន្មាន​របស់មរមន ។ សូមមើល​រង្វាស់​ខាងក្រោម ហើយ​វាយតម្លៃ​អំពី​ខ្លួន​អ្នក​នៅក្នុង​ប្រភេទ​នីមួយៗ ( ១ = មិនធ្លាប់សោះ ៥ = តែងតែ​ធ្វើជានិច្ច ) ។

រូបភាព
រង្វាស់​ពី ១ ដល់ ៥ សម្រាប់​ឃ្លានីមួយៗ

អ្នក​អាច​ចែកចាយ​រឿង​ផ្ទាល់ខ្លួន ឬ​ទីបន្ទាល់​ដើម្បី​ពន្យល់​បង្ហាញ​អំពី​សេចក្តីសុខសាន្ត​ដែល​អាច​កើតចេញ​ពី​ការប្រែចិត្ត ការសិក្សា​បទគម្ពីរ ការធ្វើតាម​គំរូរបស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ការទន្ទឹង​រង់ចាំ​សុភមង្គល​ដ៏​នៅ​អស់កល្បនិច្ច​ជាមួយព្រះ ។ សិស្សអាច​បំពេញកិច្ចការ​ដូចខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​របស់​ពួកគេបាន ។

ជ្រើសរើស​ការអញ្ជើញ​របស់​មរមនមួយ​ដែលអ្នក​គិត​ក្នុងចិត្តថា អាចជួយ​ដល់​អ្នក​ឲ្យស្វែងរក​សុភមង្គលដែល​មានតាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ សម្រេចចិត្ត​ថា​អ្នក​អាច​ធ្វើអ្វី​បាន ដើម្បី​ធ្វើតាម​ការអញ្ជើញ​នោះ និង​របៀប​ដែល​វា​អាច​ជួយ​អ្នក​ឲ្យ​ផ្តោត​ទៅលើ​ព្រះអង្គសង្គ្រោះ ។