ថ្នាក់​សិក្ខាសាលា
មរមន ៨:១–២៦ ៖ បញ្ជី​ដែល​មាន​តម្លៃ​ដ៏​មហិមា


« មរមន ៨:១–២៦ ៖ បញ្ជី​ដែល​មាន​តម្លៃ​ដ៏​មហិមា » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរមន ៨:១–២៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរមន ៨:១–២៦

បញ្ជី​ដែល​មាន​តម្លៃ​ដ៏​មហិមា

រូបភាព
ព្រះគម្ពីរ​មរមន​ជា​ភាសាផ្សេងៗ​គ្នា​ជាច្រើន​

តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ប្រសិន​បើ​អ្នក​ត្រូវ​បាន​ទុកចិត្ត​ឲ្យ​ថែរក្សា​វត្ថុ​ដែល​មាន​តម្លៃ​ដូចជា​ផ្ទាំង​មាស​នោះ ? នៅពេល​ដែល​មរ៉ូណៃ​បាន​ទទួល​ផ្ទាំងទាំងឡាយ លោក​បាន​ធ្វើអ្វីៗ​ទាំងអស់​ដែល​លោក​អាចធ្វើ​បាន​ដើម្បី​ការពារ​ផ្ទាំង​ទាំងនោះ ។ នៅទីបំផុត លោក​បាន​កប់​វា​នៅក្នុង​ដី​ដោយ​ទុកចិត្ត​ថា​វា​ត្រូវបាន « លាក់​ទុក​ថ្វាយ​ព្រះអម្ចាស់ » ( ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន ) ដើម្បី​នឹង​នាំ​យក​មកវិញ​នៅ​ថ្ងៃ​មួយ « ដោយ​ព្រះហស្ត​នៃ​ព្រះអម្ចាស់ » ( មរមន ៨:២៦ ) ។ មេរៀននេះ​អាច​ជួយ​ឲ្យ​អ្នក​យល់​អំពី​សារៈសំខាន់​របស់​ព្រះគម្ពីរ​មរមន​នៅក្នុង​ជីវិត​របស់អ្នក ។

ការបង្កើត​បរិយាកាស​រៀនសូត្រ​ដ៏​សកម្ម ។ សូម​ពិចារណា​ប្រើប្រាស់​កន្លែង​សិក្សា​ជា​របៀប​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​បែងចែក​មាតិកា​ដ៏​ច្រើន និង​អនុញ្ញាតឲ្យ​សិស្ស​ទទួលបាន​ភាពម្ចាស់ការ​លើ​ការសិក្សា​របស់​ពួកគេ ។ នៅពេល​ពួកគេ​ជ្រើសរើស និង​ប្តូរ​កន្លែង​សិក្សា សូម​មើល​សិស្ស​ដែល​ប្រហែល​ជា​ត្រូវការជំនួយ​ផ្ទាល់​ខ្លួន ។

ការរៀបចំសិស្ស ៖ សូមអញ្ជើញ​សិស្សឲ្យ​ពិចារណា​អំពីរបៀប​ដែល​ថ្មីៗនេះ ពួកគេបាន​ខិតខំ​សិក្សា​ព្រះគម្ពីរ​មរមន​ដោយ​ចង្អុលបង្ហាញ​អំពីរបៀប​ដែល​ពួកគេ​ឲ្យ​តម្លៃ​ព្រះគម្ពីរ​មរមន ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

អំណោយ​ដ៏​មាន​តម្លៃ

សូមស្រមៃ​ថា មាន​នរណា​ម្នាក់​ឲ្យ​ការបូប​មួយ​ដែល​មាន​សុទ្ធ​តែ​ពេជ្រ និង​ត្បូងទទឹម​ជាអំណោយ​ដល់អ្នក ។

  • តើអ្នកនឹង​ឆ្លើយតប​យ៉ាងដូចម្ដេច ? តើ​អំណោយ​នេះ​អាច​ផ្ដល់​ពរដល់​ជីវិត​របស់អ្នក​ដោយ​របៀប​ណា ?

ប្រធាន រ័សុល អិម ណិលសុន បាន​ថ្វាយ​ព្រះគម្ពីរ​មរមន​ទៅ​ស្តេច​កុល​សម្ព័ន្ធ​អាហ្វ្រិក​មួយអង្គ ហើយបាន​ពន្យល់​ថ្វាយ​ទ្រង់​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​ជា​សក្តីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ព្រះរាជា​បាន​ឆ្លើយតប​ថា ៖

« លោក​អាច​ជូន​ពេជ្រ ឬ​ត្បូង​ទទឹម​ដល់​ខ្ញុំ​បាន ប៉ុន្តែ​គ្មាន​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​ខ្ញុំ​ច្រើន​ជាង​ចំណេះ​ដឹង​បន្ថែម​នេះ​អំពី​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ » ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦១ )

  • តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ស្ដេច​អាច​មាន​ព្រះហឫទ័យ​បែបនេះ ?

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​វាយតម្លៃ​អំពី​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះគម្ពីរ​មរមន ។ អ្នក​អាច​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​មកពី​ប្រធាន ណិលសុន ដើម្បី​ជួយ​ពួកគេ​សញ្ជឹងគិត ។

សូម​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប​សំណួរ​ខាងក្រោម​នេះ ដែល​ប្រធាន ណិលសុន បាន​សួរ ៖

បងប្អូន​ប្រុស​ស្រីអើយ តើ​ព្រះគម្ពីរ​មរមន មាន តម្លៃ​យ៉ាងណា​ចំពោះ​បងប្អូន ? បើ​គេ​ឲ្យ​ពេជ្រ ឬ​ត្បូង​ទទឹម​ដល់​បងប្អូន ព្រះគម្ពីរ​មរមន​ដល់​បងប្អូន តើ​បងប្អូន​នឹង​រើស​យក​មួយ​ណា ? និយាយ​ដោយ​ស្មោះ តើ​មួយ​ណា មាន តម្លៃ​ច្រើន​ជាងគេ​ចំពោះ​បងប្អូន ? ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without it? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ )

នៅពេល​អ្នក​សិក្សា មរមន ៨ សូម​សញ្ជឹងគិត​អំពី​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​បងប្អូន​អំពី​ព្រះគម្ពីរ​មរមន ។ សូម​រកមើល​ហេតុផល​ថា ហេតុអ្វី​បាន​ជា​សាក្សី​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​មរមន​មាន​តម្លៃ​បំផុត និង​របៀប​ដែល​វា​អាច​ផ្ដល់​ពរ​ដល់​ជីវិត​របស់អ្នក ។

ការស្វែងយល់​អំពី​តម្លៃ​របស់​ព្រះគម្ពីរ​មរមន

សកម្មភាពខាង​ក្រោម​មាន​បួនផ្នែក​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងយល់ ឬ​បញ្ជាក់​អំពី​តម្លៃ​របស់​ព្រះគម្ពីរ​មរមន​ឡើងវិញ ។ អ្នក​អាច​រៀបចំ​កន្លែង​សិក្សា​សម្រាប់​ផ្នែក​នីមួយៗ ហើយ​សិស្ស​អាច​ប្តូរ​កន្លែង​សិក្សា​នីមួយៗ​រៀងៗ​ខ្លួន ឬ​ជា​ក្រុម​តូចៗ ។

រូបភាព
ផែនទី​ស្វែងរក​រតនសម្បត្តិ

នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​បង្កើត​គ្រោង​នៃ​ផែនទី​ស្វែងរក​រតនសម្បត្តិ ។ នៅ​ត្រង់​ចំណុចដៅ​នីមួយៗ​នៅលើ​ផែនទី គឺជា​កន្លែង​សម្រាប់​កត់ត្រា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​អំឡុង​ពេលសិក្សា មរមន ៨ របស់អ្នក ។ រួមមាន​ការស្វែងយល់​អំពី​តម្លៃ​របស់​ព្រះគម្ពីរ​មរមន​មកពី​ផ្នែក​នីមួយៗ​ខាងក្រោម​នេះ ។ ចំណុច​នីមួយៗ​ដែល​អ្នក​រៀន​នឹង​នាំ​អ្នក​ឲ្យ​ខិត​កាន់តែ​ជិត​ចំណុច X នៅលើ​ផែនទី​ស្វែងរក​រតនសម្បត្តិ​នេះ ។ ចំណុច X គឺជា​ទីកន្លែង​ដែល​អ្នក​អាច​កត់ត្រា​នូវ​អ្វី​ដែល​ព្រះគម្ពីរ​មរមន​មាន​ន័យ​ចំពោះអ្នក ។

ផ្នែកទី ១ ។ រតនសម្បត្តិ​ដែល​បាន​លាក់ទុក

បន្ទាប់ពី​មរមន​បាន​ស្លាប់​នៅ​ក្នុង​សមរភូមិ ( សូមមើល មរមន ៨:៣ ) មរ៉ូណៃ បាន​រក្សាទុក និង​បានកត់ត្រា​បន្ថែមទៀត​នៅ​ក្នុង​បញ្ជី​ដែល​ឪពុក​របស់​លោក​បាន​ធ្វើនៅ​លើ​ផ្ទាំង​មាស ។

សូមអាន មរមន ៨:១–៥ និង ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន ដោយ​រកមើល​មូលហេតុ​ដែល​ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ និង​រក្សាទុក ។

  • តើ​យើង​អាច​រៀន​បាន​អ្វីខ្លះ​អំពី​គោលបំណង​របស់​ព្រះគម្ពីរ​មរមន ?

សូម​សរសេរ​ចម្លើយ​របស់អ្នក​តាម​ចំណុច​មួយ​នៅលើ​ផែនទី​នេះ ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​គឺថា ព្រះគម្ពីរ​មរមន​បាន​រក្សាទុក​សម្រាប់​ជំនាន់​របស់យើង ដើម្បី​បញ្ចុះបញ្ចូល​យើងថា​ព្រះយេស៊ូវ គឺជា​ព្រះគ្រីស្ទ ។

  • តើ​ព្រះគម្ពីរ​មរមន​មាន​ឥទ្ធិពល​លើ​បំណងប្រាថ្នា​របស់អ្នក​ក្នុង​ការធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

ផ្នែកទី ២  បញ្ជី​ដ៏​មាន​តម្លៃ

រូបភាព
ផ្ទាំងមាស

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្រមៃ​ឃើញ និង​គិត​អំពី​ផ្ទាំង​មាស​នេះ សូម​ពិចារណា​ប្រើប្រាស់​ព័ត៌មាន​អំពី​ប្រធានបទ​ប្រវត្តិ​សាសនាចក្រ «°Gold Plates°» នៅលើ​គេហទំព័រ history.ChurchofJesusChrist.org°។

សូម​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ផ្ទាំង​មាស និង​អ្វី​ដែល​អ្នក​គិត​ថា​វា​មាន​តម្លៃ ។ សូម​អាន​អ្វី​ដែល​យ៉ូសែប ស្ម៊ីធ​បានឆ្លងកាត់ នៅពេល​លោក​បាន​ទទួល​ផ្ទាំង​មាស​ដំបូង​មកពី​មរ៉ូណៃ ។

បន្ទាប់​ពី យ៉ូសែប បាន​យក​ផ្ទាំង​ចំណារ​មក​ដល់​ផ្ទះ ពួក​អ្នក​ស្វែង​រក​កំណប់​បាន​ព្យាយាម​លួច​វា​ពី​លោក​អស់​ជា​ច្រើន​សប្តាហ៍ ។ ដើម្បី​ទុក​ផ្ទាំង​ចំណារ​ឲ្យ​មាន​សុវត្ថិភាព លោក​ត្រូវ​ប្ដូរ​កន្លែង​លាក់​ផ្ទាំង​ចំណារ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​លាក់​ផ្ទាំងចំណារ​តាំង​ពី​ក្រោម​ចង្ក្រាន ក្រោម​ឥដ្ឋ​ក្នុង​ហាង​ឪពុក​លោក និង​ក្រោម​គំនរ​គ្រាប់​ធុញ្ញជាតិ​ជាដើម ។ គាត់​មិន​ដែល​បោះបង់​ការថែរក្សា​វា​ឡើយ ។ ( ពួកបរិសុទ្ធ ៖ រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ វ៉ុល ១ បទដ្ឋាននៃ​សេចក្តីជំនឿ ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៤៣ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ក្នុងដំណើរ​រឿង​នេះ ?

សូមអាន មរមន ៨:១៤ ដោយ​រកមើល​ពី​អ្វី​ដែល​មរ៉ូណៃ បាន​និយាយ​អំពី​ផ្ទាំង​ទាំងឡាយ​នេះ ។

  • តើ​អ្នក​គិតថា មរ៉ូណៃ មាន​ន័យ​ដូចម្តេច នៅពេល​លោក​និយាយថា ផ្ទាំង​ទាំងនោះ​គឺ « ពុំ​មាន​តម្លៃ​អ្វី​ទេ » ប៉ុន្តែ « បញ្ជី​នៅ​លើ​នោះ មាន​តម្លៃ​មហិមា » ? តើយើង​អាចរៀន​អ្វីខ្លះ​អំពី​រឿង​នេះ ?

សូម​សរសេរ​ចម្លើយ​របស់អ្នក​តាម​ចំណុច​មួយ​នៅលើ​ផែនទី​នេះ ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន គឺថា បញ្ជី​នៃ​ព្រះគម្ពីរ​មរមន គឺមាន​តម្លៃ​ដ៏​មហិមា ។

សូម​សរសេ​ខគម្ពីរ​ការបង្រៀន ឬ​រឿង​ពីរបី​ចេញពី​ព្រះគម្ពីរ​មរមន ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​តម្លៃ​ដ៏​មហិមា ។ សូម​ពន្យល់​អំពី​មូលហេតុ​ដែល​សាច់រឿង​ទាំងនេះ​មានតម្លៃ​សម្រាប់​អ្នក ឬ​អ្នកដទៃ​ទៀត ។

ផ្នែកទី ៣  អំណោយទាន​មកពីព្រះ

រូបភាព
យ៉ូសែប ស៊្មីធ យកផ្ទាំងមាស​មកពី​ភ្នំ​គូម៉ូរ៉ា

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី យ៉ូសែប ស៊្មីធ កាលនៅ​វ័យក្មេង ។ តើ​អ្នក​អាច​គិត​ពី​មូលហេតុ​ដែល​ព្រះ​ប្រហែលជា​ជ្រើសរើស​យ៉ូសែប ស្ម៊ីធ​ឲ្យ​បកប្រែ​ព្រះគម្ពីរ​មរមន​ដែរ​ឬទេ ?

សូមអាន មរមន ៨:១៥–១៦, ២៦ ដោយ​រកមើល​អ្វី​ដែល​មរ៉ូណៃ​បានបង្រៀន​អំពី យ៉ូសែប ស្ម៊ីធ និង​ព្រះគម្ពីរ​មរមន ។

  • តើ​មាន​សេចក្ដីពិត​អ្វីខ្លះ ដែលយើង​អាច​រៀន​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​មាន​ឡើង ?

សូម​សរសេរ​ចម្លើយ​របស់អ្នក​តាម​ចំណុច​មួយ​នៅលើ​ផែនទី​នេះ ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​គឺថា ព្រះ​បាន​ប្រទាន​អំណាច​ដល់ យ៉ូសែប ស្ម៊ីធ ដើម្បី​នាំមក​នូវ​ព្រះគម្ពីរ​មរមន ។

សូម​សរសេរ​រឿង​មួយ​ឬ​ពីរ ដែល​អ្នក​ដឹង​អំពី យ៉ូសែប ស្ម៊ីធ ធ្វើការ​បកប្រែ​ព្រះគម្ពីរ​មរមន ។ ( សូមមើល​ប្រធានបទ​ប្រវត្តិ​សាសនាចក្រ « Book of Mormon Translation » នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ឬ Gospel Topics « Book of Mormon Translation » នៅលើ​គេហទំព័រ history.ChurchofJesusChrist.org ) ។

ផ្នែកទី ៤  អ្វី​ដែល​ខ្ញុំ​ផ្តល់​តម្លៃ​អំពី​ព្រះ​គម្ពីរ​មរមន

ផ្អែកលើ​ការសិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន​នៅ​គេហដ្ឋាន នៅ​ព្រះវិហារ និង​នៅក្នុង​ថ្នាក់​សិក្ខាសាលា សូម​សរសេរ​អ្វីដែល​អ្នក​ឲ្យ​តម្លៃ​បំផុត​អំពី​ព្រះគម្ពី​រមរមន ។ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​ដល់​អ្នក​បាន ។

សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​យ៉ាងតិច​មួយ នៅត្រង់​ចំណុច X នៅលើ​ផែនទី​របស់​អ្នក ៖

  • ហេតុអ្វី​បាន​ជា​អ្នក​ដឹង​គុណ​ចំពោះ​ការដែល​បាន​រក្សាទុក​ព្រះគម្ពីរ​មរមន ?

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ពួកព្យាការី​ដែល​ព្រះអម្ចាស់​បាន​ត្រាស់ហៅ​ឲ្យ​នាំ​មក​នូវ​ព្រះគម្ពីរ​មរមន​ដល់​យើង ?

  • តើ​អ្នក​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​ដល់​ព្រះអម្ចាស់​ថា អ្នក​ឲ្យ​តម្លៃ​ព្រះគម្ពីរ​មរមន​ខ្លាំង​ប៉ុណ្ណា ?

បន្ទាប់ពី​សិស្ស​បាន​សរសេរ​ចម្លើយ​របស់​ពួកគេ​រួចហើយ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពី​នរណា​ម្នាក់ ដែល​ពួកគេ​អាច​ជូន​ព្រះគម្ពីរ​មរមន​មួយ​ក្បាល ឬ​តំណ​សម្រាប់​ទាញយក​ព្រះគម្ពីរ​មរមន​នេះ ។ អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ដាក់បញ្ចូល​ទីបន្ទាល់​របស់​ពួកគេ នៅពេល​ដែល​ពួកគេ​ចែកចាយ​ព្រះគម្ពីរ​នេះ ។ សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន ។