ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ២៣ ៖ ការស្វែងរក​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម


« នីហ្វៃទី ៣ ២៣ ៖ ‹ ការស្វែងរក​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ២៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ៣ ២៣

ការស្វែងរក​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម

រូបភាព
ព្រះគ្រីស្ទ និង​ប្រជាជន​នៅ​ទ្វីបអាមេរិក​កំពុង​មើល​ក្រាំងមាស

តើ​អ្នក​កំពុង​ធ្វើការ​សិក្សា​បទគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក​យ៉ាងដូចម្ដេច ? តើ​ការសិក្សា​នេះធ្វើ​ឲ្យជីវិត​រស់នៅ​របស់អ្នក​មាន​ភាពខុសគ្នា​អ្វីខ្លះ ? នៅក្នុង នីហ្វៃទី ៣ ២៣ ព្រះយេស៊ូវ​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការរក្សាទុក និង​ការសិក្សា​បទគម្ពីរ និង​ពាក្យពេចន៍​របស់​ព្យាការី ។ មេរៀន​នេះមាន​គោលបំណង​ជួយ​ដល់អ្នក​ឲ្យសិក្សា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​កាន់តែ​ឧស្សាហ៍​ព្យាយាម​ជាងមុន ។

ការជួយ​សិស្ស​អភិវឌ្ឍ​ជំនាញ​សិក្សា ។ ដើម្បី​ជួយ​សិស្សឲ្យ​ទទួល​បាន​ជោគជ័យ​បន្ថែមទៀត​នៅក្នុង​ការសិក្សា​បទគម្ពីរ​របស់​ពួកគេ សូម​ជួយ​ដល់​ពួកគេ​នៅក្នុង​ការអភិវឌ្ឍ​ជំនាញ​សិក្សា​បទគម្ពីរ​ផ្សេងៗ ។ ជំនាញ​ទាំង​នេះគួរតែ​មាន​គោលបំណង​ជួយដល់​សិស្ស​ឲ្យ​យាង​អញ្ជើញ​ព្រះវិញ្ញាណ​មកគង់​នៅក្នុង​ការសិក្សា​របស់ពួកគេ ដើម្បីឲ្យ​យល់​កាន់តែច្បាស់​អំពី​បទគម្ពីរ ហើយ​ស្វែងយល់ និង​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​សិក្សា​បទគម្ពីរ​មុនពេល​ចាប់ផ្តើម​រៀន​មេរៀន​នេះ ដោយ​យកចិត្ត​ទុកដាក់​ជាពិសេស​ទៅលើ​អ្វី ដែល​ពួកគេ​ធ្វើ ដែលធ្វើ​ឲ្យ​ការសិក្សា​របស់ពួកគេ​កាន់តែមាន​អត្ថន័យ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​វាយតម្លៃ​ទៅ​លើ​គុណតម្លៃ និង​គុណភាព​នៃ​ការសិក្សា​របស់​ពួកគេ និង​ផលប៉ះពាល់​ដែល​វាមាន ឬ​មិនមាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់អ្នក

មុនពេល​ចូលរៀន សូម​ពិចារណា​លាក់​វត្ថុផ្សេងៗ​នៅគ្រប់​កន្លែង​ទាំងអស់​នៅ​ក្នុង​បន្ទប់ សូម​សរសេរ​ពាក្យ « ស្វែងរក » នៅលើ​ក្ដារខៀន ។ សូម​ប្រាប់ដល់​សិស្ស​ពី​អ្វី​ដែល​ពួកគេ​កំពុង​ស្វែងរក ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​វត្ថុ​ទាំងនោះ​ឲ្យ​បានច្រើន​តាម ដែល​អាចធ្វើ​ទៅបាន ។

  • តើ​ការស្វែងរក​មានន័យ​យ៉ាង​ដូចម្ដេច ?

  • តើ​ការស្វែងរក​ដែលគួរឲ្យ​ចំណាប់អារម្មណ៍ ឬ​រំភើប​មានអ្វីខ្លះ ?

  • តើ​ការស្វែងរក​អាច​មាន​ការលំបាក ឬបាក់ទឹកចិត្ត​អ្វីខ្លះ ?

ការអញ្ជើញ​របស់​ព្រះអង្គសង្គ្រោះ ។

សូមអាន នីហ្វៃទី ៣ ២៣:១–៥ ដោយ​ស្វែងរក​មើលអ្វី ដែល​ព្រះអង្គសង្គ្រោះ​បាន​បញ្ជា​ឲ្យយើង​ស្វែងរក និង​មូលហេតុ ។

សូម​អញ្ជើញ​ឲ្យ​សិស្សឡើង​និយាយ​ប្រាប់​អំពីអ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

នៅក្នុង​ជំពូក​មុនៗ ព្រះអង្គសង្គ្រោះ​បាន​ដកស្រង់​ចេញពី​អេសាយ​ជាច្រើន​ដើម្បី​ជាជំនួយ និង​ប្រទានពរ​ដល់​ពួកសាសន៍​នីហ្វៃ ។ ( សូមមើល នីហ្វៃទី ៣ ១៦:១៨-២០; ២០:៣២, ៣៤–៤៥; ២១:៨; ២២:១–១៧ ) ។

  • តើ​ព្រះអម្ចាស់​បានប្រទាន​ហេតុផល​អ្វីខ្លះ​សម្រាប់​យើង ដើម្បី​ស្វែងរក​ពាក្យ​របស់​អេសាយ ? ( សូមមើល នីហ្វៃទី ៣ ២៣:១–៣ ) ។

    អ្នក​ប្រហែលជា​ចង់ចំណាយ​ពេលខ្លះ​នៅក្នុង​ថ្នាក់រៀន​ពិភាក្សា​អំពី​តម្លៃ​នៃ​ការបង្រៀន​របស់​អេសាយ ។ ឧទាហរណ៍ អ្នក​អាចសុំ​សិស្ស​ឲ្យ​ចែកចាយ​អំពី​អារម្មណ៍​របស់ពួកគេ​ចំពោះ​ពាក្យ​របស់​អេសាយ ។ ពួកគេ​អាចអាន និង​សញ្ជឹងគិត​ទៅលើ​ខគម្ពីរ​មកពី​អេសាយ ហើយ​សញ្ជឹងគិត​ពិចារណា​អំពី​មូលហេតុ ដែលខគម្ពីរ​ទាំងនោះ​មាន​តម្លៃ​ដើម្បី​សិក្សា ។ ឧទាហរណ៍​អាច​រួមបញ្ចូល អេសាយ ៧:១៤; ៩:៦–៧; ៤១:១០; ៤៩:១៣–១៦; ៥៣:១–៥; ៥៥:១–៣; ៦១:១–៣ ។

  • យោងទៅតាម នីហ្វៃទី ៣ ២៣:៥ ហេតុអ្វី​បានជាយើង​គួរតែ​ស្តាប់​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ និង​ពាក្យ​របស់​ព្យាការី ?

សូម​ស្តាប់​ចម្លើយ​របស់សិស្ស​ដោយ​យក​ចិត្តទុកដាក់ ហើយ​ពិចារណា​សរសេរ​វា​នៅលើ​ក្ដារខៀន ។

គោលការណ៍​សំខាន់មួយ ដែល​យើង​រៀនសូត្រ​នៅក្នុង​មេរៀននេះ គឺថា ព្រះអង្គសង្គ្រោះ​បង្គាប់បញ្ជា​យើង​ឲ្យ​ស្តាប់​តាមព្រះបន្ទូល​របស់ទ្រង់ ហើយ​ស្វែងរក​ពាក្យ​របស់ព្យាការី​ដោយ​ឧស្សាហ៍​ព្យាយាម ។

  • តើ​អ្នក​គិតថា ការស្វែងរក​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម​មានន័យ​ដូចម្តេច ?

សូម​ចំណាយពេល​បន្តិច​ដើម្បី​សញ្ជឹងគិត​អំពី​បទគម្ពីរ​ផ្ទាល់ខ្លួន​របស់អ្នក ។ ការណ៍​នេះ​អាចមាន​បញ្ចូល​ទាំង​ការសិក្សា​ផ្ទាល់ខ្លួន និង​គ្រួសារ ក៏ដូចជា​ការសិក្សា​នៅ​ក្នុង​ព្រះវិហារ និង​សិក្ខាសាលា​ផងដែរ ។ តើ​អ្នក​មាន​អារម្មណ៍ថា អ្នក​ស្វែងរក​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម​ដែរឬទេ ? ហេតុអ្វី​មាន​អារម្មណ៍​ដូច្នោះ ឬ​ហេតុអ្វី​មិន​មាន​អាម្មណ៍​ដូច្នោះ ?

  • តើ​មាន​មូលហេតុ​អ្វីខ្លះ ដែលវា​អាចនឹង​ពិបាក​នៅក្នុង​ការស្វែងរក​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម ?

    នៅពេល​សិស្ស​ចែកចាយ សូម​ពិចារណា​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្ដារខៀន​ម្ខាងទៀត ។ ប្រសិនបើ​អាច អ្នក​អាចយោង​ទៅលើ​សកម្មភាព​ស្វែងរក​នៅ​ដើម​មេរៀននេះ​បាន ។ ដើម្បី​គិតអំពី​ការលំបាក​ដែលអាច​មាន សិស្ស​អាច​ប្រៀបធៀប​ការស្វែងរក​បទគម្ពីរ​ទៅនឹង​ការស្វែងរក​វត្ថុ​នានា​នៅក្នុង​សកម្មភាព​នេះ ។

    ចម្លើយ​មួយ​អាចថា វាអាច​នឹងលំបាក​នៅក្នុង​ការចំណាយពេល​ស្វែងរក​បទគម្ពីរ នៅពេល​ដែល​យើងមាន​មិន​មាន​អារម្មណ៍ថា យើងមិន​អាច​រក​ឃើញ​អ្វីមួយ​ដែលសំខាន់​នោះ ។ ឬ​វា​ប្រហែល​ជាពិបាក​យល់ ឬ​ធុញទ្រាន់ ។ មាន​វិធី​ដ៏​ល្អ​បំផុត​មួយដើម្បី​ជម្នះលើ​ការលំបាក​ជាច្រើន​ទាំងនេះ នោះ​គឺ​ត្រូវដឹង​អំពី​របៀប​ស្វែងរក​ចំណេះដឹង ឬ​សេចក្តីពិត​ដែលអាច​ជួយ​យើង​នៅក្នុង​ជីវិតរស់​នៅ​របស់យើង ។

  • ទោះបី​ជាមាន​ការលំបាក​ទាំងនេះ​ក៏ដោយ តើ​មាន​ចំណុច​អ្វីខ្លះដែលអ្នក​បាន​ធ្វើរួច​ហើយ ឬ​អាច​នឹងធ្វើដើម្បីទទួល​បាននូវ​បទពិសោធន៍​សិក្សា​បទគម្ពីរ​ដ៏មាន​អត្ថន័យ ?

នៅពេល​ដែល​សិស្ស​កំពុងឆ្លើយ សូម​ធ្វើ​បញ្ជីមួយ​នៅលើ​ក្តារខៀន​ម្ខាង​ទៀត ។ ប្រសិនបើ​គិតថាមាន​ប្រយោជន៍ សូម​បន្ថែម​ឧទាហរណ៍​ខាងក្រោម​ទាងនេះ ។

ទាំងនេះ​គឺជា​ឧទាហរណ៍​មួយចំនួន ៖

  • សូម​អធិស្ឋាន​មុនពេល​អ្នកសិក្សា ។

  • សូម​គូស​ចំណាំ​ពាក្យ និង​ឃ្លា​សំខាន់ៗ ជាពិសេស​ពាក្យ​ទាំងឡាយ ដែល​ជួយអ្នក​ឲ្យស្គាល់​ព្រះអង្គសង្គ្រោះ​កាន់តែ​ប្រសើរឡើង ។

  • ស្វែងរក​មើល​ពាក្យ ឬ​ឃ្លាដែល​ពិបាកយល់ ។

  • ផ្អាក ហើយ​សង្ខេប​អ្វីដែល​អ្នក​បានអាន ។

  • ប្រើប្រាស់​សេចក្ដីយោង​ខគម្ពីរ​ដើម្បី​យល់​អំពី​ប្រធានបទ​មួយ ឬ​គោលលទ្ធិ​ឲ្យប្រសើរ​ជាងមុន ។

រូបភាព
ព្រះគ្រីស្ទ​កំពុង​មានបន្ទូល​ជាមួយ​នីហ្វៃ​អំពី​កំណត់ត្រានេះ

ដើម្បី​អនុវត្ត​នូវ​ជំនាញ​ពីរ​នៅក្នុង​ចំណោម​ជំនាញ​ទាំងនេះ សូម​អាន នីហ្វៃទី ៣ ២៣:៦–១៤ ហើយ​ធ្វើ​ដូច​ខាងក្រោម ៖

  • សូម​សង្ខេប​ដោយ​ប្រើ​ពាក្យ​ខ្លួន​ឯង​ចំពោះ​អ្វី​ដែល​អ្នក​បាន​អាន°។

  • សូម​គូស​ចំណាំ​ពាក្យ ឬ​ឃ្លាណាដែលជួយ​ដល់​អ្នកឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ព្រះអង្គ​សង្គ្រោះ ។

    សូម​អញ្ជើញ​ឲ្យ​សិស្សឡើង​និយាយ​ប្រាប់​អំពីអ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ដើម្បី​ធ្វើ​បែបនេះ​បាន ពួកគេ​អាច​ធ្វើការ​ដោយ​ចាប់ជា​ដៃគូ ដោយ​ឲ្យ​សិស្ស​ម្នាក់​សង្ខេប​បទគម្ពីរ ហើយ​សិស្ស​ម្នាក់ទៀត​ពន្យល់​អំពីពាក្យ ឬឃ្លា​ដែលជួយ​ពួកគេ​យល់​អំពី​ព្រះអង្គសង្គ្រោះ ។

    ប្រសិនបើ​សិស្ស​មាន​ការលំបាក់​នៅក្នុង​ការសង្ខេបអ្វី ដែល​ពួកគេអាន អ្នក​អាច​ពន្យល់ថា ព្រះអង្គសង្គ្រោះ​បាន​បង្គាប់​ឲ្យ​មើល​កំណត់ត្រា​របស់​ពួកសាសន៍​នីហ្វៃ ។ ទ្រង់​បាន​ពន្យល់ថា ការព្យាករណ៍​របស់​សាំយូអែល​អំពី​ពួកបរិសុទ្ធ ដែលបាន​រស់ឡើងវិញ​បាន​លេចឡើង​មក​ដល់​មនុស្ស​ជាច្រើន ( សូមមើល ហេលេមិន ១៤:២៥ ) ត្រូវបាន​សម្រេច ប៉ុន្តែ​ការសម្រេច​នេះ​មិន​មាន​នៅ​ក្នុង​កំណត់ត្រា​នេះទេ ។ ព្រះអង្គសង្គ្រោះ​បាន​បញ្ជា​ដល់ពួក​សាសន៍​នីហ្វៃ​ឲ្យ​កត់ត្រា​ដំណើររឿង​នេះ ។

  • តើ​មាន​ពាក្យ​អ្វីខ្លះដែល​បញ្ជាក់​យ៉ាងច្បាស់​ថា ព្រះអង្គសង្គ្រោះ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​អ្វីដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ ?

  • តើ​ការដឹង​នូវ​រឿងនេះ​អំពី​ព្រះអង្គ​សង្គ្រោះ​អាច​ប៉ះពាល់​ដល់​របៀប​ដែល​អ្នកសិក្សា​ព្រះគម្ពីរ​យ៉ាង​ដូចម្ដេច​ដែរ ?

អនុវត្ត​ការសិក្សា​បទគម្ពីរ​ប្រកប​ដោយ​ប្រសិទ្ធភាព

សូម​ចំណាយ​ពេល​ពីរបីនាទី ដើម្បី​អនុវត្ត​អំពី​ការ​ស្វែងរក​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម ។ អ្នក​អាច​ជ្រើសរើស​សិក្សា​មួយ​ជំពូក ឬ​ស្វែងរក​ខគម្ពីរ​អំពី​ប្រធានបទ​ដែល​អ្នកចង់​ដឹង​អំពី​បន្ថែមទៀត ។ សូម​ប្រើប្រាស់​យ៉ាងហោច​ណាស់​ជំនាញ​បទគម្ពីរ​មួយដែលអ្នក​បានគិត ឬ​បាន​រកឃើញ​នៅក្នុង​បញ្ជី​ខាងលើ ។

សូម​ទុកពេល​គ្រប់គ្រាន់​សម្រាប់​សិស្សអាន និង​សញ្ជឹងគិត ។ សូម​អញ្ជើញ​សិស្សឲ្យ​ចែកចាយ​អ្វីដែល​ពួកគេ​បានសិក្សា ដែលមាន​អត្ថន័យ​សម្រាប់​ពួកគេ និង​ជំនាញ​អ្វីខ្លះដែល​ពួកគេបាន​ប្រើប្រាស់ ។ សំណួរ​ខាងក្រោមនេះ​មាន​គោលបំណង​ដើម្បី​ជួយ​នៅក្នុង​ការពិភាក្សា ។

  • តើ​វិធីសាស្រ្ត​សិក្សា​អ្វីខ្លះ​ដែលអ្នក​បានប្រើ ? ហេតុអ្វី​បានជា​វាអាច​ជួយ​ដល់​អ្នកឲ្យ​កាន់តែ​ឧស្សាហ៍​ព្យាយាម​សិក្សា​បន្ថែមទៀត ?

  • តើ​អ្នកបាន​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គសង្គ្រោះដែល​អ្នកមិន​បានយល់​ពីមុនមក ?

  • តើ​មាន​ជំនាញ​មួយណា​នៅក្នុង​ចំណោម​ជំនាញ​ទាំងនេះ ដែលអ្នក​អាច​អនុវត្ត​ទៅ​ក្នុង​ការសិក្សា​បទគម្ពីរ​របស់អ្នក​នាពេល​អនាគត​បាន ? តើ​អ្នកនឹង​ប្រើប្រាស់​ជំនាញ​ទាំងនេះ​ដោយ​របៀបណា ?

នៅ​អំឡុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ សូម​គិតអំពី​អ្វីដែល​អ្នកបាន​រៀនសូត្រ​នៅថ្ងៃនេះ ។ សូម​ជ្រើសរើស​វិធីមួយដែល​អ្នកអាច​ខិតខំ​ស្វែងរក​បទគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម​បន្ថែម​ទៀត ។ សូម​ពិចារណា​អំពីរបៀបដែល​វិធីនេះ​អាច​ជួយដល់​អ្នក​នៅក្នុង​ជីវិត​រស់នៅ​របស់អ្នក ។