ថ្នាក់​សិក្ខាសាលា
ហេលេមិន ១៣–១៦ ៖ ការយល់ដឹង​អំពី​ព្យាការី​របស់​ព្រះអម្ចាស់


« ហេលេមិន ១៣–១៦ ៖ ការយល់ដឹង​អំពី​ព្យាការី​របស់​ព្រះអម្ចាស់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ហេលេមិន ១៣–១៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ហេលេមិន ១៣–១៦

ការយល់ដឹង​អំពី​ព្យាការី​របស់​ព្រះអម្ចាស់

រូបភាព
សាំយូអែល​ជា​សាសន៍​លេមិន​នៅលើ​កំផែង

តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​ដែល​អ្នក​បាន​ឮ​មនុស្ស​ប្រាប់​អំពី​បញ្ហា​ការព្រួយបារម្ភ ឬ​ការរិះគន់​ទៅលើ​ពួក​ព្យាការី ? នៅ​ពេល​សាំយូអែល​ជា​សាសន៍​លេមិន​ឈរនៅ​លើ​កំផែង ហើយ​បាន​អំពាវនាវ​ប្រជាជន​ឲ្យ​ប្រែចិត្ត ពួកគេ​មាន​ប្រតិកម្ម​ចម្រុះ​ចំពោះ​ពាក្យ​ពេចន៍​របស់​លោក ។ មនុស្ស​គ្រប់​គ្នា​ដកពិសោធន៍​នូវ​ការឆ្លើយតប​ស្រដៀងៗគ្នា​ទៅនឹង​ពួកព្យាការី​នៅ​សម័យ​យើង ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​តួនាទី​របស់​ពួកព្យាការី និង​របៀប​ដែល​ពួកលោក​អាច​ជួយ​យើង​បាន ។

សូម​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរនានា​ដោយ​ផ្ដើម​ចេញ​មកពី​គោលជំហរ​នៃ​ជំនឿ ។ នៅពេល​សិស្ស​ពិចារណា​អំពី​សំណួរ​ផ្ទាល់​ខ្លួន និង​របស់អ្នក​ដទៃ​អំពី​គោលលទ្ធិ និង​ជំនឿ​របស់​សាសនាចក្រ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ខិតខំ​ស្វែងរក​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចងចាំ​នូវ​អ្វី​ដែល​ពួកគេ​បាន​ដឹងរួច​ហើយ និង​ស្វែងរក​បទគម្ពីរ​ដើម្បី​ទទួល​បាន​ការយល់​ដឹង​បន្ថែម ។ សូម​ទុកពេល​ឲ្យ​ពួកគេ​អនុវត្ត​អ្វី​ដែល​ពួកគេ​អាច​នឹង​និយាយ​ទៅកាន់​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេងៗ​គ្នា ។

ការរៀប​ចំសិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​ដឹង​ថា ព្រះអម្ចាស់​បាន​គង់​នៅ​ជាមួយ​ពួកព្យាការី​ពី​បុរាណ​របស់ទ្រង់ ហើយនិង​ឥឡូវនេះ កំពុង​គង់​នៅ​ជាមួយ​ពួក​ព្យាការី​សម័យ​ទំនើប​របស់​ទ្រង់​ផងដែរ ។

សកម្មភាព​រៀនសូត្រ​ដែលអាច​មាន

ការជឿ​ទុកចិត្ត​ទៅលើ​ពួកព្យាការី​របស់​ព្រះអម្ចាស់

សូម​ពិចារណា​គូរ​តារាង​ខាងក្រោម​នៅលើ​ក្ដារខៀន ហើយ​ប្រមូល​ផ្ដុំ​គំនិត​នូវ​ចម្លើយ​ជា​ថ្នាក់​ទាំងមូល ឬ​អញ្ជើញ​សិស្ស​ឲ្យ​គូរ​វា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ហើយ​បំពេញ​វា​រៀងៗ​ខ្លួន ឬ​ជា​ក្រុម​តូចៗ​⁠ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ត្រៀម​គិត​អំពី​ពួកព្យាការី ។

រូបភាព
ក្រាហ្វិក​បង្ហាញ​អំពី​មនុស្ស​ម្នាក់​នៅក្រោម​ចំណងជើង អ្នក​ដែល​ជឿ និង​ធ្វើតាម​ពួកព្យាការី និង​មនុស្ស​ម្នាក់​ទៀត​នៅក្រោម​ចំណងជើង អ្នក​ដែល​មិន​ជឿ និង​ថែមទាំង​រិះគន់​ពួកព្យាការី​ទៀត

នៅ​ជុំវិញ​រូបគំនូរ​ដែល​តំណាង​ឲ្យក្រុម​នីមួយៗ សូម​រាយ​បញ្ជី​ហេតុផល​មួយចំនួន​ទាំង​មូលហេតុ​ដែល​មនុស្ស​ជឿ ហើយ​ធ្វើតាម​ពួកព្យាការី ឬ​មិនជឿ ហើយថែម​ទាំង​រិះគន់​ពួកលោក​ទៀត ។

បើ​សិស្ស​បាន​ធ្វើ​សកម្មភាព​នៅក្នុង​ក្រុម​តូចៗ ឬ​រៀងៗ​ខ្លួន​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អំពី​គំនិតរបស់​ពួកគេ ។

សូម​ចំណាយពេល​មួយ​ភ្លែត​ដើម្បី​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​បានរៀន​រួច និង ដឹង​អំពី​ពួកព្យាការី​ដែល​អាច​ជួយ​អ្នក នឹង​អ្នកដទៃ​ទៀត​ដែល​ជឿថា ព្រះ​បាន​ហៅ​ពួកលោក ។ ឧទាហរណ៍ អ្នកអាច​នឹង​បានធ្វើ​បញ្ជី​នៃ​សេចក្តីពិត​អំពី​ពួកព្យាការី នៅពេល​ដែល​អ្នក​បានសិក្សា​អំពី​នីហ្វៃ​នៅ​ក្នុង ហេលេមិន ៧–១០ ។

នៅក្នុង ហេលេមិន ១៣⁠ ព្រះអម្ចាស់​បានបញ្ជូន​ព្យាការី​ម្នាក់​ទៀត​ឈ្មោះ សាំយូអែល​ដែលជា​សាសន៍លេមិន ។ មេរៀន​នេះ គឺជា​ទិដ្ឋភាព​ទូទៅ​នៃ​ការបង្រៀន​របស់លោក ( សូមមើល ហេលេមិន ១៣–១៦ ) ។ នៅ​ពេល​អ្នកសិក្សា អ្នកអាច​បន្ថែម​ទៅក្នុង​បញ្ជី​នៃ​សេចក្ដីពិត​របស់​អ្នក​អំពី​ពួក​ព្យាការី ។ សូម​ស្វែងរក​ការយល់ដឹង​⁠ដែល​អាច​នឹង​ជួយ​ដល់​អ្នក​ដែល​ពុះពារ​ដើម្បី​ជឿ ។

ដោយ​ផ្អែក​ទៅលើ​តម្រូវការ​សិស្ស​របស់​អ្នក និង​ការបំផុស​គំនិត​របស់​ព្រះវិញ្ញាណ សូម​ជ្រើសរើស​អំពី​របៀប​ធ្វើ​សកម្មភាព​នានា​ដូចខាងក្រោម ។ អ្នក​អាច​ផ្តោត​ទៅ​លើ​សកម្មភាព​មួយ ឬ​ពីរ​ជាថ្នាក់​ទាំងមូល ហើយ​សង្ខេប​សកម្មភាព​ផ្សេងៗទៀត ។ អ្នក​អាច​បំបែក​សិស្ស​ជាក្រុមៗ​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​មួយ​នៅក្នុង​ចំណោម​សកម្មភាព​ទាំងបី ហើយ​រាយការណ៍​ប្រាប់​សិស្ស​ដទៃ​ទៀត​នៅក្នុង​ថ្នាក់ ។ អ្នក​អាច​សរសេរ​សកម្មភាព​នីមួយៗ​នៅលើ​ក្រដាស​មួយ​សន្លឹក​នៅ​កន្លែង​ផ្សេងៗគ្នា​នៅ​ជុំវិញ​បន្ទប់⁠ ឬ​ថ្នាក់រៀន ហើយ​សុំ​ឲ្យ​សិស្ស​បង្វិល​ទៅ​រក​ទីតាំង​នីមួយៗ ហើយ​សិក្សា​សកម្មភាព​ទាំងបី ។

សកម្មភាព ក ៖ សាំយូអែល ផ្សព្វផ្សាយ​ដល់​ពួក​សាសន៍នីហ្វៃ

សូម​អាន ហេលេមិន ១៣:១–៧; ១៤:៩ ហើយ​រកមើល​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ទៅលើ សាំយូអែល ។

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​អំពី​ពួកព្យាការី ចេញ​ពី​គំរូ​របស់​សាំយូអែល ? ( សូម​ពិចារណា​បន្ថែម​សេចក្ដីពិត​ណាមួយ​ដែល​អ្នកបាន​រកឃើញ⁠​ហើយ​សរសេរ​ដាក់ចូល​ទៅក្នុង​បញ្ជី​របស់អ្នក ) ។

សេចក្ដីពិត​មួយ​ដែល​អ្នក​អាច​រកឃើញ​នោះ គឺថា សារលិខិត​របស់​ព្យាការី​ម្នាក់​គឺ​មិនមែន​ជា​សារលិខិត​របស់​លោក​ផ្ទាល់​នោះទេ គឺ​វា​ចេញ​មកពី​ព្រះ អម្ចាស់ ។ សូម​ពិចារណា​គូសចំណាំ​ឃ្លា​នៅក្នុង ហេលេមិន ១៣:៥, ៧; ១៤:៩ ដែល​គាំទ្រ​ដល់​សេចក្តីពិត​នេះ ។ អ្នក​អាច​នឹង​ចង់​អាន ហេលេមិន ៧:២៩ និង គោលលទ្ធិ និង​សេចក្តីសញ្ញា⁠១:៣៨; ២១:៤–៥ ជា​សេចក្តី យោង​ឆ្លង ហើយ​ភ្ជាប់វាទៅ​នឹងខគម្ពីរ​នៅក្នុង ហេលេមិន ១៣ ។

  • តើ​ការយល់ដឹង​អំពី​សេចក្ដីពិត​នេះ អាច​នឹង​ជះ​ឥទ្ធិពល​ទៅលើ​របៀប​ដែល​យើង​ស្តាប់​ពួក​ព្យាការី​យ៉ាង​ដូចម្ដេច ?

  • តើ​វា​អាច​ជួយ​បាន​យ៉ាង​ដូចម្តេច នៅពេល​យើង​មាន​អារម្មណ៍​ល្បួង​ឲ្យ​សង្ស័យ ឬ​រិះគន់​ពួក​លោក ?

សូម​ពិចារណា​ផ្តល់​ច្បាប់​ចម្លង​មួយ​ចំនួន​នៃ​ការបោះ​ពុម្ពផ្សាយ​ឯកសារ​សន្និសីទ​ទូទៅ​ចុងក្រោយ​បំផុត​នៃ​ទស្សនាវដ្ដី លីអាហូណា ដើម្បី​ឲ្យ​សិស្ស​បំពេញ​សកម្មភាព​ខាងក្រោម ។

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​ពិនិត្យមើល​ផ្នែក​នៃ​សុន្ទរកថា​សន្និសីទ​ទូទៅ​ថ្មីៗ​មកពី​ព្យាការី ។ សូម​គិត​អំពី​ព្រះអម្ចាស់ និង​ការព្រួយបារម្ភ​របស់ទ្រង់​ចំពោះ​អ្នក ។ សូម​ព្យាយាម​អាន​សុន្ទរក​ឲ្យ​វា​ដូចជា​សារលិខិត​មកពី​ព្រះអម្ចាស់ ។ សូម​រៀបចំ​ចំណុច​មួយ​នៅក្នុងចំណោម​ចំណុច​ខាងក្រោម​នេះ ៖

  • សូម​រក​មើល​ឃ្លា ឬ​ការបង្រៀន​ជាក់លាក់​មួយ​ដែល​អ្នក​ជឿជាក់​ថា​ព្រះអម្ចាស់​បាន​បំផុស​គំនិត ។ សូម​ចែកចាយ​អំពី​មូលហេតុ ។

  • សូម​ពិពណ៌នា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​ថា​សារលិខិត​មកពី​ព្យាការី គឺជា​សារលិខិត​មកពី​ព្រះអម្ចាស់ ។

សកម្មភាព ខ ៖ ពួកសាសន៍​នីហ្វៃ​ឆ្លើយតប​ចំពោះ​ពួកព្យាការី

សូម​អាន ហេលេមិន⁠ ១៣:២៤–២៩; ១៤:១០ ដោយ​ការរក​មើល​អាកប្បកិរិយា​របស់​ពួកសាសន៍​នីហ្វៃ​ចំពោះ​ពួកព្យាការី ។

  • តើ​សេចក្តីពិត​អ្វីខ្លះ​ដែល​បងប្អូន​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អំពី​ពួក​ព្យាការី ?

អ្នក​ប្រហែលជា​បាន​រកឃើញ​សេចក្ដីពិត​មួយ​ដែល​ស្រដៀង​ទៅនឹង​សេចក្ដីពិត​ដូចតទៅ​នេះ ៖ ពួកព្យាការី​របស់​ព្រះអម្ចាស់​មិន​ជាទី​ពេញនិយម​របស់​ពួកមនុស្ស​ទុច្ចរិត​ឡើយ ។ អ្នក​អាច​នឹង​ចង់​កត់ត្រា​សេចក្ដីពិត​នេះ​នៅ​ក្បែរ​ខគម្ពីរ​ទាំងនេះ ។

  • តើ​អ្នក​មើលឃើញ​សេចក្ដីពិត​នេះ​តាម​របៀបណា​ខ្លះ​នៅក្នុង​សម័យ​របស់​យើង​នេះ ?

  • តើ​អ្នក​ដែល​រិះគន់ និង​ប្រឆាំង​ពួកព្យាការី​អាចជា « ពួក​ឆ្កួត​វង្វេង និង​ពួក​ខ្វាក់ ? » យ៉ាង​ដូចម្ដេច ? ( ហេលេមិន ១៣:២៩ ) ។

  • ប្រសិនបើ​យើង​មិនមក​រក​ព្រះអង្គសង្គ្រោះ​ដើម្បី​ប្រែចិត្ត និង​កែលម្អ​ទេ​នោះ តើ​វា​អាច​នឹង​ដូចជា​ការជ្រើសរើស « ភាព​ងងឹត​ជាជាង​ពន្លឺ » យ៉ាង​ដូចម្ដេច ? ( ហេលេមិន ១៣:២៩ ) ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បាន​បង្រៀន ៖

ពួកព្យាការី … មិន​អាច​កែប្រែ​សារលិខិត​របស់​ព្រះអម្ចាស់​ដោយ​គ្រាន់តែ​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្រណុក​សុខស្រួល​នោះទេ ។ ពួកលោក​មាន​សណ្ដានចិត្ត​ល្អ​ណាស់​មិន​អាច​ធ្វើ​ជា​មនុស្ស​ឃោរឃៅ​បាន​ទេ ។ ខ្ញុំ​មាន​អំណរគុណ​ខ្លាំងណាស់​ដែល​ព្យាការី​ទាំងឡាយ​មិន​ចង់​មាន​ប្រជាប្រិយភាព ។ ( ស្ពែនស៊ើរ ដបុលយូ ឃឹមបល « Listen⁠to the Prophets⁠ » Ensign ឧសភា ១៩៧៨ ទំព័រ ៧៧ )

សូម​ស្រមើស្រមៃ​ថា មាន​នរណា​ម្នាក់​ជឿថា ពួកគេ​គួរតែ​អាច « ធ្វើ​អ្វី​ក៏​ដោយ​ដែល​ចិត្ត [ របស់​ពួកគេ ] ចង់ » ( ហេលេមិន ១៣:២៧ ) ។ ជា​លទ្ធផល ពួកគេ​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​ពួកព្យាការី​អំពាវនាវ​ឲ្យ​ពួកគេ​ប្រែចិត្ត​នោះទេ ។ ផ្អែកទៅលើ​អ្វី​ដែល​អ្នក​បាន​រៀន សូម​រៀបចំ​ការឆ្លើយ​តប​ទៅនឹង​ការព្រួយបារម្ភ ឬ​ការរិះគន់​នេះ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ផ្នែក​មួយ​នៃ​ចម្លើយ​របស់​ពួកគេ​ទៅ​សិស្ស​នៅក្នុង​ថ្នាក់រៀន​ទាំងមូល ។ បន្ទាប់មក សូម​សួរ​រក​អ្នក​ដែល​អាច​សរសេរ​បន្ថែម​ទៅនឹង​ចម្លើយ​នោះបាន ។ សូម​បន្ត​រហូតដល់​សិស្ស​ជឿ​ថា ពួកគេ​បានជួយ​ដោះស្រាយ​កង្វល់​នេះ ។

សកម្មភាព គ ៖ ព្រះអម្ចាស់​ការពារ​សាំយូអែល

សូម​ពិចារណា​ដាក់​បង្ហាញ​រូបភាព​របស់​សាំយូអែល​ជា​សាសន៍​លេមិន ដែល​និយាយ​មកពី​លើ​កំផែង ដែល​មាននៅ​ខាងដើម​មេរៀន​នេះ ។

សូម​មើល​រូបភាព​ដែល​មាន​នៅ​ខាង​ដើម​មេរៀន​នេះ​ដោយ​យកចិត្ត​ទុកដាក់ ។ វា​ពិពណ៌នា​អំពី​អ្វី​ដែល​បាន​កើតឡើង​នៅ​ចុងបញ្ចប់​នៃ​សុន្ទរកថា​របស់ សាំយូអែល ។

សូម​អាន ហេលេមិន⁠ ១៦:១–៨ ដោយ​ការ​ស្វែងរក និង​គូសចំណាំ​ភស្តុតាង​នៃ​សេចក្ដីពិត​ដែលថា ព្រះចេស្ដា​នៃ​ព្រះ​មាននៅ​ជាមួយ​ពួកព្យាការី​របស់ទ្រង់ ។ ( សូម​ពិចារណា​បន្ថែម​សេចក្ដីពិត​នេះ​ចូលទៅ​ក្នុងបញ្ជី​របស់​អ្នក ) ។

  • តើ​មាន​ភស្ដុតាង​អ្វីខ្លះ​ដែល​អ្នក​បាន​មើល​ឃើញ​ថា ព្រះ​បាន​គង់​នៅជាមួយ​នឹង សាំយូអែល ?

បើទោះបី​ជា​មិនមែន​ពួកព្យាការី​ទាំងអស់​ទទួល​បាន​ការការពារ​តាម​របៀប​នេះ​ក៏ដោយ ក៏​ព្រះ​រក្សា​ការពារ​ពួកព្យាការី​របស់​ទ្រង់​រហូត​ដល់​ពួកលោក​បាន​បញ្ចប់​ការងារ​របស់​ពួកលោក​ដែរ ( សូមមើល ម៉ូសាយ ១៣:១–៤; គោលលទ្ធិ និង​សេចក្ដីសញ្ញា⁠ ១២២:៩ ) ។

ប្រសិនបើ​ការធ្វើ​សកម្មភាព​នេះ​ជា​ថ្នាក់​ទាំងមូល សូម​ពិចារណា​បង្ហាញ​រូបភាព​នានា​ខាងក្រោម ។ បើចាំបាច់ សូម​ពន្យល់​ដោយ​សង្ខេប​អំពី​ដំណើររឿង​ដែល​ទាក់ទង ។

សូម​ជ្រើសរើស​ព្យាការី​ម្នាក់​មកពី​បទគម្ពីរ ឬ​ប្រវត្តិ​សាសនាចក្រ ។ សូម​រៀបរាប់​អំពី​ភស្តុតាង​ដែល​បង្ហាញ​ថា ព្រះ​បានគង់​នៅ​ជាមួយនឹង​ព្យាការី​រូប​នោះ ។ សូម​ពិចារណា​អំពី​ឧទាហរណ៍​នានា​ខាងក្រោម​របស់​ណូអេ ម៉ូសេ ពេត្រុស និង​យ៉ូសែប ស្ម៊ីធ ។

រូបភាព
ណូអេ កំពុង​ឈរ​នៅលើ​ទូក​ធំ​មួយ​ជាមួយ​សត្វពាហៈនៈ​ជាច្រើន

( សូមមើល លោកុប្បត្តិ ៧:៧, ១០–១៣, ១៧, ២៣ )

រូបភាព
លោក ម៉ូសេ ញែក​សមុទ្រ​ក្រហម

( សូមមើល និក្ខមនំ ១៤:២១–៣០ )

រូបភាព
ទេវតា​មួយអង្គ​រំដោះ ពេត្រុស ចេញ​ពីគុក

( សូម​មើល កិច្ចការ ១២:៤–១១ )

រូបភាព
អេលីយ៉ា ស្ដារ​កូនសោ​បព្វជិតភាព​ឡើងវិញ

( សូម​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២៥ ) ។

ឥឡូវនេះ សូម​រាយបញ្ជី​ភស្តុតាង​ដែល​បង្ហាញ​ថា ព្រះ​គង់​នៅ​ជា​មួយ​ពួកព្យាការី​សម័យទំនើប​របស់​ទ្រង់​ផងដែរ ។ ឧទាហរណ៍​នានា​អាច​នឹង​រួមមាន​នូវ​របៀប​ដែលការ​បង្រៀន ឬ​ការអញ្ជើញ​របស់​ពួកព្យាការី​សម័យទំនើប​បាន​ជួយ​ឲ្យ​យើង​ដោះស្រាយ​ការលំបាក​នៅ​សម័យ​យើង ។

បើចាំបាច់ សូម​ពិចារណា​ចែកចាយ​ឧទាហរណ៍​មួយ ឬ​ច្រើន​ដូចខាង​ក្រោម ៖

  • សេចក្ដី​ប្រកាស​ស្តីអំពី​ក្រុមគ្រួសារ​បានចេញ​ប្រកាស​ពីមុន​មនុស្ស​ជាច្រើន​មើលឃើញ​អំពី​សេចក្តី​ត្រូវការ​នេះ ។

  • ប្រធាន⁠​រ័សុល អិម ណិលសុន បាន​អនុវត្ត​កម្មវិធី​សិក្សា ចូរ​មកតាម​ខ្ញុំ ដែល​បាន​ណែនាំ​អំពី​ការផ្ដោត​សំខាន់​ទៅលើ​គេហដ្ឋាន គំរូ​ដែល​បាន​គាំទ្រ​ដោយ​សាសនាចក្រ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ កាល​ពី ខែ តុលា ឆ្នាំ ២០១៨ នៅមុនពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទូទាំង​ពិភពលោក ដែលបាន​បង្ខំ​មនុស្ស​ជាច្រើន​ឲ្យ​ថ្វាយបង្គំ​ពី​ផ្ទះ​នៅក្នុង​រយៈពេល​ដ៏​យូរ ។

  • តើ​ហេតុអ្វី​បានជា​ការចង​ចាំ​ភស្តុតាង​ទាំងនេះ​⁠អាច​នឹង​មាន​ប្រយោជន៍ ?

ដូច​ប្រជាជន​នីហ្វៃ​ដែរ យើង​មាន​សិទ្ធិអំណាច​ដើម្បី​ជ្រើសរើស​ថាតើ​យើង​ត្រូវ​ទទួល​យក​ការបង្រៀន​របស់​ព្យាការី ឬ​ត្រូវ​មាន​ប្រតិកម្ម​ដោយ​ការរិះគន់ និង​កំហឹង ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក សូម​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ពួកព្យាការី និង​របៀប​ដែល​អ្នក​គិត​អំពី​ពួក​លោក ។ នៅ​ពេល​ដែល​អ្នក​បន្ត​សិក្សា​អ្វី​ដែល​សាំយូអែល​ជា​សាសន៍​លេមិន​បាន​បង្រៀន​នៅ​សប្តាហ៍​នេះ សូម​ខិតខំ​រៀន​តាម និង​អនុវត្ត​តាម​ការបង្រៀន​ដ៏​បំផុសគំនិត​របស់​លោក​ប្រកប​ដោយ​ការអធិស្ឋាន ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអម្ចាស់ និង​ពួកព្យាការី​របស់​ទ្រង់ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។