ហេលេមិន ៣; ៦ ៖ « ម្ល៉ោះហើយ យើងឃើញថា » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ហេលេមិន ៣; ៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ហេលេមិន ៣; ៦
ហេលេមិន ៣; ៦ ៖ « ម្ល៉ោះហើយ យើងឃើញថា »
សូមស្រមៃថាកំពុងសរសេរសំបុត្រដើម្បីជួយមនុស្សដែលនឹងរស់នៅរាប់រយឆ្នាំនាពេលអនាគត ។ ព្យាការីមរមនពិតជាបានសរសេរសំបុត្រយ៉ាងដូច្នោះមែន ។ នៅពេលដែលលោកបានសង្ខេបប្រវត្តិរបស់ពួកសាសន៍នីហ្វៃ ហើយបានឆ្លាក់វានៅលើផ្ទាំងមាសហើយ លោកបានគូសបញ្ជាក់អំពីសេចក្ដីពិតសំខាន់ៗដោយប្រើសេចក្តីថ្លែងការណ៍ដូចជា « ម្ល៉ោះហើយ យើងឃើញថា » ។ សេចក្ដីពិតដែលលោកបានលើកឡើងអាចជួយឲ្យយើងដោះស្រាយបញ្ហាដែលយើងប្រឈមមុខនៅពេលបច្ចុប្បន្ននេះបាន ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់សេចក្ដីពិតមកពីព្រះគម្ពីរទាំងឡាយ និងវិភាគអំពីរបៀបដែលសេចក្ដីពិតទាំងនោះអាចមានឥទ្ធិពលនៅក្នុងជីវិតអ្នក ។
សូមជួយសិស្សឲ្យស្វែងយល់ពីពាក្យ និងឃ្លាសំខាន់ៗ ។ ពាក្យ ឬឃ្លាមួយចំនួននៅក្នុងព្រះគម្ពីរអាចផ្តល់តម្រុយបរិបទសម្រាប់អ្នកអានបាន ។ ជួយសិស្សឲ្យស្គាល់ពាក្យដែលចង្អុលបង្ហាញដល់គោលលទ្ធិ និងគោលការណ៍សំខាន់ៗដែលទាក់ទងទៅនឹងស្ថានភាពសព្វថ្ងៃនេះ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរកមើលសេចក្ដីពិតដ៏សំខាន់មួយ ឬពីរ នៅអំឡុងពេលនៃការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ឬជាគ្រួសាររបស់ពួកគេ ។ សូមឲ្យពួកគេរៀបចំខ្លួនពន្យល់អំពីរបៀបដែលពួកគេរកឃើញសេចក្តីពិតដ៏មានអត្ថន័យនៅក្នុងព្រះគម្ពីរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មគ្គុទ្ទេសក៍ដើម្បីរស់រានមានជីវិត
សូមចាប់ផ្តើមមេរៀនដោយធ្វើសកម្មភាពដែលជួយសិស្សគិតអំពីរបៀបដែលព្រះគម្ពីរមានអត្ថប្រយោជន៍នៅក្នុងជីវិតរបស់ពួកគេ ។ ធ្វើបែបនេះអាចនឹងជួយឲ្យពួកគេចង់ស្វែងរកគោលលទ្ធិ និងគោលការណ៍នៅក្នុងព្រះគម្ពីរយ៉ាងឧស្សាហ៍ព្យាយាមបន្ថែមទៀត ។ ខាងក្រោមនេះគឺជាវិធីមួយដើម្បីធ្វើកិច្ចការនេះ ។
-
ប្រសិនបើគេសុំអ្នកឲ្យសរសេរមគ្គុទ្ទេសក៍ដើម្បីរស់រានមានជីវិតរបស់សាលាសម្រាប់ក្មេងអាយុ ១២ និង ១៣ ឆ្នាំ តើអ្នកនឹងសរសេរបញ្ចូលអ្វីខ្លះ ?
សូមអាននូវអ្វីដែលប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍អំពីការដឹកនាំដ៏រស់រវើកសម្រាប់ជីវិតរបស់អ្នក ៖
ព្យាការី [ ព្រះគម្ពីរមរមន ] ដោយបានបំផុសគំនិតដោយព្រះអម្ចាស់ បានមើលឃើញជំនាន់របស់យើង ហើយបានជ្រើសរើសគោលលទ្ធិ និងសេចក្ដីពិតដែលនឹងជួយ យើង បំផុត ។ ព្រះគម្ពីរមរមន គឺជា ការដឹកនាំដ៏រស់រវើកនៅ ថ្ងៃចុងក្រោយ របស់យើង ។ ( រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៥ )
-
តើគោលលទ្ធិ និងសេចក្ដីពិតដែលអ្នករកឃើញនៅក្នុងព្រះគម្ពីរជួយឲ្យអ្នករស់រានមានជីវិតខាងវិញ្ញាណយ៉ាងដូចម្ដេច ? តើអ្នកអាចគិតអំពីឧទាហរណ៍ថ្មីៗទាំងនេះណាមួយបានទេ ?
នៅពេលដែលអ្នកសិក្សា ហេលេមិន ៣ និង ហេលេមិន ៦ អ្នកនឹងមានឱកាសអនុវត្តការស្វែងយល់គោលលទ្ធិ និងគោលការណ៍នានាចេញពីព្រះគម្ពីរ ។ ការណ៍នេះអាចជួយអ្នកឲ្យទទួលបានការសិក្សាព្រះគម្ពីរដែលមានន័យជាងមុន ហើយនាំអ្នក និងក្រុមគ្រួសាររបស់អ្នកឲ្យចូលទៅកាន់តែជិតនឹងព្រះគ្រីស្ទថែមទៀតផង ។
« ម្ល៉ោះហើយ យើងឃើញថា … »
នៅក្នុងចំណោមការទាស់ទែងគ្នាទាំងអស់ដែលបានកត់ត្រានៅក្នុង ហេលេមិន ១–៦ គឺមានសេចក្តីសុខសាន្តបណ្ដោះអាសន្នមួយគ្រា ។ នៅក្នុង ហេលេមិន ៣ មានមនុស្សរាប់ពាន់ម៉ឺននាក់បានទទួលបុណ្យជ្រមុជទឹកចូលក្នុងសាសនាចក្រ ហើយសាសនាចក្រក៏បានរីកចម្រើនឡើង ។ នៅក្នុង ហេលេមិន ៦ បន្ទាប់ពីការប្រែចិត្តជឿរបស់ពួកសាសន៍លេមិនជាច្រើន នោះពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនបានរស់នៅដោយមានសាមគ្គីភាពកាលដែលក្រុមទាំងពីរងាកទៅរកព្រះអម្ចាស់ ។ នៅក្នុងជំពូកទាំងពីរនេះ មរមនបានផ្អាកការពិពណ៌នារបស់លោកអំពីប្រវត្តិសាស្ត្ររបស់សាសន៍នីហ្វៃ ដើម្បីគូសបញ្ជាក់អំពីគោលលទ្ធិ និងគោលការណ៍សំខាន់ៗនៃសេចក្ដីពិត ។ លោកបានធ្វើយ៉ាងដូច្នេះដោយការប្រើសេចក្តីថ្លែងការណ៍ថា ៖ « ម្ល៉ោះហើយ យើងឃើញថា » ។
សកម្មភាពខាងក្រោមមានគោលបំណងបណ្តុះបណ្តាលសិស្សឲ្យរកមើលពាក្យ ឬឃ្លាទាំងឡាយដែលជួយពួកគេឲ្យស្គាល់គោលលទ្ធិ ឬគោលការណ៍នានា ហើយយល់អំពីរបៀបដែលសេចក្ដីពិតទាំងនោះអាចមានឥទ្ធិពលលើជីវិតរបស់ពួកគេ ។
សូមពិចារណាការចាត់សិស្សជាក្រុមតូចៗ ឬដាក់ជាពីរៗនាក់ ហើយបង្ហាញការណែនាំនេះដើម្បីឲ្យពួកគេធ្វើតាម ។
សូមអាន ហេលេមិន ៣:២៧–៣០; ៦:៣៤–៣៦ ដើម្បីស្វែងយល់សេចក្តីថ្លែងការណ៍នៃសេចក្តីពិត « ម្ល៉ោះហើយ យើងឃើញថា » ។ សូមពិចារណាគូសចំណាំសេចក្ដីពិតទាំងនោះនៅក្នុងព្រះគម្ពីររបស់អ្នក ហើយកត់ត្រាវាជាពាក្យពេចន៍ផ្ទាល់ខ្លួនរបស់អ្នកទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
បើទោះបីជាសិស្សអាចប្រើពាក្យផ្សេងៗក៏ដោយ ក៏ពួកគេអាចស្វែងយល់អំពីគោលការណ៍ស្រដៀងៗគ្នានឹងគោលការណ៍ខាងក្រោមនេះផងដែរ ៖
-
ព្រះអម្ចាស់ទ្រង់ប្រកបដោយសេចក្ដីមេត្តាករុណា ដល់អស់អ្នកណាដែលអំពាវនាវដល់ទ្រង់ដោយចិត្តស្មោះសរ ( សូមមើល ហេលេមិន ៣:២៧ ) ។
-
ក្លោងទ្វារនៃស្ថានសួគ៌បានបើកចំហដល់មនុស្សទាំងអស់ដែលជឿដល់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ហេលេមិន ៣:២៨ ) ។
-
នរណាក៏ដោយដែលចង់បាន អាចសិក្សាព្រះបន្ទូលរបស់ព្រះដែលនឹងដឹកនាំពួកគេទៅកាន់នគររបស់ព្រះ ( មើល ហេលេមិន ៣:២៩–៣០ ) ។
-
កាលណាយើងស្គាល់ព្រះកាន់តែច្បាស់ នោះយើងក៏កាន់តែគោរពព្រះបញ្ញត្តិរបស់ទ្រង់ដែរ ( សូមមើល ហេលេមិន ៦:៣៤ ) ។
-
បើយើងជាមនុស្សទុច្ចរិត និងមានដួងចិត្តរឹងរូស នោះព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងដកខ្លួនចេញពី យើង ( សូមមើល ហេលេមិន ៦:៣៥ ) ។
-
ប្រសិនបើយើងជ្រើសរើសជឿដោយស្ម័គ្រចិត្តទៅលើព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះទ្រង់នឹងប្រទានព្រះវិញ្ញាណរបស់ទ្រង់មកលើយើង ( សូមមើល ហេលេមិន ៦:៣៦ ) ។
បើសិស្សនឹងទទួលបានអត្ថប្រយោជន៍មកពីការសិក្សាគោលការណ៍មួយ ឬច្រើននៅក្នុងចំណោមគោលការណ៍ទាំងនេះយ៉ាងស៊ីជម្រៅ សូមមើលផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » និង « សកម្មភាពរៀនសូត្របន្ថែម » សម្រាប់គំនិតដែលមាននៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬបណ្ណាល័យដំណឹងល្អអនឡាញ ។
ជម្រើសមួយផ្សេងទៀតគឺផ្តល់ពេលវេលាឲ្យសិស្សបន្ថែមទៀត ដើម្បីអនុវត្តការស្វែងយល់អំពីសេចក្តីពិត ។ សូមពិចារណាសុំពួកគេឲ្យសរសេរសេចក្ដីថ្លែងការណ៍ « ម្ល៉ោះហើយ យើងឃើញថា » ផ្សេងទៀតអំពីខគម្ពីរចំណេះចំណានខាងគោលលទ្ធិ អ្វីមួយដែលពួកគេទើបនឹងសិក្សានៅឯផ្ទះ ឬខគម្ពីរដែលពួកគេចូលចិត្តផ្សេងទៀត ដែលជាជម្រើសរបស់ពួកគេ ។
បន្ទាប់មក សូមជ្រើសរើសសេចក្ដីពិតមួយដែលអ្នកបានរកឃើញ ហើយរាយបញ្ជីអំពីគ្រោះថ្នាក់ខាងវិញ្ញាណ បញ្ហាប្រឈមមុខ ឬការវាយប្រហារទៅលើសេចក្ដីជំនឿមួយចំនួនដែលសេចក្ដីពិតនេះអាចជួយអ្នកឲ្យរស់រានមានជីវិតបាន ។ ឧទាហរណ៍ ប្រសិនបើអ្នកបានប្រើសេចក្តីពិត ប្រសិនបើយើងជ្រើសរើសជឿដោយស្ម័គ្រចិត្តទៅលើព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះទ្រង់នឹងស្រោចព្រះវិញ្ញាណរបស់ទ្រង់មកលើយើង ( សូមមើល ហេលេមិន ៦:៣៦ ) អ្នកអាចរាយបញ្ជីគ្រោះថ្នាក់ដូចជា ត្រូវការភស្តុតាងវិទ្យាសាស្រ្ត មុនពេលជឿទៅលើព្រះគម្ពីរ ជឿលើអ្នកជំនាញខាងលោកិយច្រើនជាងការជឿលើព្យាការី ឬទុកចិត្តលើតក្កវិជ្ជាជាជាងលើការចាប់អារម្មណ៍ខាងវិញ្ញាណ ។
សូមរំឭកអំពីសេចក្ដីថ្លែងការណ៍របស់ប្រធាន ណិលសុន នៅខាងដើមមេរៀននេះអំពីព្រះគម្ពីរមរមន គឺជាការដឹកនាំដ៏រស់រវើកនៅថ្ងៃចុងក្រោយរបស់យើង ។
បើមាន សូមផ្តល់ខ្មៅដៃទៀន ខ្មៅដៃពណ៌ ឬហ្វឺតដើម្បីឲ្យសិស្សបង្កើត « មគ្គុទ្ទេសក៍ដើម្បីរស់រានមានជីវិត » ដែលមានមួយទំព័រ ។ ពួកគេអាចធ្វើដូចខាងក្រោមរៀងៗខ្លួន ឬជាក្រុមក៏បាន ។
នៅលើក្រដាសមួយសន្លឹកសរសេរថា ៖ « របៀបដើម្បីរស់រានមានជីវិត … » ហើយបញ្ចប់សេចក្តីថ្លែងការណ៍ដោយដាក់គ្រោះថ្នាក់ បញ្ហាប្រឈមមុខ ឬការវាយប្រហារមួយដែលអ្នកបានរាយបញ្ជី ។ ឧទាហរណ៍ បើអ្នកបានប្រើសេចក្តីពិតដែលបានរកឃើញពីមុន នោះអ្នកអាចសរសេរ « របៀបដើម្បីរស់រានមានជីវិត ពេលមានការវាយប្រហារចំណាប់អារម្មណ៍ខាងវិញ្ញាណ » ។ សូមប្រើសេចក្តីពិតដែលអ្នកបានជ្រើសរើសដើម្បីបង្កើតមគ្គុទ្ទេសក៍ដើម្បីរស់រានមានជីវិតដែលមានមួយទំព័រ ។ សូមពន្យល់តាមគំនូរ ឬពាក្យសម្តីអំពីរបៀបដែលសេចក្ដីពិតនេះអាចជួយក្មេងជំទង់ម្នាក់ឲ្យរស់រានមានជីវិតខាងវិញ្ញាណបាន ។ សូមដាក់បញ្ចូលគំនិតទាំងនេះយ៉ាងហោចណាស់ពីរទៅក្នុងមគ្គុទ្ទេសក៍ដើម្បីរស់រានមានជីវិតរបស់អ្នក ។
-
ហេតុអ្វីបានជាសេចក្ដីពិតនេះអាចជួយនរណាម្នាក់ខាងវិញ្ញាណឲ្យរួចផុតអំពីការលំបាកដែលអ្នកបានរាយបញ្ជី
-
បទគម្ពីរផ្សេងៗទៀតដែលទាក់ទងទៅនឹងសេចក្ដីពិតនេះ ឬជួយដល់ការលំបាកដែលអ្នកបានរាយបញ្ជី
-
របៀបដែលសេចក្ដីពិតនេះនាំឲ្យអ្នក ឬអ្នកដទៃទៅរកព្រះយេស៊ូវគ្រីស្ទ ឬជួយអ្នកឲ្យទទួលបានកម្លាំងរបស់ទ្រង់
-
តើអ្វីអាចនឹងកើតមានឡើងចំពោះមនុស្ស ប្រសិនបើមិនបានដឹង ឬធ្វើតាមសេចក្តីពិតនេះទេនោះ
-
របៀបដែលពិភពលោកនឹងផ្លាស់ប្តូរ ប្រសិនបើមនុស្សគ្រប់ៗគ្នាបានជ្រើសរើសយកការរស់នៅតាមសេចក្ដីពិតនេះ
សូមអញ្ជើញសិស្សឲ្យចែកចាយមគ្គុទ្ទេសក៍ដើម្បីរស់រានមានជីវិតរបស់ពួកគេជាមួយនឹងក្រុមដទៃទៀត ឬថ្នាក់រៀនទាំងមូល ។ នៅពេលពួកគេធ្វើយ៉ាងដូច្នេះ សូមពិចារណាអញ្ជើញពួកគេឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលពួកគេមានទាក់ទងទៅនឹងសេចក្ដីពិតដែលពួកគេបានលើកឡើង ។ ឧទាហរណ៍ បើសិស្សបានប្រើសេចក្តីពិតនេះ ប្រសិនបើយើងជ្រើសរើសជឿដោយស្ម័គ្រចិត្តនៅលើព្រះបន្ទូលរបស់ព្រះអម្ចាស់ នោះទ្រង់នឹងស្រោចព្រះវិញ្ញាណរបស់ទ្រង់មកលើយើង ( សូមមើល ហេលេមិន ៦:៣៦ ) អ្នកអាចសួរថាតើ ពួកគេទទួលអារម្មណ៍នៃព្រះវិញ្ញាណដោយរបៀបណាខណៈពេលសិក្សា និងអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ចេញពីព្រះគម្ពីរមរមន ។
សូមលើកទឹកចិត្តសិស្សឲ្យរកមើលគោលលទ្ធិ និងសេចក្ដីពិតសំខាន់ៗ នៅពេលដែលពួកគេសិក្សាព្រះគម្ពីរ ។ សូមថ្លែងទីបន្ទាល់អំពីព្រះចេស្តានៃព្រះបន្ទូលរបស់ព្រះ