ថ្នាក់​សិក្ខាសាលា
វាយ​តម្លៃ​ការរៀន​សូត្រ​របស់​អ្នក ទី ៥ ៖ ម៉ូសាយ ១៨–អាលម៉ា ១៦


« វាយ​តម្លៃ​ការរៀន​សូត្រ​របស់​អ្នក ទី ៥ ៖ ម៉ូសាយ ១៨–អាលម៉ា ១៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« វាយ​តម្លៃ​ការរៀន​សូត្រ​របស់​អ្នក ទី ៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

វាយ​តម្លៃ​ការរៀន​សូត្រ​របស់​អ្នក ទី ៥

ម៉ូសាយ ១៨អាលម៉ា ១៦

រូបភាព
យុវជន​ឡើង​ភ្នំ

គោលបំណង​នៃមេរៀន​នេះ​គឺ​ជួយ​អ្នក​ឲ្យ​វាយតម្លៃ​គោលដៅ​ទាំងឡាយ​ដែល​អ្នក​បាន​ដាក់ និង​ការរីកចម្រើន​ដែល​អ្នក​បាន​ដកពិសោធ អំឡុង​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ។

ការជួយ​សិស្ស​ឲ្យ​ទទួល​យក និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ សូម​បង្កើត​បទពិសោធន៍​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ទាញ​កម្លាំង​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​ពី​បំណង​ប្រាថ្នា​រួម​គ្នា​របស់​ពួកគេ ដើម្បី​ទទួល​បាន​នូវ​ការព្យាបាល ព្រះគុណ និង​សេចក្តី​សុខសាន្ត​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅពេល​សិស្ស​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ពួកគេ​មាន​ដូច​គ្នា នោះ​ពួកគេ​កាន់តែ​ទំនង​ជា​រួម​ចំណែក​ក្នុង​របៀប​មួយ​នៃ​ការយល់​ចិត្ត ។

ការរៀប​ចំ​សិស្ស ៖ សិស្ស​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ស្វែងរក​បទគម្ពីរ​នៅក្នុង ម៉ូសាយ ១៨អាលម៉ា ១៦ អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​ន័យ​សម្រាប់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

គោលបំណង​នៃមេរៀន​នេះ​គឺ​ជួយ​ឲ្យ​សិស្ស​វាយតម្លៃ​គោលដៅ​ដែល​ពួកគេ​បាន​ដាក់ សមត្ថភាព​របស់​ពួកគេ​ដើម្បី​ពន្យល់​អំពី​ការបង្រៀន​នៅក្នុង​ព្រះគម្ពីរ​មរមន ឬ​របៀប​ដែល​អាកប្បកិរិយា បំណង​ប្រាថ្នា និង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​រស់នៅ​តាម​ដំណឹង​ល្អ​កំពុង​ផ្លាស់ប្តូរ ។ ការសិក្សា​របស់​សិស្ស​ក្នុង​ថ្នាក់​អំពី ម៉ូសាយ ១៨ ដល់ អាលម៉ា ១៦ ប្រហែល​ជា​បាន​សង្កត់ធ្ងន់​លើ​សេចក្តីពិត​ក្រៅ​ពី​សកម្មភាព​ខាង​ក្រោម ។ បើ​ដូច្នេះ​មែន សកម្មភាព​ទាំង​នេះ​អាច​ត្រូវបាន​កែសម្រួល​ដើម្បី​រួមបញ្ចូល​សេចក្ដីពិត​ទាំង​នោះ ។

ក្រឡេក​មើល​ទៅ​ក្រោយ បន្ត​ឆ្ពោះ​ទៅ​មុខ

សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​នៃ​ការឡើង​ភ្នំ ឬ​ជិះកង់ ការមើល​ឃើញ​វឌ្ឍនភាព​របស់​អ្នក និង​បន្ត​ទៅ​កាន់​គោលដៅ​របស់​អ្នក ។ ប្រសិនបើ​អាច សូម​ចែកចាយ​រូបភាព​នៃ​ការដើរ​លេង​របស់​អ្នក ។ សិស្ស​ក៏​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​ចែកចាយ​បទពិសោធន៍​ស្រដៀង​គ្នា​របស់​ពួកគេ​ផងដែរ ។

រូបភាព
យុវជន​ឡើង​ភ្នំ

សូម​គិត​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​ទៅ​ឡើង​ភ្នំ ជិះ​កង់ ឬ​ការធ្វើ​ដំណើរ​ឆ្ងាយ ។ នៅពេល​អ្នក​សម្លឹង​ទៅ​មុខ ហើយ​ចាប់ផ្តើម​ធ្វើ​ដំណើរ វា​អាច​មាន​អារម្មណ៍​ថា អ្នក​កំពុង​មាន​ការរីក​ចម្រើន​តិចតួច​ណាស់ ។ តើ​មាន​អ្វី​កើត​ឡើង នៅពេល​អ្នក​ចំណាយ​ពេល​មួយ​ភ្លែត ដើម្បី​ក្រឡេក​មើល​ទៅ​កន្លែង​ដែល​អ្នក​ធ្លាប់​នៅ ? អ្នក​ទំនង​ជា​នឹង​សង្កេត​ឃើញ​ថា អ្នក​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ជាង​អ្វី​ដែល​អ្នក​បាន​ដឹង​ទៅ​ទៀត ។

  • តើ​ការដឹង​ថា អ្នក​បាន​ស្ថិត​នៅត្រង់​ណា និង​កន្លែង​ដែល​អ្នក​កំពុង​ធ្វើ​ដំណើរ​ទៅ​មាន​ប្រយោជន៍​អ្វី ?

ជីវិត​របស់​យើង​អាច​ប្រៀប​បាន​នឹង​ដំណើរ​មួយ​អញ្ចឹង ។ ការឆ្លុះ​បញ្ចាំង​ពី​កន្លែង​ដែល​អ្នក​នៅ និង​កន្លែង​ដែល​អ្នក​កំពុង​ធ្វើ​ដំណើរ អាច​ដូច​ជា​ការឆ្លុះ​បញ្ចាំង​ជា​ប្រចាំ​អំពី​គោលដៅ​ដែល​អ្នក​មាន​សម្រាប់​ការអភិវឌ្ឍន៍​ផ្ទាល់​ខ្លួន​របស់​អ្នក ។

  • តើ​អ្នក​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការចំណាយ​ពេល​ដើម្បី​វាយតម្លៃ​គោលដៅ និង​ការរីក​ចម្រើន​របស់​អ្នក ?

មេរៀន​នេះ​នឹង​ជួយ​អ្នក​វាយតម្លៃ​វឌ្ឍនភាព​ដែល​អ្នក​បាន​ធ្វើ​ក្នុង​ដំណើរ​របស់​អ្នក ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​សញ្ជឹង​គិត​អំពី​ការរីក​ចម្រើន​របស់​អ្នក ។

ការប្រែ​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ

សកម្មភាព​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកគេ​បាន​សិក្សា​កន្លង​មក​នៅក្នុង​ព្រះគម្ពីរ​មរមន ។ វា​ក៏​ត្រូវបាន​បង្កើត​ឡើង ដើម្បី​ជួយ​សិស្ស​គិត​អំពី​គោលដៅ​ដែល​ពួកគេ​ចង់​ធ្វើ ដើម្បី​ដឹកនាំ​ការសិក្សា និង​ការរៀន​សូត្រ​របស់​ពួកគេ នៅក្នុង​ផ្នែក​ដែល​នៅសល់​ក្នុង​ព្រះគម្ពីរ​មរមន​ផងដែរ ។ អ្នក​អាច​បង្ហាញ ឬ​គូរ​រូបភាព​សាមញ្ញ​ដូច​រូបភាព​ខាង​ក្រោម​នៅលើ​ក្ដារខៀន ហើយ​ចែកចាយ​ការណែនាំ​ដែល​មាន​មក​ជាមួយ ។ សូម​ពិចារណា​កែសម្រួល​សកម្មភាព​តាម​តម្រូវការ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ នៅពេល​ពួកគេ​សញ្ជឹង​គិត​លើ​ការសិក្សា​របស់​ខ្លួន ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រក​ខគម្ពីរ​ពី​ព្រះគម្ពីរ​មរមន ដែល​គាំទ្រ​ដល់​ការឆ្លើយ​តប​របស់​ពួកគេ ។

រូបភាព
រូប​មនុស្ស​នៅ​លើ​ផ្លូវ

សូម​គូរ​ផ្លូវ​ដែល​តំណាង​ឲ្យ​ផ្លូវ​នៃ​សេចក្តីសញ្ញា និង​ដំណើរ​របស់​អ្នក​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​បញ្ចូល​នគរ​សេឡេស្ទាល​នៅ​ចុង​បញ្ចប់​នៃ​ផ្លូវ​នោះ ។ សូម​គូរ​រូប​ខ្លួន​របស់​អ្នក​នៅ​កណ្តាល​ផ្លូវ ។

សូម​ពិនិត្យ​មើល​អ្វី​ដែល​អ្នក​បាន​សិក្សា​នៅក្នុង​ព្រះគម្ពីរ​មរមន និង​កំណត់​ចំណាំ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ដើម្បី​ជួយ​អ្នក​រំឭក​ពី​អ្វី​ដែល​អ្នក​បាន​រៀន ។ នៅ​ពី​ខាង​ក្រោយ​គំនូរ​រូប​ខ្លួន​អ្នក សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​ក្នុង​អំឡុង​ពេល​សិក្សា​ព្រះគម្ពីរ​មរមន​ពាក់​កណ្តាល​ដំបូង ដែល​បាន​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។ អ្នក​អាច​រួម​បញ្ចូល​ចំណេះ​ដឹង​ដែល​អ្នក​បាន​ទទួល ឥរិយាបថ ឬ​បំណង​ប្រាថ្នា​ដែល​អ្នក​កំពុង​អភិវឌ្ឍ ឬ​សកម្មភាព​ដែល​អ្នក​បាន​ធ្វើ ។

នៅពេល​សិស្ស​បាន​បញ្ចប់ សូម​អនុញ្ញាត​ឲ្យ​ពួកគេ​ចែកចាយ ។ អ្នក​ប្រហែល​ជា​ចង់​ឲ្យ​សិស្ស​ដែល​ស្ម័គ្រចិត្ត​រាយ​បញ្ជី​ចម្លើយ​តប​ខ្លះ​របស់​ពួកគេ​នៅលើ​ក្ដារខៀន ដែល​នៅ​ពី​ក្រោយ​មនុស្ស​ដែល​នៅលើ​ផ្លូវ​នោះ ។ បន្ទាប់​មក អ្នក​អាច​ចាប់ផ្តើម​ការពិភាក្សា​ទូទៅ​ដោយ​ឲ្យ​ពួកគេ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​មាន​អារម្មណ៍​ថា មាន​អត្ថន័យ​បំផុត ។ ឬ​អ្នក​អាច​សួរ​សិស្ស​អំពី​ចំណេះ​ដឹង​ដែល​ពួកគេ​បាន​ទទួល ដែល​ពួកគេ​អាច​ពន្យល់​បាន​កាន់តែ​ប្រសើរ​ឡើង​ឥឡូវ​នេះ ឥរិយាបថ ឬ​បំណង​ប្រាថ្នា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា បាន​កែតម្រូវ ឬ​ផ្លាស់ប្តូរ ដោយសារ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​អាកប្បកិរិយា​ដែល​ពួកគេ​កំពុង​អនុវត្ត​ក្នុង​ជីវិត​របស់​ពួកគេ​ពី​ព្រះគម្ពីរ​មរមន ។ អ្នក​ក៏​អាច​ចង្អុល​ទៅ​ចម្លើយ​មួយ​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​វគ្គ​បទគម្ពីរ​ជាក់លាក់ ឬ​ដំណើរ​រឿង​ដែល​បំផុស​គំនិត​ដល់​ចម្លើយ​តប​របស់​ពួកគេ ។ អ្នក​ក៏​អាច​សុំ​ឲ្យ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ក្នុង​ការជ្រើសរើស​ចម្លើយ​តប​នៅលើ​ក្ដារខៀន ដែល​មិនមែន​ជា​របស់​ពួកគេ​ផ្ទាល់ ហើយ​ចែកចាយ​ពី​មូលហេតុ​ដែល​វា​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​កុំ​ឲ្យ​ចែកចាយ​អ្វី​ផ្ទាល់​ខ្លួន ឬ​ឯកជន​ពេក ។

បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​ហើយ សូម​ឲ្យ​ពួកគេ​គិត​អំពី​ចំណេះ​ដឹង​បន្ថែម​អំពី​អ្វី​ដែល​ពួកគេ​សង្ឃឹម​ថា​នឹង​ទទួល​បាន នៅពេល​ពួកគេ​បន្ត​សិក្សា​ព្រះគម្ពីរ​មរមន ។ អ្នក​អាច​ចែកចាយ​ការណែនាំ​ខាង​ក្រោម ហើយ​ឲ្យ​សិស្ស​បន្ថែម​ទៅ​ទំព័រ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​មើល​រូបភាព​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ នៅលើ​ផ្លូវ​នៅ​ពី​មុខ​រូប​ដែល​តំណាង​ឲ្យ​អ្នក សូម​សរសេរស​កម្មភាព​ដែល​អ្នក​ចង់​ធ្វើ ឬ​បន្ត​ធ្វើ នៅពេល​អ្នក​ខិតខំ​ដើម្បី​ក្លាយ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​អ្នក​សង្ឃឹម​ថា​រៀន​អ្វី​ទៀត នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន​ពាក់​កណ្តាល​បន្ទាប់​ទៀត ?

  • តើ​អ្នក​សង្ឃឹម​ថា អ្នក​នឹង​ដឹង ទទួល​អារម្មណ៍ ឬ​ធ្វើ​អ្វី​នៅ​ចុង​ឆ្នាំ​នេះ ជា​លទ្ធផល​នៃ​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក​នៅ​ពាក់​កណ្តាល​ទី​ពីរ​នេះ ?

ការដកពិសោធន៍​ការផ្លាស់ប្តូរ​នៃ​ដួងចិត្ត

សកម្មភាព​នេះ​អាច​ជួយ​សិស្ស​ឲ្យ​សញ្ជឹង​គិត​ពី​វិធី​ដែល​ពួកគេ​កំពុង​ដកពិសោធ​ការផ្លាស់ប្តូរ​ដួងចិត្ត ។

ថ្មីៗ​នេះ អ្នក​បាន​អាន​អំពី​បុគ្គល​ជាច្រើន​ដែល​បាន​ជួប​ប្រទះ​ការផ្លាស់ប្តូរ​ដួងចិត្ត ។ សម្រាប់​មនុស្ស​មួយ​ចំនួន ដូចជា អាលម៉ា​ជា​កូន និង​ពួកបុត្រា​របស់​ម៉ូសាយ ការផ្លាស់ប្តូរ​គឺ​កើត​ឡើង​ភ្លាមៗ និង​យ៉ាង​កំហុក ។ សម្រាប់​អ្នក​ផ្សេង​ទៀត ដូច​ជា​អាមូលេក និង​ប្រជាជន​លិមហៃ ការផ្លាស់ប្តូរ​ដួងចិត្ត​របស់​ពួកគេ​បាន​កើត​ឡើង​ក្នុង​ពេល​ដ៏​យូរ ។

អាលម៉ា​បាន​សួរ​ប្រជាជន​សារ៉ាហិមឡា​ថា « តើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ការផ្លាស់ប្តូរ​ដ៏​ធំ​នេះ​នៅក្នុង​ដួងចិត្ត​របស់​អ្នក​ហើយ​ឬ​នៅ ? » ( អាលម៉ា ៥:១៤ ) ។ ហើយ​ប្រសិន​បើ​ដូច្នេះ​មែន « តើ​អ្នក​រាល់​គ្នា​អាច​ចាប់​អារម្មណ៍​យ៉ាង​នេះ​ឥឡូវ​នេះ​ទេ ? » ( អាលម៉ា ៥:២៦ ) ។ សូម​សញ្ជឹង​គិត​អំពី​វឌ្ឍនភាព​នៃ​ការផ្លាស់ប្តូរ​ដួងចិត្ត​របស់​អ្នក ។ តើ​ពេលខ្លះ​វា​ពិបាក​ក្នុង​ការទទួល​ស្គាល់​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​នឹង​ជួយ​អ្នក​ក្នុង​ការផ្លាស់ប្តូរ​ទេ ? តើ​អ្នក​បាន​ឃើញ​ខ្លួន​ឯង​តាម​របៀប​ណា​ខ្លះ​ក្នុង​ដំណើរ​រឿង​មួយ​ចំនួន​ដែល​អ្នក​បាន​សិក្សា ?

សូម​អាន អាលម៉ា ៥:១៤–១៩, ២៦–២៩ ហើយ​សញ្ជឹង​គិត​សំណួរ​របស់​អាលម៉ា​ប្រកប​ដោយ​ការអធិស្ឋាន ។

អ្នក​ប្រហែល​ជា​បាន​កត់ត្រា​ការឆ្លើយតប​របស់​អ្នក ចំពោះ​សំណួរ​របស់​អាលម៉ា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក នៅពេល​អ្នក​បាន​សិក្សា​ខគម្ពីរ​ទាំង​នោះ​ជា​លើក​ដំបូង ។ សូម​ប្រៀបធៀប​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅពេល​នោះ ទៅ​នឹង​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​ឥឡូវ​នេះ ។ តើ​អ្នក​កត់​សម្គាល់​ឃើញ​អ្វី​ខ្លះ ? តើ​អ្នក​គិត​ថា ព្រះវរបិតា​សួគ៌​របស់​អ្នក​ចង់​ឲ្យ​អ្នក​ទទួល​ស្គាល់ ទទួល​អារម្មណ៍ ឬ​ធ្វើ​អ្វី​បន្ទាប់​ពី​ការប្រៀបធៀប​ចម្លើយ​របស់​អ្នក ?

សូម​ពិចារណា​កត់ត្រា​ការឆ្លើយ​តប​ថ្មី​របស់​អ្នក ឬ​អារម្មណ៍​របស់​អ្នក​អំពី​វឌ្ឍនភាព​របស់​ខ្លួន ។

សូម​ជួយ​សិស្ស​យល់​ថា ជួនកាល​វា​អាច​នឹង​ពិបាក​ក្នុង​ការយល់​ឃើញ​ពី​ការរីក​ចម្រើន​ផ្ទាល់​ខ្លួន ។ សូម​ស្វែងរក​ឱកាស​ដើម្បី​ជួយ​សិស្ស​ម្នាក់ៗ​មើល​ឃើញ​ពី​ការរីក​ចម្រើន និង​វឌ្ឍនភាព​របស់​ពួកគេ ។ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ពី​វិធី​ដែល​សិស្ស​មួយ​ចំនួន​បាន​ដកពិសោធ​ពី​ការផ្លាស់ប្តូរ​ដួងចិត្ត សូម​ចែកចាយ​រឿង​នោះ​ជាមួយ​ពួកគេ ។

ការពន្យល់​អំពី​គោលលទ្ធិ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

សកម្មភាព​ខាង​ក្រោម​អាច​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការពន្យល់​អំពី​គោលលទ្ធិ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​រឿង​នេះ គឺ​ត្រូវ​ឲ្យ​ពួកគេ​ធ្វើ​ការជា​គូ ។ សិស្ស​ម្នាក់ៗ​អាច​សរសេរ​ស្ថានភាព ឬ​សំណួរ​ដែល​ការយល់​ដឹង​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​បាន ។ បន្ទាប់ពី​សរសេរ​ស្ថានភាព ឬ​សំណួរ​ហើយ សិស្ស​អាច​ផ្លាស់ប្តូរ​ក្រដាស រួច​សរសេរ​ចម្លើយ ។ នៅពេល​ពួកគេ​សរសេរ​ចប់ សិស្ស​អាច​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​គ្នា ។

សូម​សរសេរ​ស្ថាន​ភាព​ប្រឌិដ្ឋ ឬ​ស្ថានភាព​ដែល​ការដឹង​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​នរណា​ម្នាក់ ។ ឧទាហរណ៍ ៖ យុវនារី​ម្នាក់​ឆ្ងល់​ថា តើ​នាង​អាច​ត្រូវបាន​លើកលែង​ទោស​បាន​ដែរ​ឬ​ទេ ឬ​ក៏​យុវជន​ម្នាក់​មាន​អារម្មណ៍​ឯកោ​ក្នុង​ការសាកល្បង​របស់​គាត់ ។ ឬ​ជំនួស​ឲ្យ​ស្ថានភាព​មួយ អ្នក​អាច​សរសេរ​សំណួរ​ដែល​អ្នក ឬ​នរណា​ម្នាក់​ផ្សេង​ទៀត​អាច​មាន​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​មរមន ។ សូម​ក្រឡេក​មើល​ខគម្ពីរ​ដែល​អ្នក​បាន​គូស​ចំណាំ ឬ​កំណត់​ចំណាំ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។ អ្នក​ប្រហែល​ជា​បាន​គូស​ចំណាំ​ខគម្ពីរ​មួយ​ចំនួន ឬ​ធ្វើ​កំណត់​ចំណាំ​ពី​ការសិក្សា​របស់​អ្នក​អំពី ម៉ូសាយ ២៦អាលម៉ា ៧ ( សូមមើល​ផងដែរ នីហ្វៃ​ទី២ ៩; ម៉ូសាយ ១៤–១៦ ) ។

សូម​សរសេរ​អ្វី​ដែល​អ្នក​ចង់​និយាយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព ឬ​សំណួរ​នោះ ។ សូម​ពន្យល់​ពី​របៀប​ដែល​ការយល់​ដឹង​អំពី​គោលលទ្ធិ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ក្នុង​ស្ថានភាព ឬ​ឆ្លើយ​សំណួរ​នោះ ។ សូម​ព្យាយាម​ប្រើ​វគ្គបទគម្ពីរ​មួយ ឬ​ច្រើន​ពី​ព្រះគម្ពីរ​មរមន ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែង​ទីបន្ទាល់​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។