ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០—« អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ »


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០—‹ អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ › » ព្រះគម្ពីមរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០ » ព្រះគម្ពីមរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០

« អ្នក​រាល់​គ្នា​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ »

រូបភាព
អាលម៉ា​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​នៅក្នុង​ទឹក​មរមន

នៅក្នុង​មេរៀន​មុន អ្នក​បាន​រៀន​អំពី​របៀប​ដែល​សេចក្តីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​យើង​ជាមួយ​ព្រះអង្គ​សង្គ្រោះ​អាច​ជះ​ឥទ្ធិពល​ដល់​របៀប​រស់នៅ​របស់​យើង ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ១៨:៨–១០ ពន្យល់​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំង​នោះ និង​អនុវត្ត​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង​ដោយ​ប្រើ​វគ្គ​បទគម្ពីរ​នេះ ។

ការបង្រៀន​សិស្ស​ពី​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។សិស្ស​នឹង​សម្រេច​​គោលបំណង​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​បាន​កាន់តែ​ប្រសើរ ប្រសិនបើ​ពួកគេ​ដឹង និង​យល់​ពី​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។ សូម​ប្រាកដ​ថា​ត្រូវ​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​ទាំង​នេះ ហើយ​រំឭក​វា​ឡើង​វិញ​ឲ្យ​បាន​ទៀងទាត់ ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ព្យាយាម​ទន្ទេញ​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ១៨:៨–១០ ។

សកម្មភាព​សិក្សា​ដែល​អាច​ធ្វើ​បាន

មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​បង្រៀន​បន្ទាប់​ពី​មេរៀន « ម៉ូសាយ១៨ » ដែល​ជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ម៉ូសាយ ១៨:៨–១០ ។ ប្រសិនបើ​មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅ​អំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ទន្ទេញ និង​ពន្យល់

សូម​ប្រើ​វិធី​សាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព​ណា​មួយ ដើម្បី​ជួយ​សិស្ស​ទន្ទេញសេចក្តីយោងបទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ១៨:៨–១០ និង​ពន្យល់​ពី​សេចក្តីពិត​ដែល​មាន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ។ សកម្មភាព​ខាង​ក្រោម​គឺ​ជា​សេចក្តីណែនាំ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ ។

មុនពេល​រៀន សូម​សរសេរ​ពាក្យ​នៃ​ឃ្លា​បទគម្ពីរ​គន្លឹះ​ពី ម៉ូសាយ ១៨:៨–១០ នៅលើ​ក្ដារខៀន​ដោយ​ដាក់​ឃ្លា​ទាំងនោះ​ខុស​លំដាប់​លំដោយ ។ សូម​ឲ្យ​សិស្ស​រៀប​ឃ្លា​នេះ​តាម​លំដាប់​លំដោយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ហើយ​បន្ទាប់​មក​សុំ​សិស្ស​ស្ម័គ្រចិត្ត​សរសេរ​វា​ឲ្យ​បាន​ត្រឹមត្រូវ​នៅលើ​ក្ដារខៀន រួម​ជាមួយ​នឹង​សេចក្ដីយោង​បទគម្ពីរ​ផង​ដែរ ។ ប្រសិនបើ​ចាំបាច់ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​មក​ជួយ ។

ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ១៨:៨–១០ គឺ « ត្រូវ ‹ ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី … ថា​អ្នក​រាល់គ្នា​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ › » ។

ជម្រើស​ផ្សេង​មួយ​ទៀត​គឺ​សរសេរ​ផ្នែក​នៃ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅលើ​ក្រដាស​ផ្សេង​គ្នា ហើយ​ដាក់​ក្រដាស​នោះ​នៅលើ​ក្ដារខៀន​ដោយ​ដាក់​ឃ្លា​ទាំងនោះ​ខុស​លំដាប់​លំដោយ ។ បន្ទាប់មក សិស្ស​អាច​ឡើង​មក​មុខ​ក្ដារខៀន ហើយ​រៀបចំ​ក្រដាស​ឡើង​វិញ​តាមលំដាប់​លំ​ដោយ​ត្រឹមត្រូវ ។

សូម​រៀប​សេចក្តីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ខាង​ក្រោម​តាម​លំដាប់លំដោយ​ឡើងវិញ​សម្រាប់ ម៉ូសាយ ១៨:៨–១០ ដោយ​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក​តាម​លំដាប់​លំ​ដោយ​ត្រឹមត្រូវ ។ ប្រសិនបើ​ចាំបាច់ សូម​ពិនិត្យ​មើល​ភាពត្រឹមត្រូវ​របស់​អ្នក​ដោយ​មើល បញ្ជី​នៃ​សេចក្តីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ នៅចុង​បញ្ចប់​នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

បន្ទាប់​ពី​អ្នក​បាន​សរសេរ​ឃ្លា​ត្រឹមត្រូវ​ហើយ សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ព្យាយាម​ទន្ទេញ​នូវ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដោយ​សូត្រ​វា​ឡើង​វិញ​ពីរ​បី​ដង ។

នៅក្នុង​មេរៀន​មុន អ្នក​បាន​រៀន​ថា ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ​ថា យើង​នឹង​បម្រើ​ទ្រង់ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ទ្រង់ ។ សូម​ស្រមៃ​ថា អ្នក​ត្រូវបាន​សុំ​ឲ្យ​និយាយ​នៅ​ឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​កុមារ​អាយុ​ប្រាំ​បី​ឆ្នាំ​អំពី​សេចក្ដីសញ្ញា​ដែល​ពួកគេ​កំពុង​ចុះ ។ សូម​កត់ត្រា​ពី​របៀប​ដែល ម៉ូសាយ ១៨:៨–១០ អាច​ជួយ​អ្នក​ពន្យល់​អំពី​សេចក្ដីសញ្ញា និង​របៀប​ដែល​ការរក្សា​សេចក្ដីសញ្ញា​នោះ​នឹង​ជួយ​កុមារ​ឲ្យ​ប្រែ​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ ។

នៅពេល​សិស្ស​សរសេរ​ចប់ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ជាមួយ​មិត្ត​រួម​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​មួយ​ចំនួន​ឲ្យ​ចែកចាយ​ជាមួយ​ថ្នាក់​រៀន​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​ទីបន្ទាល់​របស់​ពួកគេ​អំពី​សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

រៀន​អនុវត្ត

សូម​ពិចារណា​សរសេរ​គោលការណ៍​បី​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នៅលើ​ក្ដារខៀន ។ គោលការណ៍​ទាំង​នោះ​ត្រូវបាន​រកឃើញ​នៅក្នុង កថាខណ្ឌទី ៥–១២ នៃ​ផ្នែក « ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ ឯកសារគោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ ដើម្បី​ជួយ​សិស្ស​រំឭក​ពី​គោលការណ៍​ទាំង​នេះ សូម​ឲ្យ​ពួកគេ​ឡើង​មក​មុខ​ក្ដារខៀន ហើយ​សរសេរ​នៅក្រោម​ចំណង​ជើង​ទាំង​នោះឲ្យ​បាន​ច្រើន តាម​ដែល​ពួកគេ​អាច​ចងចាំ​អំពី​គោលការណ៍​នីមួយៗ ។

បន្ទាប់មក សូម​បង្ហាញ​ស្ថានភាព​ប្រតិដ្ឋ​ខាង​ក្រោម ឬ​ផ្តល់​ឲ្យ​សិស្ស​នូវ​ច្បាប់​ចម្លង​មួយ​ដើម្បី​មើល​ពេញ​មួយ​មេរៀន​ដែល​នៅ​សល់ ។ អ្នក​អាច​កែសម្រួល​ស្ថានភាព​ប្រតិដ្ឋ​នោះ​ឲ្យ​ទាក់ទង​នឹង​តម្រូវការ​របស់​សិស្ស​បាន​កាន់តែ​ល្អ ឬ​សុំឲ្យ​សិស្ស​បង្កើត​ស្ថានភាព​ប្រតិដ្ឋ​ផ្ទាល់​ខ្លួន​អំពី​ការរក្សា​សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

អែនណា បាន​កត់​សម្គាល់​ឃើញ​ថា ផល្លា ដែល​ជា​ក្មេង​ស្រី​នៅក្នុង​ថ្នាក់​របស់​នាង​នៅ​ឯ​ព្រះវិហារ កំពុង​មាន​ការលំបាក​ក្នុងការ​មាន​ភាព​រីករាយ ឬ​បង្កើត​មិត្តភាព ។ អែនណា​បាន​ឮ​ថា ពេលខ្លះ ផល្លា​ជ្រើសរើស​មិន​ចូលរួម​ក្នុង​សកម្មភាព​យុវវ័យ ឬ​ការប្រជុំ​នានា​ក្នុង​ព្រះវិហារ ដោយសារ​នាង​មាន​អារម្មណ៍​ថា នាង​ដូចជា​មិនចុះចំណោម​ជាមួយ​ក្មេងស្រី​ដទៃ​ទៀត ។ អែនណា ចង់​ជួយ ផល្លា ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍​កាន់តែ​ខ្លាំង ប៉ុន្តែ​នាង​មិន​ដែល​និយាយ​ជាមួយ ផល្លា ហើយ​បារម្ភ​ថា វា​អាច​ជា​រឿង​ឆ្គង ឬ​មិនស្រួល​ក្នុង​ការទាក់ទង​ទៅ​នាង ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ធ្វើ​ការជា​ក្រុម​តូចៗ ដើម្បី​ឆ្លើយ​សំណួរ​ខាង​ក្រោម ហើយ​រៀបចំ​អនុសាសន៍​ដែល​ពួកគេ​អាច​ចែកចាយ​ជាមួយ​អែនណា ។ អ្នក​អាច​ផ្តល់​គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងឡាយ​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ឲ្យ​ទៅ​ក្រុម​នីមួយៗ ដើម្បី​ផ្តោត​ទៅ​លើ ។ បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។

  • តើ​អ្នក​នឹង​ប្រើ​គោលការណ៍​ទាំងបី​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ និង​ការបង្រៀន​ក្នុង ម៉ូសាយ ១៨:៨–១០ ដើម្បី​ជួយ អែនណា ក្នុង​ស្ថានភាព​របស់​នាង​ដោយ​របៀប​ណា ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ពិភាក្សា​សំណួរ​មុន​ដោយ​ប្រើ ម៉ូសាយ ១៨:៨–១០ និង​អ្វី​ដែល​ពួកគេ​ចងចាំ​ពី​ការសិក្សា​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​ក្នុង​ឆមាស​នេះ ។ ប្រសិនបើ​ពួកគេ​នៅតែ​ត្រូវការ​ជំនួយ អ្នក​អាច​បង្ហាញ ឬ​ផ្តល់ឲ្យ​សិស្ស​នូវ​ច្បាប់​ចម្លង​នៃ​សំណួរ​ដូច​ត​ទៅ ក្រោម​គោលការណ៍​នីមួយៗ ។ ប្រសិនបើ​អ្នក​បាន​កែសម្រួល​ស្ថានភាព​ប្រតិដ្ឋ​នោះ​ដើម្បី​បំពេញ​តម្រូវការ​របស់​សិស្ស​កាន់តែ​ប្រសើរ សូម​កែតម្រូវ​សំណួរ​ផងដែរ ។

ស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ​វគ្គ​បទគម្ពីរ ឬ​សេចក្ដីថ្លែងការណ៍​អ្វី​ខ្លះ​ដោយ​អ្នក​ដឹកនាំ​សាសនាចក្រ​ដែល​អ្នក​ដឹង​អំពី​វា ដែល​អាច​ជួយ​អែនណាបាន ? តើ​ការបង្រៀន​នៅក្នុង ម៉ូសាយ ១៨:៨–១០ អាច​មាន​ប្រយោជន៍​យ៉ាង​ដូចម្ដេច​ខ្លះ ?

  • តើ​ការនិយាយ​ទៅកាន់​គណៈប្រធាន​នៃ​ថ្នាក់​យុវនារី​អាច​ផ្តល់​ឲ្យ​អែនណា នូវ​ការយល់​ដឹង​បន្ថែម​អំពី​ស្ថានភាព​របស់​ផល្លា​យ៉ាង​ដូចម្ដេច ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​ជានិច្ច

  • តើ​អែនណា​ត្រូវ​យល់​យ៉ាង​ណា​អំពី​របៀប​ដែល​ព្រះអម្ចាស់​ទត​ឃើញ​សេចក្តីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដែល​អាច​ជួយ​នាង​យក​ឈ្នះ​លើ​អារម្មណ៍​ស្ទាក់ស្ទើរ​របស់​នាង​បាន ?

  • តើ​ការចងចាំ​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ ផល្លា ជួយ អែនណា​ដោយ​របៀប​ណា ?

  • តើ​ការលើកទឹក​ចិត្ត​ផល្លា អាច​ជួយ​អែនណា​ឲ្យ​ប្រែ​កាន់តែ​ដូច​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

  • តើ​អែនណា​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​រក្សា​ការសន្យា​ជាក់លាក់​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដែល​អាលម៉ា​បាន​បង្រៀន​នៅក្នុង ម៉ូសាយ ១៨:៨–១០ បាន ?

    សូម​ពិចារណា​អញ្ជើញ​សិស្ស​ពិនិត្យ​មើល​កំណត់​ចំណាំ​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង ម៉ូសាយ ១៨ ដោយ​ស្វែងរក​ការយល់ដឹង​បន្ថែម​អំពី​របៀប​ដែល​អែនណា អាច​ទួញ​យំ​ជាមួយ កម្សាន្ត​ទុក ឬ​ទទួល​បន្ទុក​របស់​ផល្លា ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ និង​អ្វី​ដែល​ពួកគេ​នឹង​ផ្ដល់​យោបល់​ដល់​អែនណា ។

  • តើ​អ្នក​នឹង​ចែកចាយ​គំរូ​អ្វី​ខ្លះ​​របស់​ព្រះយេស៊ូវគ្រីស្ទ​ពី​ការជួយ​អ្នក​ដទៃ​ជាមួយ​អែនណា ដើម្បី​ជួយ​នាង​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ?

ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

សកម្មភាព​រំឭក​ខាង​ក្រោម​នេះ គប្បី​ប្រើប្រាស់​នៅក្នុង​មេរៀន​មួយ​ដែល​ត្រូវបង្រៀន​នៅក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។

សូម​រំឭក​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ១៨:៨–១០ ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​សូត្រវា​ឡើង​វិញ​ពីរ​បី​ដង​ក្នុង​ថ្នាក់​ទាំងមូល ។ បន្ទាប់មក សូម​ពិចារណា​រំឭក​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ផ្សេង​ទៀត ដែល​ពួកគេ​បាន​សិក្សា​រហូត​មក​ដល់​ពេល​នេះ ដោយ​សូត្រ​វា​ឡើង​វិញ​ផងដែរ ។

ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ ម៉ូសាយ ១៨:៨–១០ គឺ « ត្រូវ ‹ ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះនាម​នៃ​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី … ថា​អ្នក​រាល់គ្នា​បាន​ចូល​ក្នុង​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់ › » ។

អ្នក​ក៏​អាច​នឹង​ពិចារណា​ប្រើ​សកម្មភាព​រៀប​តាម​លំដាប់​លំដោយ​ឡើង​វិញ​ដែល​បាន​ណែនាំ​នៅដើម​មេរៀន​នេះ​ម្តង​ទៀត​ផងដែរ ។