ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ២១–២៤ ផ្នែក​ទី ១ ៖ ការស្វែងរក​ព្រះ​រាជបំណង​របស់​ព្រះអម្ចាស់​សម្រាប់​ការសាកល្បង និង​សេចក្តីវេទនា​របស់​យើង


« ម៉ូសាយ ២១–២៤ ផ្នែក​ទី ១ ៖ ការស្វែងរក​ព្រះ​រាជបំណង​របស់​ព្រះអម្ចាស់​សម្រាប់​ការសាកល្បង និង​សេចក្តីវេទនា​របស់​យើង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២១–២៤ ផ្នែក​ទី ១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ២១–២៤ ផ្នែក​ទី ១

ការស្វែងរក​ព្រះ​រាជបំណង​របស់​ព្រះអម្ចាស់​សម្រាប់​ការសាកល្បង និង​សេចក្តីវេទនា​របស់​យើង

រូបភាព
យុវជន​ដែល​មើល​ទៅ​សោកសៅ​កំពុង​សញ្ជឹងគិត

តើ​អ្នក​នឹង​ពន្យល់​ដល់​បុគ្គល​ម្នាក់​ អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ជួប​ប្រទះ​នឹង​ការសាកល្បង និង​សេចក្តីវេទនា​ដោយ​របៀប​ណា ? ម៉ូសាយ ២១–២៤ ពិពណ៌នា​អំពី​បទពិសោធន៍​របស់​ប្រជាជន​លិមហៃ និង​ប្រជាជន​អាលម៉ា ដែល​ប្រជាជន​ទាំង​ពីរ​ក្រុម​នេះ​បាន​ជួប​នឹង​ឧបសគ្គ​លំបាក ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ខ្លាំង នៅពេល​អ្នក​ជួប​នឹង​ការសាកល្បង និង​សេចក្តីវេទនា​នៅក្នុង​ជីវិត​របស់​អ្នក ។

សូម​សួរ​សំណួរ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការពិភាក្សា ។ការពិភាក្សា​ក្នុង​ថ្នាក់​ដែល​មាន​អត្ថន័យ​កើត​ឡើង នៅពេល​គ្រូបង្រៀន​មាន​ទំនាក់ទំនង​ជាមួយ​សិស្ស ហើយ​សិស្ស​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ។ សូម​សួរ​សំណួរ​ដែល​ពាក់ព័ន្ធ និង​ផ្តល់​ឱកាស​សម្រាប់​សិស្ស​ច្រើន​នាក់​ក្នុង​ការឆ្លើយតប ។ អ្នក​ក៏​អាច​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការពិភាក្សា​ផងដែរ​ដោយ​សូម​សិស្ស​ឲ្យ​ឆ្លើយតប​នឹង​មតិ​ដែល​មិត្តរួមថ្នាក់​របស់​ពួកគេ​បាន​ធ្វើឡើង ។

ការរៀបចំ​សិស្ស ៖ សិស្ស​អាច​ត្រូវ​បាន​អញ្ជើញ​ឲ្យ​គិត​អំពី​ការសាកល្បង ឬ​បញ្ហា​ប្រឈម​កន្លង​មក ដែល​បាន​ជួយ​ពួកគេ​ទទួល​បាន​បទពិសោធន៍​នៃ​ការរីកចម្រើន ឬ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​មក​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​ពី​របៀប​ដែល​ការសាកល្បង​នេះ​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

នេះ​ជា​មេរៀន​ទី​មួយ​ក្នុង​ចំណោម​មេរៀន​ពីរ​ដែល​និយាយ​អំពី ម៉ូសាយ ២១–២៤ ។ ផ្នែកទី ១ នឹង​ផ្ដោត​លើ​មូលហេតុ​ដែល​ព្រះអម្ចាស់​អាច​អនុញ្ញាត​ឲ្យ​យើង​ជួប​នឹង​ការសាកល្បង និង ផ្នែកទី ២ នឹង​ផ្ដោត​លើ​របៀប​ដែល​យើង​អាច​ពឹង​ផ្អែក​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ជួយ​យើង​ឆ្លងកាត់​ការសាកល្បង​ទាំង​នេះ ។ ប្រសិនបើ​ម៉ោង​សិក្សា​មាន​កំណត់ ហើយ​មាន​មេរៀន​តែ​មួយ​ប៉ុណ្ណោះ​អំពី ម៉ូសាយ ២១–២៤ អាច​ត្រូវបាន​បង្រៀន សូម​ពិចារណា​ពី​របៀប​ដែល​មេរៀន​ទាំង​ពីរ​អាច​ត្រូវបាន​បញ្ចូល​គ្នា​យ៉ាង​មាន​ប្រសិទ្ធភាព ។

ការរែក​បន្ទុក

រូបភាព
មនុស្ស​ម្នាក់​ស្ពាយ​កាបូប​ស្ពាយ​ធ្ងន់

សូម​ស្រមៃ​ថា​ការសាកល្បង បន្ទុក និង​សេចក្តីវេទនា​របស់​អ្នក​ត្រូវបាន​តំណាង​ដោយ​ថ្ម​ដែល​អ្នក​ត្រូវ​យក​តាម​ខ្លួន​ក្នុង​កាបូប ឬ​កាបូប​ស្ពាយ ។

អ្នក​អាច​ពិចារណា​យក​កាបូប​ស្ពាយ និង​របស់​របរ​ធ្ងន់ៗ​ដែល​តំណាង​ឲ្យ​បន្ទុក​ទៅ​កាន់​ថ្នាក់​រៀន ។ សូម​អញ្ជើញ​សិស្ស​ដែល​មាន​ឆន្ទៈស្ពាយ​កាបូប ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ដាក់​ឈ្មោះ​ការសាកល្បង​ផ្សេងៗ ហើយ​ដាក់​របស់របរ​ក្នុង​កាបូប ។ សូម​ប្រាកដ​ថា កាបូប​ស្ពាយ​មិន​ធ្ងន់ពេក​រហូត​ដល់​សិស្ស​ដែល​កំពុង​ស្ពាយ​នោះ​អាច​មាន​គ្រោះថ្នាក់​នោះ​ទេ ។ ប្រសិនបើ​អាច​ធ្វើ​បាន សិស្ស​អាច​បន្ត​ស្ពាយ​កាបូប​នោះ ខណៈ​ដែល​សិស្ស​ក្នុង​ថ្នាក់​ពិភាក្សា​អំពី​សំណួរ​ខាង​ក្រោម ។

សូម​ពិចារណា​ធ្វើ​បញ្ជី​ចម្លើយ​របស់​សិស្ស​ចំពោះ​សំណួរ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ។

  • តើ​ការសាកល្បង ឬ​បន្ទុក​អ្វី​ខ្លះ​ដែល​យុវវ័យ​អាច​ជួប​ប្រទះ ដែល​អាច​មាន​អារម្មណ៍​ថា​ដូចជា​ដុំ​ថ្ម​ធ្ងន់​នៅក្នុង​កាបូប​ស្ពាយ ?

  • តើ​មនុស្ស​អាច​មាន​សំណួរ​អ្វី​ខ្លះ​អំពី​បន្ទុក​ដែល​ពួកគេ​ស្ពាយ​នោះ ?

សូម​ពិចារណា​ផ្តល់​ពេល​ឲ្យ​សិស្ស​ធ្វើ​បញ្ចី​អំពី​ការសាកល្បង​ផ្ទាល់​ខ្លួន​មួយ​ចំនួន​របស់​ពួកគេ​ ហើយ​កត់ត្រា​គំនិត សំណួរ និង​អារម្មណ៍​របស់​ពួកគេ​អំពី​ការសាកល្បង​ទាំងនោះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​ខ្លួន ។ ការណ៍​នេះ​អាច​ជួយ​រៀបចំ​ពួកគេ​ឲ្យ​មាន​បទពិសោធន៍​ផ្ទាល់​ខ្លួន​កាន់តែ​ល្អ នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ ។

នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​យល់​កាន់តែ​ច្បាស់ ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​អាច​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ជួប​ការសាកល្បង​ទាំងនេះ ។

ប្រជាជន​លិមហៃ និង​ប្រជាជន​អាលម៉ា

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ​បរិបទ​ដែល​ទាក់ទង​នឹង​ប្រជាជន​លិមហៃ និង​ប្រជាជន​អាលម៉ា សូម​ពិចារណា​បង្ហាញ ឬ​គូរ​រូបភាព​ខាងក្រោម ហើយ​ចង្អុល​ប្រាប់​ពី​ទីតាំង​នៃ​ក្រុមមនុស្ស​នីមួយៗ នៅពេល​អ្នក​បាន​លើក​ឡើង​ពី​ពួកគេ ។

នៅក្នុង ម៉ូសាយ ២១–២៤ យើង​រៀន​អំពី​មនុស្ស​ពីរ​ក្រុម​ដែល​បាន​ដកពិសោធ​ការសាកល្បង និង​សេចក្តីវេទនា​ដ៏​ធំ។ ក្រុមទី​មួយ​បាន​រស់​នៅ​ដែនដី​នីហ្វៃ ហើយ​ត្រូវបាន​ដឹកនាំ​ដោយ​បុត្រា​របស់​ស្ដេច​ណូអេ ព្រះនាម​លិមហៃ ។ ក្រុមទី​ពីរ​បានរស់​នៅក្នុង​ដែនដី​ហេឡាម ហើយ​ត្រូវបាន​ដឹកនាំ​ដោយ​អាលម៉ា ។

រូបភាព
រូបភាព​អំពី​ទីកន្លែង​នៅក្នុង ម៉ូសាយ ២១–២៤

សូម​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​កាលៈទេសៈ​ដែល​នាំ​ទៅ​ដល់​ការជាប់​ឃុំឃាំង​នៃ​ប្រជាជន​លិមហៃ និង​ប្រជាជន​អាលម៉ា ។ ប្រសិនបើ​ចាំបាច់ សូម​ប្រើ​ការសង្ខេប​ខាង​ក្រោម ។

ប្រជាជន​លិមហៃ

បន្ទាប់​ពី​បដិសេធ​ការបង្រៀន និង​ការព្រមាន​របស់​អ័ប៊ីណាដៃ នោះ​ពួកសាសន៍​នីហ្វៃ​ដែល​ឥឡូវ​ត្រូវបាន​ដឹក​នាំ​ដោយ​ស្ដេច​លិមហៃ ត្រូវបាន​ពួក​លេមិន ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅក្នុង​ដែនដី​នីហ្វៃ ហើយ​ត្រូវបាន​តម្រូវ​ឲ្យ​បង់ពន្ធ​យ៉ាង​ច្រើន ( សូម​មើល ម៉ូសាយ ១៩:១៥ ) ។ ដូច​ដែល​បាន​ព្យាករ​ដោយ​ព្យាការី​អ័ប៊ីណាដៃ ( សូម​មើល ម៉ូសាយ ១២:៥ ) ពួក​លេមិន​បាន​បង្ខំ​ប្រជាជន​របស់​លិមហៃ​ឲ្យ​បម្រើ​ពួកគេ ហើយ​ឲ្យ​មាន​បន្ទុកធ្ងន់ៗ ( សូម​មើល ម៉ូសាយ ២១:៣ ) ។

ប្រជាជន​អាលម៉ា

បន្ទាប់​ពី​ការស្លាប់​របស់​អ័ប៊ីណាដៃ អាលម៉ា និង​អ្នក​ដើរ​តាម​លោក​បាន​ភៀសខ្លួន​ទៅកាន់​ទឹក​មរមន ជា​កន្លែង​ដែល​ពួកគេ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ( សូម​មើល ម៉ូសាយ ១៧:១–៤; ១៨:១–១៤ ) ។ ក្រោយ​មក ពួកគេ​បាន​ភៀសខ្លួន​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ ហើយ​បាន​សាងសង់​ទីតាំង​ដ៏​សុចរិត​មួយ​នៅក្នុង​ដែនដី​ហេឡាម ( សូម​មើល ម៉ូសាយ ១៨:៣២–៣៤; ២៣:១–៤, ១៩–២០ ) ។ នៅ​ទីបំផុត ពួក​សាសន៍​លេមិន​បាន​រកឃើញ និង​ចាប់​ប្រជាជន​របស់​អាលម៉ា​យក​ធ្វើ​ជា​ឈ្លើយ ( សូម​មើល ម៉ូសាយ ២៣:២៥–២៩, ៣៦–៣៧ ) ។ អាមូឡុន​ដែល​ធ្លាប់​ជា​សង្ឃ​ទុច្ចរិត​ម្នាក់​របស់​ណូអេ ត្រូវបាន​ផ្តល់​អំណាច​លើ​ពួកគេ ហើយ​ចាប់ផ្ដើម​បៀតបៀន​អាលម៉ា និង​ប្រជាជន​របស់​លោក ( សូម​មើល ម៉ូសាយ ២៤:៨–៩ ) ។

មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​មាន​ការសាកល្បង

សូម​ពិចារណា​បែងចែក​ថ្នាក់​ជា​ក្រុម​តូចៗ ហើយ​ឲ្យ​សិស្ស​ពាក់​កណ្ដាល​នៃ​ក្រុម​សិក្សា​អំពី​ប្រជាជន​លិមហៃ ហើយ​ពាក់​កណ្ដាល​ទៀត​សិក្សា​អំពី​ប្រជាជន​អាលម៉ា ។

សូម​អាន​វគ្គ​បទគម្ពីរ​ខាង​ក្រោម ដោយ​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ជួប​​ការសាកល្បង និង​សេចក្តីវេទនា ។ អ្នក​អាច​ចង់​គូស​ចំណាំ​ពាក្យ និង​ឃ្លា​ដែល​អ្នក​ចាប់​អារម្មណ៍ ។

ប្រសិនបើ​សិស្ស​បាន​សិក្សា​ខ​គម្ពីរ​ទាំងនេះ​ជា​ក្រុម​តូចៗ សូម​អញ្ជើញ​សិស្ស​ស្ម័គ្រចិត្ត​ពី​ក្រុម​នីមួយៗ​សង្ខេប​នូវ​អ្វី​ដែល​ពួកគេ​បានរៀន​ពី​ខគម្ពីរ​ដែល​ពួកគេ​បាន​សិក្សា ។ សំណួរ​ខាង​ក្រោម​អាច​ជួយ​សិស្ស​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ខ​គម្ពីរ​ទាំងនេះ ។

  • តើ​ភាពស្រដៀង​គ្នា និង​ភាពខុស​គ្នា​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​រវាង​ប្រជាជន​ទាំង​ពីរ​ក្រុម និង​អ្វី​ដែល​ពួកគេ​បាន​ជួប​ប្រទះ ?

  • តើ​ភស្ដុតាង​អ្វី​ខ្លះ​ដែល​អ្នក​បាន​ឃើញ​នៅក្នុង​ដំណើរ​រឿង​ទាំង​នេះ​អំពី​សេចក្ដីស្រឡាញ់ និង​ការព្រួយ​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​ប្រជាជន ?

    ជា​ការឆ្លើយតប​ទៅ​នឹង​សំណួរ​មុន នោះ​សិស្ស​អាច​ចង្អុល​បង្ហាញ​ឃ្លា​ដូចជា « ព្រះអម្ចាស់​ឮ​សម្រែករបស់​ពួកគេ » ( ម៉ូសាយ ២១:១៥ ), « ពួកគេ​បាន​ចាប់ផ្ដើម​ចម្រើន​ឡើង​បន្តិច​ម្តងៗ » ( ម៉ូសាយ ២១:១៦ ), « យើង​នឹង​សម្រាល​បន្ទុក​ទាំងឡាយ​ដែល​ដាក់​នៅ​លើ​ស្មា​អ្នក » ឬ « យើង​ជា​ព្រះអម្ចាស់​ដ៏​ជា​ព្រះ មក​រក​រាស្ត្រ​យើងក្នុង​ពេល​គេ​ស្ថិត​ក្នុងសេចក្តីវេទនា » ( ម៉ូសាយ ២៤:១៤ ) ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​មនុស្ស​រង​ការសាកល្បង និង​សេចក្តីវេទនា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​មុន​នៅលើ​ក្ដារខៀន ។ ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​សេចក្ដីពិត​ដែល​សិស្ស​អាច​រក​ឃើញ ។

  • ព្រះអម្ចាស់​ទុក​ឲ្យ​យើង​ជួប​ប្រទះ​នឹង​ការសាកល្បង ដើម្បី​ជួយ​យើង​ឲ្យ​ក្លាយ​ជា​មនុស្ស​រាបសា ហើយ​ពឹងផ្អែក​លើ​ទ្រង់​កាន់តែ​ខ្លាំង ( សូម​មើល ម៉ូសាយ ២១:៥–១៤ ) ។

  • ការសាកល្បង និង​សេចក្តី​វេទនា​ខ្លះ​កើត​ឡើង​ដោយសារ​ការមិន​ស្តាប់​បង្គាប់ ( សូម​មើល ម៉ូសាយ ២១:១៥) ។

  • ការសាកល្បង​របស់​យើង​អាច​ផ្ដល់​ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​ស្វែងរក និង​ទទួល​អារម្មណ៍​ដឹង​ពី​ព្រះចេស្តា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​យើង ( សូម​មើល ម៉ូសាយ ២១:១៥–១៦; ២៤:១៤ ) ។

  • ព្រះអម្ចាស់​ប្រដៅ​រាស្ត្រ​របស់​ទ្រង់ ហើយ​សាកល្បង​ការអត់ធ្មត់ និង​សេចក្តីជំនឿ​របស់​ពួកគេ ( សូម​មើល ម៉ូសាយ ២៣:២១ ) ។

មនុស្ស​ជា​ច្រើន​គិត​ថា ការត្រូវ​បាន​គេ​ប្រដៅ ( សូមមើល ម៉ូសាយ ២៣:២១ ) មាន​អត្ថន័យ​ដូច​គ្នា​នឹង​ការដាក់​ទណ្ឌកម្ម ។ អែលឌើរ លីន ជី រ៉ូប៊ីន ក្នុង​ពួកចិតសិបនាក់បាន​ពន្យល់ថា « ពាក្យ ប្រដៅ មក​ពី​ពាក្យ​ឡាតាំង​ថា castus មានន័យ​ថា ‹ បរិសុទ្ធ ឬ​បន្សុទ្ធ › និង chasten មានន័យ​ថា « ដើម្បី​បន្សុទ្ធ » [ សូមមើល វចនានុក្រម Merriam-Webster’s Collegiate ការបោះពុម្ព​ទី ១១ ( ឆ្នាំ ២០០៣ ) « chasten » ] » ( « The Righteous Judge » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៩៧ ) ។ សូម​សញ្ជឹង​គិត​មួយ​ភ្លែត​ពី​របៀប​ដែល​ព្រះអម្ចាស់​អាច​នឹង​បន្សុទ្ធ​អ្នក​តាមរយៈ​ការសាកល្បង និង​សេចក្តីវេទនា​របស់​អ្នក ។

សំណួរ​ខាង​ក្រោម ( ឬ​សំណួរ​ផ្សេង​ទៀត​ដែល​អ្នក​គិត ) អាច​ត្រូវបាន​ប្រើ​ដើម្បី​ជួយ​បង្កើត​ភាពពាក់ព័ន្ធ​សម្រាប់​សិស្ស ។ អ្នក​អាច​ពិចារណា​ផ្តល់​ពេលវេលា​ដល់​សិស្ស ដើម្បី​កត់ត្រា​ចម្លើយ​របស់​ពួកគេ​នៅក្នុង​កំណត់​ហេតុ​របស់​ខ្លួន មុន​ពេល​ពិភាក្សា​សំណួរ​ជា​ថ្នាក់​ទាំងមូល ។ សូម​ប្រាកដ​ថា ត្រូវ​អរគុណ​សិស្ស​សម្រាប់​ការ​ចែកចាយ​គំនិត​របស់​ពួកគេ ។

  • តើ​ការយល់​ដឹង​អំពី​សេចក្តីពិត​ទាំង​នេះ​អាច​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​ប្រតិកម្ម​ចំពោះ​ការសាកល្បង​របស់​អ្នក​ដោយ​របៀប​ណា ?

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ជួប​ប្រទះ​ការសាកល្បង ?

    ដើម្បី​បង្ហាញ​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ពី​សំណួរ​មុន សូម​ពិចារណា​បង្ហាញ​វីដេអូ « The Will of God » ( ៣:០២ ) មាន​នៅ ChurchofJesusChrist.org ។,

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ការសាកល្បង​នានា​ដែល​អ្នក​ជួប​ប្រទះ ?

សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​ពិភាក្សា​នៅ​ថ្ងៃ​នេះ ។