ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ២៨:១–២៦ ៖ ការស្គាល់ និង​ការយក​ឈ្នះ​លើ​កល​ល្បិច​របស់​សាតាំង


« នីហ្វៃទី២ ២៨:១–២៦ ៖ ការស្គាល់ និង​ការយក​ឈ្នះ​លើ​កលល្បិច​របស់​សាតាំង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ២៨:១–២៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ២៨:១–២៦

ការស្គាល់ និង​ការយក​ឈ្នះ​លើ​កលល្បិច​របស់​សាតាំង

រូបភាព
យុវវ័យ​អាន​ព្រះគម្ពីរ

តើ​អ្នក​មាន​អារម្មណ៍​ជឿជាក់​លើ​សមត្ថភាព​របស់​អ្នក ក្នុង​ការទទួល​ស្គាល់​ការខិតខំ​របស់​សាតាំង ដើម្បី​ដឹកនាំ​អ្នក​ចេញ​ឆ្ងាយ​ពី​ព្រះអង្គ​សង្គ្រោះ​ដែរ​ឬ​ទេ ? នីហ្វៃ​បាន​រកឃើញ​គំនិត និង​យុទ្ធសាស្ត្រ​ក្លែង​ក្លាយ​មួយ​ចំនួន​ដែល​សាតាំង​នឹង​ប្រើ ដើម្បី​ព្យាយាម​បង្វែរ​មនុស្ស​ចេញ​ពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នៅថ្ងៃ​ចុង​ក្រោយ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​កលល្បិច​របស់​សាតាំង ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​ដើម្បី​យក​ឈ្នះ​កលល្បិច​ទាំង​នោះ​បាន ។

ការលើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ប្រើ​ព្រះគម្ពីរ និង​ពាក្យសម្តី​របស់​ព្យាការី ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះចេស្តា​ដើម្បី​ជួយ​ពួកគេ​បាន ។ ពួកគេ​អាច​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ដើម្បី​យក​ឈ្នះ​លើ​ការល្បួង ប្រែចិត្ត​ពី​អំពើ​បាប ហើយ​ស៊ូទ្រាំ​នឹង​ការសាកល្បង​នានា ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន​ផ្នែក « ខ្លា​រខិន និង​សត្វ​ឈ្លូស » នៃ​សុន្ទរកថា « Watchful unto Prayer Continually » ដោយ​អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៣២ ) ។ ឬ​សិស្ស​អាច​ត្រូវបាន​អញ្ជើញ​ឲ្យមើល « Spiritual Crocodiles » ( ៨:១៩ ) ឬ « Watchful unto Prayer Continually » ចាប់​ពី​នាទី​ទី ១:២៧ ដល់​នាទី​ទី ៥:០០ ដោយ​រកមើល​ពី​របៀប​ដែល​ការយល់​ដឹង​អំពី​សត្វ​កាច​សាហាវ​នេះ​អាច​បង្រៀន​សេចក្តីពិត​សំខាន់ៗ​អំពី​កលល្បិច​របស់​សាតាំង​បាន ។ វីដេអូ​ទាំងពីរ​មាន​នៅលើ ChurchofJesusChrist.org ។,

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

គោលបំណង​របស់​សាតាំង

សូម​ពិចារណា​ចាប់ផ្តើម​មេរៀន​ដោយ​ចែកចាយ​សេចក្តីថ្លែង​ការណ៍​ខាង​ក្រោម​នេះ ៖

យើង​ចូលរួម​ក្នុង​សង្គ្រាម​ដែល​កំពុងបន្ត​ប្រឆាំង​នឹង​អំពើ​អាក្រក់ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​បង្រៀន​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​អាច​ជួយ​យើង​នៅក្នុង​សង្គ្រាម​នេះ​បាន ៖

ព្រះ​គម្ពីរ​មរមន​បង្ហាញ​ពី​សត្រូវ​របស់​ព្រះគ្រីស្ទ ។ ព្រះ​គម្ពីរ​មរមន​ផ្ចាញ់ផ្ចាល​គោលលទ្ធិ​ក្លែងក្លាយ ហើយ​ទម្លាក់​ចុះនូវ​ជម្លោះ ។ ( សូមមើលនីហ្វៃទី២ ៣:១២ ) ។ ព្រះ​គម្ពីរ​មរមន​ផ្តល់ឲ្យ​អ្នក​ដើរតាម​ដ៏​រាបសា​របស់​ព្រះគ្រីស្ទ​ប្រឆាំង​នឹង​ការរៀបចំ​ យុទ្ធសាស្ដ្រ​ដ៏​អាក្រក់ និង​គោលលទ្ធិ​នៃ​អារក្ស​នៅ​ជំនាន់​របស់​យើង ។ ( អែសរ៉ា ថាហ្វ ប៊ែនសឹន « The Book of Mormon Is the Word of God » Ensign ខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៣ )

  • តើ​អ្នក​ឃើញ​ព្រះគម្ពីរ​មរមន​ធ្វើ​កិច្ចការ​ទាំងនេះ​ដែល​បាន​បង្រៀន​ដោយ​ប្រធាន ប៊ែនសឹន តាម​របៀប​ណា​ខ្លះ ?

នៅពេល​អ្នក​សិក្សា សូម​រក​មើល​សេចក្តីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យស្គាល់ និង​យក​ឈ្នះ​លើ​កលល្បិច​របស់​សាតាំង​បាន​កាន់តែ​ប្រសើរ​ឡើង ។

ការបង្រៀន និង​យុទ្ធសាស្ត្រ​ក្លែងក្លាយ​របស់​សាតាំង

អាស្រ័យ​លើ​តម្រូវការ និង​សមត្ថភាព​របស់​សិស្ស វា​អាច​មាន​ប្រយោជន៍​ក្នុងការ​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​អាន នីហ្វៃទី២ ២៨ ទាំងអស់ ដោយ​ខ្លួនឯង មុននឹង​ពិភាក្សា​ជំពូក​នេះ​ក្នុង​ថ្នាក់​ទាំងមូល ។ សិស្ស​អាច​ធ្វើ​បញ្ជី​ខាង​ក្រោម​នៅពេល​ពួកគេ​សិក្សា ៖ យុទ្ធសាស្ត្រ និង​ការបង្រៀន​ក្លែងក្លាយ​របស់​សាតាំង ឧទាហរណ៍​អំពី​យុទ្ធសាស្ត្រ និង​ការបង្រៀន​ក្លែងក្លាយ​នៅ​សម័យ​របស់​យើង និង​ការបង្រៀន​ដែល​អាច​ជួយ​យើង​យក​ឈ្នះ​លើ​ការខិតខំ​របស់​សាតាំង ។ បន្ទាប់មក សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​ការអាន​របស់​ពួកគេ ។ ប្រសិនបើ​អ្នក​ជ្រើសរើស​ជម្រើស​នេះ សូម​ពិចារណា​កែសម្រួល​ឯកសារ​មេរៀន​ខាង​ក្រោម ដើម្បី​ជួយ​សិស្ស​ដំណើរការ និង​អនុវត្ត​អ្វី​ដែល​ពួកគេ​រៀន ។

នៅក្នុង នីហ្វៃទី២ ២៨ នីហ្វៃ​បាន​បន្ត​ការព្យាករណ៍​របស់​លោក​អំពី​ថ្ងៃ​ចុងក្រោយ ។ សូម​អាន នីហ្វៃទី២ ២៨:៥–៩ ដោយ​រកមើល​ការបង្រៀន និង​ឥរិយាបថ​មួយ​ចំនួន​ដែល​នីហ្វៃ​បាន​ឃើញ​ថា​នឹង​មាន​នៅក្នុង​ជំនាន់​របស់​យើង ។

  • តើ​អ្នក​ឃើញ​ភស្តុតាង​អ្វី​ខ្លះ​អំពី​ការបង្រៀន និង​ឥរិយាបថ​ទាំងនេះ​នៅ​ជំនាន់​របស់​យើង ?

  • តើ​ការបង្រៀន​ដ៏​ពុករលួយ​ដែល​មាន​ចែង​នៅក្នុង​ខគម្ពីរ​ទាំងនេះ និង​ឥរិយាបថ​របស់​អ្នក​ដែល​ជឿ​លើ​ការបង្រៀន​ទាំង​នោះ​មានគ្រោះថ្នាក់​ខាង​វិញ្ញាណ​យ៉ាង​ដូចម្ដេច ?

ខគម្ពីរ​ទាំង​នេះ​តំណាងឲ្យ​ឥរិយាបថ និង​ជំនឿ​មួយ​ចំនួន​ដែល​កើត​ចេញ​ពី​ការបោក​បញ្ឆោត​របស់​សាតាំង ។ នីហ្វៃ​បាន​បន្ត​ការបង្រៀន​របស់​លោក​ដោយ​បង្ហាញ​យុទ្ធសាស្ត្រ​ជាក់លាក់​ដែល​សាតាំង​នឹង​ប្រើ ដើម្បី​ព្យាយាម​ចាប់​យើង​ដោយ​អំណាច​របស់​វា ។

សូម​ពិចារណា​សរសេរ​ឃ្លា​មិន​ពេញលេញ​ខាង​ក្រោម​នៅលើ​ក្តារខៀន ៖ សាតាំង​ព្យាយាម​ចាប់​យើង​ចង​ដោយ​ច្រវាក់​ដ៏​ជាប់​អស់​កល្ប​ជានិច្ច​របស់​វា​តាមរយៈ …

សូម​អាន នីហ្វៃទី២ ២៨:១៩–២២ ដោយ​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​បំពេញ​សេចក្តីថ្លែង​ការណ៍​នេះ ៖

  • ផ្អែកលើ​អ្វី​ដែល​អ្នក​បានរៀន​ពី​ខគម្ពីរ​ទាំងនេះ តើ​មាន​វិធី​ណា​ខ្លះ​ដែល​អ្នក​អាច​បំពេញ​សេចក្តីថ្លែង​ការណ៍​នេះ ៖ សាតាំង​ព្យាយាម​ចាប់​យើង​ចង​ដោយ​ច្រវាក់​ដ៏​ជាប់​អស់​កល្ប​ជានិច្ច​របស់​វា​តាមរយៈ … ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ឃ្លា​នានា​នៅលើ​ក្ដារខៀន​ដែល​អាច​បំពេញ​សេចក្តីថ្លែង​ការណ៍ ៖ សាតាំង​ព្យាយាម​ចាប់​យើង​ចង​ដោយ​ច្រវាក់​ដ៏​ជាប់​អស់​កល្ប​ជានិច្ច​របស់​វា​តាមរយៈ … ខាង​ក្រោម​នេះ​គឺ​ជា​ការបង្រៀន​មួយ​ចំនួន​ដែល​សិស្ស​អាច​រក​ឃើញ ៖

  • ការចាក់រុក​ឲ្យ​មនុស្ស​មាន​កំហឹង​ទាស់​នឹង​អ្វី​ដែល​ល្អ

  • បង្ក្រាប​ឲ្យ​សុខ ហើយ​បំពេ​បុគ្គល​ម្នាក់ៗ​ឲ្យ​បាន​សុខ​ខាង​រូបកាយ និង

  • ប្រាប់​មនុស្ស​ថា គ្មាន​ស្ថានរក និង​គ្មាន​អារក្ស​ឯ​ណា​ទេ ។

វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា​ឃ្លា « បំពេ​ពួកគេ​ឲ្យ​បាន​សុខ​ខាង​រូប​កាយ » ( ខ​ទី ២១ ) សំដៅ​លើ​ការខិតខំ​របស់​សាតាំង​ក្នុង​ការធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​សុខ​ស្រួល​ក្នុង​ស្ថានភាព​អំពើ​បាប​របស់​ពួកគេ ហើយ​ថា​ពួកគេ​មិន​ចាំបាច់​ផ្លាស់ប្តូរ​ទេ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​បន្ថែម​អំពី​សភាព​នៅពេល​ដែល​សាតាំង​ប្រើ​យុទ្ធសាស្ត្រ​នីមួយៗ​ទាំង​នេះ​នា​ពេល​សព្វ​ថ្ងៃ​នេះ តើ​វា​មាន​លក្ខណៈ​បែប​ណា ។ អ្នក​អាច​ចែកចាយ​ស្ថានភាព​ខាង​ក្រោម ហើយ​សូម​ឲ្យ​សិស្ស​រក​មើល​ថា តើ​កលល្បិច​របស់​សាតាំង​មួយ​ណា​មក​ពី ខ​ទី ២០–២២ ត្រូវបាន​បង្ហាញ​នៅក្នុង​ស្ថានភាព​នីមួយៗ ។

  1. ម៉ារីយ៉ា​បាន​សម្រេច​ចិត្ត​លួច​ចម្លង​កិច្ចការ​សាលា​របស់​នាង ដូច្នេះ​នាង​អាច​ទទួល​បាន​ពិន្ទុ​ល្អ ។ ដំបូង​ឡើយ នាង​មាន​អារម្មណ៍​ថា​ខុស ប៉ុន្តែ​នាង​ទទួល​ស្គាល់​ថា​នាង​មិន​ធ្លាប់​គេចាប់​បាន​ទេ ហើយ​នៅ​ទី​បញ្ចប់​ក៏​លួច​ចម្លង​កិច្ចការ​ផ្សេង​ទៀត​ផងដែរ ។ ពេលនេះ​នាង​មាន​អារម្មណ៍​ថា​ការប្រព្រឹត្តិ​មិន​ទៀងត្រង់​អាច​ជួយ​នាង​ឲ្យ​ទទួល​បាន​អ្វី​ដែល​នាង​ចង់​បាន​ក្នុង​ជីវិត ។

  2. ជូដ​បាន​សង្កេត​ឃើញ​ថា នៅពេល​គាត់​អាន​ការចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ឬ​សាសនា​ចក្រ ជា​រឿយៗ​មាន​មតិ​អវិជ្ជមាន​ជាច្រើន​ដែល​វាយ​ប្រហារ​សាសនា​ចក្រ ឬ​មនុស្ស​ដែល​ជឿ​លើ​ព្រះអង្គ​សង្គ្រោះ ។

  3. ស្កាយ​មាន​មិត្ត​ពីរ​បី​នាក់​ដែល​ព្យាយាម​បញ្ចុះបញ្ចូល​នាង​ឲ្យ​បន្ទាប​បទដ្ឋាន​របស់​នាង ។ ពួកគេ​ប្រកែក​ថា ដោយសារ​គ្មាន​ជីវិត​បន្ទាប់​ពី​សេចក្ដីស្លាប់ វា​ជា​រឿង​ឆ្កួត​លីលា​ក្នុង​ការព្រួយ​បារម្ភ​អំពី​កន្លែង​ដែល​មនុស្ស​ទៅ​ដើម្បី​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​អះអាង​ថាជា​អំពើ​បាប​របស់​ពួកគេ ។

  • តើ​មាន​ឧទាហរណ៍​អ្វី​ទៀត​ដែល​អ្នក​អាច​គិតឃើញ ដែល​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​របស់​សាតាំង​ដែល​មាន​រៀបរាប់​ក្នុង​បញ្ជី​នៅក្នុង ខ​ទី ២០–២២ ?

សូម​គិត​អំពី​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក ។ តើ​អ្នក​មាន​អារម្មណ៍​ថា យុទ្ធសាស្ត្រ​ណា​មួយ​របស់​សាតាំង​ដែល​អ្នក​បាន​រៀន​កំពុង​មាន​ឥទ្ធិពល​លើ​អ្នក​ដែរ​ឬ​ទេ ? សូម​ពិចារណា​កត់ត្រា​​គំនិត​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ នៅពេល​អ្នក​បន្ត​សិក្សា សូម​រកមើល​ពី​របៀប​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​លើ​ការបោក​បញ្ឆោត​របស់​សាតាំង​នៅក្នុង​ជីវិត​របស់​អ្នក ។

ការបែរ​ទៅរក​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​យក​ឈ្នះ​សាតាំង

យើង​អាច​យក​ឈ្នះ​សាតាំង និង​ការបោក​បញ្ឆោត​របស់​វា​បាន នៅពេល​យើង​ពឹងផ្អែកលើ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​បង្កើត​ចំណង​ជើង​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖ « របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​សាតាំង » ។

សូម​ពិចារណា​សរសេរ​ឃ្លា​នេះ​នៅលើ​ក្តារ​ខៀន ។ បន្ទាប់ពី​សិស្ស​បញ្ចប់​សកម្មភាព​សិក្សា​ខាង​ក្រោម​នេះ ពួកគេ​អាច​សរសេរ​លើ​ក្ដារខៀន​នូវ​សេចក្តី​យោង​បទ​គម្ពីរ​មួយ ឬ​ច្រើន​ដែល​ពួកគេ​បាន​រកឃើញ ។ អ្នក​អាច​អាន​វគ្គ​បទគម្ពីរ​ទាំងនេះ​ក្នុង​ថ្នាក់​ទាំងមូល ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​លើ​បញ្ជី​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដោយ​ផ្អែកលើ​អ្វី​ដែល​ពួកគេ​រៀន​ពី​មិត្តរួម​ថ្នាក់​របស់​ពួកគេ ។

សូម​ស្វែងរក​វគ្គ​បទគម្ពីរ ឬ​ការបង្រៀន​ពី​អ្នក​ដឹកនាំ​សាសនា​ចក្រ​ដែល​អាច​ជួយ​អ្នក​ក្នុង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​យក​ឈ្នះ​លើ​សាតាំង ។ សូម​កត់ត្រា​ការយល់​ដឹង​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។

សូម​ពិចារណា​សិក្សា​សេចក្តីយោង​បទគម្ពីរ​មួយ​ចំនួន​ដែល​មាន​រៀបរាប់​នៅក្រោម « ល្បួង, ការល្បួង » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ឬ « ការល្បួង » នៅក្នុង Topical Guide ។ អ្នក​ក៏​អាច​សិក្សា​ការបង្រៀន​របស់​នីហ្វៃ​នៅក្នុង នីហ្វៃទី២ ២៨:១៧, ២៦–៣២ ផងដែរ ។ វគ្គ​បទគម្ពីរ​ដែល​មាន​ប្រយោជន៍​ផ្សេង​ទៀត​រួមមាន នីហ្វៃទី១ ១៥:២៤; ហេលេមិន ៥:១២ និង នីហ្វៃទី៣ ១៨:១៥, ១៨ ។

  • តើ​ការបង្រៀន​ពី​ថ្នាក់​ដឹកនាំ​សាសនា​ចក្រ និង​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​រកឃើញ អាច​ជួយ​អ្នក​យក​ឈ្នះ​លើ​យុទ្ធសាស្ត្រ​របស់​សាតាំង ដែល​អ្នក​បាន​រកឃើញ​នៅ​ខាង​ដើម​នៃ​មេរៀន​នេះ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​បទពិសោធន៍​សិក្សា​របស់​អ្នក​ថ្ងៃ​នេះ ។ សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ធ្វើ​ផែនការ​ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ​ដើម្បី​ការពារ​ខ្លួន​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ប្រឆាំង​នឹង​កលល្បិច​របស់​សាតាំង ។ សូម​កត់ត្រា​ផែនការ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ អ្នក​នឹង​មាន​ឱកាស​ដើម្បី​មើល​ផែនការ​នេះ​នៅក្នុង​មេរៀន « វាយតម្លៃ​ការរៀន​សូត្រ​របស់​អ្នក » នាពេល​ខាង​មុខ ។