ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ៩:៥០–៥២ ៖ « ចូរ​មក​រក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល »


« នីហ្វៃទី២ ៩:៥០–៥២ ៖ ‹ ចូរ​មក​រក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ៩:៥០–៥២ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ៩:៥០–៥២

« ចូរ​មក​រក​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល »

រូបភាព
យុវវ័យ​អាន​ព្រះ​គម្ពីរ​ជាមួយ​គ្នា

តើ​អ្នក​ធ្លាប់​រំពឹង​ថា​នឹង​មាន​សុភមង្គល​ដ៏​អស្ចារ្យ​ពី​អ្វី​មួយ តែ​ក្រោយមក​​បែរជាខកចិត្ត​ទៅវិញ​ដែរ​ឬ​ទេ ? យ៉ាកុប​បាន​បញ្ចប់​ការបង្រៀន​របស់​លោកដោយ​ឲ្យ​ដំបូន្មាន​ដល់​សាសន៍​នីហ្វៃ​ឲ្យ​ចៀសវាង​ការ​ចំណាយ​ពេលវេលា ឬ​ប្រាក់​លើ​អ្វី​ដែល​មិន​ផ្តល់​នូវ​ការស្កប់ស្កល់ចិត្ត​យូរ​អង្វែង ។ ​លោក​បាន​អញ្ជើញ​ពួកគេ​ឲ្យមករក​ព្រះ​គ្រីស្ទ ហើយ​ទទួលទាន​ពរ​ជ័យ​នៃ​ដំណឹងល្អ ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​ឲ្យ​ទទួលអារម្មណ៍ ឲ្យ​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំងដើម្បី​ស្វែងរក​ពរជ័យ និង​ការស្កប់ស្កល់ចិត្ត ដែល​មាន​តែ​ព្រះ​យេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​បាន ។

ការ​បង្រៀន​ពី​គោលលទ្ធិ ។ព្រះ​អម្ចាស់​បាន​បង្គាប់​យើង​ឲ្យ « បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​គោល​លទ្ធិ​នៃ​នគរ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៧៧ ) ។ គោលលទ្ធិ​នេះ​មាន​សេចក្ដីពិត​ដ៏​អស់កល្បជានិច្ច ដែល​នៅពេល​អនុវត្ត​តាម នាំមក​នូវ​ភាពតម្កើងឡើង ។ ចំណុច​សំខាន់​ក្នុងចំណោម​សេចក្តី​ពិត​ទាំងនេះ គឺជា​តួនា​ទី​របស់​ព្រះ​យេស៊ូវគ្រីស្ទ​នៅក្នុងផែន​ការ​នៃ​សេចក្តី​សង្គ្រោះ ។ ការ​បង្រៀន​គោលលទ្ធិពិត​នាំឲ្យ​មាន​សាក្សី​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​អាច​បំផុសគំនិត​សិស្ស​ឲ្យ​ធ្វើ​តាម​ព្រះ​អង្គ​សង្គ្រោះ ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ជម្រើស​ដែល​ពួកគេ​បាន​ធ្វើ កន្លែង​ដែល​ពួកគេ​បាន​ទៅ ឬ​អ្វី​ដែល​ពួកគេ​បាន​រៀន​ដែល​នាំ​មកនូវ​ការស្កប់ស្កល់​ចិត្ត​យូរ​អង្វែង​ដល់​ជីវិត​របស់​ពួកគេ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការ​បំពេញ​ការ​ស្រេកឃ្លាន​របស់​យើង

សូមពិចារណា​បង្ហាញ​ដល់​សិស្ស​នូវ​ពែង​ពីរបី​ដែល​ពោរពេញ​ដោយ​វត្ថុ​ដែល​មិន​អាច​បំបាត់​ការស្រេកទឹក​របស់​មនុស្ស​ដូចជា ទឹកស៊ីអ៊ីវ ម៉ាស្តាដ ឬ​ទឹកស៊ីរ៉ូ ។ បន្ទាប់មក សូម​​បង្ហាញ​ពែង​មួយ​ទៀត​ដែល​មាន​ទឹកស្អាត​ពេញ ។ សូម​ឲ្យ​សិស្ស​ស្រមៃ​ថា ពួកគេ​ស្រេកទឹក​ខ្លាំង ហើយ​មាន​ឱកាស​ផឹក​តែមួយ​ពែង​ប៉ុណ្ណោះ​ក្នុងចំណោម​ពែង​ទាំងអស់​ដែល​អ្នក​​បង្ហាញ​ដល់ពួកគេ ។ សូម​​ឲ្យ​ពួកគេ​ធ្វើ​ការ​ជ្រើសរើស និង​ពន្យល់​ពី​ផលវិបាក​ដែល​អាច​កើត​មាន​ពី​ជម្រើស​របស់​ពួកគេ ។

អ្នក​ក៏​អាច​ធ្វើ​ការ​បង្ហាញ​ដោយ​ប្រើប្រាស់​អាហារ​ដែល​មិន​បំពេញ​ការ​ឃ្លាន​របស់​បុគ្គល​នោះ ដូចជា អំបិល ឬ​ជីអង្កាម​តូច រួម​ជាមួយ​នឹង​អាហារ​ដែល​មាន​សារជាតិ​ច្រើន និង​មាន​ជីវជាតិ ដូចជា​ផ្លែឈើ​មួយ​ចំណិត ។

អ្នក​ប្រហែលជា​បាន​កត់សម្គាល់​ឃើញ​ថា វិញ្ញាណ​របស់​យើង ដូច​រូបកាយ​របស់​យើង​ដែរ ត្រូវ​ការ​អាហារបំប៉ន និង​ការស្កប់ស្កល់​ចិត្ត ។

  • តើ​មាន​របៀប​អ្វី​ខ្លះដែល​យើង​អាច​ផ្តល់​អាហារបំប៉ន​យូរអង្វែង ឬ​ការស្កប់ស្កល់​ដល់​វិញ្ញាណ​របស់​យើង ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​មនុស្ស​ងាក​ទៅរក​ដើម្បីបាន​ការស្កប់ស្កល់​ចិត្ត ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​គ្មានអ្វី​ទាល់តែសោះ​ខាងវិញ្ញាណ ?

  • ហេតុ​អ្វី​អ្នក​គិត​ថា ពេលខ្លះ​មនុស្ស​ងាកទៅ​រក​អ្វី​ដែល​មិន​នាំមក​នូវ​ការស្កប់ស្កល់​យូរអង្វែង ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​វាយតម្លៃ​ជីវិត​របស់​ពួកគេ ដោយ​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​គិត​ពី​សំណួ​រដូច​ខាង​ក្រោម ។

  • តើ​មាន​អ្វី​ដែល​អ្នក​ងាកទៅរក ដើម្បី​ទទួល​បាន​សុភមង្គល និង​ភាព​ពេញលេញ ដែល​មិន​បាន​បំពេញ​តាមបំណង​ប្រាថ្នា​ទាំងនោះ​ដែរ​ឬ​ទេ ? តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​សុខសាន្ត និង​សុភមង្គល​យូរអង្វែង​ក្នុងជីវិត​របស់​អ្នក ?

  • នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ សូម​រកមើល​សេចក្តី​ពិត​ដែល​អាច​ជួយ​អ្នក​ទទួល​បទពិសោធន៍​នូវ​ពរ​ជ័យ និង​ការស្កប់ស្កល់​ដែល​មាន​តែ​ព្រះ​យេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​បាន ។

« ទទួល​ទាន​នូវ​អ្វី​ដែល​មិន​វិនាស »

សូម​រំឭក​ឡើងវិញ​ពី​ការ​សិក្សា​របស់​អ្នក​នៃ នីហ្វៃទី២ ៩:២៧–៤៩ ថា​យ៉ាកុប​បាន​ព្រមាន​ប្រជាជន​របស់​លោក​ចំពោះ​ការ​ប្រព្រឹត្តិ​អំពើ​បាប​ដែល​ពួកគេ​កំពុង​ធ្វើ ។ បន្ទាប់មក យ៉ាកុប​បាន​បញ្ចប់​សុន្ទរកថា​របស់​លោក​ជាមួយ​នឹង​ការ​អញ្ជើញ​ដ៏​សំខាន់​មួយ ។

សូម​អាន នីហ្វៃទី២ ៩:៥០–៥២ ដោយ​រកមើល​ការ​អញ្ជើញ​របស់​យ៉ាកុប​ទៅកាន់​ប្រជាជន​របស់​លោក ។

  • តើ​មាន​ពាក្យ ឬ​ឃ្លា​អ្វី​ខ្លះ​ពី​ខគម្ពីរ​ទាំងនេះ ដែល​អ្នក​យល់​ថា​សំខាន់ ? ហេតុ​អ្វី ?

  • តើ​ខគម្ពីរ​ទាំងនេះ​ជួយ​អ្នក​យល់​អំពី​បំណងប្រាថ្នា​ដែល​ព្រះ​យេស៊ូវគ្រីស្ទ​មាន​ចំពោះ​យើង​អ្វី​ខ្លះ ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្នក​ពី​អ្វី​ដែល​ទ្រង់​ប្រទាន​ដល់​យើង ?

សូម​ឲ្យ​សិស្ស​ស្វែងរក​សេចក្តិ​ពិតពី​ការ​បង្រៀន​របស់​យ៉ាកុប ។ ពួកគេ​អាច​រក​ឃើញ​សេចក្តី​ពិតស្រដៀង​នឹង​ចំណុច​ខាង​ក្រោម​នេះ ។ សូម​ពិចារណា​សរសេរ​សេចក្តី​ពិត​នេះនៅ​លើ​ក្តារខៀន ។

សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ​គឺ នៅពេល​យើង​មករក​ព្រះ​យេស៊ូវគ្រីស្ទ ព្រលឹង​របស់​យើង​អាច​ស្កប់ស្កល់ ។

ការប្រើប្រាស់​បទគម្ពីរ​យោង​ដើម្បី​បង្កើន​ការយល់ដឹង​របស់​អ្នក

ការ​ស្វែងរក​វគ្គបទគម្ពីរ​ដែល​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​កំពុង​សិក្សា អាច​ជា​មធ្យោបាយ​ដ៏​មាន​ប្រយោជន៍​មួយ​ក្នុង​ការ​ពង្រឹង​ការ​យល់ដឹង​របស់​អ្នក និង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​មាន​នៅក្នុង​បទគម្ពីរ ។

សូម​អនុវត្ត​ជំនាញ​នេះ​ដោយ​ស្វែងរក​ឯកសារយោង​ដែល​ទាក់ទង​នឹង​ការ​បង្រៀន​នៅក្នុង នីហ្វៃទី២ ៩:៥០–៥២ ។

សូម​ពិចារណា​អាន​ដំណើរការ​ដែល​បាន​ពិពណ៌នា​នៅក្នុង​កថាខណ្ឌ​ពីរ​ខាង​ក្រោម​ជាមួយ​ថ្នាក់ទាំងមូល ដោយ​គូរ​ដ្យាក្រាម​នៅ​លើ​ក្ដារខៀន ហើយ​ស្វែងរក​បទគម្ពីរ​យោង​មួយ ឬ​ពីរ​រួមគ្នា ។ បទគម្ពីរ​យោង​ដ៏​មាន​ប្រយោជន៍​មួយ​ដែល​អ្នក​អាច​ចង្អុល​បង្ហាញ​ដល់​សិស្ស​គឺ អាលម៉ា ៥:៣៣–៣៤ ។ បន្ទាប់មក អាច​បំបែក​សិស្ស​ទៅជា​ដៃគូ ឬ​ក្រុមតូចៗ ដើម្បី​ធ្វើ​ការ​ស្វែងរក​បទគម្ពីរ​យោង​រួមគ្នា ។

សូម​ពិចារណា​បង្កើត​ដ្យាក្រាម​ស្រដៀង​នឹង​ចំណុច​ខាង​ក្រោម​នេះ​នៅក្នុង​សៀវភៅ​សិក្សា​របស់​អ្នក ហើយ​សរសេរ « នីហ្វៃទី២ ៩:៥០–៥២ » នៅក្នុង​រង្វង់​កណ្តាល ។ នៅពេល​អ្នក​ស្វែងរក​ខគម្ពីរ​ដែល​ទាក់ទង​ដែល​អ្នក​ចង់ចងចាំ អ្នក​អាច​សរសេរ​សេចក្តី​យោង​នេះ​នៅក្នុង​រង្វង់​ផ្សេង​ទៀត ។

រូបភាព
ក្រាហ្វិក​រង្វង់

ជំហាន​ដំបូង​របស់​អ្នក​សម្រាប់​ការ​ស្វែងរក​បទគម្ពីរ​យោង អាច​ជា​ការ​ស្វែងរក​សេចក្តី​យោង​បទគម្ពីរ និង​ប្រធានបទ​ដែល​បាន​សរសេរ​នៅក្នុង​លេខយោង ។ បន្ទាប់មក សូម​ពិចារណា​ស្វែងរក​ពាក្យ​គន្លឹះមកពី នីហ្វៃទី២ ៩:៥០–៥២ និង​ស្វែងរក​ពាក្យ​ទាំងនោះ ឬ​ពាក្យ​ដែល​ទាក់ទង​នៅក្នុង​មុខងារ​ស្វែងរក​នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ, Topical Guide ឬ បណ្ណាល័យ​ដំណឹងល្អ ។

ទាំងនេះ​គឺជា​ពាក្យ ឬ​ឃ្លា​មួយចំនួន​ដែល​អ្នក​អាច​ពិចារណា​រកមើល ៖ មក, ទឹករស់, ស្កប់ស្កល់, ស្តាប់, ទទួល​ទាន, អធិស្ឋាន, ថ្លែង​អំណរគុណ, ត្រេកអរ ។

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ស្វែងរក​បទគម្ពីរ​យោង​ហើយ សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​ចែកចាយ​បទគម្ពីរ​មួយ​ក្នុង​ចំណោម​បទគម្ពីរ​ដែល​មាន​អត្ថន័យ​ជាពិសេស​ចំពោះ​ពួកគេ ។ សូម​ឲ្យ​សិស្ស​ពន្យល់​ពី​របៀប​ដែលបទគម្ពីរ​យោង​នោះ​បាន​បង្កើត​ការ​យល់ដឹង​របស់​ពួកគេ​លើ​ការ​បង្រៀន​របស់ នីហ្វៃទី២ ៩:៥០–៥២ ។ សូម​ពិចារណា​ពី​ការ​បន្ថែម​សេចក្ដីយោង​បទគម្ពីរ​ដែល​សិស្ស​ចែកចាយ​ទៅក្នុង​ដ្យាក្រាម​នៅ​លើ​ក្ដារខៀន ។

ការ​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន

សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ​នៅថ្ងៃ​នេះ និង​របៀប​ដែល​ការ​បង្រៀន​ទាំងនេះ​អាច​ផ្តល់​ពរ​ដល់​អ្នក​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុងមេរៀន​ថ្ងៃនេះ សូម​ពិចារណា​បង្ហាញ​សំណួរ​ខាង​ក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​ពួកគេ ។

  • នៅថ្ងៃនេះ តើ​អ្នក​បាន​រៀន ឬ​មាន​អារម្មណ៍​យ៉ាង​ណា​ខ្លះ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ដែល​អ្នក​ចង់​ចងចាំ ?

  • តើ​ការ​ជ្រើសរើស​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​អាច​ផ្តល់​ឲ្យ​ព្រលឹង​អ្នក​នូវ​ការស្កប់ស្កល់​ដ៏​យូរ​អង្វែង​ដោយ​របៀប​ណា ?

  • តើ​ជម្រើស​ជាក់លាក់​មួយ​ចំនួន​ណា​ខ្លះដែល​អ្នក​អាច​បាន​ជ្រើស​យក ដែល​នឹង​នាំមក​នូវ​ការស្កប់ស្កល់​ដ៏​យូរ​អង្វែង​ដែល​មាន​តាមរយៈ​ព្រះ​យេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​របស់​អ្នក ?

សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ពីរបីនាក់​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បាន​ពិភាក្សា​នៅ​ថ្ងៃនេះ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិនិត្យមើល​ជីវិត​របស់​ពួកគេ ហើយ​គិតអំពី​ការ​ផ្លាស់ប្ដូរ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដែល​នឹង​ជួយ​ពួកគេ​ទទួល​បទពិសោធន៍​នៃ​សុភមង្គល និង​ការស្កប់ស្កល់​ដែល​បាន​មកពី​ការ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។