ថ្នាក់​សិក្ខាសាលា
អេធើរ ១៣–១៥ ៖ ការយកឈ្នះ​លើ​កំហឹង


« អេធើរ ១៣–១៥ ៖ ការយកឈ្នះ​លើ​កំហឹង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ១៣–១៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ១៣–១៥

ការយកឈ្នះ​លើ​កំហឹង

រូបភាព
រូបភាព​យុវជន​ម្នាក់​តូចចិត្តខ្លាំង​ដោយមាន​ឪពុករបស់គាត់​នៅ​ខាងក្រោយ

នៅក្នុង​សេចក្តីស្រឡាញ់​ដ៏មហិមា​របស់ទ្រង់ ព្រះវរបិតាសួគ៌​អនុញ្ញាត​ឲ្យយើង​មាន​អារម្មណ៍ខុសគ្នា​ជាច្រើននៅ​ក្នុងជីវិត​រមែងស្លាប់​មួយនេះ អារម្មណ៍​ទាំងនោះ​មានដូចជា​សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខសាន្ដ ភាពសោកសៅ និង​ការខកចិត្ត ។ ការដក​ពិសោធន៍​អារម្មណ៍​ទាំងនេះ​អនុញ្ញាត​ឲ្យ​យើង​រៀនសូត្រ ។ នៅពេល​ដែល​ពួកសាសន៍​យ៉ារេឌ​បានបន្តបះបោរ​ប្រឆាំងនឹង​ព្រះអម្ចាស់ នោះ​ពួកគេ​បានអនុញ្ញាត​ឲ្យអារម្មណ៍​របស់ពួកគេ​ដឹកនាំ​ពួកគេ​នៅក្នុង​ការសម្រេច​ចិត្ត ហើយការណ៍នេះ​បណ្តាល​ឲ្យមាន​ការបំផ្លិចបំផ្លាញ​អរិយធម៌​របស់​ពួកគេ ។ មេរៀននេះ​អាចជួយយើង​ឲ្យយកឈ្នះលើ​ការល្បួង ដែលនាំឲ្យ​យើង​ធ្វើ​សកម្មភាព​ដោយកំហឹង​នៅក្នុងជីវិត​របស់យើង ។

លទ្ធផល​នៃ​កំហឹង

សូមអាន ឬមើលពី​ដំណើររឿង​ខាងក្រោម ដែល​ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បាន​ចែកចាយ​អំពី​បងប្អូន​ពីរនាក់​ដែលរស់នៅ​ជាមួយគ្នា​ពេញមួយ​ជីវិតរបស់​ពួកគេ ។

ជាយូរឆ្នាំ​មកហើយ ខ្ញុំបានអាន​សារព័ត៌មាន​នៅក្នុងកាសែត Associated Press មួយ ៖ មានបុរសវ័យ​ចំណាស់​ម្នាក់បាន​ប្រាប់រឿងរ៉ាវ​របស់គាត់​នៅឯ​ពិធីបុណ្យសព​បងប្រុស​របស់​គាត់ ។ ពួកគាត់​បានរស់នៅ​ជាមួយគ្នា​តាំងពី​តូចៗមក នៅក្នុង​បន្ទប់ដ៏​តូចមួយ​នៅជិត​ភូមិ​កានីស្តេអូ ទីក្រុងញូវយ៉ក ។ ពួកគាត់​មាន​ការឈ្លោះ​គ្នា រហូតដល់​មានការ​បែងចែក​បន្ទប់ជា​ពាក់កណ្តាល​ដោយគូស​បន្ទាត់ដីស​ខណ្ឌគ្នា ។ ពួកគាត់មិន​ដែល​ឆ្លងកាត់​គំនូស​បន្ទាត់​នោះ ឬ​និយាយ​រកគ្នា​ទេ សូម្បីតែ​ពាក្យមួយ​ម៉ាត់​ចាប់តាំង​ពីថ្ងៃនោះ​មក—គឺ ៦២ ឆ្នាំមុន ។ សូម​គ្រាន់តែ​គិតពី​លទ្ធផលនៃ​កំហឹងនោះ ។ ( ថូម៉ាស អេស ម៉នសុន « School Thy Feelings, O My Brother » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៦៨–៦៩ )

  • តើ​អ្នករៀន​បានអ្វីខ្លះពី​ដំណើររឿង​របស់​ប្រធាន ម៉នសុន អំពី​បងប្អូន​ទាំងពីរ​នាក់​នេះ ? ហេតុអ្វី​បានជា​អ្នកគិតថា សារលិខិតនេះ​មានសារៈសំខាន់​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ ?

សូម​គិតអំពី​អារម្មណ៍​ផ្ទាល់ខ្លួន​របស់អ្នក ហើយ​ថាតើ​អ្នកមាន​កំហឹង​ញឹកញាប់​ប៉ុណ្ណា​ដែរ ។ សូមពិចារណា​អំពី​ស្ថានភាព​មួយណា​ដែលអាចបណ្តាល​ឲ្យអ្នកមាន​កំហឹង ហើយកំហឹងនោះ​អាចមាន​ឥទ្ធិពល​លើការគិត សកម្មភាព និងទំនាក់ទំនង​របស់អ្នក​យ៉ាងដូចម្តេច​ដែរ ។

ស្ថានភាព​ផុយស្រួយ​ដែលត្រូវបាន​បំផ្លាញ​ដោយសារ​កំហឹង

នៅជំនាន់​ព្យាការី​អេធើរ ប្រជាជន​បានប្រព្រឹត្ត​អំពើ​អាក្រក់ដ៏​បំផុត ។ អេធើរ​ត្រូវបាន​បង្ខំ​ឲ្យ​រត់ទៅ​រស់នៅ​ក្នុងរូងភ្នំ ដើម្បីលាក់ខ្លួន​ពីអ្នក​ដែល​ប៉ង​ចង់​​សម្លាប់​លោក ។ មាន​ពួកកងទ័ព​ប្រយុទ្ធគ្នា​ឥតឈប់ឈរ ហើយពួកគេ​តែងតែ​ធ្វើសង្រ្គាម​ជាមួយគ្នា ។ កងទ័ពមួយ​ដែលបាន​ដឹកនាំដោយ​ស្ដេចមួយ​អង្គឈ្មោះ កូរីអានទុមើរ ហើយ​កងទ័ព​មួយទៀត​ដែលបាន​ដឹកនាំ​ដោយក្រុមមនុស្ស​ផ្សេងទៀត​ដែលជា​អ្នកប្រឆាំងនឹងស្តេច ដែល​មាន​បុរសម្នាក់​ឈ្មោះ សារេឌ ។ អេធើរបាន​ព្រមានដល់​ស្តេច​កូរីអានទុមើរ​ឲ្យប្រែចិត្ត បើមិន​ដូច្នោះ​ទេ ប្រជាជននឹង​ត្រូវ​បំផ្លាញ​បង់ ។

សូម​អាន អេធើរ ១៣:២២–៣១ ដោយរកមើលពី​របៀបដែល​កំហឹងមាន​ឥទ្ធិពលលើ​សកម្មភាពរបស់​មនុស្ស ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

ការបំផ្លិចបំផ្លាញ​របស់​ពួកសាសន៍យ៉ារេឌ បង្ហាញពី​គ្រោះថ្នាក់នៃ​ការបន្ត​មាន​កំហឹង ។ ស្តេច​កូរីអានទុមើរ និងកងទ័ព​របស់ទ្រង់បាន​ទទួលជោគជ័យ​ដោយយក​ឈ្នះ​លើ សារេឌ ។ ប៉ុន្តែ​ក៏មាន​អ្នកផ្សេងទៀត​ក្រោកឡើង​ដើម្បីដឹកនាំ​អ្នកប្រឆាំងផ្សេងៗទៀត រួមទាំង ស៊ិស ផងដែរ ។ ក្រោយពេល​ដែល​ប្រជាជន​រាប់លាននាក់​របស់ទ្រង់​ត្រូវបានគេ​សម្លាប់រួច ស្តេច​កូរីអានទុមើរ​បានព្យាយាម​បញ្ឈប់​ការបង្ហូរឈាម​ដោយ​សរសេរ​សំបុត្រជាច្រើន​ទៅកាន់ ស៊ិស ដើម្បីស្វែងរក​សន្តិភាព ។

សូមអាន អេធើរ ១៥:៥–៦, ១៥–៣០ ដោយរកមើល​ឥទ្ធិពលនៃ​កំហឹងរបស់​ពួកសាសន៍​យ៉ារេឌមាន ទាំង​ជា​លក្ខណៈ​បុគ្គលម្នាក់ៗ និងជា​ក្រុម ។

  • តើកំហឹងបាន​ជះឥទ្ធិពលដល់​បុគ្គលដូចជា កូរីអានទុមើរ ស៊ិស និង​អ្នកដទៃ​ទៀត​តាមវិធីណាខ្លះ ? តើកំហឹង​របស់ពួកគេ​ប៉ះពាល់ដល់​មនុស្ស​នៅជុំវិញខ្លួន​ដោយ​របៀបណា ?

សេចក្តីពិត​មួយ​ដែល​ដំណើររឿងនេះ​បង្រៀន​គឺ​ថា កំហឹង​អាច​បណ្តាលឲ្យ​យើង​ធ្វើការ​សម្រេចចិត្ត​ដែលធ្វើឲ្យ​មានភាពឈឺចាប់​ដល់​ខ្លួនឯង និងអ្នកដទៃ​ផងដែរ ។

  • តើអ្នកធ្លាប់បាន​ឃើញថា តើកំហឹងធ្វើឲ្យ​ប៉ះពាល់ដល់​ទំនាក់ទំនងរវាង​មិត្តភក្តិ មិត្ត​រួមក្រុម សមាជិកវួដ ឬសមាជិកគ្រួសារ​យ៉ាងដូចម្តេច ?

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃ​ពួកសាវកដប់ពីរនាក់​បានពន្យល់ពី​មូលហេតុដែល​យើងគួរខិតខំ​យកឈ្នះ​លើអារម្មណ៍​ពេល​មាន​កំហឹង និង​ការឈ្មោះ​ប្រកែកគ្នា ៖

ព្រះយេស៊ូវ​បានសុំឲ្យ​យើង « រស់នៅ​ជាមួយគ្នា​ដោយនូវ​សេចក្ដី​ស្រឡាញ់ » [ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:៤៥ ] ដោយ « ពុំត្រូវមាន​ការប្រកែក​គ្នា នៅក្នុង​ចំណោម​អ្នករាល់គ្នា​ឡើយ » [ នីហ្វៃ​ទី​៣ ១១:២២ ] ។ ទ្រង់​បាន​ព្រមានដល់​ពួកសាសន៍​នីហ្វៃថា « អស់អ្នកណា​ដែល​មានវិញ្ញាណ​នៃការទាស់ទែងគ្នា គឺពុំមែនជា​របស់ផង​យើងទេ » [ នីហ្វៃ​ទី​៣ ១១:២៩ ] ។ ប្រាកដ​ណាស់ នៅក្នុង​កម្រិត​មួយ​ដ៏​ធំ​សម្បើម នោះ​ទំនាក់ទំនង​របស់​យើង​ចំពោះ​ព្រះគ្រីស្ទ​នឹង​ត្រូវ​បាន​កំណត់—ឬ​យ៉ាង​ហោច​ណាស់​រង​ឥទ្ធិពល—ដោយ​សារ​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​របស់​យើង ។  ( ជែហ្វ្រី អ័រ ហូឡិន « ការងារ​បម្រើ​នៃ​ការផ្សះផ្សា » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៨ )

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • ហេតុអ្វី​បានជា​អ្នកគិតថា ទំនាក់ទំនង​របស់យើង​ជាមួយ​អ្នកដទៃ​ប៉ះពាល់ដល់​ទំនាក់ទំនង​របស់យើង​ជាមួយនឹង​ព្រះយេស៊ូវគ្រីស្ទ ?

    • តើ​ស្ថានភាព​អ្វីខ្លះដែលធ្វើឲ្យ​យើងមាន​កំហឹង ?

    • តើ​ព្រះយេស៊ូវគ្រីស្ទ​អាចជួយយើង​ឲ្យ​យកឈ្នះលើ​កំហឹង​បាន​យ៉ាង​ដូចម្ដេច ?

  1. យ៉ាងហោចណាស់ សូម​ជ្រើសរើសធ្វើ​ជម្រើសមួយក្នុង​ចំណោមជម្រើស​ខាងក្រោម​នេះ ។

ជម្រើស ក ។ គំរូរបស់​ព្រះអង្គ​សង្គ្រោះ​អំពី​សេចក្តី​សប្បុរស

សូមសិក្សា​យ៉ាងហោចណាស់​គំរូមួយនៅក្នុង​ព្រះជន្មរបស់​ព្រះអង្គ​សង្គ្រោះ នៅពេល​ដែលទ្រង់អាច​នឹងមាន​ព្រះហឫទ័យ​ក្រោធ ប៉ុន្តែ​ទ្រង់បាន​ជ្រើសរើស​ឆ្លើយតប​ដោយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សប្បុរស​វិញ ។ អ្នកអាច​សិក្សាពី​ការឆ្កាង​របស់ទ្រង់ ( សូមមើល លូកា ២៣:៣៣–៤៣ ) ឬ​នៅពេល​ដែលគេនាំ​យកស្ត្រីដែល​ផិតក្បត់​មក​ឯទ្រង់ ( សូមមើល យ៉ូហាន ៨:១–១១ ) ។

សូម​សរសេរ​សេចក្ដីសង្ខេប​អំពីស្ថានភាពដែល​ព្រះអង្គសង្គ្រោះ​បានប្រឈម​មុខ និង​របៀប​ដែល​ទ្រង់​បាន​ឆ្លើយតប ។ បន្ទាប់មក សូមសរសេរ​ពីរបៀបដែល​អ្នកអាច​ធ្វើតាមគំរូ​របស់ទ្រង់ នៅពេល​ដែល​អ្នកប្រឈមមុខ​នឹងស្ថានភាព​លំបាកនា​ពេល​អនាគត ។

ជម្រើស ខ ។ ការធ្វើតាម​គំរូរបស់​ព្រះអង្គ​សង្គ្រោះ​អំពី​សេចក្តី​សប្បុរស

សូម​បង្កើតរឿងប្រឌិត​មួយ ប៉ុន្តែមាន​ភាពជាក់ស្តែង ដែលអាច​កើតឡើង​ចំពោះ​នរណាម្នាក់ដែល​ខឹងនឹង​អ្នក​ផ្សេងទៀត ។ សូមបន្ថែម​ព័ត៌មានលម្អិត​មួយចំនួន រួមមាន​ឈ្មោះ និងមូលហេតុ​ដែលនាំ​ឲ្យមាន​កំហឹង ។

បន្ទាប់ពី​បង្កើត​សាច់រឿង​រួច សូមសរសេរ​ពីរបៀបដែល​បុគ្គល​ម្នាក់ៗ​នៅក្នុង​សាច់រឿង​នោះអាចឆ្លើយតប​ដោយ​សេចក្តី​សប្បុរស ។ វាអាច​មានប្រយោជន៍​ក្នុងការគិត​អំពីរបៀប​ដែល​ព្រះអង្គ​សង្គ្រោះ​នឹង​ឆ្លើយតប ប្រសិនបើ​ទ្រង់​មាន​វត្តមាន​នៅក្នុង​ហេតុការណ៍​នោះ ។ ដូចគ្នានេះ​ផងដែរ សូមសរសេរ​នូវអ្វីដែល​អាចកើតឡើង​នៅក្នុង​សាច់​រឿង​នោះ ប្រសិនបើ​មនុស្ស​ឆ្លើយតប​ដោយកំហឹង ។

ការអញ្ជើញ​ឲ្យ​ចៀសវាង​កំហឹង

ប្រធាន រ័សុល អិម ណិលសុន បានមាន​ប្រសាសន៍ ៖ « គ្មាន​ពួកយើង​ណា​ម្នាក់​អាចគ្រប់គ្រង​លើជាតិ​សាសន៍ ឬសកម្មភាព​របស់អ្នក​ដទៃបានទេ សូម្បីតែ​សមាជិក​ក្រុមគ្រួសារ​យើងផ្ទាល់ ។ ប៉ុន្តែយើង​អាចគ្រប់គ្រង​ខ្លួនឯង​បាន » ( « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៩៧ ) ។

សូម​រៀបចំផែនការ​ធ្វើអ្វីដែល​អ្នកអាច​ធ្វើបាន ដើម្បី​គ្រប់គ្រង​ខ្លួនឯង និង​យក​ឈ្នះលើ​កំហឹង ។ ផែនការ​របស់អ្នក​អាចទាក់ទង​ទៅនឹងរបៀប​ដែលអ្នក​ប្រព្រឹត្ត ឬ​ការឆ្លើយតប​ចំពោះមនុស្ស​ណាម្នាក់ ។ ផែនការ​អាច​មាន​វិធី​ដែល​អ្នកអាច​ធ្វើតាមគំរូរបស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ប្រាកដថា​បាន​បញ្ចូល​វិធីដែលអ្នក​អាចឈោង​ទៅរក​ព្រះវរបិតាសួគ៌​សូមជំនួយ​ដ៏ទេវភាពមុន ឬក្នុងអំឡុងពេល​ជួប​ស្ថានភាព​លំបាក​នានា ។