ថ្នាក់​សិក្ខាសាលា
អេធើរ ៤–៥ ៖ « លាតត្រដាង​ដល់ពួកគេ​នូវវិវរណៈ​ទាំងអស់​របស់យើង »


« អេធើរ ៤–៥ ៖ ‹ លាតត្រដាង​ដល់ពួកគេ​នូវវិវរណៈ​ទាំងអស់​របស់យើង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ៤–៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ៤–៥

« លាតត្រដាង​ដល់ពួកគេ​នូវវិវរណៈ​ទាំងអស់​របស់យើង »

រូបភាព
ផ្ទាំង​មាស

តើអ្នក​មាន​អារម្មណ៍ថា បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​រៀន​បន្ថែម​ពីព្រះអម្ចាស់​ឬទេ ? បើសិន​មិនទាន់ទេ តើអ្នក​អាច​ធ្វើអ្វីខ្លះ​ដើម្បី​ត្រៀមខ្លួន ? ព្រះអម្ចាស់​បានបញ្ជា មរ៉ូណៃ​ឲ្យបិទ​ការនិមិត្ត​ដែល​បាន​កត់ត្រាទុក​អំពី​បងរបស់យ៉ារេឌ ហើយបាន​ពន្យល់ថា ការសរសេរ​ទាំងនេះ​នឹង​ត្រូវបើក​បង្ហាញ នៅពេល​ដែល​មនុស្សមាន​សេចក្តីជំនឿ​ដូចបង​របស់យ៉ារេឌ​បានធ្វើ ។ មេរៀននេះ​មាន​គោលបំណង​ជួយ​ដល់អ្នក​ឲ្យយល់​អំពីអ្វីដែល​អ្នកអាច​ធ្វើបាន ដើម្បីទទួល​បានវិវរណៈបន្ថែមទៀត ។

នៅពេល​ដែល​យើង​ត្រៀមខ្លួន​រួចរាល់

សូមគិត​អំពី​វត្ថុមួយ​ដែលមាន​តម្លៃ​ជាពិសេស​សម្រាប់អ្នក ឬគ្រួសារ​របស់អ្នក ។

  • ទោះបីជា​អ្នកចូល​ចិត្ត​ចែកចាយ​វត្ថុនេះ​ជាមួយ​អ្នកដទៃ​ក៏ដោយ មូលហេតុ​អ្វីបានជា​អ្នកប្រហែល​ជាមាន​ការប្រុងប្រយ័ត្នខ្លាំង​ចំពោះ​ក្មេងតូច​ម្នាក់​មិនឲ្យ​ប៉ះពាល់វា ?

  • តើ​ក្មេង​ត្រូវ​រៀន ឬធ្វើអ្វីខ្លះ មុនពេល​ដែល​អ្នក​ជឿជាក់ថា ពួកគេ​អាចប្រើប្រាស់​វត្ថុនោះបាន ?

ស្រដៀងគ្នា​នេះដែរ ព្រះអម្ចាស់​ចូលចិត្ត​បើក​សម្ដែង​សេចក្ដីពិត​ដល់យើង ប៉ុន្តែទ្រង់​រង់ចាំរហូត​ដល់យើង​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួល​យកវា ( សូមមើល អាលម៉ា ១២:៩–១១ ) ។

ផ្នែកដែល​បានបិទត្រា​របស់​ព្រះគម្ពីរ​មរមន

មានគំរូ​មួយ​របស់ព្រះអម្ចាស់ ដែលទ្រង់​រង់ចាំ​បើកបង្ហាញ​សេចក្ដីពិត​រហូតដល់យើង​ត្រៀមខ្លួន​ជាស្រេច គឺជាផ្នែក​ដែលបាន​បិទត្រា​របស់​ព្រះគម្ពីរ​មរមន ។ យ៉ូសែប ស្ម៊ីធ ទទួលបាន​បញ្ជាមិនឲ្យបើក ឬបកប្រែ​ផ្នែកនោះទេ ( សូមមើល អេធើរ ៥:១ ) ។ វាមាន​សរសេរ​បញ្ជី​នៃ​ការនិមិត្ត​ដែល​បានផ្តល់​ដល់បង​របស់យ៉ារេឌ ។

ដើម្បី​ជួយ​អ្នក​ឲ្យរៀន​អំពី​ផ្នែកបិទត្រា​របស់​ព្រះគម្ពីរ​មរមនបាន សូម​ប្រើប្រាស់​បទគម្ពីរ​ដែល​មាន​រាយ​នៅក្នុង​រង្វង់ក្រចក ដើម្បី​ឆ្លើយសំណួរ​ពិត ឬមិនពិត​ខាង​ក្រោមនេះ ។

  1. ព្រះអង្គសង្គ្រោះ​បានបង្ហាញ​អង្គទ្រង់​ផ្ទាល់ទៅដល់​បងរបស់​យ៉ារេឌ ហើយបាន​ធ្វើការងារ​បម្រើដល់​លោក ( អេធើរ ៣:២០ ) ។

  2. ព្រះអម្ចាស់​បាន​បង្ហាញ​ដល់បង​របស់យ៉ារេឌ ទៅដល់​បណ្ដាជន​នៅ​លើ​ផែនដី​ទាំងអតីតកាល និងអនាគត ដោយ​មិនដក​យកអ្វីពី​លោក​ឡើយ ( អេធើរ ៣:២៥; ៤:៤ ) ។

  3. ព្រះអម្ចាស់​បាន​បញ្ជា​បងរបស់យ៉ារេឌ​ឲ្យកត់ត្រា​នូវអ្វី ដែល​លោក​បានរៀន ហើយ​ដើម្បី​បិទត្រានោះ ។ វាជា​ភាសាដែល​ព្រះអម្ចាស់​បានបំភាន់ ហើយ​មិនអាច​អានបាន​បើគ្មាន​អ្នកបកប្រែដ៏​ទេវភាព​នោះ​ទេ ( អេធើរ ៣:២១–២២, ២៤, ២៧; ៤:១ ) ។

  4. ព្រះអម្ចាស់​បាន​ប្រទានត្បូង​បីដុំ​ដល់​បងរបស់​យ៉ារេឌ ដែលអាច​ប្រើប្រាស់​ដើម្បី​បកប្រែ​បញ្ជី​នេះ ( អេធើរ ៣:២៣–២៤, ២៨ ) ។

  5. គ្មាន​នរណាម្នាក់​បានអាន​បញ្ជី​បង​របស់យ៉ារេឌ​បានទេ ( អេធើរ ៤:២–៥ ) ។

ចម្លើយ​ដែល​ត្រឹមត្រូវ​គឺមានបញ្ចូល​នៅ​ចុងបញ្ចប់​នៃ​មេរៀននេះ ។

ការទទួល​បាន​វិវរណៈ​បន្ថែមទៀត

តាមរយៈ មរ៉ូណៃ ព្រះអម្ចាស់​បាន​បើកសម្តែង​នូវអ្វី​ដែលយើង​ត្រូវធ្វើ​ដើម្បី​មករកទ្រង់ ទទួលបាន​វិវរណៈ ហើយ​រៀបចំខ្លួន​យើង​ជាស្រេច​ដើម្បីទទួល​វិវរណៈ​បន្ថែមទៀត ដែលមាន​នៅក្នុង​ផ្នែកដែល​បានបិទត្រា​របស់​ព្រះគម្ពីរ​មរមន ។

សូមអាន អេធើរ ៤:៥–១៥ ដោយ​ប្រុងប្រយ័ត្ន​ស្វែងរក​វិធី​ដើម្បីបំពេញ​សេចក្ដីពិត​ខាងក្រោម ។ ឃ្លា « ការណ៍​ទាំងនេះ » នៅក្នុង ខទី ៨ និង ១១ សំដៅ​ទៅលើ​ព្រះគម្ពីរ​មរមន ។ វាំងនន ជាឧទាហរណ៍​ដែលបាន​ផ្ដល់ឲ្យ​នៅក្នុង ខទី ១៥ គឺជា​វាំងនន ឬក្រណាត់​ដែល​ប្រើប្រាស់​សម្រាប់​បិទបាំង ឬលាក់អ្វីមួយ ។

  • ព្រះអម្ចាស់​នឹងប្រទានពរ​ដល់យើង​នូវវិវរណៈបន្ថែមទៀត នៅពេល​ដែលយើង …

ឃ្លា​ខាងក្រោមនេះ​អាចជា​របៀប​ដែលអ្នក​បាន​បំពេញ​នូវ​សេចក្តីពិត​ខាងលើ ។ សូមពិចារណា​គូស​ចំណាំ​វាទាំងនោះ​នៅក្នុង​បទគម្ពីរ ឬ​សរសេរ​ខគម្ពីរ​នោះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  • « ប្រែចិត្ត … ហើយក្លាយជា​មនុស្សស្អាតស្អំ​នៅចំពោះ​ព្រះអម្ចាស់ » ( អេធើរ ៤:៦ )

  • « អនុវត្ត​សេចក្ដីជំនឿ » ( អេធើរ ៤:៧ )

  • « [ ជឿ ] ការណ៍​ទាំងនេះ » ( សំដៅលើអ្វី ដែលព្រះអម្ចាស់​បានបើកសម្តែង​រួចហើយ ជាពិសេស​ព្រះគម្ពីរ​មរមន ) ( អេធើរ ៤:៨, ១១ )

  • « ចូរមករក [ ព្រះអង្គសង្គ្រោះ ] » ( អេធើរ ៤:១៣–១៥ )

  • សូមអធិស្ឋាន « ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប » ( អេធើរ ៤:១៥ )

ប្រសិនបើ​វាអាចជួយ​ដល់អ្នក​ឲ្យយល់​បានកាន់តែ​ប្រសើរ​ជាងមុន​នូវ​ឃ្លាណាមួយ​ក្នុងចំណោម​ឃ្លាទាំងនេះ សូមរកមើល​ពាក្យគន្លឹះ​នៅក្នុងសេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ Topical Guideឬ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។ ឧទាហរណ៍ វាអាចមាន​ប្រយោជន៍​នៅក្នុង​ការរកមើល « ចិត្ត​សង្រេង » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

រូបភាព
រូបតំណាង​កំណត់ត្រា
  1. ដើម្បីជួយ​អ្នកឲ្យយល់ និងដឹងអំពី​សារៈសំខាន់​នៃ​សកម្មភាព​ទាំងនេះ សូមធ្វើ​សកម្មភាព​យ៉ាងហោចណាស់​មួយក្នុង​ចំណោម​សកម្មភាព​ខាងក្រោមនេះ ៖

    1. សូមគិត​អំពីគំរូ​មកពី​បទគម្ពីរ ឬ​គំរូ​ពី​នរណា​ម្នាក់​សម័យទំនើប ដែល​ធ្វើ​សកម្មភាព​មួយ ឬ​ច្រើន​នៃ​សកម្មភាព​ទាំងនេះ ។ សូមសរសេរ​អំពីរបៀប​ដែល​សកម្មភាព​ទាំងនេះនាំ​ឲ្យ​ទទួលបាន​ជំនួយ និង​វិវរណៈ​មកពី​ព្រះអម្ចាស់ ។

    2. សូមគិត​ពីពេល​វេលាមួយ ដែលធ្វើ​សកម្មភាពមួយ ឬច្រើន​នៅក្នុងចំណោម​សកម្មភាព​ទាំងនេះ​នាំ​ឲ្យ​ទទួល​បាន​ចម្លើយ ឬការណែនាំ​មកពី​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់អ្នក ។ ( ឧទាហរណ៍​មួយអាច​ជា​ការសញ្ជឹងគិត​អំពីអ្វី ដែលអ្នក​បាន​រៀន​ពី និង​ជឿតាមរយៈ​ការសិក្សា​របស់អ្នក​រហូតមក​ដល់ពេលនេះ​នៅក្នុង​ព្រះគម្ពីរ​មរមន និង​របៀបដែល​ការសញ្ជឹងគិត​បាននាំឲ្យ​ទទួលបាន​វិវរណៈនៅក្នុង​ជីវិត​របស់អ្នក ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • ហេតុអ្វីបាន​ជាអ្នក​គិតថា ព្រះអម្ចាស់នឹង​ប្រទានពរ​ដល់យើង​ឲ្យ​ទទួលបាន​វិវរណៈបន្ថែមទៀត នៅពេល​ដែល​យើងរស់​នៅតាម​របៀប ដែលទ្រង់​បានពិពណ៌នា​នៅក្នុង ខទី ៥–១៥ ?

    • ហេតុអ្វី​បាន​ជា​ការបរាជ័យ​ក្នុងការ​ធ្វើ​ជា​បុគ្គល​បែប​ដែល​ព្រះអម្ចាស់​ពិពណ៌នា​ធ្វើ​ឲ្យ​យើង​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​វិវរណៈ​បន្ថែម​ទៀត ?

    • តើ​ការណ៍​នេះ​បង្រៀន​អ្នក​យ៉ាងណា​អំពីព្រះអម្ចាស់ និង​បុគ្គល​បែប​ដែល​ទ្រង់​សព្វព្រះហឫទ័យ​ចង់​ឲ្យយើង​ធ្វើ ?

ព្រះអម្ចាស់​នឹង​បើក​សម្ដែង​ផ្នែក​ដែល​បាន​បិទត្រា​នៃ​ព្រះគម្ពីរ​មរមន​នៅក្នុង « ពេល​កំណត់​របស់​យើង » របស់​ទ្រង់ ( នីហ្វៃ ទី ២ ២៧:២១ ) នៅពេលដែល​យើងអនុវត្ត​សេចក្ដីជំនឿ​ដូចគ្នានឹង​បងរបស់យ៉ារេឌ ( សូមមើល អេធើរ ៤:៧ ) ។ ស្រដៀងគ្នា​នេះដែរ អាចនឹង​មាន​វិវរណៈ​បន្ថែមទៀត​ដែល​ព្រះអម្ចាស់​កំពុងរង់ចាំ​ប្រទាន​ដល់អ្នក ។ ដើម្បីបញ្ចប់​មេរៀននេះ សូមធ្វើតាម​ជំហាន​ដូចខាងក្រោម ៖

  • សូមពិនិត្យ​មើល​ការពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែលនិយាយ​អំពី​មនុស្ស​ទាំងឡាយណា​ដែលអនុវត្ត​សេចក្តីជំនឿ ហើយត្រូវ​បានញែកចេញ​ជាបរិសុទ្ធ ដោយ​សញ្ជឹងគិត​អំពី​របៀប​ដែលអ្នក​មាន​លក្ខណៈ​ដូចជា​ពួកគេ និង​លក្ខណៈណាខ្លះ ដែលអ្នក​ប្រហែល​ជា​ត្រូវការ​ការកែ​លម្អ​ថែមទៀត ។

  • សូមសញ្ជឹងគិត ហើយអធិស្ឋាន​ដើម្បីដឹង​អំពីអ្វី ដែល​ព្រះអម្ចាស់​ចង់ឲ្យ​អ្នកធ្វើ ដើម្បីទទួល​បានវិវរណៈ​បន្ថែមទៀត​មកពីទ្រង់ ។ សូមសរសេរ​គំនិត និងអារម្មណ៍​របស់​អ្នកចូល​ទៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ។

សូម​ឆ្លើយ​សំណួរពិត ឬមិនពិត ៖ ចម្លើយ​បី​ដំបូង គឺពិត ចំណែក​ចម្លើយ​ពីរចុងក្រោយ គឺមិនពិត​ទេ ។