ថ្នាក់​សិក្ខាសាលា
ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ៤ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ


« ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ៤ ៖ ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ភាគ ៤

ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ខាង​វិញ្ញាណ

រូបភាព
សិស្ស​សួរ​សំណួរ​មួយ

ជួនកាល អ្នក​អាច​មាន​សំណួរ​ខាង​វិញ្ញាណ ឬ​កង្វល់​អំពី​ប្រធានបទ​ខាង​គោលលទ្ធិ បុគ្គល​ម្នាក់ៗ សង្គម ឬ​ប្រវត្តិសាស្ត្រ ។ នៅពេល​អ្នក​មាន​សំណួរ ឬ​កង្វល់​បែប​នេះ អ្នក​អាច​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​ជានិច្ច​មួយ ហើយ​ស្វែងរក​ការយល់​ដឹង​បន្ថែម​ទៀត​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។ គោលបំណង​នៃមេរៀន​នេះ​គឺ​ដើម្បី​ជួយ​អ្នក​រំឭក​ឡើង​វិញ​នូវ​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។

បញ្ហា​ប្រឈម​ចំពោះ​សេចក្ដីជំនឿ

សូម​អាន​ស្ថានភាព​ប្រឌិដ្ឋ​ខាង​ក្រោម​នេះ ។ ឬ​អ្នក​ប្រហែលជា​ចង់​មើល​វីដេអូ​« Divinely Appointed Sources » ចាប់ពី​នាទីទី ២:៤៣ ដល់​នាទីទី ៤:១៩ មាននៅគេហទំព័រ ChurchofJesusChrist.org ។

អាសលីន ជា​យុវនារី​ម្នាក់​ដែល​បាន​ឮ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​នាង​ខ្វល់​ចិត្ត​អំពី​សាសនាចក្រ​ពី​មិត្តភក្ដិ​ម្នាក់ ។ នាង​មាន​អារម្មណ៍​ថា ព័ត៌មាន​ត្រូវ​បាន​លាក់​ពី​នាង ហើយ​ថា​នាងត្រូវ​បាន​គេ​កុហក​ដោយ​មិន​បាន​ប្រាប់រឿង​ទាំងនេះ​តាំង​ពី​នាង​នៅ​តូច ។ នាង​ចាប់ផ្តើម​និយាយ​ទៅកាន់​អ្នក​ផ្សេងទៀត​ដែល​អន់ចិត្ត​ដូចគ្នា ហើយ​នាង​បាន​អាន​ការអត្ថាធិប្បាយ​អវិជ្ជមាន​លើ​ប្រធានបទ​នេះ ។

ហ៊ូហ្គោ​បាន​រៀន​អំពី​ប្រធានបទ​គោលលទ្ធិ​ដ៏​ពិបាក​មួយ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ហើយ​បាន​ចូល​អ៊ីនធឺណិត​ដើម្បី​ស្វែងយល់​បន្ថែម ។ គាត់​បាន​ឃើញ​ប្រភព​ដែល​រិះគន់សាសនាចក្រ​ទាក់ទង​នឹង​ប្រធានបទ​នេះ ។ ដោយ​ការ​ចង់​ដឹង​ចង់​ឃើញ​គាត់​បាន​មើល​វីដេអូ​ដែល​បង្ហាញ​ភាពអវិជ្ជមាន​ដល់​ការបង្រៀន​របស់​សាសនាចក្រ​អំពី​ប្រធានបទ​នេះ ។ បទពិសោធន៍​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ចោទ​សួរ​ពី​ភាពពិត​នៃ​សាសនាចក្រ​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​គាត់ ។

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ក្នុង​ស្ថានភាព​ទាំង​នេះ ?

  • តើ​អ្នក​គិត​ថា​អ្នក​នឹង​ឆ្លើយតប​យ៉ាង​ដូចម្តេច ?

ការមាន​សំណួរ​ខាង​វិញ្ញាណ​ដែល​គ្មាន​ចម្លើយ​អំពី​ប្រធានបទ​ខាង​គោលលទ្ធិ បុគ្គល​ម្នាក់ៗ សង្គម ឬ​ប្រវត្តិសាស្ត្រ អាច​ជា​រឿង​ពិបាក ។ សូម​គិត​អំពី​សំណួរ​បែប​នេះ​ដែល​អ្នក​ប្រហែល​ជា​មាន ហើយ​ពិចារណា​សរសេរ​សំណួរ​នោះ​ទុក​សម្រាប់​មេរៀន​នេះ ។

មាន​អ្វី​ដែល​អ្នក​អាច​រៀន និង​ធ្វើ​ដែល​អាច​ជួយ​អ្នក​ឆ្លើយតប​នឹង​សំណួរ ឬ​កង្វល់​ដោយ​ភាពស្មោះត្រង់ និង​ជំនឿ ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​គិត​អំពី​របៀប​ដែល​ព័ត៌មាន​ដែល​អ្នក​រៀន​អាច​ជួយ​អ្នក​ឆ្លើយ​សំណួរ​ផ្ទាល់​ខ្លួន​ដោយ​ការទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ

គោលការណ៍​ខាង​ក្រោម​អាច​ណែនាំ​អ្នក​ក្នុង​ការខិតខំ​របស់​អ្នក ដើម្បី​ទទួល​បាន​ការណែនាំ និង​ការយល់​ដឹង​អំពី​សំណួរ​ខាង​វិញ្ញាណ ៖

  • ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។

  • ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

  • ស្វែងរក​ព័ត៌មាន​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​អាន​ស្ថានភាព​ប្រឌិដ្ឋ​ខាង​ក្រោម​នេះ ។ ឬ​អ្នក​ប្រហែលជា​ចង់​មើល​វីដេអូ​« Divinely Appointed Sources » ចាប់ពី​នាទី​ទី ៤:១៩ ដល់​នាទី​ទី ៥:៣៥ មាននៅ​គេហទំព័រ ChurchofJesusChrist.org ។ អ្នក​ក៏​អាច​ចង់​អាន កថាខណ្ឌ ទី ៥–៧ ផងដែរ​នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) មុនពេល​អាន​ស្ថានភាព​ប្រឌិដ្ឋ ឬ​មើល​វីដេអូ​នោះ ។

បន្ទាប់ពី​បាន​ដឹង​ពី​អ្វី​ដែល​នាង​បាន​ធ្វើ​នោះ អាសលីន​តូចចិត្ត​ជា​ខ្លាំង​ដែល​នាង​ឈប់​ចូលរួម​ក្នុង​សាសនាចក្រ ។ អស់​រយៈពេល​ជាង​មួយ​ឆ្នាំ នាង​បាន​ឃ្លាត​ឆ្ងាយ​ពី​សាសនាចក្រ ។ នៅទីបំផុត មិត្ត​ជិតស្និទ្ធ​ម្នាក់​បាន​សួរ​នាង​ថា ហេតុអ្វី​នាង​ឈប់​ចូលរួម​ព្រះវិហារ ។ គាត់​បាន​ចែកចាយ​សុន្ទរកថា​សន្និសីទ​ទូទៅ​ជាមួយ​នាង ដែល​គាត់​គិតថា​នឹង​មានប្រយោជន៍ ហើយ​បាន​អញ្ជើញ​នាង​ឲ្យ​អធិស្ឋាន​អំពី​អ្វី​ដែល​នាង​បាន​អាន ។

ហ៊ូហ្គោ​បាន​រក្សា​ការសង្ស័យ និង​កង្វល់​របស់​គាត់​ចំពោះ​ខ្លួន​គាត់ ប៉ុន្តែ​បាន​បន្ត​ចូលរួម​ក្នុង​សាសនាចក្រ ។ ប៉ុន្តែ​អារម្មណ៍​ច្របូកច្របល់​របស់​គាត់​មិន​បាន​បាត់​ទៅ​ណា​ឡើយ ។ នៅ​ចំណុច​ជាក់លាក់​មួយ គាត់​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​ថា គាត់​គួរតែ​និយាយ​ជាមួយ​ឪពុក​ម្តាយ​របស់​គាត់​អំពី​កង្វល់​របស់​គាត់ ។ វា​គឺ​ជា​អារម្មណ៍​ខាង​វិញ្ញាណ​ដំបូង​ដែល​គាត់​បាន​ទទួល​ស្គាល់ ចាប់តាំង​ពី​បទពិសោធន៍​របស់​គាត់​នៅលើ​អ៊ីនធឺណិត ។

រូបភាព
រូបតំណាង កំណត់ត្រា
រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​អ្នក​ឃើញ អាសលីន និង ហ៊ូហ្គោ ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ឬ​មិន​ធ្វើ​សកម្មភាព​ដោយ​ជំនឿ​ដោយ​របៀប​ណា ?

    • តើ​អ្នក​អាច​និយាយ​អ្វី​ដែល​អាច​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ងាក​មក​រក​ព្រះ​ក្នុង​ការឆ្លើយតប​នឹង​ឧបសគ្គ​របស់​ពួកគេ ?

    • តើ​ខគម្ពីរ​អ្វី​ខ្លះ​ដែល​អាច​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ នៅពេល​គាត់​មាន​សំណួរ​ដែល​មិន​ងាយ​ឆ្លើយ ?

    សូម​រៀបរាប់​បទគម្ពីរ​យ៉ាង​ហោច​ណាស់​មួយ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​អាច​មាន​ប្រយោជន៍ ។ ប្រសិនបើ​អ្នក​ពិបាក​រក​ខគម្ពីរ​បាន​មួយ សូម​រំឭក​ឡើង​វិញ វគ្គបទ​គម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ ក្នុង ឯកសារ​គោល​នៃ​ចំណេះ​ដឹង​ខាង​គោលលទ្ធិ ។

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​ជានិច្ច

សូម​រំឭក កថាខណ្ឌទី ៨–១០ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​ការពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ដោយ​ទស្សនវិស័យ​ដ៏​អស់​កល្ប​មួយ​បាន​ជួយ អាសលីន ឬ ហ៊ូហ្គោ យ៉ាង​ដូចម្តេច នៅពេល​ការសង្ស័យ​របស់​ពួកគេ​បាន​កើត​ឡើង​ដំបូង ?

    • តើ​វា​អាច​ជួយ​ពួកគេ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​ពួកគេ​យ៉ាង​ដូចម្តេច ?

    • តើ​អ្នក​ចង់​ឲ្យ ហ៊ូហ្គោ ឬ អាសលីន យល់​យ៉ាង​ណា​អំពី​ព្រះ និង​ផែនការ​របស់​ទ្រង់​នៅ​ចំណុច​នេះ​ក្នុង​ជីវិត​របស់​ពួកគេ ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

សូម​រំឭក កថាខណ្ឌទី ១១–១២ នៅក្នុង​ផ្នែក « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៃ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

សូម​អាន​ស្ថានភាព​ប្រឌិដ្ឋ​ខាង​ក្រោម​នេះ ។ ឬ​អ្នក​ប្រហែលជា​ចង់​មើល​វីដេអូ « Divinely Appointed Sources » ចាប់ពី​នាទី​ទី ៥:៣៥ ដល់​នាទី​ទី ៧:០១ មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ។

អាសលីន បាន​សម្រេចចិត្ត​អាន​សុន្ទរកថា​សន្និសីទ​ទូទៅ​ដែល​មិត្ត​នាង​បាន​ណែនាំ​ដល់​នាង ។ ពេល​នាង​អាន នាង​ទទួល​អារម្មណ៍​ថា មាន​ភាពសុខសាន្ត និង​ភាពស្កប់ស្កល់ ដែល​ខុស​ពី​អ្វី​ដែល​នាង​ទទួល​អារម្មណ៍​ពេល​អាន​ការអធិប្បាយ​អវិជ្ជមាន​អំពី​សាសនាចក្រ ។ នាង​មាន​អារម្មណ៍​ថា មាន​ការអះអាង​ផ្ទាល់​ខ្លួន​ថា មាន​សេចក្តីល្អ និង​សេចក្តីពិត​ពី​អ្វី​ដែល​នាង​កំពុង​អាន ។ ក្រោយ​មក តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ដោយ​ស្មោះត្រង់ នាង​ទទួល​អារម្មណ៍​ថា ទីបន្ទាល់​របស់​នាង​ត្រូវបាន​ពង្រឹង ទោះបី​ជា​នាង​នៅមាន​សំណួរ​ដែល​គ្មាន​ចម្លើយ​ក៏​ដោយ ។

ហ៊ូហ្គោ​បាន​និយាយ​ទៅកាន់​ឪពុក​ម្តាយ​របស់​គាត់ ហើយ​បាន​រកឃើញ​ថា ពួកគាត់​មាន​ចិត្ត​សប្បុរស និង​យល់​អំពី​កង្វល់​របស់​គាត់ ។ ពួកគាត់​បាន​ណែនាំ​គាត់​ឲ្យ​ស្គាល់​ធនធាន Gospel Topics នៅក្នុង​បណ្ណាល័យ​ដំណឹង​ល្អ ហើយ​ពួកគាត់​អាន​ជាមួយ​គ្នា​អំពី​ប្រធានបទ​ដែល​ទាក់ទង​នឹង​គាត់ ។ គាត់​បាន​រកឃើញ​ការលួងលោម​ដោយ​ដឹង​ថា មាន​ការឆ្លើយតប​ពី​ព្យាការី​ដែល​គាត់​អាច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​គាត់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​បុគ្គល​ម្នាក់ៗ​នៅក្នុង​ស្ថានភាព​ប្រឌិដ្ឋនេះ​ទទួល​បាន​ព័ត៌មាន​ពី​ប្រភព​អ្វី​ខ្លះ ? តើ​ប្រភព​ណា​ខ្លះ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ? ហេតុអ្វី​ទុកចិត្ត ឬ​ហេតុអ្វី​មិន​ទុកចិត្ត ?

    • តើ​មាន​ភាព​ខុសប្លែក​អ្វី​ខ្លះ​ពេល​ដែល​អាសលីន និង​ហ៊ូហ្គោ ងាក​ទៅរក​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព ?

    • តើ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​អ្វី​ខ្លះ ដែល​អ្នក​មាន​អំណរគុណ ? ហេតុអ្វី ?

    សូម​គិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅថ្ងៃ​នេះ និង​របៀប​ដែល​វា​អាច​ជួយ​ជាមួយ​នឹង​សំណួរ ឬ​បញ្ហា​ខាង​វិញ្ញាណ​ដែល​អ្នក ឬ​អ្នក​ផ្សេង​ទៀត​មាន ។ សូម​ពិចារណា​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ការ​សិក្សា​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​បាន​រៀន ដែល​អាច​ជួយ​អ្នក​ស្វែងរក​ភាពសុខសាន្ត និង​ការយល់​ដឹង ។ សូម​អញ្ជើញ​ព្រះចេស្តា​របស់​ព្រះវរបិតាសួគ៌​ឲ្យ​បំផុស​គំនិត​អ្នក នៅពេល​អ្នក​សញ្ជឹង​គិត និង​សរសេរ ។