ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ១៨ ៖ សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក


« ម៉ូសាយ ១៨ ៖ សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យជ្រមុជទឹក » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ១៨ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ១៨

សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក

រូបភាព
យុវវ័យ​កំពុង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក

ការសម្រេច​ចិត្ត​មួយ​ចំនួន​មាន​សារៈសំខាន់​ខ្លាំង​ណាស់ រហូត​ដល់​វា​អាច​ជះ​ឥទ្ធិពល​លើ​អ្វី​គ្រប់​យ៉ាង​ផ្សេង​ទៀត​ក្នុង​ជីវិត​របស់​យើង ។ ការចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក គឺជា​ការសម្រេច​ចិត្ត​មួយ​ក្នុង​ចំណោម​ការសម្រេច​ចិត្ត​ទាំង​នោះ ។ អាលម៉ា​បាន​បង្រៀន​ប្រជាជន​របស់​លោក​នៅក្បែរ​ទឹក​មរមន​អំពី​សេចក្ដីសញ្ញា​ដែល​យើង​ចុះ​ជាមួយ​នឹង​ព្រះ នៅពេល​យើង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​របៀប​ដែល​វា​អាច​ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះ និង​អ្នក​ដទៃ ។

ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក

ដើម្បី​ចាប់ផ្ដើម​ការសិក្សា​របស់​អ្នក​នៅ​ថ្ងៃ​នេះ សូម​គិត​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក ហើយ​ព្យាយាម​ចងចាំ​ព័ត៌មាន​លម្អិត​មក​ពី​ថ្ងៃនោះ ។ ប្រសិនបើ​អ្នក​មិន​ទាន់​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ទេ សូម​សញ្ចឹង​គិត​អំពី​អ្វី​ដែល​អ្នក​ដឹង​អំពី​ពិធីបុណ្យ​ជ្រមុជ​ទឹក ឬ​អ្វី​ដែល​អ្នក​ចងចាំ​ពី​ការចូលរួម​ក្នុង​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។

  • តើ​អនុស្សាវរីយ៍​អ្វី​ខ្លះ​ដែល​អ្នក​ចូលចិត្ត​បំផុត​មក​ពី​ថ្ងៃ​នោះ ? តើ​អ្នក​មាន​អារម្មណ៍​ដូចម្ដេច ?

  • តើ​ការសម្រេច​ចិត្ត​របស់​អ្នក​ក្នុង​ការ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះ និង​មនុស្ស​ដទៃ​ទៀត​យ៉ាង​ណា ?

អាលម៉ា​បង្រៀន​សម្តី​របស់ អ័ប៊ីណាដៃ

រូបភាព
អ័ប៊ីណាដៃ​ថ្លែង​ទីបន្ទាល់​នៅ​ចំពោះ​ព្រះភក្ត​ណូអេ

ម៉ូសាយ ១៨ មាន​ដំណើរ​រឿង​របស់​អាលម៉ា ដែល​ធ្លាប់​ជា​សង្ឃ​ម្នាក់​របស់​ស្តេច​ណូអេ ដោយ​បង្រៀន​សម្តី​របស់​អ័ប៊ីណាដៃ​ដល់​អ្នក​ដទៃ ។ អាលម៉ា​ត្រូវបាន​បង្ខំ​ឲ្យ​បង្រៀន​ដោយ​សម្ងាត់ ដោយសារ​ស្តេច​ណូអេ​ចង់​សម្លាប់​លោក ដោយសារ​ការជឿ​ទីបន្ទាល់​របស់​អ័ប៊ីណាដៃ អំពី​ព្រះយេស៊ូវគ្រីស្ទ ។

សូម​អាន ម៉ូសាយ ១៨:១–៧ ដោយ​រកមើល​អ្វី​ដែល អាលម៉ា បាន​បង្រៀន​ប្រជាជន ។

  • តើ​អាលម៉ា​បាន​បង្រៀន​អ្វី​ខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ បន្ទាប់​ពី​បាន​ឮ​ទីបន្ទាល់​របស់ អ័ប៊ីណាដៃ​មក ?

  • ហេតុអ្វី​អ្នក​គិត​ថា អាលម៉ា​សម្រេច​ចិត្ត​បង្រៀន​អ្វី​ដែល​លោក​បាន​ធ្វើ​នៅក្នុង​ខ​គម្ពីរ​ទាំង​នេះ ?

សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក

បន្ទាប់​ពី​បង្រៀន​ប្រជាជន​អំពី​ការប្រោសលោះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​មក អាលម៉ា​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ ចេញ​ពី​ការបង្រៀន​របស់​លោក យើង​អាច​ដឹង​ថា ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​យើង​ចុះ​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះ ។ នៅពេល​អ្នក​បន្ត​សិក្សា​ការបង្រៀន​របស់​អាលម៉ា សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​ដឹង​អំពី​សេចក្ដីសញ្ញា​ដែល​យើង​ចុះ​នៅក្នុង​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយរំឭក​រាល់​ពេល​ដែល​យើង​ទទួល​ទាន​សាក្រាម៉ង់ ព្រម​ទាំង​សំណួរ​ទាំងឡាយ​ដែល​អ្នក​អាច​មាន ។ សូម​ស្វែងរក​ដោយ​ការអធិស្ឋាន​ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​របៀប​ដែល​សេចក្តីសញ្ញា​នេះ​អាច​មាន​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះ និង​អ្នក​ដទៃ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ពី​អ្វី​ដែល​ជា​សេចក្តីសញ្ញា ៖

សេចក្ដីសញ្ញា​គឺជា​កិច្ចព្រម​ព្រៀង​រវាង​ព្រះ និង​មនុស្ស ជា​កិច្ច​ព្រមព្រៀង​ដែល​លក្ខខណ្ឌ​ត្រូវបាន​កំណត់​ដោយ​ព្រះ ( សូម​មើល Bible Dictionary « Covenant » ទំព័រ ៦៥១ ) ។ នៅក្នុង​កិច្ច​ព្រមព្រៀង​ដ៏​ទេវភាព​ទាំងនេះ ព្រះ​ចង​អង្គ​ទ្រង់​ដើម្បី​ទ្រទ្រង់ ញែក​ជា​បរិសុទ្ធ និង​លើក​តម្កើង​យើង​ជា​ថ្នូរ​នឹង​ការតាំងចិត្ត​របស់​យើង​ក្នុង​ការបម្រើ​ទ្រង់ និង​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Power of Covenants » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ២០ )

នៅក្នុង ម៉ូសាយ ១៨:៨–១០ អាលម៉ា​បាន​ពិពណ៌នា​អំពី​សេចក្ដីសញ្ញា​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ សូម​អាន ម៉ូសាយ ១៨:៨–១០ ហើយ​ពិចារណា​គូស​ចំណាំ​នូវ​អ្វី​ដែល​យើង​តាំង​ចិត្ត​នឹង​ធ្វើ នៅពេល​យើង​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ហើយ​ដោយ​ប្រើ​ពណ៌ ឬ​ម៉ូដ​ផ្សេងៗ ដោយ​គូស​ចំណាំ​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​ប្រទាន​ដល់​យើង ។

ម៉ូសាយ ១៨:៨–១០ គឺ​ជា​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​មួយ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់ ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​ទៅ​នឹង​សំណួរ ឬ​ស្ថានភាព​មួយ ។

  • តើ​អ្នក​គិត​ថា វា​មាន​ន័យ​យ៉ាង​ណា​ក្នុង​ការ « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ » និង « កម្សាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​ការកម្សាន្ត​ទុក្ខ ? » ( ខទី ៩ ) ។

  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​យើង​អាច « ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្តី និង​គ្រប់​ទីកន្លែង ? » ( ខទី ៩ ) ។ តើ​អ្នក​ស្គាល់​នរណា​ដែល​ជា​គំរូ​ល្អ​អំពី​ការណ៍​ទាំង​នេះ ?

  • តើ​អ្នក​បាន​ឃើញ​ព្រះ​ប្រទាន​ពរ​ដល់​អ្នក ឬ​អ្នក​ដទៃ​ពី​ការសន្យា​ដែល​ទ្រង់​ធ្វើ​ជាមួយ​យើង​តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​របៀប​ណា ?

ការរក្សា​សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក

ដើម្បី​ជួយ​អ្នក​ឲ្យ​ឃើញ​ពី​របៀប​រក្សា​សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង អ្នក​អាច​ចង់​មើល​វីដេអូ​ខាង​ក្រោម ដោយ​រកមើល​ឧទាហរណ៍​នៃ​ការរក្សា​ការសន្យា​ដែល​អាលម៉ា​បាន​ពិពណ៌នា​នៅក្នុង ម៉ូសាយ ១៨:៨–១០ ។ ( វីដេអូ​មាន​នៅ ChurchofJesusChrist.org ។,

  • « No Cussing Club » ( ៤:៥៦ )

  • « Eyes to See » ( ចាប់​ពី​នាទី​ទី ៤:៥៥ ដល់​នាទី​ទី ៦:៥៣ )

  • « Dayton’s Legs » ( ៣:០២ )

  • តើ​ពាក្យ និង​ឃ្លា​ណា​ចេញ​មក​ពី ខទី ៨–១០ ដែល​អ្នក​បាន​ឃើញ​ថា​បាន​បង្ហាញ ?

សូម​ជ្រើសរើស​យ៉ាង​ហោច​ណាស់​ការសន្យា​មួយ ដែល​យើង​ធ្វើ​នៅ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដែល​អាលម៉ា​បាន​ចែកចាយ​នៅក្នុង ម៉ូសាយ ១៨:៨–១០ ។ ឧទាហរណ៍ ៖ អ្នក​អាច​នឹង​ជ្រើសរើស​យក « ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក » ( ខទី ៨ ) ឬ « កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ » ( ខទី ១០ ) ។

  1. សូម​កត់ត្រា​ការសន្យា ( នានា ) ដែល​អ្នក​បាន​ជ្រើសរើស​ផ្តោតលើ ហើយ​ឆ្លើយ​យ៉ាង​ហោច​ណាស់​សំណួរ​បី​ខាង​ក្រោម ៖

    • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​យុវវ័យ​អាច​រក្សា​ការសន្យា​នោះ ?

    • ហេតុអ្វី​អ្នក​គិត​ថា ព្រះវរបិតា​សួគ៌​បាន​បញ្ចូល​វា​ជា​ផ្នែក​នៃ​សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​យើង ?

    • តើ​ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​គំរូ​តាមរយៈ​ការ​រក្សា​ការសន្យា​នោះ​យ៉ាង​ដូចម្តេច ?

    • តើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​រក្សា​ការសន្យា​នោះ​នៅពេល​ណា ? តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​បទពិសោធន៍​ទាំង​នោះ ?

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ពី​របៀប​ដែល​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុង​ធ្វើ​ក្នុង​ការរក្សា​ការសន្យា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ដែល​អាលម៉ា​បាន​ចែកចាយ​នៅក្នុង ម៉ូសាយ ១៨:៨–១០ ។ តើ​អ្នក​បាន​រក្សា​ការសន្យា​មួយ​ចំនួន​បាន​ជោគជ័យ​ដោយ​របៀប​ណា ? តើ​ក្នុង​ស្ថានភាព​ណា​ខ្លះ​ដែល​អ្នក​អាច​រក្សា​ការសន្យា​មួយ​ក្នុង​ចំណោម​ការសន្យា​ទាំង​នោះ​ដោយ​ចេតនា ? តើ​អ្នក​គិត​ថា វា​នឹង​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះអម្ចាស់ និង​ជាមួយ​មនុស្ស​ផ្សេង​ទៀត​យ៉ាង​ដូចម្ដេច ប្រសិនបើ​អ្នក​ធ្វើ​ដូច្នេះ ?