ថ្នាក់​សិក្ខាសាលា
វាយ​តម្លៃ​ការ​រៀនសូត្រ​របស់​អ្នក ទី​៤ ៖ អេណុស–ម៉ូសាយ ១៧


« វាយ​តម្លៃ​ការ​រៀនសូត្រ​របស់​អ្នក ទី៤ ៖ អេណុស–ម៉ូសាយ ១៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« វាយ​តម្លៃ​ការ​រៀនសូត្រ​របស់​អ្នក ទី៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

វាយ​តម្លៃ​ការ​រៀនសូត្រ​របស់​អ្នក ទី៤

អេណុសម៉ូសាយ ១៧

រូបភាព
យុវជន​កំពុង​សិក្សា និង​និយាយ​អំពី​ព្រះគម្ពីរ​ជាមួយ​គ្នា ។

គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​អ្នក​ឲ្យ​វាយ​តម្លៃ​គោលដៅ​ទាំងឡាយ​ដែល​អ្នក​បាន​ដាក់ និង​ការរីក​ចម្រើន​ដែល​អ្នក​បាន​ដក​ពិសោធ អំឡុង​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ។

« វាយតម្លៃ … ហើយ​បន្ត​ព្យាយាម »

ម្តងម្កាល វា​ជា​រឿង​សំខាន់​ក្នុង​ការចំណាយ​ពេល​ដើម្បី​ពិចារណា និង​វាយតម្លៃ​ពី​របៀប​ដែល​យើង​កំពុង​ធ្វើ ។ អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍ ៖

ការអញ្ជើញ​របស់​ខ្ញុំ​ចំពោះ​យើង​ទាំងអស់​គ្នា​គឺ​ដើម្បី​វាយតម្លៃ​ជីវិត​របស់​យើង ប្រែចិត្ត ហើយ​បន្ត​ព្យាយាម ។ … នៅពេល​យើង​ផ្លាស់ប្តូរ យើង​នឹង​យល់​ឃើញ​ថា ព្រះពិត​ជា​យក​ព្រះទ័យ​ទុក​ដាក់​ច្រើន​អំពី​យើង និង​អំពី​អ្វី​ដែល​យើង​កំពុង​ប្រែ​ក្លាយ ជាង​យើង​កាល​ពី​មុន ។ ( ឌែល ជី រិនឡាន់ « Latter-day Saints Keep on Trying » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៥៨ )

ក្នុង​អំឡុង​​មេរៀន​នេះ អ្នក​អាច​ចង់​ពិចារណា​សួរ​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​កំពុង​រីកចម្រើន ឬ​ផ្លាស់ប្តូរ​ដោយ​របៀប​ណា​ខ្លះ ដោយសារ​អ្វី​ដែល​អ្នក​កំពុង​រៀន​ពី​ព្រះគម្ពីរ​មរមន ?

  • តើ​អ្នក​រីកចម្រើន​ប៉ុនណា​លើ​គោលដៅ​ដែល​អ្នក​បាន​ដាក់ ?

  • តើ​អ្នក​ចង់​បន្ត​ធ្វើ​អ្វី​ទៀត ឬ​តើ​វា​មាន​ប្រយោជន៍​ដែរ​ឬ​ទេ​ក្នុង​ការ​ជ្រើសរើស​ផ្នែក​ផ្សេងៗ​ដើម្បី​ផ្តោត​លើ​នោះ ?

សកម្មភាព​ខាង​ក្រោម​អាច​ជួយ​អ្នក​វាស់វែង​ការយល់​ដឹង ចំណេះ​ដឹង​របស់​អ្នក និង​ការរីកចម្រើន​ដែល​អ្នក​កំពុង​ព្យាយាម​ធ្វើ ។ សូម​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​ទទួល​ស្គាល់​ការខិតខំ​របស់​អ្នក ហើយ​ទទួល​អារម្មណ៍​ពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ ។

ការពន្យល់​អំពី​តួនាទី​របស់​ព្យាការី

ពេល​អ្នក​បាន​សិក្សា​អំពី​ព្យាការី អ័ប៊ីណាដៃ នៅក្នុង ម៉ូសាយ ១១–១៧ នោះ​អ្នក​អាច​បាន​ដឹង​ថា អាលម៉ា បាន​ជឿ​ថា លោក​ជា​ព្យាការី ហើយ​បាន​ធ្វើ​តាម​ការបង្រៀន​របស់​លោក ខណៈ​ដែល​ស្តេច​ណូអេ និង​ពួកសង្ឃ​ដទៃ​ទៀត​បាន​បដិសេធ​លោក​ដោយ​បើក​ចំហ ។ អ្នក​អាច​សង្កេត​ឃើញ​នៅ​ជំនាន់​យើង​ថា មនុស្ស​មួយ​ចំនួន​ទទួល​យក​ព្យាការី រី​ឯ​អ្នក​ខ្លះ​ទៀត​បដិសេធ​ពួកលោក ។

សូម​ប្រើ​ធនធាន​ខាង​ក្រោម ឬ​ធនធាន​ផ្សេង​ទៀត​ដែល​អ្នក​រកឃើញ ដើម្បី​រៀបចំ​ការឆ្លើយតប​ខ្លី​មួយ ដើម្បី​ជួយ​នរណា​ម្នាក់​ឲ្យ​យល់​ពី​​ព្យាការី និង​មូលហេតុ​ដែល​ត្រូវការ​ព្យាការី​សព្វថ្ងៃ​នេះ ។ សូម​បញ្ចូល​ខគម្ពីរ​មួយ ឬ​ច្រើន ដើម្បី​គាំទ្រ​ការឆ្លើយតប​របស់​អ្នក ។

ជាជាង​ការ​សរសេរ​ការឆ្លើយតប​របស់​អ្នក​យ៉ាង​សាមញ្ញ អ្នក​អាច​បង្កើត​ការចុះផ្សាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម វីដេអូ​ខ្លីៗ ឬ​គិត​អំពី​វិធី​ផ្សេង​ទៀត​ដើម្បី​ចែកចាយ​អ្វី​ដែល​អ្នក​ដឹង ។

ធនធាន​បទគម្ពីរ​ដែល​អាច​មាន​ប្រយោជន៍ ៖

សំណួរ​ដែល​អ្នក​អាច​ពិចារណា​ក្នុង​ការបង្កើត​ការឆ្លើយតប​របស់​អ្នក ៖

  • តើ​ព្យាការី​មាន​ន័យ​យ៉ាងណា ហើយ​តើ​ព្យាការី​ទាំង​នោះ​ធ្វើ​អ្វី ?

  • តើ​មនុស្ស​អាច​មាន​សំណួរ ឬ​យល់​ខុស​អ្វី​ខ្លះ​អំពី​ព្យាការី ?

  • តើ​អ្នក​អាច​ចែកចាយ​អ្វី​ទៀត​ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ព្រះ​ហៅ​ព្យាការី​នា​សព្វថ្ងៃ​នេះ ?

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​កត់ត្រា​ការឆ្លើយតប​របស់​អ្នក ឬ​ការពិពណ៌នា​អំពី​អ្វី​ដែល​អ្នក​បាន​រៀបចំ ។

ការជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល និង​ការបម្រើ​អ្នក​ដទៃ

សេចក្តីពិត​មួយ​ដែល​ព្រះ​បាន​បើក​សម្ដែង​តាមរយៈ​ព្យាការី​របស់​ទ្រង់​គឺ​ថា កិច្ចការ និង​សិរីល្អ​របស់​ទ្រង់ គឺ​ដើម្បី​ជួយ​កូនចៅ​ទ្រង់​ឲ្យ​សម្រេច​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ( សូម​មើល ម៉ូសេ ១:៣៩) ។ នៅក្នុង​ព្រះគម្ពីរ​មរមន​ស្ដេច​បេនយ៉ាមីន បាន​ចង្អុល​បង្ហាញ​ថា វិធី​មួយ​ដែល​យើង​អាច​ជួយ​សម្រេច​កិច្ចការ​របស់​ព្រះ​បាន​គឺ ដោយ​ការបម្រើ​អ្នក​ដទៃ ( សូម​មើល ម៉ូសាយ ២:១៧ ) ។ ថ្មីៗ​នេះ ប្រធាន បូនី អេច ខូដុន ប្រធាន​យុវនារី​ទូទៅ បាន​បង្រៀន ៖

គោលបំណង​ដ៏​អស់​កល្ប​របស់​យើង​គឺ​មក​រក​ព្រះគ្រីស្ទ ហើយ​ចូលរួម​ជាមួយ​ទ្រង់​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ វា​សាមញ្ញ​ដូច​នឹង​ការធ្វើ​អ្វី​ដែល​ប្រធាន [ រ័សុល អិម ] ណិលសុន បាន​បង្រៀន ៖ « រាល់​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​នរណា​ម្នាក់ … ដើម្បី​ចុះ និង​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ នោះ​យើង​កំពុង​ជួយ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល​ហើយ » ។ ហើយ​ពេល​យើង​ធ្វើ​កិច្ចការ​របស់​ទ្រង់​ជាមួយ​នឹង​ទ្រង់ យើង​ស្គាល់ និង​ស្រឡាញ់​ទ្រង់​កាន់តែ​ខ្លាំង ។ ( បូនី អេច ខ័រឌុន « Come unto Christ and Don’t Come Alone » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១១ )

សូម​គិត​អំពី​គោលដៅ ឬ​ផែនការ​ដែល​អ្នក​បាន​ធ្វើ​នៅក្នុង​មេរៀន​មុនៗ ដែល​កំពុង​ជួយ​អ្នក​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​របស់​ព្រះ​តាមរយៈ ៖

  • ការជួយ​ព្រះអម្ចាស់​ក្នុង​កិច្ចការ​របស់​ទ្រង់​ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល ( សូម​មើល យ៉ាកុប ៥:៧១–៧២, ៧៥ )

  • ការបម្រើ​អ្នក​ដទៃ​តាម​របៀប​ដូច​ព្រះគ្រីស្ទ ( សូម​មើល ម៉ូសាយ ២:១៧ )

  • ការធ្វើ​ការលើ​គោលដៅ​ផ្សេង​ទៀត​ទាក់ទង​នឹង​ដំណឹង​ល្អ​ដែល​អ្នក​មាន ឬ​ចង់​ចាប់ផ្ដើម​គោលដៅ​នោះ

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​អ្នក ( ឬ​ហេតុអ្វី​អ្នក​ចង់ ) រីកចម្រើន​ក្នុង​ផ្នែក​នេះ​ដោយ​របៀប​ណា ? តើ​អ្នក​បាន​ធ្វើ​អ្វី ( ឬ​អាច​ធ្វើ​អ្វី ) ដើម្បី​ធ្វើ​ឲ្យ​មាន​ការរីក​ចម្រើន​នេះ ?

    • តើ​ឧបសគ្គ ឬ​ការតស៊ូ​អ្វី​ខ្លះ​ដែល​អ្នក​បាន ( ឬ​រំពឹង​ថា​នឹង ) ជួប​ប្រទះ ? តើ​អ្នក​បាន ( ឬ​អាច ) ព្យាយាម​យក​ឈ្នះ​ឧបសគ្គ​ទាំង​នោះ​ដោយ​របៀប​ណា ?

    • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ នៅពេល​អ្នក​បាន​ធ្វើការ​លើ​គោលដៅ​នេះ ? ហេតុអ្វី​អ្នក​គិត​ថា ទ្រង់​នឹង​សព្វ​ព្រះទ័យ​ជាមួយ​ការខិតខំ​របស់​អ្នក ?

ការមាន​អារម្មណ៍​រីករាយ និង​អំណរ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ

នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក អ្នក​បាន​អាន​ដំណើរ​រឿង​នៃ​មនុស្ស​ជាច្រើន​ដែល​បាន​រកឃើញ​សេចក្តីអំណរ និង​សុភមង្គល​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹង​ល្អ​របស់​ទ្រង់ ។ សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​រំឭក​ឧទាហរណ៍​ទាំងនេះ ។ ឧទាហរណ៍​ទាំង​នោះ​រួម​មាន​ដូច​ត​ទៅ ៖

  • លីហៃ និង​អ្នក​ដែល​បាន​មក​រកដើមជីវិត ( សូមមើល នីហ្វៃ​ទី១ ៨:១០–១២, ៣០ )

  • អេណុស ( សូម​មើល អេណុស ១:១–៨ )

  • រាស្ដ្រ​របស់​ស្ដេច​បេនយ៉ាមីន ដែល​បាន​ត្រេកអរ​ដោយសារ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ( សូម​មើល ម៉ូសាយ ២:៤១; ៤:៣; ៥:១–៥ )

សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ពិពណ៌នា ឬ​បង្ហាញ​ពី​សុភមង្គល​ដែល​អ្នក​មាន​តាមរយៈ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

នៅ​ចំ​កណ្តាល​នៃ​ទំព័រ​ក្រដាស​ទទេ​ក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ឬ​ក្រដាស​ផ្សេង​​មួយ​សន្លឹក សូម​សរសេរ​ពាក្យ សេចក្តីអំណរ និង​សុភមង្គល​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គូស​រង្វង់​ជុំវិញ​ពាក្យ​ទាំង​នោះ ។ ឥឡូវ​នេះ​សូម​ចាប់ផ្ដើម​បន្ថែម​គំនិត​ដែល​អ្នក​ភ្ជាប់​ទៅ​នឹង​ពាក្យ​ទាំង​នេះ ។ ដើម្បី​ចាប់ផ្ដើម អ្នក​អាច​ពិចារណា​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​សំណួរ​ខាង​ក្រោម ។

  • តើ​អ្នក​មាន​អារម្មណ៍​ថា ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​កំពុង​រួម​ចំណែក​ដល់​សេចក្តីអំណរ​ក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬ​ទេ ? ហេតុអ្វី​អាច ឬ​ហេតុអ្វី​មិន​អាច ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​បាន​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​រីករាយ​ជាង​មុន ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ល្អ​ប្រសើរ​ជាង ដោយសារ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ដែរ​ឬ​ទេ ? ហេតុអ្វី​អាច ឬ​ហេតុអ្វី​មិន​អាច ?

នៅពេល​អ្នក​គិត​ដល់​គំនិត​ផ្សេងៗ សូម​សរសេរ​គំនិត​ទាំង​នោះ​នៅលើ​ក្រដាស​របស់​អ្នក ហើយ​គូស​រង្វង់​លើ​វា ។ សូម​ភ្ជាប់​គំនិត​នោះ​ទៅ​វិញ​ទៅ​មក ឬ​ភ្ជាប់​ត្រឡប់​ទៅ​ឃ្លា​នៅ​កណ្តាល ។ នៅពេល​អ្នក​បន្ថែម​គំនិត និង​យោបល់​កាន់តែ​ច្រើន ផែនទី​គំនិត​របស់​អ្នក អាច​ចាប់ផ្ដើម​មើល​ទៅ​ដូច​នេះ ៖

រូបភាព
ផែនទី​គំនិត​ដែល​ទទេ​ស្អាត

បន្ទាប់ពី​បញ្ចប់​ផែនទី​គំនិត​របស់​អ្នក សូម​ពិចារណា​ដាក់​វា​នៅ​កន្លែង​មួយ​ដែល​អ្នក​នឹង​ឃើញ​វា​នៅ​សប្តាហ៍​ក្រោយ ។ អ្នក​អាច​នឹង​ចង់​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌​ទូល​សូម​ជំនួយ​ដើម្បី​ស្វែងរក និង​ទទួល​ស្គាល់​សេចក្តីអំណរ និង​សុភមង្គល​កាន់តែ​ខ្លាំង​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹង​ល្អ​របស់​ទ្រង់ ។