ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ៥:៦–១៥ ៖ « ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ »


« ម៉ូសាយ ៥:៦–១៥ ៖ ‹ ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ៥:៦–១៥ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ៥:៦–១៥

« ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ »

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

ឈ្មោះ​អាច​មានអត្ថន័យ​ដ៏​អស្ចារ្យ ។ តើ​វា​មាន​ន័យ​យ៉ាងណា​ដែល​ត្រូវ​ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ? ម៉ូសាយ ៥ មាន​នូវ​សេចក្ដី​បញ្ចប់​ពី​ព្រះរាជឱង្ការ​របស់​ស្ដេច​បេនយ៉ាមីន​ចំពោះ​ប្រជាជន​របស់ទ្រង់ នៅពេល​ដែល​ទ្រង់​បាន​ប្រមូល​ប្រជាជន​ឲ្យ​ជួបជុំ​គ្នា ដើម្បី​ប្រទាន​ឈ្មោះ​ឲ្យ​ពួកគេ ( សូមមើល ម៉ូសាយ ១:១១ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​ការទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ​មកលើ​ខ្លួន​អ្នក ។

ឈ្មោះ​ថ្មី

សូម​ស្រមៃ​ថា កុមារកំព្រា​ដែល​គ្មាន​អ្នក​ណា​ជួយ ឬ​មើល​ថែ​ពួកគេ​ដែល​នៅ​ទីបំផុត​បាន​ជួប​នឹង​គ្រួសារ​ដែល​មាន​សេចក្ដី​ស្រឡាញ់ និង​គ្រួសារ​ដែល​រឹងមាំ​បាន​សុំ​ពួកគេ​ទៅ​ចិញ្ចឹម ។

  • តើ​មាន​ហេតុផល​អ្វីខ្លះ​ដែល​កុមារកំព្រា​អាច​នឹង​ត្រូវបាន​គេ​សុំ​យក​ទៅ​ចិញ្ចឹម និង​ដាក់​ឈ្មោះ​គ្រួសារ​ថ្មី​របស់​ពួកគេ ?

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ម្តាយ និង​ឪពុកថ្មី​របស់ពួកគេ​អាច​ផ្តល់​ឲ្យ​ដែល​កុមារកំព្រា​មិន​អាច​ផ្តល់​ឲ្យ​ដោយ​ខ្លួនឯង​បាន ?

  • តើ​កុមារកំព្រា​អាច​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​គ្រួសារថ្មី​របស់​ពួកគេ ?

នៅក្នុង​ព្រះរាជឱង្ការ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ចំពោះ​ប្រជាជន​ទ្រង់ ស្ដេច​បេនយ៉ាមីន​បាន​មាន​បន្ទូលថា « យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ » ( ម៉ូសាយ ៥:៨ ) ហើយ​ត្រូវបាន​ហៅថា « កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ » ( ម៉ូសាយ ៥:៧ ) ។ ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន​ខ្លះ​ជា​សាសន៍​នីហ្វៃ ហើយ​អ្នកខ្លះ​ទៀត​ជា​កូនចៅ​របស់​មូលេក ។ ស្តេច​បេនយ៉ាមីន​មាន​ព្រះទ័យ​ចង់​ឲ្យ​ប្រជាជន​ទាំងអស់​រួបរួមគ្នា​ក្រោម​ឈ្មោះ​តែមួយ​ដូច​ក្នុង​គ្រួសារ ។

នៅពេល​អ្នកសិក្សា​ព្រះគម្ពីរ​នៅ​ថ្ងៃនេះ សូម​សញ្ជឹងគិត​ពី​វិធី​ដែលអ្នក​អាច​នឹង​ដូចជា​ក្មេង​កំព្រា​ក្នុង​ស្ថានភាព​ខាងលើ ហើយ​ព្រះអម្ចាស់​ដូចជា​ឪពុកម្ដាយ​ថ្មី ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​អ្វី​ដែល​ស្តេច​បេនយ៉ាមីន​បាន​បង្រៀន សូម​ចម្លង​តារាង​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

ពរជ័យ​នៃ​ការទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះអង្គសង្រ្គោះ

របៀប​ដែល​ខ្ញុំ​យក​ព្រះនាម​ព្រះអង្គ​សង្គ្រោះ​ដាក់​លើ​ខ្លួន​ខ្ញុំ

សូម​រំឭក​ថា នៅក្នុង ម៉ូសាយ ៥:១–៥ ប្រជាជន​បានថ្លែង​ទីបន្ទាល់​ថា ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បាន​ធ្វើ « ការ​ផ្លាស់​ប្ដូរ​យ៉ាង​ធំ » នៅក្នុង​ពួកគេ ហើយ​ថា​ពួកគេ « យល់​ព្រម​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ … ដើម្បី​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ » ( ម៉ូសាយ ៥:២, ៥ ) ។

សូម​អាន ម៉ូសាយ ៥:៦–១០ ដោយ​ស្វែងរក​ពាក្យ និង​ឃ្លា​ដែល​អ្នក​អាច​សរសេរ​នៅក្រោម​ជួរឈរ​ទាំង​ពីរ​នៃ​តារាង​របស់​អ្នក ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការដឹង​ថា ព្រះហស្តស្តាំ​របស់ព្រះ​បង្ហាញ​ពី​ការពេញចិត្ត​ជា​និមិត្តរូប ហើយ​ព្រះហស្តឆ្វេង​តំណាង​ឲ្យ​ការមិន​ពេញចិត្ត ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ ៖

    • តើ​អ្នក​ចង់​បានពរជ័យ​អ្វីខ្លះ​ក្នុង​ជីវិត​របស់អ្នក​ដែល​មានតែ​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះដែល​អាច​ប្រទាន​ឲ្យ​បាន ? ( សូម​ពិចារណា​ប្រើ​ឃ្លា​ដែល​អ្នក​បាន​រកឃើញ​ពី​ព្រះរាជឱង្ការ​របស់​ស្តេច​បេនយ៉ាមីន ដើម្បី​ឆ្លើយ​សំណួរ​នេះ ) ។ ហេតុ​អ្វី​អ្នក​ចង់​បាន​ពរជ័យ​ទាំងនេះ ?

    • តើ​ព្រះអង្គ​សង្គ្រោះ​អាច​ប្រៀប​ប្រដូច​ជា​ឪពុកម្ដាយ​ដែល​ស្រឡាញ់យើង​យ៉ាងដូចម្ដេច ?

    • យោងតាម​ស្ដេច​បេនយ៉ាមីន តើ​ប្រជាជន​បាន​ក្លាយ​ជា​កូនចៅ​របស់​ព្រះ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ឬ​បាន​យក​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មក​ដាក់លើ​ខ្លួន​គេ​យ៉ាងដូចម្តេច ?

របៀប​ដែលយើង​ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ស្តេច​បេនយ៉ាមីន​គឺ​ថា នៅពេល​យើង​ចុះ និង​រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ នោះ​យើង​ប្រែក្លាយ​ជា​បុត្រាបុត្រី​របស់​ព្រះ​គ្រីស្ទ និង​ទទួល​ដាក់​លើ​ខ្លួន​យើង​នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​ដោយ ដាល្លិន អេក អូក ក្នុង​គណៈប្រធានទីមួយ​ដើម្បី​បញ្ជាក់​ពី​របៀប​ដែល​យើង​ទទួល​ដាក់​លើ​ខ្លួន នូវ​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ ។

ដោយ​ធ្វើតាម​គំរូ​ព្រះគម្ពីរ មនុស្ស​ទាំងឡាយ​ណា​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជា​សាក្សី​នៅ​ចំពោះ​មុខ​សាសនាចក្រ « ពួក​គេ​ប្រាកដជា​បាន​ប្រែ​ចិត្ត​ចំពោះ​អំពើ​បាប​របស់​ពួក​គេ​ទាំង​អស់ ហើយ​យល់​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​នូវ​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយ​ប្ដេជ្ញា​ថា​នឹង​បម្រើ​ទ្រង់​ដល់​ចុង​បំផុត » ។ ( គ&ស ២០:៣៧; សូមមើល​ផងដែរ នីហ្វៃទី២ ៣១:១៣; មរ៉ូណៃ ៦:៣ ) ។ នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ នោះ​យើង​បន្ត​សេចក្ដី​សញ្ញា​នេះ និង​សេចក្ដី​សញ្ញា​ផ្សេងទៀត​ទាំងអស់​ដែល​យើង​បានធ្វើ​នៅក្នុង​ទឹក​នៃ​ពិធី​បុណ្យជ្រមុជទឹក ។ ( ដាល្លិន អេក អូក « Taking upon Us the Name of Jesus Christ » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៨០ )

  • តើ​ការចុះ និង​ការរក្សា​សេចក្ដីសញ្ញា​បាននាំ​អ្នក​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

ដើម្បី​ជួយ​អ្នក​ឲ្យ​បន្ត​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​ការទទួល​យក​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ សូម​អាន ម៉ូសាយ ៥:១១–១៣ , ១៥ ដោយ​ស្វែងរក​ដំបូន្មាន​បន្ថែម​ពី​ស្តេច​បេនយ៉ាមីន​អំពី​ទទួល​យក​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ​មកដាក់​លើខ្លួន​អ្នក ។

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Name of Christ » ( ៣:៥១ ) ដែលមាន​នៅលើ ChurchofJesusChrist.orgដើម្បី​ទទួល​បាន​គំនិត​បន្ថែម​អំពី​អត្ថន័យ​នៃ​ការទទួល​យក​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មក​ដាក់​លើ​ខ្លួន​អ្នក ។

សូម​គិត​អំពី​គំរូ​ដែល​អ្នក​បានឃើញ​ក្នុង​ជីវិត​របស់អ្នក​អំពី​មនុស្ស​ដែល​បាន​យក​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មក​ដាក់លើ​ខ្លួន ។

  • តើ​ពួកគេ​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា ពួកគេ​ទទួល​យក​ព្រះនាម​ទ្រង់​មកដាក់​លើខ្លួន​គេ ?

  • តើ​សាក្រាម៉ង់​អាច​ដើរ​តួនាទី​អ្វី​ខ្លះ​ក្នុង​ការជួយយើង​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​កាន់តែ​ប្រសើរ ?

ព្រះនាម​របស់ព្រះ​យេស៊ូវគ្រីស្ទ

  1. ដើម្បី​ជួយ​អ្នក​វាយតម្លៃ​ថា តើ​អ្នក​បាន​យក​ព្រះនាម​របស់​ព្រះអម្ចាស់​ដាក់​នៅក្នុង​ដួងចិត្ត​របស់​អ្នក​បាន​ល្អ​ប៉ុនណា សូម​ឆ្លើយ​យ៉ាងហោច​ណាស់​មួយ​សំណួរ​ក្នុង​ចំណោម​សំណួរ​ខាងក្រោមនេះ ៖

    • តើ​មាន​វិធី​អ្វី​ខ្លះដែល​អ្នក​អាច​បង្ហាញ​ថា អ្នក​បា​នយក​ព្រះនាម​នៃ​ព្រះគ្រីស្ទ​មក​ដាក់​លើ​ខ្លួនអ្នក ?

    • តើ​ពរជ័យ​អ្វី​ខ្លះបាន​កើតឡើង​ដោយ​ការទទួល​យកព្រះនាម​របស់ព្រះ​គ្រីស្ទ ?

សូម​ពិចារណា​ពី​គំនិត និង​ចំណាប់​អារម្មណ៍​ដែល​អ្នក​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នកបាន​សិក្សា​ថ្ងៃនេះ ។ សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ទទួល​យក​ព្រះនាម​របស់​ព្រះ​គ្រីស្ទ​មក​ដាក់លើ​ខ្លួន​អ្នក​កាន់តែ​ពេញលេញ ។