២០២២
តើ​មាន​អ្វី​កើត​ឡើង​នៅក្នុង​ការប្រជុំ​របស់​សាសនាចក្រ​នា​ថ្ងៃអាទិត្យ ?
ខែ មិថុនា ឆ្នាំ ២០២២


« តើ​មាន​អ្វី​កើត​ឡើង​នៅក្នុង​ការប្រជុំ​របស់​សាសនាចក្រ​នា​ថ្ងៃអាទិត្យ ? » លីអាហូណា ខែ មិថុនា ឆ្នាំ ២០២២ ។

សារលិខិត លីអាហូណា ប្រចាំខែ មិថុនា ឆ្នាំ ២០២២

តើ​មាន​អ្វី​កើត​ឡើង​នៅក្នុង​ការប្រជុំ​របស់​សាសនាចក្រ​នា​ថ្ងៃអាទិត្យ ?

រូបភាព
ស្ត្រី​ពីរ​នាក់​ឱប​គ្នា

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ប្រមូល​ផ្ដុំគ្នា​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​ដើម្បី​ថ្វាយបង្គំ​ព្រះ និង​បង្រៀន​គ្នា​ទៅវិញ​ទៅមក​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ មនុស្ស​ទូទៅ​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ចូលរួម ហើយ​សមាជិក​នឹង​មានឱកាស​អធិស្ឋាន ឡើង​និយាយ និង​បង្រៀន​មេរៀន ប្រសិន​បើ​ពួកគេ​ចង់​ធ្វើ ។ ការប្រជុំទាំងនេះ​ជួយ​សមាជិក​ពង្រឹង​សេចក្តី​ជំនឿ​គ្នា​ទៅវិញ​ទៅមក ហើយ​មាន « ចិត្តចងក្រង​រួមគ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា » ( ម៉ូសាយ ១៨:២១ ) ។

រូបភាព
ក្មេង​ប្រុស​អង្គុយ​លើ​រទេះរុញ​កំពុងចែក​សាក្រាម៉ង់

ការប្រជុំ​សាក្រាម៉ង់

សមាជិក​វួដ ឬ​សាខា​ប្រមូល​ផ្ដុំ​គ្នា​រៀងរាល់ថ្ងៃ​អាទិត្យ​ចូលរួម​ការ​ប្រជុំសាក្រាម៉ង់ ។ ( អ្នក​ដែល​ពុំ​មាន​ជំនឿ​ដូចយើង​ក៏​ស្វាគមន៍​ឲ្យ​ចូលរួម​ផងដែរ ) ។ សាក្រាម៉ង់​ត្រូវ​បាន​ផ្ដល់​ដល់​សមាជិក​នៅ​អំឡុង​ការ​ប្រជុំនេះ ដើម្បី​ជួយ​ពួកគេ​រំឭកចាំ​ពី​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អត្ថបទ​មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ ខែ​មេសា ឆ្នាំ​២០២២ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ពិធីសាក្រាម៉ង់ ) ។ ការប្រជុំ​នេះ​ក៏​រួមមាន​នូវ​ការអធិស្ឋាន តន្ត្រី​ថ្វាយបង្គំ និង​ការឡើងនិយាយ​របស់​សមាជិក​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។

រូបភាព
ក្មេងស្រី​ពីរ​នាក់​ញញឹម​នៅក្នុង​ព្រះវិហារ

ការប្រជុំ​ផ្សេងទៀត

បន្ទាប់ពី​ការប្រជុំ​សាក្រាម៉ង់ សមាជិក​បំបែក​គ្នា​តាម​ថ្នាក់ និង​កូរ៉ុម ។ កុមារ​អាយុ​ពី ១៨ ខែ ដល់ ១១​ឆ្នាំ ចូលរួម​ថ្នាក់​អង្គការ​បឋម​សិក្សា ។ នៅ​ថ្ងៃ​អាទិត្យ​ទីមួយ និង​ទី​បី​នៃ​ខែ​នីមួយៗ សមាជិក​ផ្សេងទៀត​ទាំងអស់​ចូលរួម​សាលាថ្ងៃ​អាទិត្យ ។ នៅ​ថ្ងៃ​អាទិត្យ​ទីពីរ និង​ទីបួន ពួកគេ​ចូលរួម​ការប្រជុំ​សមាគម​សង្គ្រោះ ក្រុម​យុវនារី ឬ​កូរ៉ុម​បព្វជិតភាព ។

ការអធិស្ឋាន

ការអធិស្ឋាន​នៅ​ក្នុង​ការ​ប្រជុំ​របស់​សាសនាចក្រ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​សមាជិក ។ ការអធិស្ឋាន​មានភាព​សាមញ្ញ ហើយ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សមាជិក​អធិស្ឋាន​ដោយ​ប្រើ​ពាក្យពេចន៍ ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ការគោរព​ដល់​ព្រះវរបិតាសួគ៌ ។ ការណ៍​នេះ​រួមបញ្ចូល​ការ​ប្រើ​សព្វនាម ទ្រង់ និង របស់​ទ្រង់ នៅពេល​អធិស្ឋាន​ទៅ​រក​ព្រះ ។

សុន្ទរកថា

សមាជិក​ម្នាក់​នៃ​គណៈ​ប៊ីស្សព ឬ​គណៈប្រធាន​សាខា​សុំ​ឲ្យ​សមាជិក​ឡើង​និយាយ​នៅ​ក្នុងការ​ប្រជុំ​សាក្រាម៉ង់ ។ ការឡើងនិយាយ​ទាំងនេះ​ផ្ដោត​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកអ្នកឡើង​និយាយ​ប្រើ​បទគម្ពីរ និង​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ពេល​ពួកគេ​រៀបចំ​សុន្ទរកថា​របស់​ខ្លួន ។ ពួកគេ​ក៏​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​នៃ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផង​ដែរ ។

មេរៀន

បន្ទាប់ពី​ការ​ប្រជុំ​សាក្រាម៉ង់ សមាជិក​រៀនអំពី​ដំណឹងល្អ​នៅ​ក្នុង​ថ្នាក់តូចៗ ។ មេរៀន​ប្រហែល​ជា​អំពី​បទគម្ពីរ ការ​បង្រៀន​ចេញ​ពី​សន្និសីទ​ទូទៅ ឬ​ប្រធានបទ​ផ្សេងទៀត ។ ទោះជា​គ្រូបង្រៀន​នឹង​ដឹកនាំ​មេរៀន​នោះ​ក្ដី ក៏​វា​ពុំ​មែន​ជា​ការ​បង្រៀន​ទេ ។ សមាជិក​ថ្នាក់​គ្រប់រូប​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​អំពី​ប្រធាន​បទនោះ ។

រូបភាព
បុរស​កំពុង​និយាយ​នៅ​ឯ​វេទិកា​ក្នុង​ព្រះវិហារ

ទីបន្ទាល់

ក្នុងមួយ​ខែម្ដង ការប្រជុំ​សាក្រាម៉ង់​រួមមាន​នូវការ​ប្រជុំ​ថ្លែង​ទីបន្ទាល់ ។ ជាធម្មតា ប្រារព្ធឡើង​នៅ​ថ្ងៃ​អាទិត្យដើមខែ ។ អំឡុង​ការ​ប្រជុំ​នេះ សមាជិក​អាច​ថ្លែងទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ការថ្លែង​ទីបន្ទាល់​មាន​ន័យ​ថា ការប្រកាស​អំពី​សេចក្ដីពិត​នៃ​ដំណឹងល្អ​ទៅតាម​ការ​បំផុស​គំនិត​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការ​រៀបចំ​ខ្លួន

សមាជិក​រៀបចំខ្លួន​សម្រាប់​ការ​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​តាមរយៈការ​អធិស្ឋាន ការសិក្សា​បទគម្ពីរ និង​ការ​ត្រៀមខ្លួន​ទទួល​យក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រសិន​បើ​បងប្អូន​ត្រូវ​បាន​សុំ​ឲ្យ​ឡើង​និយាយ ឬ​បង្រៀន​មេរៀន​មួយ សូម​គិត​ពី​របៀប​ដែល​បងប្អូន​អាច​បង្រៀន​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ប្រកបដោយ​ការអធិស្ឋាន ។ សូម​ប្រើ​បទគម្ពីរ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ។ ថ្នាក់ដឹកនាំ​សាសនាចក្រ​របស់​បងប្អូន អាច​ជួយ​បងប្អូន​ឲ្យ​រៀបចំខ្លួន ប្រសិន​បើ​ចាំបាច់ ។