មូលដ្ឋានគ្រឹះនៃដំណឹងល្អ
ការធ្លាក់គឺជាផ្នែកមួយនៃផែនការរបស់ព្រះ
ដោយសារតែការធ្លាក់ នោះយើងមកកាន់ផែនដី ហើយអាចត្រឡប់ទៅរស់នៅជាមួយនឹងព្រះវរបិតារបស់យើងនៅលើស្ថានសួគ៌វិញនៅថ្ងៃណាមួយ ។
លោកអ័ដាម និងនាងអេវ៉ានៅក្នុងសួនច្បារអេដែន ដោយ រ៉ូប៊ឺត ធី បារ៉ែត; លោកអ័ដាម និងនាងអេវ៉ាត្រូវបានបណ្ដេញចេញពីសួនច្បារ ដោយ ហ្គែរី អិល ខេប មិនអាចចម្លងបានទេ; លោកអ័ដាម និងនាងអេវ៉ា ដោយ ចេយ ប្រាយអិម វួដ; ការរស់ឡើងវិញ ដោយ ហារី អាន់ឌើរសិន
នៅក្នុងសួនច្បារអេដែន ព្រះបានបញ្ជាលោកអ័ដាម និងនាងអេវ៉ាមិនឲ្យបរិភោគផ្លែឈើនៃដើមដឹងខុសត្រូវឡើយ ។ បន្ទាប់មក ទ្រង់បានមានបន្ទូលទៅកាន់ពួកលោកថា « អ្នកអាចជ្រើសរើសសម្រាប់ខ្លួនផ្ទាល់ … ប៉ុន្តែចូរចងចាំថា យើងបានហាមឃាត់ » ( ម៉ូសេ ៣:១៧ ) ។ សាតាំងបានល្បួងនាងអេវ៉ាឲ្យបរិភោគផ្លែនៃដើមនោះ ។ វាបានប្រាប់នាងថា « អ្នកនឹងបានដូចជាពួកព្រះដែរ ដោយដឹងខុសត្រូវ » ( ម៉ូសេ ៤:១១ ) ។ នាងបានបរិភោគផ្លែនោះ រួចហើយយកវាទៅឲ្យលោកអ័ដាមបរិភោគដែរ ។ ព្រះបានបណ្ដេញពួកលោកចេញពីសួនច្បារអេដែន ។
ការធ្លាក់
នៅពេលលោកអ័ដាម និងនាងអេវ៉ាបានចាកចេញពីសួនច្បារអេដែន នោះពួកលោកលែងនៅក្នុងវត្តមានរបស់ព្រះទៀតហើយ ។ ការបែកចេញពីព្រះនេះត្រូវបានគេហៅថា សេចក្តីស្លាប់ខាងវិញ្ញាណ ។ ការចាកចេញពីសួនច្បារក៏មានន័យផងដែរថា លោកអ័ដាម និងនាងអេវ៉ាបានក្លាយជាមនុស្សរមែងស្លាប់ ហេតុដូច្នេះហើយពួកលោកនឹងត្រូវស្លាប់ ។ ទោះបីជាលោកអ័ដាម និងនាងអេវ៉ាលែងនៅជាមួយនឹងព្រះ ហើយក្លាយជាមនុស្សរមែងស្លាប់ក្ដី ក៏ពួកលោកនៅតែរីករាយ និងមានក្ដីសង្ឃឹម នៅពេលពួកលោកបានឃើញថា ពួកលោកអាចរីកចម្រើនបាន ( សូមមើល ម៉ូសេ ៥:១០–១១ ) ។ « លោកអ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ( នីហ្វៃទី២ ២:២៥ ) ។
ពេលវេលានៃការសាកល្បង
នៅពេលយើងកើតមក នោះយើងរស់នៅដាច់ពីព្រះ គឺដូចជាលោកអ័ដាម និងនាងអេវ៉ាបន្ទាប់ពីការធ្លាក់ដែរ ។ សាតាំងល្បួងយើងឲ្យធ្វើការជ្រើសរើសមិនល្អ ។ ការល្បួងទាំងនោះអនុញ្ញាតឲ្យយើងទទួលបានការសាកល្បង ហើយជ្រើសរើសរវាងត្រូវ និងខុស ( សូមមើល អាលម៉ា ១២:២៤ ) ។ រាល់ពេលដែលយើងធ្វើអំពើបាប ហើយមិនប្រែចិត្ត នោះយើងចេញកាន់តែឆ្ងាយពីព្រះវរបិតាសួគ៌ ។ ប៉ុន្ដែ ប្រសិនបើយើងប្រែចិត្តវិញ នោះយើងខិតទៅកាន់តែជិតនឹងព្រះវរបិតារបស់យើង ដែលគង់នៅស្ថានសួគ៌ ។
សេចក្ដីស្លាប់ខាងរូបកាយ
ផែនដីនេះត្រូវបានបង្កបង្កើតឡើងសម្រាប់យើង ( សូមមើល នីហ្វៃទី១ ១៧:៣៦ ) ។ ការធ្លាក់ធ្វើឲ្យលោកអ័ដាម និងនាងអេវ៉ាអាចធ្វើតាមព្រះបញ្ញត្តិរបស់ព្រះដើម្បីអាចមានកូនបាន ដែលអនុញ្ញាតឲ្យយើងមកកាន់ផែនដីនេះមានរូបកាយជាសាច់ឈាម ។ រូបកាយរបស់យើងនឹងស្លាប់នៅថ្ងៃណាមួយ ប៉ុន្ដែវិញ្ញាណរបស់យើងនឹងបន្ដនៅរស់ ។ រូបកាយ និងវិញ្ញាណរបស់យើងនឹងរួបរួមគ្នាវិញ នៅពេលយើងរស់ឡើងវិញ ។
ត្រូវបានសង្គ្រោះដោយព្រះយេស៊ូវគ្រីស្ទ
តាមរយៈព្រះចេស្ដាដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចយកឈ្នះលើសេចក្ដីស្លាប់ខាងរូបកាយ និងខាងវិញ្ញាណបាន ។ ដោយសារព្រះគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ នោះមនុស្សគ្រប់គ្នាដែលបានកើតនៅលើផែនដីនេះនឹងរស់ឡើងវិញ ហើយរស់នៅជានិរន្តរដែរ ។ ហើយដោយសារព្រះគ្រីស្ទបានរងទុក្ខចំពោះអំពើបាបរបស់យើង នោះយើងអាចប្រែចិត្ត ហើយទទួលបានការអភ័យទោស ដើម្បីយើងអាចរស់នៅជាមួយនឹងព្រះវរបិតារបស់យើង ដែលគង់នៅលើស្ថានសួគ៌ម្ដងទៀតបាន ។