ចូរមកតាមខ្ញុំ
ការបង្កបង្កើត
លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥
ផែនដីនេះត្រូវបានបង្កបង្កើតឡើងដោយព្រះយេស៊ូវគ្រីស្ទ នៅក្រោមការដឹកនាំពីព្រះវរបិតាសួគ៌ ដើម្បីយើងអាចមានទីកន្លែងមួយដើម្បីរស់នៅ រៀនសូត្រ និងប្រើប្រាស់សិទ្ធិជ្រើសរើសរបស់យើងដើម្បីធ្វើការជ្រើសរើសល្អៗ ( សូមមើល អ័ប្រាហាំ ៣:២៤–២៦ ) ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀនថា ការ « បង្កបង្កើត … មិនមែនមានន័យថា បង្កើតចេញពីភាពសូន្យសុងនោះទេ ការបង្កបង្កើតមានន័យថា រៀបចំ ដូចគ្នានឹងការដែលបុរសម្នាក់នឹងរៀបចំសម្ភារ ហើយសង់សំពៅមួយដែរ » ។១ ពាក្យជាភាសាហេព្រើរសម្រាប់ពាក្យ « បង្កបង្កើត » មានន័យថា សម្រួចសម្រាំង ធ្វើឲ្យទាន់សម័យ រៀបចំ និងដាក់តាមទម្រង់ ( សូមមើល លោកុប្បត្តិ ១:១; អ័ប្រាហាំ ៣:២៤ ) ។
ប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថា « ការបង្កបង្កើតរូបធាតុនោះមានដំណាក់កាល ស្របតាមកាលកំណត់ពេលវេលាដែលមានលំដាប់លំដោយ » មិនមែនតាមចំនួនថ្ងៃនៅលើប្រតិទិននោះទេ ។ « មិនថាពាក្យ ថ្ងៃ ពាក្យ ពេលវេលា ឬពាក្យ អាយុនោះទេ ដំណាក់កាលនីមួយ [ នៃការបង្កបង្កើត ] គឺជារយៈពេលមួយរវាងព្រឹត្តិការណ៍ដែលអាចកំណត់បានពីរ—ជាការបែងចែកនៃភាពអស់កល្បជានិច្ច » ។២
ថ្ងៃទីមួយ ៖ ពន្លឺ និងភាពងងឹត
« ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានពន្លឺឡើង » រួចទ្រង់ « ញែកពន្លឺពីងងឹតចេញ » ដោយបង្កើតបានជាថ្ងៃ និងយប់ ( សូមមើល លោកុប្បត្តិ ១:៣–៥ ) ។
ថ្ងៃទីពីរ ៖ ទឹក និងមេឃ
ព្រះបានញែកចេញជាទឹក និងមេឃ ។ « ព្រះទ្រង់មានព្រះបន្ទូលថា ចូរឲ្យមានប្រឡោះនៅកណ្តាលទឹក ។ … រួចព្រះទ្រង់ហៅប្រឡោះនោះថាជាមេឃ » ។ ( សូមមើល លោកុប្បត្តិ ១:៦–៨ ) ។
ថ្ងៃទីបី ៖ សមុទ្រ និងដី
« ទ្រង់ហៅទីគោកនោះថាជាដី ហើយទីទឹក … ថាជាសមុទ្រ » ( លោកុប្បត្តិ ១:១០ ) ។ រួចហើយផែនដីបានត្រៀមជាស្រេចដើម្បីមានជីវិតរុក្ខជាតិ ( សូមមើល លោកុប្បត្តិ ១:១១–១២ ) ។
ថ្ងៃទីបួន ៖ តួពន្លឺ និងរដូវ
ព្រះបានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងផ្កាយទាំងឡាយ « ដើម្បីនឹងញែកថ្ងៃចេញពីយប់ » និង « សម្រាប់ទុកជាទីសម្គាល់នៃរដូវ ថ្ងៃ និងឆ្នាំ » ( សូមមើល លោកុប្បត្តិ ១:១៤–១៦ ) ។
ថ្ងៃទីប្រាំ ៖ ជីវិតដែលកម្រើក
ព្រះបានបង្កើត « ជីវិតទាំងឡាយដែលកម្រើក » ( លោកុប្បត្តិ ១:២១ ) ។ ជីវិតទាំងនេះត្រូវបានបញ្ជាឲ្យបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ហើយឲ្យមានពេញពាសនៅលើផែនដី និងនៅក្នុងទឹកសមុទ្រ ( សូមមើល លោកុប្បត្តិ ១:២២ ) ។
ថ្ងៃទីប្រាំមួយ ៖ លោកអ័ដាម និងនាងអេវ៉ា
ការបង្កបង្កើតជីវិតរបស់ព្រះបានបន្ដដោយ « សត្វព្រៃ » « សត្វស្រុក » និង « សត្វដែលលូនវារ » ( អ័ប្រាហាំ ៤:២៤–២៥ ) ។ រួចហើយ ទ្រង់បានបង្កើតលោកអ័ដាម និងនាងអេវ៉ា « តាមរូបដូចព្រះអង្គផ្ទាល់ » ( ម៉ូសេ ៦:៩ ) ហើយបានបង្គាប់ពួកលោកឲ្យ « បង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ … ហើយមានអំណាចលើ … ជីវិតផងទាំងឡាយដែលកម្រើកនៅផែនដីផង » ( លោកុប្បត្តិ ១:២៨ ) ។
ថ្ងៃទីប្រាំពីរ ៖ ថ្ងៃឈប់សម្រាក
បន្ទាប់ពីបញ្ចប់ព្រះរាជកិច្ចរបស់ទ្រង់ នោះព្រះបានឈប់សម្រាកនៅថ្ងៃទីប្រាំពីរ ។ « ព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី ៧ នោះ ព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធ ពីព្រោះនៅថ្ងៃនោះ ទ្រង់បានឈប់សម្រាកពីគ្រប់ទាំងការដែលទ្រង់បានបង្កើតបានធ្វើ » ( លោកុប្បត្តិ ២:៣ ) ។
ក្រោយមក ព្រះបានបង្គាប់ថា យើងក៏ត្រូវ « នឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ » ផងដែរ ( និក្ខមនំ ២០:៨ ) ។
យើងអាចធ្វើឲ្យថ្ងៃឈប់សម្រាកជាថ្ងៃដ៏បរិសុទ្ធបាន តាមរយៈការចំណាយពេលទៅព្រះវិហារ ការទទួលទានសាក្រាម៉ង់ និងការនឹកចាំដល់ព្រះអង្គសង្គ្រោះ ។ ព្រះអម្ចាស់បានបង្រៀនថា « ដ្បិតប្រាកដមែន ថ្ងៃនេះត្រូវបានចាត់ទុកដល់អ្នក ដើម្បីឲ្យសម្រាកពីការងារទាំងឡាយរបស់អ្នក ហើយដើម្បីថ្វាយភក្ដីភាពរបស់អ្នកដល់ព្រះដ៏ខ្ពស់បំផុត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១០ ) ។
នៅថ្ងៃឈប់សម្រាក « គំនិត ទង្វើ និងឥរិយាបថរបស់យើងគឺជាទីសម្គាល់ដែលយើងថ្វាយដល់ព្រះ និងជាសញ្ញានៃសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់ » ។៣