ការដើរតាមផ្លូវនៃសុភមង្គល
យើងអាចចិញ្ចឹមកូនឲ្យសុចរិត និងពេញទៅដោយក្ដីសង្ឃឹមនៅកន្លែងណាក៏បាននៅក្នុងពិភពលោកនេះ ប្រសិនបើពួកគេមានគ្រឹះដ៏មាំមួននៅលើព្រះអង្គសង្គ្រោះ ។
ថតរូបដោយ ជីម លីលីវ៉ាយ
ជាច្រើនឆ្នាំកន្លងទៅ ប្អូនៗជីដូនមួយរបស់ខ្ញុំមួយចំនួនត្រូវបានចាត់តាំងឲ្យធ្វើគម្រោងបម្រើមួយនៅចម្ការរបស់លោកតាយើងឈ្មោះ ក្រូសៀ ឃឹមបឹល ។ ជារង្វាន់សម្រាប់ការបម្រើនោះ ពួកគេត្រូវបានសន្យាថានឹងបាននំខេកពីលោកយាយក្លារ៉ា១ ដែលធ្វើដោយផ្ទាល់ដៃយ៉ាងឆ្ងាញ់ពិសេសមួយ ។
នៅពេលពួកគេបានបញ្ចប់កិច្ចការរបស់ពួកគេ នោះពួកគេបានដើរសំដៅទៅផ្ទះបាយដើម្បីយករង្វាន់របស់ពួកគេ ។ ប៉ុន្ដែ លោកតាបានបិទទ្វារផ្ទះបាយ ។ ប្អូនជីដូនមួយរបស់ខ្ញុំឈ្មោះ ខេធី ហ្គាឡូវេ ដែលមានអាយុប្រហែល ១៤ ឆ្នាំនៅពេលនោះ នៅចាំថា គាត់បានអង្គុយនៅលើកៅអីព្យាណូ ហើយបានអញ្ជើញប្អូនៗជីដូនទាំងអស់ឲ្យអង្គុយនៅលើឥដ្ឋ ។ លោកតាបានអរគុណពួកគេចំពោះការខំធ្វើការរបស់ពួកគេ រួចហើយបាននិយាយថា គាត់មានអ្វីមួយសំខាន់ដើម្បីចែកចាយ មុនពេលពួកគេហូបនំខេករបស់ពួកគេ ។
គាត់បាននិយាយថា « នឹងមានពេលមួយនៅក្នុងជីវិតរបស់ចៅ ដែលចៅនឹងត្រូវដឹង ហើយធ្វើសកម្មភាពតាមអ្វីដែលតាហៀបនឹងចែកចាយជាមួយចៅៗនេះ » ។
គាត់បានពន្យល់ថា ជីតារបស់គាត់ ហ៊ឺប៊ឺ ស៊ី ឃឹមបឹល ( ឆ្នាំ ១៨០១–៦៨ ) និងបុព្វការីជនត្រួសត្រាយផ្លូវដទៃទៀត បានប្រឈមមុខនឹងឧបសគ្គខាងរូបកាយដ៏ពិបាកជាច្រើន ។ លោកតាបាននិយាយថា ពួកអ្នកត្រួសត្រាយផ្លូវបានរៀនយ៉ាងលឿនថា ដើម្បីរស់រានមានជីវិត ពួកគាត់ត្រូវតែធ្វើការរួមគ្នា ហើយស្រឡាញ់គ្នា និងបម្រើគ្នាទៅវិញទៅមក ។
គាត់បាននិយាយទាំងទឹកភ្នែកស្រក់កាត់ថ្ពាល់របស់គាត់ថា « នេះគឺជាកេរ្ដិ៍តំណែលដ៏អស្ចារ្យមួយ ដែលពួកលោកបានបន្សល់ទុកឲ្យចៅៗ ! »
គាត់បានបន្ដថា « នៅក្នុងការហៅបម្រើរបស់តាជាលោកអយ្យកោ និងជាជីតារបស់ចៅៗ ពេលតាមើលទៅគន្លងពេលវេលា … ដួងចិត្តតាឈឺចាប់ជំនួសចៅៗ » ។ « ចៅនឹងប្រឈមមុខនឹងឧបសគ្គខាងសតិអារម្មណ៍ និងខាងវិញ្ញាណដែលបុព្វការីជនត្រួសត្រាយផ្លូវភាគច្រើនរបស់ចៅៗ មិនអាចស្រមៃឃើញឡើយ » ។
គាត់បានបន្ថែមថា ទាល់តែជំនាន់ក្រោយៗគោរពដល់កេរ្ដិ៍តំណែលដ៏អស្ចារ្យនៃសេចក្ដីស្រឡាញ់ និងការបម្រើរបស់ពួកអ្នកត្រួសត្រាយផ្លូវ បើមិនដូច្នោះទេ « ចៅៗជាច្រើននឹងត្រូវបរាជ័យ ដោយសារចៅៗនឹងមិនអាចរស់ដោយខ្លួនឯងបានទេ » ។
បន្ទាប់មក លោកតាឃឹមបឹល បានបញ្ចប់ដោយនិយាយប៉ះដល់វិញ្ញាណថា « យើងត្រូវការគ្នាទៅវិញទៅមក ។ បន្ថែមលើការចែកចាយទីបន្ទាល់របស់យើងអំពីដំណឹងល្អជាមួយគ្នាទៅវិញទៅមក យើងមានកាតព្វកិច្ចដើម្បីស្រឡាញ់ និងបម្រើ និងពង្រឹង និងបីបាច់ និងគាំទ្រ និងទ្រទ្រង់គ្នាទៅវិញទៅមក … ជាពិសេសនៅក្នុងគ្រួសាររបស់យើង ។ សូមចងចាំថា នៅថ្ងៃចុងក្រោយ ការរស់រានដ៏ចាំបាច់របស់ចៅៗអាចអាស្រ័យលើឆន្ទៈរបស់ចៅៗដើម្បីធ្វើការរួមគ្នា ហើយស្រឡាញ់គ្នា និងបម្រើគ្នាទៅវិញទៅមក ។ ឥឡូវ តោះយើងទៅញ៉ាំនំខេក ! »
យើងត្រូវការគ្នាទៅវិញទៅមក
រូបថតដោយ វីនឌី ហ្គីប ខេលើរ
ដូចបានបង្ហាញដោយការរំជើបរំជួលក្នុងពិភពលោកដែលហ៊ុមព័ទ្ធយើង និងដូចដែលលោកតា ក្រូសៀ ឃឹមបឹល បានទាយទុកជាមុន យើងពិតជាត្រូវការគ្នាទៅវិញទៅមក ។ យើងត្រូវការក្រុមគ្រួសារដែលពេញដោយសេចក្ដីស្រឡាញ់ កូរ៉ុម និងសមាគមសង្គ្រោះដែលពោរពេញដោយការបម្រើ ព្រមទាំងសាខា វួដ និងស្ដេកដែលគាំទ្រគ្នា ។
ប្រធាន ណិលសុន បានថ្លែងថា « ព្រះសព្វព្រះទ័យចង់ឲ្យយើងធ្វើការជាមួយគ្នា ហើយជួយគ្នាទៅវិញទៅមក » ។ « នោះហើយជាមូលហេតុដែលទ្រង់បានបញ្ជូនយើងមកកាន់ផែនដីជាក្រុមគ្រួសារ ហើយរៀបចំយើងជាវួដ និងស្តេក ។ នោះហើយជាមូលហេតុដែលទ្រង់បង្គាប់យើងឲ្យបម្រើ និងផ្ដល់ការងារបម្រើដល់គ្នាទៅវិញទៅមក ។ នោះហើយជាមូលហេតុដែលទ្រង់បង្គាប់យើងឲ្យរស់នៅ ក្នុង ពិភពលោកនេះ ប៉ុន្តែពុំមែនជា របស់ ពិភពលោកនេះឡើយ ។ យើងអាចសម្រេចកិច្ចការបានច្រើនឥតគណនា នៅពេលយើងមានសាមគ្គីភាព ជាជាងពេលយើងនៅតែម្នាក់ឯង » ។២
ជីវិតនៅក្នុងសណ្ឋានទីពីររបស់យើងគឺពិបាក ។ ដោយសារតែការធ្លាក់របស់លោកអ័ដាម និងនាងអេវ៉ា នោះយើងប្រឈមមុខនឹងបន្លា ការសាកល្បង និងការល្បួងជាច្រើន ។ បទពិសោធន៍បែបនោះគឺជាផ្នែកមួយនៃផែនការនៃសុភមង្គល ប៉ុន្ដែយើងជួយគ្នាទៅវិញទៅមកឲ្យឆ្លងកាត់ព្យុះជីវិតនេះ ។
ដូចជាលោកអ័ដាម និងនាងអេវ៉ា ដែលត្រូវបាន « បណ្តេញ … ពីសួនច្បារអេដែនចេញ » ( លោកុប្បត្តិ ៣:២៣ ) ដែរ យើងត្រូវបានបញ្ជូនមកពីគេហដ្ឋានមុនឆាកជីវិតរបស់យើង ដែលបានរៀបចំយើងសម្រាប់ផែនដីដែលធ្លាក់នេះ ។ ហើយដូចជាលោកអ័ដាម និងនាងអេវ៉ាដែរ យើងអររីករាយនឹងចំណេះដឹងរបស់យើង អំពីផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ៖
« ហើយនៅថ្ងៃនោះ អ័ដាមបានថ្វាយពរដល់ព្រះ ហើយបានពោរពេញ ហើយបានចាប់ផ្ដើមព្យាករអំពីក្រុមគ្រួសារទាំងអស់នៅលើផែនដីថា ៖ សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ ដ្បិតព្រោះតែការរំលងរបស់ខ្ញុំ នោះភ្នែកខ្ញុំបានភ្លឺឡើង ហើយនៅក្នុងជីវិតនេះ ខ្ញុំនឹងមានសេចក្ដីអំណរ ហើយនៅក្នុងសាច់ឈាម នោះខ្ញុំនឹងឃើញព្រះទៀត ។
« ហើយនាងអេវ៉ា ជាប្រពន្ធគាត់ បានឮគ្រប់ការណ៍ទាំងនេះ ហើយមានចិត្តរីករាយ ដោយពោលថា ៖ បើសិនជាពុំមែនដោយសារការរំលងរបស់យើងទេ នោះយើងក៏នឹងមិនមានពូជសោះ ហើយនឹងមិនដឹងខុសត្រូវ និងសេចក្ដីអំណរអំពីសេចក្ដីប្រោសលោះរបស់យើង និងជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះទ្រង់បានប្រទានដល់មនុស្សទាំងអស់ដែលគោរពតាមដែរ » ( ម៉ូសេ ៥:១០–១១; សូមមើលផងដែរ នីហ្វៃទី២ ២:២៥ ) ។
« ផ្នែកមួយនៃព្រះរាជបំណងដ៏ទេវភាពរបស់ទ្រង់ »
ការនាំមកនូវ « អមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ច » ដល់យើងគឺជា « កិច្ចការ … និងសិរីល្អ » របស់ព្រះវរបិតាយើង ( ម៉ូសេ ១:៣៩ ) ។ ដូចដែលប្រធាន ណិលសុន បានបង្រៀន « យើងគឺជាផ្នែកមួយនៃព្រះរាជបំណងដ៏ទេវភាពរបស់ទ្រង់ » ។៣
គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រកាសថា ក្នុងនាមជាបុត្រា និងបុត្រីខាងវិញ្ញាណនៅក្នុងពិភពមុនឆាកជីវិតនេះរបស់យើង យើង « បានស្គាល់ ហើយបានថ្វាយបង្គំព្រះជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ចរបស់ [ យើង ] ហើយបានទទួលផែនការរបស់ទ្រង់ ដែលនាំឲ្យកូនចៅទាំងឡាយអាចទទួលរូបកាយ និងទទួលបទពិសោធន៍នៅលើផែនដី ដើម្បីរីកចម្រើនទៅរកភាពល្អឥតខ្ចោះ ហើយនៅទីបញ្ចប់នឹងដឹងពីគោលបំណងដ៏ទេវភាពរបស់ពួកគេ ដោយទទួលជីវិតដ៏នៅអស់កល្បទុកជាមរតក » ។៤ ហើយប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ បានបង្រៀននាពេលថ្មីៗនេះថា « នៅក្រោមផែនការនៃព្រះវរបិតាសួគ៌របស់យើង [ ព្រះយេស៊ូវគ្រីស្ទ ] ‹ បានបង្កើតផ្ទៃមេឃ និងផែនដី › ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:៩ ) ដើម្បីឲ្យយើងម្នាក់ៗអាចដកពិសោធន៍ក្នុងជីវិតរមែងស្លាប់នេះ ដែលចាំបាច់ដើម្បីស្វែងរកជោគវាសនាទេវភាពរបស់យើង » ។៥
ព្រះគម្ពីរ និងព្យាការីថ្ងៃចុងក្រោយបញ្ជាក់យ៉ាងច្បាស់ពីតួនាទីដ៏សំខាន់នៃរូបកាយរបស់យើងនៅក្នុងផែនការរបស់ព្រះ ។ ជោគវាសនារបស់យើង គឺត្រូវត្រឡប់ទៅកាន់វត្តមានរបស់ទ្រង់វិញដោយមានរូបកាយដែលរស់ឡើងវិញ និងដែលត្រូវបានតម្កើងឡើង ហើយរស់នៅជាក្រុមគ្រួសារជារៀងរហូតតទៅ ។
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងថា « ទំនាក់ទំនងរបស់យើងជាមួយមនុស្សផ្សេងទៀត សមត្ថភាពរបស់យើងក្នុងការដឹង និងប្រព្រឹត្តឲ្យស្របទៅតាមសេចក្ដីពិត និងលទ្ធភាពរបស់យើងក្នុងការគោរពប្រតិបត្តិដល់គោលការណ៍ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺត្រូវបានធ្វើឲ្យរឹងមាំឡើងតាមរយៈរូបកាយសាច់ឈាមរបស់យើង » ។ « នៅពេលយើងរៀនក្នុងអំឡុងពេលនៃជីវិតរមែងស្លាប់នេះ យើងដកពិសោធន៍ពីភាពទន់ភ្លន់ ក្ដីស្រឡាញ់ ចិត្តសប្បុរស សុភមង្គល ទុក្ខព្រួយ ការខកចិត្ត ការឈឺចាប់ និងសូម្បីតែឧបសគ្គនានានៃដែនកំណត់ខាងសាច់ឈាម នៅក្នុងរបៀបទាំងឡាយដែលរៀបចំយើងសម្រាប់ភាពអស់កល្បជានិច្ច » ។៦
បង្រៀនពីព្រះគ្រីស្ទ
ចំពោះមន្ទិលសង្ស័យ និងភាពមិនប្រាកដប្រជានៅជំនាន់នេះ នោះចំណេះដឹងអំពីផែនការនៃសុភមង្គលមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការរស់រានខាងវិញ្ញាណរបស់យើង ។ ប៉ុន្ដែ យើងមិនអាចរំពឹងឲ្យពិភពលោកនេះចិញ្ចឹមបីបាច់កូនៗរបស់យើង ដោយគោលការណ៍នៃសុភមង្គលដ៏អស់កល្បជានិច្ចទេ ។ ក្នុងនាមជាឪពុកម្ដាយ យើងត្រូវបង្រៀនកូនៗរបស់យើងអំពីប្រភពដើមដ៏ទេវភាព និងជោគវាសនាដ៏ទេវភាពរបស់ពួកគេ ។
យើងចាប់ផ្ដើមដោយការជួយពួកគេឲ្យមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ដែលជាចំណុចដ៏សំខាន់នៃផែនការនៃសេចក្ដីសង្គ្រោះ ។ ខ្ញុំជឿថា យើងអាចចិញ្ចឹមកូនឲ្យសុចរិត និងពេញទៅដោយក្ដីសង្ឃឹមនៅកន្លែងណាក៏បាននៅក្នុងពិភពលោកនេះ ប្រសិនបើពួកគេមានគ្រឹះដ៏មាំមួននៅលើព្រះអង្គសង្គ្រោះ ។
នៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ អំឡុងការអធិស្ឋាន និងការសិក្សាព្រះគម្ពីរជាគ្រួសារ តាមរយៈសកម្មភាព និងប្រពៃណីគ្រួសារ និងសូម្បីតែនៅពេលធ្វើការកែតម្រូវ « យើងនិយាយអំពីព្រះគ្រីស្ទ យើងអររីករាយក្នុងព្រះគ្រីស្ទ យើងផ្សាយអំពីព្រះគ្រីស្ទ យើងព្យាករអំពីព្រះគ្រីស្ទ … ដើម្បីឲ្យកូនចៅយើងអាចដឹងថា តើត្រូវស្វែងរកប្រភពណាមួយ ដើម្បីឲ្យបានផ្ដាច់បាបរបស់ពួកគេ » ( នីហ្វៃទី២ ២៥:២៦ ) ។
យើងជួយកូនៗរបស់យើងឲ្យយល់ថា នៅក្នុងផែនការនៃសេចក្តីសង្គ្រោះ ការប្រែចិត្តគឺជា « កម្មវិធីសិក្សាពេញមួយជីវិត »៧ ដែលនាំមកនូវសេចក្ដីសង្ឃឹម និងការព្យាបាល ដោយសារវាសម្រាលបន្ទុកដល់ព្រលឹង និងជួយឲ្យអនាគតភ្លឺស្វាង ។
កាលកូនៗរបស់យើងមានសេចក្ដីជំនឿលើដង្វាយធួនរបស់ព្រះគ្រីស្ទ នោះពួកគេនឹងដឹងថា អ្វីទាំងអស់នឹងមិនដែលបាត់បង់ឡើយ ហើយថាព្រះអម្ចាស់នៅរង់ចាំពួកគេដោយព្រះហស្ដលាតសន្ធឹង ។ យើងជួយពួកគេឲ្យយល់ថា « មិនថា [ យើង ] ត្រូវទុកចោលអ្វីដើម្បីដើរតាមផ្លូវទៅគេហដ្ឋានសួគ៌ា [ របស់យើង ] វិញនោះទេ នៅថ្ងៃណាមួយ វានឹងមើលទៅដូចជាគ្មានការលះបង់អ្វីទាំងអស់ » ។៨
ប្រមូលផ្ដុំបុត្រាបុត្រីរបស់ព្រះ
យើងមិនអាចឈានដល់ជោគវាសនាដ៏ទេវភាពរបស់យើងបានតែម្នាក់ឯងនោះទេ ។ ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងមានកាតព្វកិច្ចពិសេសមួយ ដើម្បីអញ្ជើញមនុស្សដទៃទៀតដែលនៅតាមផ្លូវនៃការធ្វើដំណើររបស់យើង ឲ្យមកកាន់គេហដ្ឋានសួគ៌ារបស់យើងវិញ ។ ពិភពលោកនេះត្រូវការពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលស្ម័គ្រចិត្តអនុញ្ញាតឲ្យពន្លឺនៃការស្ដារឡើងវិញចែងចាំងឡើង តាមរយៈទីបន្ទាល់ គំរូ និងឆន្ទៈរបស់ពួកគេដើម្បីចែកចាយដំណឹងល្អ ។ នៅពេលយើងបញ្ចាំងពន្លឺ នោះយើងប្រមូលផ្ដុំហើយ ។
ប្រធាន ណិលសុន បានថ្លែងថា « នៅពេលយើងនិយាយអំពី ការប្រមូលផ្ដុំ យើងគ្រាន់តែនិយាយអំពីសេចក្ដីពិតជាមូលដ្ឋានគ្រឹះនេះ ៖ គ្រប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌របស់យើង នៅទាំងសងខាងនៃវាំងនន មានភាពស័ក្ដិសមដើម្បីស្ដាប់ឮសារលិខិតនៃដំណឹងល្អ ដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេសម្រេចចិត្តដោយខ្លួនឯង បើសិនជាពួកគេចង់ដឹងបន្ថែម » ។៩
ហេតុដូច្នេះហើយ ដូចជាលោកតា ក្រូសៀ បានទូន្មានឲ្យយើងចែកចាយទីបន្ទាល់របស់យើងអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងស្រឡាញ់ និងបម្រើ ពង្រឹង និងបីបាច់ ហើយគាំទ្រ និងទ្រទ្រង់ដល់មនុស្សជាទីស្រឡាញ់ និងអ្នកជិតខាងរបស់យើង ។
នៅពេលយើងជួយមនុស្សដទៃទៀតឲ្យនៅលើផ្លូវទៅកាន់ជោគវាសនាដ៏ទេវភាពរបស់ពួកគេ នោះយើងជួយខ្លួនយើងឲ្យនៅលើផ្លូវដូចគ្នានេះដែរ គឺដើម្បី « នឹងបានទទួលទៅក្នុងនគរនៃព្រះវរបិតា នឹងពុំចេញមកវិញទៀតឡើយ តែនឹងនៅជាមួយនឹងព្រះដ៏អស់កល្បជានិច្ចនៅលើស្ថានសួគ៌ » ( នីហ្វៃទី៣ ២៨:៤០ ) ។