២០១៧
មាន​ចិត្ត​តែ​មួយ
ខែ កញ្ញា ឆ្នាំ ២០១៧


សារ​លិខិត​ការបង្រៀន​សួរ​សុខ​ទុក្ខប្រចាំ ខែ កញ្ញា ឆ្នាំ ២០១៧

មាន​ចិត្ត​តែ​មួយ

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយការអធិស្ឋាន និង​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការយល់ដឹង​អំពី​គោលបំណង​នៃ​សមាគម​សង្គ្រោះ នឹង​រៀបចំ​បុត្រី​ទាំងឡាយ​របស់​ព្រះ ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ?

រូបភាព
ត្រា​សមាគម​សង្គ្រោះ

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

« ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​ហៅ​រាស្រ្ត​ទ្រង់​ថា​ស៊ីយ៉ូន ពីព្រោះ​ពួក​គេ​មាន​ចិត្ត​តែ​មួយ និង គំនិត​តែ​មួយ រស់នៅ​ក្នុង​សេចក្ដី​សុចរិត ហើយ​គ្មាន​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ចំណោម​ពួក​គេ​ឡើយ » ( ម៉ូសេ ៧:១៨ ) ។ តើ​យើង​អាច​មាន​សាមគ្គីភាព​តាម​របៀប​ណា ?

អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ពាក្យ​កណ្ដាល​នៃ​ពាក្យ ដង្វាយធួន ជា​ភាសា​អង់​គ្លេស​គឺ​ជា​ពាក្យ តែមួយ ។ ប្រសិន​បើ​មនុស្ស​លោក​ទាំងអស់​យល់​ពី​រឿង​នេះ នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ដែល​មិន​ត្រូវ​គ្នា​នឹង​យើង​ឡើយ មិនថា​ពួកគេ​មាន​វ័យ ជាតិសាសន៍ ភេទ សាសនា ឬ​ស្ថិត​ក្នុង​សង្គម ឬ​មាន​សេដ្ឋកិច្ច​បែប​ណា​នោះ​ទេ ។ យើង​នឹង​ខិតខំ​ត្រាប់​តាម​ព្រះអង្គ​សង្គ្រោះ ហើយ​មាន​ចិត្ត​ល្អ ឲ្យ​តម្លៃ គោរព ឬ​រីករាយ​ចំពោះ​មនុស្ស​ដទៃ » ។

ប្រធាន ហិនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ បាន​បង្រៀន​ថា « នៅ​ទីណា​ដែល​មនុស្ស [ មាន ] ព្រះវិញ្ញាណ​គង់​នឹង​ពួកគេ នោះ [ ពួកគេ ] នឹង​បាន​សុខដុម ។ … ព្រះវិញ្ញាណ​នៃ​ព្រះ​ពុំ​បង្កើត​ការទាស់ទែង​គ្នា​ឡើយ ( សូមមើលនីហ្វៃ​ទី ៣ ១១:២៩ ) ។ … វា​នាំ​ទៅរក​សេចក្តី​សុខសាន្ត​ផ្ទាល់​ខ្លួន និង​អារម្មណ៍​នៃ​ការ​រួប​រួម​មួយ​ជាមួយ​នឹង​អ្នកដទៃ » ។

ខារ៉ូល អិម ស្ទីហ្វិន ដែល​បម្រើ​ជា​ទីប្រឹក្សា​ទីមួយ​នៅ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ថ្លែង​ពី​ឧបសគ្គ​នានា​របស់​គ្រួសារ​ថា « ខ្ញុំ​ពុំ​ធ្លាប់​រស់​នៅ​ដោយ​មាន​ការ​លះលែង​គ្នា ការ​ឈឺចាប់ និង​អសុវត្ថិភាព​ដែល​កើត​ឡើង​ដោយ​សារ​តែ​ការ​បោះបង់​ចោល ឬ​ការ​ទទួល​ខុស​ត្រូវ​ជា​ម្ដាយ​ទោល​ម្នាក់​ឡើយ ។ ខ្ញុំ​ពុំ​ធ្លាប់​ជួប​ប្រទះការ​ស្លាប់​កូន ភាព​មិន​អាច​បង្ក​កំណើត ឬ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​នោះ​ទេ ។ ខ្ញុំ​ពុំ​ធ្លាប់​ទ្រាំទ្រ​នឹង​ការ​ប្រមាថ ជំងឺ​រ៉ាំរ៉ៃ ឬ​ការ​ញៀន​ផ្សេងៗ​ឡើយ ។ ទាំង​នេះ​ពុំ​មែនជា​ឱកាស​ធ្វើ​ឲ្យ​ខ្ញុំ​រីកចម្រើន​នោះ​ទេ ។

« … ប៉ុន្តែ តាម​រយៈ ការ​សាកល្បង និង​ទុក្ខលំបាក របស់​ខ្ញុំ … នោះ​ខ្ញុំ​បាន​ស្គាល់​នឹង​អង្គ​ដែល​យល់​ពិត ។ … ហើយ​បន្ថែម​ពី​លើ​នោះ ខ្ញុំ​បាន​ជួប​ការ​សាកល្បង​ក្នុង​ជីវិត​រមែង​ស្លាប់​ទាំងអស់​ដែល​ខ្ញុំ​ទើប​តែ​បានប្រាប់​ខាង​លើ​នេះ​តាម​រយៈ​កូនស្រី ម្ដាយ ជីដូន បងស្រី មីង និង​មិត្តភក្ដិ​របស់​ខ្ញុំ ។

« ឱកាស​របស់​យើង​ជា​បុត្រី​ដែល​រក្សា​សេចក្ដី​សញ្ញា​នៃ​ព្រះ គឺ​មិន​មែន​គ្រាន់​តែ​រៀន​ពី​បញ្ហា​ផ្ទាល់​ខ្លួន​​ប៉ុណ្ណោះ​ទេ វា​គឺ​ជា​ការ​រួម​គ្នា​ក្នុង​ការ​យល់ចិត្ត និង​ក្ដី​មេត្តា​ករុណា នៅពេល​ដែល​យើង​គាំទ្រ​សមាជិក​ដទៃ​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ​នៅ​ក្នុង​ការ​ពុះពារ​របស់​ពួកគេ »។

ខគម្ពីរ និង ព័ត៌មាន​បន្ថែម

យ៉ូហាន ១៧:២០–២៣; អេភេសូរ ៤:១៥; ម៉ូសាយ ១៨:២១–២២; នីហ្វៃទី៤ ១:១៥

reliefsociety.lds.org

កំណត់ចំណាំ

  1. អិម រ័សុល បាឡឺដ « The Atonement and the Value of One Soul » Liahona, ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨៦ ។

  2. ហែនរី ប៊ី អាវរិង « That We May Be One, » Ensign, ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៦៧ ។

  3. ខារ៉ូល អិម ស្ទីហ្វិន « The Family Is of God, » Liahona, ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១–១២ ។