សារលិខិតគណៈប្រធានទីមួយប្រចាំ ខែ កញ្ញា ឆ្នាំ ២០១៧
ពួកព្យាការីទាំងឡាយដឹកនាំយើង
ប៉ុន្មានឆ្នាំមុន កាលខ្ញុំកំពុងអង្គុយនៅក្នុងបន្ទប់មួយនៃព្រះវិហារបរិសុទ្ធសលត៍ លេក ដែលគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានជួបគ្នាមួយសប្ដាហ៍ម្ដង ។ ខ្ញុំបានសម្លឹងមើលទៅជញ្ជាំងដែលបែរមករកគណៈប្រធានទីមួយ ហើយខ្ញុំបានឃើញរូបថតរបស់ប្រធានសាសនាចក្រគ្រប់រូប ។
កាលខ្ញុំសម្លឹងមើលទៅពួកលោក ជាអ្នកដែលកាន់តំណែងមុនខ្ញុំ — ចាប់តាំងពីព្យាការីយ៉ូសែប ស្ម៊ីធ ( ១៨០៥--៤៤ ) រហូតដល់ប្រធានហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) — ខ្ញុំបានគិតថា « ខ្ញុំមានអំណរគុណខ្លាំងណាស់សម្រាប់ការដឹកនាំរបស់ពួកលោកម្នាក់ៗ » ។
បុរសដ៏ឆ្នើមទាំងនេះ គឺជាបុរសដែលពុំធ្លាប់ងាករេ ញ័រខ្លាច ហើយបរាជ័យឡើយ ។ បុរសទាំងនេះគឺជាបុរសនៃព្រះ ។ កាលខ្ញុំគិតពីពួកព្យាការីនាសម័យបច្ចុប្បន្នដែលខ្ញុំបានស្គាល់ ហើយស្រឡាញ់ ខ្ញុំនឹងចាំពីជីវប្រវត្តិ លក្ខណៈសម្បត្តិ និងការបង្រៀនដ៏បំផុសគំនិតរបស់ពួកលោក ។
ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ( ១៨៥៦–១៩៤៥ ) គឺជាប្រធានសាសនាចក្រ កាលខ្ញុំទើបបានចាប់កំណើតមក ។ កាលខ្ញុំគិតពីជីវប្រវត្តិ និងការបង្រៀនរបស់លោក ខ្ញុំជឿថា លក្ខណៈពិសេសមួយដែលប្រធាន ក្រាន្តតែងតែបង្ហាញគំរូនោះគឺការតស៊ូ — ជាការតស៊ូក្នុងរឿងដែលល្អ ហើយថ្លៃថ្នូរ ។
ប្រធាន ចច អ័លប៊ើត ស៊្មីធ ( ១៨៧០–១៩៥១ ) គឺជាប្រធានសាសនាចក្រអំឡុងគ្រាដែលខ្ញុំបានបម្រើជាប៊ីស្សពនៃវួដរបស់ខ្ញុំនៅទីក្រុងសលត៍ លេក ។ លោកបានសង្កេតឃើញថា មានការទាញព្រ័ត្រធំមួយកំពុងកើតមានឡើងរវាងព្រះអម្ចាស់ និងមារសត្រូវ ។ លោកបានបង្រៀនថា « ប្រសិនបើបងប្អូនបន្តនៅខាងព្រះអម្ចាស់ នោះបងប្អូននឹងស្ថិតនៅក្រោមព្រះចេស្ដារបស់ទ្រង់ ហើយនឹងគ្មានបំណងប្រាថ្នាធ្វើរឿងខុសឆ្គងឡើយ » ។១
ខ្ញុំត្រូវបានហៅឲ្យបម្រើជាសមាជិកម្នាក់ក្នុងកូរ៉ុមនៃពួកដប់ពីរនាក់នាឆ្នាំ១៩៦៣ ដោយប្រធាន ដេវីឌ អូ មិកឃេ ( ១៨៧៣–១៩៧០ ) ។ លោកបានបង្រៀនពីការត្រិះរិះចំពោះមនុស្សដទៃតាមរបៀបដែលលោកបានរស់នៅ ។ លោកបានថ្លែងថា « គ្រិស្ដសាសនិកដ៏ពិតមាននូវសេចក្ដីស្រឡាញ់ក្នុងទង្វើរបស់ខ្លួន » ។២
ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ( ១៨៧៦–១៩៧២ ) ជាអ្នកនិពន្ធសៀវភៅដ៏ច្រើនបំផុតរបស់សាសនាចក្រ មាននូវការសិក្សាជ្រៅជ្រះស្ដីពីដំណឹងល្អជាគោលការណ៍ដឹកនាំមួយនៅក្នុងជីវិតរបស់លោក ។ លោកបានអានព្រះគម្ពីរឥតឈប់ឈរ ហើយបានស្គាល់ការបង្រៀន និងគោលលទ្ធិដែលមាននៅក្នុងទំព័រនៃ ព្រះគម្ពីរទាំងនោះជាងមនុស្សទាំងអស់ដែលខ្ញុំធ្លាប់ស្គាល់ ។
ប្រធាន ហារ៉ូល ប៊ី លី ( ១៨៩៩–១៩៧៣ ) បានបម្រើជាប្រធានស្តេករបស់ខ្ញុំ កាលខ្ញុំនៅក្មេង ។ ពាក្យដកស្រង់មួយដែលលោកចូលចិត្តគឺ « ចូរឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយចូរកុំរើឡើយ » ។៣ លោកបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យត្រងត្រាប់ស្ដាប់ ហើយឆាប់ធ្វើតាមការខ្សឹបប្រាប់ពីព្រះវិញ្ញាណបរិសុទ្ធ ។
ខ្ញុំជឿថា គោលការណ៍ដឹកនាំមួយនៅក្នុងជីវិតរបស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) គឺជាការបូជា ។ លោកបានបូជាទាំងស្រុង ហើយឥតមានមន្ទិលចំពោះព្រះអម្ចាស់ឡើយ ។ លោកក៏បានបូជាចំពោះការរស់នៅតាមដំណឹងល្អផងដែរ ។
កាលប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ១៨៩៩–១៩៩៤ ) បានក្លាយជាប្រធានសាសនាចក្រ លោកបានហៅខ្ញុំឲ្យបម្រើជាទីប្រឹក្សាទីពីររបស់លោកក្នុងគណៈប្រធានទីមួយ ។ សេចក្ដីស្រឡាញ់គឺជាគោលការណ៍ដឹកនាំរបស់លោក ដែលវាមាននៅក្នុងពាក្យដកស្រង់មួយដែលលោកចូលចិត្ត ជាបន្ទូលរបស់ព្រះអង្គសង្គ្រោះថា « តើអ្នករាល់គ្នាគួរធ្វើជាមនុស្សបែបណាទៅ ? យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ត្រូវឲ្យបានដូចជាយើង » ។៤
ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ( ១៩០៧–៩៥ ) គឺជាបុគ្គលម្នាក់ដែលតែងមើលមនុស្សក្នុងផ្លូវល្អបំផុត ។ លោកមានភាពរួសរាយ រាបសាជានិច្ច ។ វាគឺជាឯកសិទ្ធិរបស់ខ្ញុំដើម្បីបម្រើជាទីប្រឹក្សាទីពីររបស់លោក ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនយើងធ្វើកិច្ចការឲ្យអស់ពីសមត្ថភាពរបស់យើង ។ លោកបានថ្លែងទីបន្ទាល់ដ៏មានឥទ្ធិពលអំពីព្រះអង្គសង្គ្រោះ និងបេសកកម្មរបស់ទ្រង់ ។ លោកបានបង្រៀនយើងដោយសេចក្ដីស្រឡាញ់ ។ ការបម្រើជាទីប្រឹក្សាទីមួយរបស់លោកគឺជាកិត្តិយស និងជាពរជ័យមួយចំពោះខ្ញុំ ។
ព្រះអង្គសង្គ្រោះបញ្ជូនពួកព្យាការីមក ដោយសារទ្រង់ស្រឡាញ់យើង ។ នៅអំឡុងសន្និសីទទូទៅខែតុលានេះ ពួកអ្នកមានសិទ្ធិអំណាចទូទៅរបស់សាសនាចក្រនឹងមានឯកសិទ្ធិម្ដងទៀតដើម្បីចែកចាយបន្ទូលរបស់ទ្រង់ ។ យើងទទួលយកការទទួលខុសត្រូវនេះដោយភាពម៉ឺងម៉ាត់ និងចិត្តរាបសាដ៏អស្ចារ្យ ។
តើមានពរជ័យអ្វីម៉្លេះ ដែលសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ត្រូវបានស្ដារឡើងវិញនៅលើផែនដីនេះ ហើយដែលសាសនាចក្រនេះ ត្រូវបានសង់នៅលើសិលានៃវិវរណៈ ។ វិវរណៈជាបន្តបន្ទាប់គឺជាកត្តាដ៏ចាំបាច់បំផុតនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមឲ្យយើងរៀបចំខ្លួនទទួលវិវរណៈផ្ទាល់ខ្លួនដែលកើតមានឡើងយ៉ាងសន្ធឹកសន្ធាប់អំឡុងពេលសន្និសីទទូទៅនោះ ។ សូមឲ្យដួងចិត្តយើងបានពោរពេញដោយការតាំងចិត្តដ៏មុតមាំ កាលយើងលើកដៃគាំទ្រពួកព្យាការី និងពួកសាវកបច្ចុប្បន្ន ។ សូមឲ្យយើងត្រូវបានបំភ្លឺ លើកស្ទួយ លួងលោម ហើយពង្រឹង កាលយើងស្ដាប់សារលិខិតរបស់ពួកលោក ។ ហើយសូមឲ្យយើងត្រៀមជាស្រេចដើម្បីតាំងចិត្តយើងជាថ្មីចំពោះព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ — ដំណឹងល្អរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ — ហើយរស់នៅជាមួយការតាំងចិត្តថ្មីក្នុងការគោរពតាមបទបញ្ញត្តិរបស់ទ្រង់ និងការអនុវត្តតាមព្រះទ័យរបស់ទ្រង់ ។
© 2017 by Intellectual Reserve, Inc. All rights reserved. បានបោះពុម្ពនៅ ស.រ.អា. ។ អនុមតិជាភាសាអង់គ្លេស 6/17 ។ អនុមតិបកប្រែ ៖ 6/17 ។ ការបកប្រែនៃ First Presidency Message, September 2017 ។ Cambodian. 97929 258