២០១៧
ការកែសម្រួល​កិច្ចការ​អាទិភាព​របស់​ខ្ញុំ
January 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការកែសម្រួល​កិច្ចការ​អាទិភាព​របស់​ខ្ញុំ

មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​ខ្ញុំ​បាន​ចាប់ផ្តើម​សរសេរ​កំណត់ហេតុ​បណ្តាញ​គ្រួសារ​របស់​យើង នោះ​ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​ចំណាយ​រាល់​ពេល​ទំនេរ​របស់​ខ្ញុំ ធ្វើ​បច្ចុប្បន្នភាព​វា ហើយ​គិត​ពី​របៀប​ដែល​អាច​ធ្វើ​ឲ្យ​កាន់តែ​ច្នៃប្រឌិត និង គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន អាន​កំណត់ហេតុ​បណ្តាញ​របស់​មនុស្ស​ផ្សេង​ទៀត​ផងដែរ ។

នៅអំឡុង​ពេល​ពីរបី​សប្តាហ៍​នោះ ខ្ញុំ​បាន​ដាក់​អាទិភាព​លើ​ការសរសេរ​កំណត់ហេតុ​បណ្តាញ ដោយ​យក​ទាំង​ពេល​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ និង ការអាន​សៀវភៅ​ផ្សេងៗ​ទៀត​ប្រើ​ដើម្បី​សរសេរ​វា​ផងដែរ ។ ខ្ញុំ​ពុំ​អាច​ផ្ចង់​អារម្មណ៍​ឡើយ​អំឡុង​ពេល​សិក្សា ខ្ញុំ​ពុំ​ចង់​អាន​សៀវភៅ​ច្រើន​ឡើយ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្វះ​ព្រះវិញ្ញាណ​នៅក្នុង​ជីវិត ។ ខ្ញុំ​មាន​ការអត់ធ្មត់​តិចតួច​ជាមួយ​កូនៗ​របស់​ខ្ញុំ ហើយ​ពេលវេលា​ដែល​ខ្ញុំ​គប្បី​នៅ​ជាមួយ​ពួកគេ ខ្ញុំ​បែរ​ជា​ចំណាយ​ពេល​នោះ​ប្រើ​កុំព្យូទ័រ​ទៅវិញ ។

ការសរសេរ​កំណត់​ហេតុ​បណ្តាញ​មិនមែន​ជា​រឿង​មិន​សមរម្យ​នោះ​ទេ ការ​ពិត​វា​ជា​វិធី​មួយ​ដ៏​អស្ចារ្យ ដើម្បី​បន្ត​ទាក់ទង​ជាមួយ​គ្រួសារ និង មិត្តភក្ដិ ។ ប៉ុន្តែ​ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​ថា ការផ្តោត​ចិត្ត​ទុកដាក់​របស់​ខ្ញុំ​បាន​បង្វែរ​ចេញ​ឆ្ងាយ​ពី​កិច្ចការ ដែល​ផ្តល់​គ្រឹះ​ខាង​វិញ្ញាណ​ដ៏​រឹងមាំ​សម្រាប់​ខ្ញុំ នោះ​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​តែ​ផ្លាស់ប្តូរ ។

ខ្ញុំ​បាន​ចាប់ផ្តើម តាំងចិត្ត​ខ្លួន​ឯង​ថា ខ្ញុំ​មិន​ចាំបាច់​ត្រូវ​សរសេរ​កំណត់ហេតុ​បណ្តាញ​រាល់​ថ្ងៃ​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​ចាំបាច់​ពិនិត្យ​មើល​កំណត់ហេតុ​បណ្តាញ​របស់​មនុស្ស​ដទៃ​ទៀត​រៀងរាល់​ថ្ងៃ​ផងដែរ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​នៅតែ​អាច​ចំណាយ​ពេល​ទំនេរ​ប្រើ​កុំព្យូទ័រ បន្ទាប់​ពី​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ព្រះគម្ពីរ និង ការអាន​សៀវភៅ​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ ។ នៅពេល​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​សំខាន់ៗ​ចប់​សព្វគ្រប់​ហើយ ជាទូទៅ​ខ្ញុំ​គ្មាន​ពេល​ច្រើន​ដើម្បី​សរសេរ​កំណត់ហេតុ​បណ្តាញ​ឡើយ ប៉ុន្តែ​ការណ៍​នោះ​វា​មិន​ជា​ថ្វី​ទេ ។ ខ្ញុំ​បាន​សង​ពេលវេលា​វិញ​ជាច្រើន—ជា​ពេល​ដែល​ខ្ញុំ​ចំណាយ​មើល​ថែ និង លេង​ជាមួយ​កូនៗ​របស់​ខ្ញុំ ពេល​អាន និង ពេល​សិក្សា​សៀវភៅ​ផ្សេងៗ ។

បន្ទាប់​ពី​ពីរបី​ថ្ងៃ​ក្រោយ​ការកែសម្រួល​កិច្ចការ​អាទិភាព​មក ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា ខ្ញុំ​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​កាន់តែ​ច្រើន​ឡើង​នៅក្នុង​ជីវិត​ខ្ញុំ​ម្តង​ទៀត ។

ខ្ញុំ​ដឹង​ថា នៅពេល​ខ្ញុំ​ដាក់​អាទិភាព​ធ្វើ​កិច្ចការ​ដែល​នឹង​ផ្តល់​ប្រយោជន៍​ខាង​វិញ្ញាណ​ដល់​ខ្ញុំ​រៀងរាល់​ថ្ងៃ នោះ​ខ្ញុំ​នឹង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​កាន់តែ​ច្រើន​ឡើង​រាល់​ថ្ងៃ ។ ខ្ញុំ​ដឹង​ថា ការចំណាយ​ពេល​សិក្សា​ព្រះគម្ពីរ អាន​ទស្សនាវដ្តី​សាសនាចក្រ និង សៀវភៅ​ល្អ​ផ្សេង​ទៀត ព្រមទាំង​ការគិត​ពី​កិច្ចការ​នានា​ដែល​សំខាន់​អស់​កល្ប​ជានិច្ច អាច​ជួយ​យើង​ឲ្យ​ក្លាយ​ជា​ភរិយា ម្តាយ និង សមាជិក​សាសនាចក្រ​របស់​ព្រះអម្ចាស់​កាន់តែ​ប្រសើរ​ឡើង ។