២០១៧
កូន​ចង់​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​យើង​ជា​រៀង​រហូត !
January 2017


គេហដ្ឋាន​របស់​យើង ក្រុម​គ្រួសារ​របស់​យើង

កូន​ចង់​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​យើង​ជា​រៀង​រហូត !

អ្នក​និពន្ធ​រស់នៅ សាន់តូ ដូមីងហ្គោ សាធារណរដ្ឋ ដូមីនីក ។

សេចក្តី​ជំនឿ​របស់​ក្មេង​អាយុ​ប្រាំមួយ​ឆ្នាំ បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្តី​ជំនឿ​ជា​ថ្មី​ម្តង​ទៀត ។

កាល​ខ្ញុំ​អាយុ ២២ ឆ្នាំ​ជីវិត​របស់​ខ្ញុំ​បាន​ជួប​នឹង​បញ្ហា​ដែល​ពុំ​បាន​ព្រៀង​ទុក ៖ គឺ​ម្តាយ​របស់​ខ្ញុំ​បាន​ទទួល​មរណភាព ។ គាត់ និង ឪពុក​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​សេចក្តីជំនឿ​ខ្លាំង​ណាស់ ហើយ​ពួកគាត់​បាន​ចិញ្ចឹម​ខ្ញុំ​នៅក្នុង​ដំណឹង​ល្អ ។ បន្ទាប់​ពី​មរណភាព​របស់​គាត់​ទៅ ឪពុក​របស់​ខ្ញុំ​បាន​ប្តូរ​ទៅ​នៅ​សហរដ្ឋ​អាមេរិកដែល​ឆ្ងាយ​ពី​ប្រទេស​របស់​យើង ។ វេលា​ចេះ​តែ​កន្លង​ទៅ ខ្ញុំ​បាន​ចាប់​ផ្តើម​មាន​អារម្មណ៍​ឯកោ ដោយសារ​ខ្ញុំ​ជា​កូន​ទោល​របស់​ឪពុកម្តាយ​ខ្ញុំ ។ ខ្ញុំ​គ្មាន​ម្តាយ​នៅ​ជាមួយ​ខ្ញុំ​នៅលើ​ផែនដី​នេះ​ទៀត​ឡើយ ហើយ​ឪពុក​ខ្ញុំ​បាន​រស់នៅ​សែន​ឆ្ងាយ ខ្ញុំ​អាច​ជួប​គាត់​បាន​តែ​បី​សប្តាហ៍​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ។

ដោយសារ​តែ​អារម្មណ៍​នោះ​ហើយ ទើប​ខ្ញុំ​បាន​ចាប់ផ្តើម​ស្វែងរក​ការលួងលោម​ចិត្ត​កាន់តែ​ច្រើន​ឡើង​ពី « មិត្តភក្តិ » របស់​ខ្ញុំ​ដែល​នៅ​មហា​វិទ្យាល័យ និង ពី​ការិយាល័យ​ដែល​ខ្ញុំ​ធ្វើ​ការ ។ យូរៗ​ទៅ ខ្ញុំ​បាន​ចាប់ផ្តើម​មើល​ឃើញ​ពី​សុភមង្គល​ក្លែងក្លាយ​នៅ​ខាង​សាច់​ឈាម ។ ខ្ញុំ​បាន​ឈប់​ទៅ​ព្រះវិហារ ហើយ​បន្តិច​ម្តងៗ​ខ្ញុំ​បាន​អសកម្ម​ទាំងស្រុង ។ ក្រោយ​មក​ខ្ញុំ​បាន​រៀប​ការ​ជាមួយ​យុវជន​ដ៏​អស្ចារ្យ​ម្នាក់ ទោះបី​ជា​គាត់​មាន​គោលការណ៍​ដ៏​ល្អៗ​ជាច្រើន​ក្តី តែ​គាត់​មិន​បាន​ស្គាល់​ដំណឹង​ល្អ​ឡើយ ។ យើង​មាន​កូន​បី​នាក់ ៖ លេអា អ៊ីសាក និង អ៊ីម៉ាអែល ។

រូបភាព
Mother and daughter

រចនា​រូបភាព​ដោយ ឃែលី ម៉ាកម៉ូរីស

ក្នុង​ខែ​តុលា​មួយ ឪពុក​របស់​ខ្ញុំ​បាន​មក​សួរសុខទុក្ខ និង មក​មើល​កូន​តូច​ដែល​ទើប​កើត ។ អំឡុង​ពេល​មក​សួរសុខទុក្ខ​នោះ កូនស្រី​លេអា​អាយុ​ប្រាំមួយ​ឆ្នាំ​របស់​ខ្ញុំ បាន​សួរ​ជីតា​របស់​នាង​ថា ហេតុអ្វី​គាត់​មិន​ដែល​នាំ​ភរិយា​របស់​គាត់​មក​ជាមួយ​គាត់ ។ ក្រោយ​មក​ឪពុក​របស់​ខ្ញុំ​បាន​ពន្យល់​នាង​ថា ជីដូន​នាង​មាន​កន្លែង​ដ៏​ពិសេស​មួយ​នៅ​ជិត​នឹង​ព្រះវរបិតាសួគ៌​ហើយ ។ មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ឪពុក​ខ្ញុំ​បាន​ត្រឡប់​ទៅ​វិញ លេអា បាន​ទទូច​ប្រាប់​ខ្ញុំ​ថា « ម៉ាក់ កូន​ចង់​ជួប​លោក​យាយ ។ កូន​ដឹង​ថា​គាត់​នៅ​ឯ​ស្ថាន​សួគ៌ ប៉ុន្តែ​កូន​ក៏​ចង់​ឲ្យ​ពួកយើង​នៅ​ទីនោះ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ណា​មួយ​ដែរ—ទាំង​លោក​តា និង លោក​យាយ លោក​ប៉ា អ៊ីសាក អ៊ីម៉ាអែល ទាំង​អ្នក​ម៉ាក់ និង ខ្ញុំ​ផងដែរ ។ កូន​ចង់​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​យើង​ជា​រៀង​រហូត ។ កូន​ចង់​ឲ្យ​ពួកយើង​នៅ​តែ​ធ្វើ​ជា​គ្រួសារ​នៅ​ទីនោះ ដូច​ដែល​យើង​មាន​នៅ​លើ​ផែនដី​នេះ ដូច្នេះ​យើង​អាច​លេង​ជាមួយ​លោក​យាយ ! »

ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​នោះ​ទេ ។ ខ្ញុំ​បាន​យក​ដៃ​ស្ទាប​មុខ​ដ៏​គួរ​ឲ្យ​ស្រឡាញ់ និង​បរិសុទ្ធ​របស់​នាង ហើយ​ដើរ​ចេញ​ទៅ​បន្ទប់​ដេក​របស់​ខ្ញុំ ។ ខ្ញុំ​បាន​លុត​ជង្គង់​ចុះ ហើយ​យំ​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​ទូលសូម​ការអភ័យទោស​ពី​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​បានដឹង​ថា ខ្ញុំ​បាន​ដើរ​ចេញ​ពី​ផ្លូវ​ដែល​នឹង​ធ្វើ​ឲ្យ​ពួកយើង​រស់នៅ​ជាមួយ​គ្នា​ជា​គ្រួសារ​អស់កល្ប​ជានិច្ច ។ ខ្ញុំ​ពុំ​បាន​បំពេញ​ការទទួលខុសត្រូវ​របស់​ខ្ញុំ ដើម្បី​នាំ​ពួកគេ​ដើរ​លើ​ផ្លូវ​ត្រូវ ហើយ​ខ្ញុំ​ពុំ​បាន​និយាយ​ជាមួយ​ស្វាមី​ខ្ញុំ​អំពី​ដំណឹង​ល្អ​ឡើយ ។

នៅពេល​ខ្ញុំ​ក្រោក​ឈរ​ឡើង​វិញ នោះ​ខ្ញុំ​បាន​ទាក់ទង​ទៅ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ហើយ​គាត់​បាន​ឲ្យ​ខ្ញុំ​ទាក់ទង​ជាមួយ​អែលឌើរ​នៅក្នុង​វួដ​របស់​ខ្ញុំ ។ នា​យប់​បន្ទាប់​មក​ពួកគេ​បាន​មក ហើយ​បង្រៀន​ស្វាមី​របស់​ខ្ញុំ ។ ចាប់តាំងពី​យប់​នោះ​មក​ជីវិត​របស់​យើង​បាន​ផ្លាស់ប្ដូរ​ជា​រៀង​រហូត ។ ឥឡូវ​នេះ​យើង​ចូលរួម​ព្រះវិហារ​ជា​គ្រួសារ​រៀងរាល់​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​មាន​ការហៅ​បម្រើ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​ជួយ​បងប្អូនស្រី​ដែល​មិន​សូវ​សកម្ម ។ យើង​ក៏​កំពុង​រៀបចំ​ខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

ជួនកាល​ព្រះវិញ្ញាណ​នៃ​ព្រះ​ដឹកនាំ​យើង​តាមរយៈ​អស់​អ្នក​ដែល​យើង​រំពឹង​តិចតួច​លើ​ពួកគាត់ ។ លើក​នេះ​វា​បាន​កើត​ឡើង​តាមរយៈ​កូន​ស្រី​អាយុ​ប្រាំមួយ​ឆ្នាំ​របស់​ខ្ញុំ ។ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​តាមរយៈ​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ខ្ញុំ​អាច​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ជា​រៀង​រហូត ។