២០១៥
សាច់​មាន់​ប្រាំបី​ដុំ​តូចៗ
ខែ កក្កដា ឆ្នាំ ២០១៥


សាច់​មាន់​ប្រាំបី​ដុំ​តូចៗ

អាប៊ីហ្គែល អាល់មែរីយ៉ា ទីក្រុង សេប៊ូ ប្រទេស ហ្វីលីពីន

រូបភាព
Bowl of pasta.

ដោយ​ស្វាមី​ខ្ញុំ​អត់​មាន​ការងារ​ធ្វើ​ជា​បណ្ដោះ​អាសន្ន នោះ​ការផ្គត់ផ្គង​ក្រុម​គ្រួសារ​ដែល​មាន​កូន​កំពុង​ធំធាត់​ប្រាំ​នាក់ គឺ​ជា​ឧបសគ្គ​ណាស់ ។ ថ្ងៃ​មួយ នៅ​មុន​ថ្ងៃ​ចាក់​ផ្សាយ​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៣ យើង​បាន​ពិនិត្យ​មើល​អាហារ​ដែល​នៅ​សេសសល់​របស់​យើង ហើយ​សម្រេច​ចិត្ត​ថា យើង​នឹង​រៀបចំ​អាហារ​ថ្ងៃ​ត្រង់​យ៉ាងសាមញ្ញ​មួយ ជាមួយ​នឹង​សាច់មាន់​ចៀន និង បាយ សម្រាប់​ហូបនៅ​អំឡុង​ពេល​សម្រាក​នៅ​ចន្លោះ​សម័យ​ប្រជុំ​ទាំងឡាយ ។

ថ្ងៃ​អាទិត្យ​បាន​មក​ដល់ ហើយ​យើង​បាន​រៀបចំ​ជា​ស្រេច ។ អ្នក​ផ្សេង​ទៀត​នៅក្នុង​ក្រុម​គ្រួសារ​របស់​យើង ដែល​មាន​ឪពុក​ម្ដាយ​ខ្ញុំ និង បងប្អូន​ស្រី​របស់​ខ្ញុំ និង ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​ជួប​គ្នា​នៅ​មជ្ឈមណ្ឌល​ស្តេក​កន្លះ​ម៉ោង មុន​ការចាក់​ផ្សាយ​បានចាប់​ផ្ដើម ។

វា​ជា​សេចក្ដី​អំណរ និង ពរជ័យ​មួយ​ដែល​បាន​ស្ដាប់​ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ ចែកចាយ​សារលិខិត​ជា​ពិសេស​សម្រាប់​ជំនាន់​របស់​យើង ។ ពេល​ខ្ញុំ​ស្ដាប់​ដល់​ដំបូន្មាន និង ក្រេបជញ្ជក់​នៅ​ក្នុង​វិញ្ញាណ​នៃ​សេចក្ដី​សុខសាន្ត និង សេចក្ដី​ស្រឡាញ់​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​ទទួល​ពី​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ទទួល​ការអះអាង​ថា អ្វីៗ​ទាំងអស់​នឹង​បានល្អហើយ ថា​សេចក្ដី​ត្រូវការ​ខាង​វិញ្ញាណ និង ខាង​លោកិយ​របស់​ក្រុម​គ្រួសារ​ខ្ញុំ​នឹង​ត្រូវបាន​ដោះស្រាយ ហើយ​ថា បើ​ខ្ញុំ​បន្ត​អនុវត្ត​សេចក្ដី​ជំនឿ និង អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ដឹក​បង្ហៀរ នោះ​យើង​នឹង​ត្រូវបាន​ដោះ​ចេញ​ពី​ក្រញាំ​នៃ​ភាព​ក្រីក្រ និង ការលំបាក​ផ្សេងៗ​ទៀត ។

ដោយ​កំពុង​រីករាយ​នឹង​វិញ្ញាណ​ដ៏​ស្រស់​ស្អាត​នៃ​ថ្ងៃ​បរិសុទ្ធ​នោះ ខ្ញុំ​បាន​ភ្លេច​ពី​អាហារ​ថ្ងៃ​ត្រង់ ។ ពេល​សម្រាក​ដែល​នៅ​ចន្លោះ​សម័យ​ប្រជុំ​បានមក​ដល់ ទើប​ខ្ញុំ​បាន​ដឹង​ថា យើង​មាន​គ្នា​ ១៧ នាក់ ។ មនុស្ស​ពេញ​វ័យ​ប្រាំបួន​នាក់ និង ក្មេងៗ​ប្រាំបី​នាក់ នឹង​ត្រូវ​ចែក​ចាយ​អាហារ​ដ៏​តិចតួច​ស្ដួច​ស្ដើង​របស់​យើង ដែល​មាន​សាច់​មាន់​ប្រាំបី​ដុំ​តូចៗ និង បាយ​មួយ​ចាន​ធំ ព្រមទាំង​មី​ផាស្តាមួយ​ចាន​គោម​ដែល​ប្អូន​ស្រី​ម្នាក់​របស់​ខ្ញុំ​បាន​យក​មក ។

ហិនរី ដែល​មាន​អាយុ​ប្រាំបី​ឆ្នាំ បាន​អធិស្ឋាន​អរ​ព្រះគុណ និង ប្រសិទ្ធិពរ​ដល់​អាហារ ដោយ​សុំ​ថា អស់​អ្នក​ទាំងឡាយ​ណា​ដែល​ទទួលទាន​នឹង​បាន​ឆ្អែត ។ បន្ទាប់​មក ខ្ញុំ​បាន​បំបែក​សាច់​មាន់​ទៅជា​ដុំ​កាន់តែ​តូចៗ​ទៅទៀត ហើយ​បាន​ហុច​វា​ទៅ​ក្មេងៗ កាលដែល​ប្អូន​ស្រី​ខ្ញុំ​បាន​ដាក់​មីផាស្តា និង បាយ​ទៅ​ក្នុង​ចាន​របស់​ពួកគេ ។ ខ្ញុំ​ពុំ​អាច​ទប់​ទឹក​ភ្នែក​បាន ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ថា យើង​បាន​មាន​គ្រប់​គ្រាន់​សម្រាប់​អ្នក​គ្រប់​គ្នា​បាន​ទទួលទាន​អាហារ​តូច​មួយ ហើយ​នៅ​សល់​មួយ​ចាន​ទៀត បន្ទាប់​ពី​ដុំ​សាច់​មាន់​ទាំងអស់​ត្រូវបាន​កាត់ ហើយ​មី​ផ្តាស្តា និង បាយ​ត្រូវបាន​ចែកចាយ​ក្នុង​ចំណោម​ពួក​យើង ។ ពួក​យើង​ទាំងអស់​គ្នា​បាន​ញ៉ាំ — ហើយ​បាន​ឆ្អែត ។

ខ្ញុំ​បាន​ប្រាប់​ឪពុក​ម្ដាយ និង ស្វាមី​ខ្ញុំ​ថា ខ្ញុំ​បាន​ដឹង​ដោយ​ប្រាកដ​ថា ព្រះអង្គ​សង្គ្រោះ​ពិត​ជា​បាន​បែងចែក​នំប៉័ង​ប្រាំ​ដុំ និង ត្រី​ពីរ ហើយ​បាន​ផ្ដល់​ចំណី​ដល់​បណ្ដាជន « ចំនួន​ប្រាំ​ពាន់​នាក់ ឥត​រាប់​ពួក​ស្រីៗ និង កូន​ក្មេង​ទេ » ( សូមមើល ម៉ាថាយ ១៤:១៤–២១ ) ។ ពួក​អ្នក​រិះគន់ និង អ្នក​មិន​ជឿ​មួយ​ចំនួន ប្រកាស​ថា អព្ភូតហេតុ​គឺ​ជា​ការប្រៀបធៀប បំផ្លើស ឬ មិន​អាច​កើត​ឡើង ។ ប៉ុន្តែ សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ និង ខ្ញុំ ដំណើរ​រឿង​គឺ​ពិត​ដូច​ជា​បាន​សរសេរ ។

ព្រះវរបិតាសួគ៌​បាន​ឮ​ការអធិស្ឋាន​ដ៏​ស្មោះត្រង់ ដែល​ក្មេង​ម្នាក់​បាន​ផ្ដល់​អំណរគុណ និង បាន​សុំ​ពរជ័យ​ថា អស់​អ្នក​ដែល​នឹង​ទទួលទាន​នឹង​បាន​ឆ្អែត ហើយ​ទទួល​ការ​ចញ្ចឹម​បីបាច់ ។

កាល​ដែល​យើង​បាន​ទៅ​ឯ​បន្ទប់​សម្រាប់​ចាក់​ផ្សាយ​សន្និសីទ​ទូទៅ​វិញ នោះ​ខ្ញុំ​មាន​ការ​សប្បាយ​នៅ​ក្នុង​ចិត្ត​ជា​ខ្លាំង ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ដូច​ជា​ខ្ញុំ​បាន​នៅ​ជាមួយ​នឹង​បណ្ដាជន​ដែល​ព្រះយេស៊ូវ​បាន​ផ្ដល់​ចំណី ដោយ​ចង់​នៅ​ទី​នោះ​យ៉ាង​ខ្លាំង ហើយ​រៀន​អំពី​ទ្រង់ ជា​អង្គ​ដែល​សន្យា​ថា បើ​យើង​ស្ដាប់​តាម នោះ​យើង​នឹង​មិន​ដែល​ឃ្លាន ឬ ស្រេក​ទៀត​ឡើយ ( សូមមើល យ៉ូហាន ៦:៣៥ ) ។

យើង​បាន​ប្រញាប់​ប្រញាល់​អង្គុយ​ចុះ​ជាមួយ​កូនៗ​យើង​ដោយ​ស្ងៀមស្ងាត់​នៅ​ក្នុង​សាល​ប្រជុំ ហើយ​បាន​រៀបចំ​ដើម្បី​ស្ដាប់​ពួក​អ្នក​បម្រើ​ដែល​បាន​ជ្រើសតាំង​របស់​ព្រះវរបិតាសួគ៌ ។ វា​គឺ​ជា​ឱកាស​មួយ​ដែល​យើង​នឹង​ចងចាំ​ជានិច្ច ។