តើយើងធ្វើអ្វី នៅក្នុងព្រះវិហារបរិសុទ្ធ ?
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។ ពេលយើងចូលទៅខាងក្នុង យើងមានអារម្មណ៍ជិតនឹងព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ យើងអាចទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ នៅក្នុងព្រះវិហារបរិសុទ្ធ យើងចូលរួមក្នុងពិធីពិសិដ្ឋ ដែលហៅថា ពិធីបរិសុទ្ធ ដូចជាពិធីបុណ្យជ្រមុជទឹក ។ យើងក៏ធ្វើសេចក្ដីសន្យាពិសេសៗ ឬ សេចក្ដីសញ្ញា ជាមួយព្រះវរបិតាសួគ៌ ផងដែរ ។ យើងអាចជួយផ្ដល់ដល់អ្នកទាំងឡាយណាដែលបានស្លាប់ នូវឱកាសដើម្បីទទួលដំណឹងល្អ ។ វានឹងក្លាយជាថ្ងៃដ៏ពិសេសខ្លាំងណាស់ ពេលដែលអ្នកចូលទៅក្នុងនោះជាលើកទីមួយ !
នៅពេលអ្នកមានអាយុ ១២ ឆ្នាំ អ្នកអាចជួបនឹងប៊ីស្សពរបស់អ្នក ដើម្បីទទួលបានបណ្ឌព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនរបស់អ្នក ។ បន្ទាប់មកអ្នកអាចទៅព្រះវិហារបរិសុទ្ធ ដើម្បីធ្វើបុណ្យជ្រមុជទឹក ។
អាងជ្រមុជទឹក
នៅពេលអ្នកមានអាយុ ១២ ឆ្នាំ អ្នកអាចធ្វើបុណ្យជ្រមុជទឹកសម្រាប់មនុស្សដែលបានស្លាប់ទៅដោយពុំបានទទួលបុណ្យជ្រមុជទឹក ។ អាងនោះស្ថិតនៅលើគោឈ្មោលដែលឈរជាតំណាងឲ្យវង្សអ៊ីស្រាអែលទាំងដប់ពីរ ។
បន្ទប់ពិធីបរិសុទ្ធ
នៅក្នុងបន្ទប់ដូចនេះ យើងរៀនអំពីផែនការរបស់ព្រះវរបិតាសួគ៌ដែលមានសម្រាប់យើង ហើយយើងធ្វើសេចក្ដីសញ្ញាដែលនឹងអនុញ្ញាតឲ្យយើងទៅរស់នៅជាមួយទ្រង់ម្ដងទៀត ។ យើងរៀនអំពីការបង្កបង្កើតពិភពលោក អំពីអ័ដាម និង អេវ៉ា និង អំពីព្រះយេស៊ូវគ្រីស្ទ ។ យើងក៏រៀនផងដែរអំពីពរជ័យទាំងឡាយ ដែលយើងនឹងទទួលបាននៅក្នុងជីវិតបន្ទាប់ទៀត ប្រសិនបើយើងស្មោះត្រង់ ។
បន្ទប់សេឡេស្ទាល
បន្ទប់សេឡេស្ទាលគឺស្រស់ស្អាតណាស់ ! វារំឭកយើងថា យើងនឹងពោរពេញដោយសេចក្ដីសុខសាន្ត និង រីករាយយ៉ាងណា ពេលយើងរស់នៅជាមួយព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ នៅថ្ងៃណាមួយ ។
បន្ទប់ផ្សារភ្ជាប់
នៅក្នុងបន្ទប់ដូចនេះ ក្រុមគ្រួសារអាចផ្សារភ្ជាប់ជាមួយគ្នាសម្រាប់ភាពអស់កល្បជានិច្ច ។ នេះមានន័យថា ពួកគេអាចរស់នៅជាមួយគ្នាជាក្រុមគ្រួសារជានិរន្តរ៍ — មិនត្រឹមតែក្នុងជីវិតនេះនោះទេ ។
ដ្បិតទីនោះជាព្រះដំណាក់ទ្រង់
ទីនៃក្តីស្រឡាញ់ និង ស្រស់ស្អាត
ខ្ញុំនឹងរៀបចំខ្លួនកាលខ្ញុំនៅក្មេង
នេះជាកិច្ចការពិសិដ្ឋខ្ញុំ ។
( « ខ្ញុំចូលចិត្តមើលវិហារបរិសុទ្ធ » សៀវភៅចម្រៀងកុមារ ទំព័រ ៩៩ )
រូបថតនៃព្រះវិហារបរិសុទ្ធ អូហ្គឌិន យូថាហ៍ បន្ទប់សេឡេស្ទាល អាងជ្រមុជទឹក បន្ទប់ពិធីបរិសុទ្ធ បន្ទប់ផ្សារភ្ជាប់
រូបថតនៅកណ្ដាល ដោយ សាំមើរ រ៉ាឈែល ឌើររីក រចនារូបភាព ដោយ ប្រេដលី ក្លាក